ទិដ្ឋភាពទូទៅ

ក្រពេញបាថូលីន (Bartholin grand) មានទីតាំងនៅសងខាងនៃមាត់ទ្វារមាស ហើយវាមានផ្ទុកសារធាតុរាវសម្រាប់បញ្ចេញមកក្រៅដើម្បីផ្តល់សំណើមដល់ទ្វារមាស។ មាត់ច្រកនៃក្រពេញទាំងនេះជួនកាលអាចមានការស្ទះ ដែលនាំឱ្យមានការកកកុញនៃសារធាតុរាវនៅខាងក្នុងក្រពេញ ដែលគេហៅថា ជំងឺបូសនៅទ្វារមាស ហើយវាគឺជាការរីកធំមួយដែលមិនសូវមានការឈឺចាប់នោះទេ។ ប្រសិនបើសារធាតុរាវនៅក្នុងនោះមានការឆ្លងមេរោគ វានឹងក្លាយទៅជាដុំខ្ទុះដែលមានជាលិកាហើមនៅជុំវិញ។

នៅលើបបូរទ្វារមាស (labia) នឹងមានដុំពកមូលៗនៅក្រោមស្បែក ដែលនោះគឺជា ជំងឺបូសនៅទ្វារមាស។ ជាញឹកញាប់ ពួកវាមិនបង្កការឈឺចាប់ទេ។ ប៉ុន្តែប្រសិនបើមានការឆ្លងមេរោគ ខ្លះអាចឡើងក្រហម ឈឺ និងហើម។ ជំងឺបូសនៅទ្វារមាស ផ្សេងទៀតអាចមើលទៅដូចជាមានដក់សារធាតុរាវ ឬខ្ទុះនៅខាងក្នុង។ ទំហំនៃបូសនៅទ្វារមាស អាចមានចាប់ពីប៉ុនគ្រាប់សណ្តែក រហូតដល់ប៉ុនបាល់វាយកូនហ្គោល។ មាត់ទ្វារមាសរបស់អ្នកអាចមើលទៅមិនស្មើគ្នា ឬមានម្ខាងធំជាងដោយសារតែជំងឺនេះ។ ការកើតមានបូស ឬជំងឺបូសនៅទ្វារមាស ចេញពីក្រពេញបាថូលីន គឺជារឿងធម្មតាដែលតែងតែកើតមាន។ ការព្យាបាលជំងឺបូសនៅទ្វារមាស គឺផ្អែកទៅលើទំហំ កម្រិតនៃការឈឺចាប់ និងស្ថានភាពនៃការឆ្លងមេរោគ។

ប្រហែល ២% នៃស្ត្រីទាំងអស់នឹងវិវត្តទៅជាមានជំងឺបូសនៅទ្វារមាស នៅពេលណាមួយក្នុងជីវិតរបស់ពួកគេ។ ស្ត្រីដែលស្ថិតក្នុងវ័យបង្កកំណើតមានឱកាសកើតវាច្រើនជាងគេ។ បន្ទាប់ពីអស់រដូវ ហានិភ័យនៃការកើតជំងឺបូសនៅទ្វារមាស នឹងមានការថយចុះ។

មានស្ថានភាពខ្លះ ការព្យាបាលនៅផ្ទះគឺគ្រប់គ្រាន់ហើយ។ ប៉ុន្តែក្នុងករណីខ្លះ ជំងឺបូសនៅទ្វារមាស ចាំបាច់ត្រូវធ្វើការវះកាត់ដើម្បីបង្ហូរទឹកចេញ។ ថ្នាំផ្សះអាចមានប្រយោជន៍ក្នុងការព្យាបាលជំងឺបូសនៅទ្វារមាស ដែលមានមេរោគ ប្រសិនបើមានការឆ្លងមេរោគកើតឡើង។

រោគសញ្ញា

អ្នកប្រហែលជាមិនចាប់អារម្មណ៍ថាមាន ជំងឺបូសនៅទ្វារមាស កម្រិតស្រាល និងមិនទាន់មានការឆ្លងមេរោគនោះទេ ប៉ុន្តែអ្នកនឹងមានអារម្មណ៍ថាមានដុំពក ឬដុំសាច់នៅជិតមាត់ទ្វារមាស ប្រសិនបើវាចាប់ផ្តើមរីកធំ។ ជាទូទៅ ជំងឺបូសទាំងនេះមិនបង្កគ្រោះថ្នាក់អ្វីឡើយ ប៉ុន្តែជួនកាលវាអាចធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រណុកក្នុងខ្លួន។
ការឆ្លងមេរោគលើ ជំងឺបូសនៅទ្វារមាស អាចវិវត្តយ៉ាងពេញទំហឹងក្នុងរយៈពេលត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះ។ បន្ទាប់ពីមានការឆ្លងមេរោគលើបូស អ្នកអាចជួបប្រទះនូវអាការៈដូចជា៖

  • គ្រុនក្តៅ ឬរងា
  • មានដុំពកដែលឈឺ និងងាយរងកម្មនៅជិតមាត់ទ្វារមាស
  • ឡើងក្រហម
  • មានហូរទឹក ឬខ្ទុះចេញពីបូស
  • បូសមានទំហំធំជាងមុន
  • មានការពិបាក ឬមិនស្រណុកនៅពេលដើរ ឬអង្គុយ
  • ឈឺចាប់ក្នុងអំឡុងពេលរួមភេទ
  • មានអារម្មណ៍មិនស្រណុក និងឈឺចាប់បន្ទាប់ពីប្រើប្រាស់បន្ទប់ទឹក ជាពិសេសនៅពេលដាក់សំឡីអនាម័យប្រភេទបញ្ចូល (tampon) ឬពេលជូតសម្អាត។

ជាធម្មតា ជំងឺបូសនៅទ្វារមាស ឬបូសដែលកើតចេញពី ក្រពេញបាថូលីន កើតមានតែម្ខាងនៃមាត់ទ្វារមាសប៉ុណ្ណោះ។ ប្រសិនបើដុំពកដែលឈឺនៅជិតមាត់ទ្វារមាសរបស់អ្នកមិនបាត់ទៅវិញទេ បន្ទាប់ពីព្យាបាលដោយខ្លួនឯងរយៈពេលពីរឬបីថ្ងៃ (ដូចជាការត្រាំក្នុងទឹកក្តៅឧណ្ហៗ) សូមទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក។ ត្រូវណាត់ជួបជាមួយគ្រូពេទ្យជំនាញរោគស្ត្រី ប្រសិនបើការឈឺចាប់មានសភាពធ្ងន់ធ្ងរ ឬប្រសិនបើអ្នកមានអាយុលើសពី ៤០ ឆ្នាំ ហើយរកឃើញដុំពកថ្មីនៅជិតមាត់ទ្វារមាស។ ទោះបីជាករណីនេះកម្រកើតមានក៏ដោយ ប៉ុន្តែដុំពកបែបនេះអាចជាសញ្ញានៃបញ្ហាធ្ងន់ធ្ងរផ្សេងទៀត ដូចជាជំងឺមហារីកជាដើម។

មូលហេតុ

អ្នកជំនាញជឿជាក់ថា ការកកស្ទះនៃសារធាតុរាវគឺជាមូលហេតុចម្បងដែលបង្កឱ្យមាន ជំងឺបូសនៅទ្វារមាស ដែលវាកើតឡើងនៅពេលដែលបំពង់ នៃក្រពេញបាថូលីនត្រូវបានរាំងស្ទះ ទោះដោយសារការឆ្លងមេរោគ ឬដោយសារគ្រោះថ្នាក់ណាមួយ។ បូសអាចវិវត្តចេញពី ជំងឺបូសនៅទ្វារមាស ដែលមានការឆ្លងមេរោគ ដូចជាបាក់តេរី Escherichia coli (E. coli) និងបាក់តេរីដែលបង្កឱ្យមានជំងឺប្រមេះទឹកបាយ និងជំងឺខ្លាមីឌីយ៉ាដែលជាជំងឺឆ្លងតាមការរួមភេទ។

ការធ្វើរោគវិនិច្ឆ័យ

គ្រូពេទ្យអាចកំណត់រក ជំងឺបូសនៅទ្វារមាស តាមរយៈវិធីសាស្ត្រដូចជា៖

  • ការសាកសួរពីប្រវត្តិសុខភាពរបស់អ្នក
  • ការពិនិត្យមាត់ស្បូន
  • ការយកសំណាកសារធាតុរាវពីទ្វារមាស ឬមាត់ស្បូន ដើម្បីយកទៅពិនិត្យរកមើលជំងឺឆ្លងតាមការរួមភេទ
  • ប្រសិនបើអ្នកស្ថិតក្នុងវ័យអស់រដូវ ឬមានអាយុលើសពី ៤០ ឆ្នាំ គ្រូពេទ្យនឹងណែនាំឱ្យធ្វើការពិនិត្យសាច់ដើម្បីស្វែងរកកោសិកាមហារីក

ប្រសិនបើមានការព្រួយបារម្ភអំពីជំងឺមហារីក គ្រូពេទ្យរបស់អ្នកអាចណែនាំអ្នកឱ្យទៅជួបគ្រូពេទ្យជំនាញរោគស្ត្រីដែលផ្តោតលើជំងឺមហារីកប្រព័ន្ធបន្តពូជស្ត្រី។

ការព្យាបាល

ជាញឹកញាប់ ជំងឺបូសនៅទ្វារមាស មិនចាំបាច់ត្រូវការការព្យាបាលនោះទេ ប្រសិនបើវាមិនបញ្ចេញរោគសញ្ញា។ ប្រសិនបើត្រូវការការព្យាបាល វានឹងអាស្រ័យលើទំហំនៃបូស កម្រិតនៃការឈឺចាប់ និងស្ថានភាពឆ្លងមេរោគ។

គ្រូពេទ្យរបស់អ្នកអាចណែនាំវិធីព្យាបាលដូចខាងក្រោម៖

  • ការអង្គុយត្រាំទឹកក្តៅឧណ្ហៗ៖ បូសដែលមានទំហំតូច និងមានការឆ្លងមេរោគ អាចនឹងបែក ហើយបង្ហូរខ្ទុះចេញដោយខ្លួនឯង បន្ទាប់ពីការត្រាំទឹកក្តៅឧណ្ហៗកម្រិត ២ ទៅ ៣ ធ្នាប់ ឱ្យបានច្រើនដងក្នុងមួយថ្ងៃ រយៈពេលពីរបីថ្ងៃ។
  • ការវះកាត់បង្ហូរខ្ទុះ៖ ចំពោះបូសដែលមានទំហំធំ ឬមានមេរោគ គ្រូពេទ្យអាចនឹងធ្វើការវះកាត់តូចមួយដើម្បីបង្ហូរចេញ ក្រោមការប្រើថ្នាំស្ពឹក។ គ្រូពេទ្យនឹងវះកាត់តូចមួយលើបូស រួចដាក់បំពង់កៅស៊ូតូចមួយចូលទៅក្នុងមុខរបួស។ បំពង់នេះនឹងត្រូវទុកចោលរហូតដល់ ៦ សប្តាហ៍ ដើម្បីឱ្យសារធាតុរាវបង្ហូរចេញបានអស់ និងការពារកុំឱ្យមុខរបួសឆាប់បិទជិតវិញ។
  • ថ្នាំផ្សះ៖ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំផ្សះ ប្រសិនបើបូសរបស់អ្នកមានការឆ្លងមេរោគ ឬលទ្ធផលពិនិត្យបង្ហាញថាអ្នកមានជំងឺឆ្លងតាមការរួមភេទ។ ប៉ុន្តែប្រសិនបើបូសត្រូវបានបង្ហូរខ្ទុះចេញបានត្រឹមត្រូវហើយនោះ អ្នកប្រហែលជាមិនចាំបាច់ប្រើថ្នាំផ្សះឡើយ។
  • ការវះកាត់បែប Marsupialization៖ ប្រសិនបើបូសកើតឡើងដដែលៗ ឬរំខានដល់អ្នក គ្រូពេទ្យអាចប្រើវិធីនេះ។ វាគឺជាការវះកាត់បើកមុខបូស រួចដេរមាត់របួសទៅនឹងស្បែកជុំវិញ ដើម្បីបង្កើតជាច្រកបើកអចិន្ត្រៃយ៍តូចមួយ (ប្រហែល ៦ មីលីម៉ែត្រ) សម្រាប់ឱ្យសារធាតុរាវហូរចេញ។
  • ការវះកាត់យកក្រពេញចេញ៖ ក្នុងករណីកម្រ ប្រសិនបើជំងឺនេះនៅតែបន្តកើតមាន ហើយមិនឆ្លើយតបនឹងការព្យាបាលផ្សេងៗ គ្រូពេទ្យអាចណែនាំឱ្យវះកាត់យក ក្រពេញបាថូលីន ចេញតែម្តង។ ការវះកាត់នេះត្រូវធ្វើឡើងនៅក្នុងមន្ទីរពេទ្យ ក្រោមការប្រើថ្នាំសន្លប់ ព្រោះវាមានហានិភ័យខ្ពស់នៃការហូរឈាម ឬបញ្ហាក្រោយការវះកាត់។

Doctors who treat this condition