ទិដ្ឋភាពទូទៅ

បញ្ហាតុល្យភាពកើតឡើងនៅពេលដែលបុគ្គលម្នាក់ៗជួបប្រទះនូវការរអាក់រអួលក្នុងការទំនាក់ទំនងរវាងប្រព័ន្ធប្រសាទកណ្តាល និងខួរក្បាល ដែលបណ្តាលឱ្យមានអារម្មណ៍មិននឹងនរនៅពេលឈរ ឬដើរ។ លើសពីនេះ បញ្ហាតុល្យភាពទាំងនេះអាចជាសញ្ញាបង្ហាញពីលក្ខខណ្ឌវេជ្ជសាស្ត្រជាក់លាក់ណាមួយ។

បញ្ហាតុល្យភាពអាចបង្កឱ្យមានអាការៈវិលមុខ, អារម្មណ៍ដូចជាបន្ទប់កំពុងវិល, ភាពមិននឹងនរ និងស្រាលក្បាល។ មិនថាកំពុងគេង អង្គុយ ឬឈរនោះទេ មនុស្សអាចមានអារម្មណ៍ថាដូចជាហៀបនឹងដួល។

ដើម្បីរក្សាតុល្យភាពឱ្យបានត្រឹមត្រូវ ប្រព័ន្ធរាងកាយជាច្រើនត្រូវតែដំណើរការដោយរលូន។ ប្រព័ន្ធទាំងនោះរួមមាន៖ បេះដូង, សរសៃឈាម, ប្រសាទ, សាច់ដុំ, ឆ្អឹង, សន្លាក់, ភ្នែក និងសរីរាង្គតុល្យភាពនៃត្រចៀកខាងក្នុង។ បញ្ហាតុល្យភាពអាចកើតឡើងនៅពេលដែលប្រព័ន្ធណាមួយក្នុងចំណោមប្រព័ន្ធទាំងនេះមានបញ្ហា ឬដំណើរការមិនបានល្អ។

ទោះបីជាបញ្ហាតុល្យភាពអាចបណ្តាលមកពីលក្ខខណ្ឌវេជ្ជសាស្ត្រមួយចំនួនក៏ដោយ ប៉ុន្តែភាគច្រើននៃបញ្ហាទាំងនោះគឺបណ្តាលមកពីបញ្ហានៅក្នុង ប្រព័ន្ធវ៉េសស្ទីប៊ុយឡា (Vestibular system) ដែលជាសរីរាង្គត្រួតពិនិត្យតុល្យភាពនៃត្រចៀកខាងក្នុង។

រោគសញ្ញា

សញ្ញា និងរោគសញ្ញានៃបញ្ហាតុល្យភាពរួមមានដូចខាងក្រោម៖

  • វិលមុខ មានអារម្មណ៍ថាមានចលនាវិល ឬវិលខ្ញាល់
  • ស្រាលក្បាល មានអារម្មណ៍ចង់សន្លប់
  • ភាពមិននឹងនរ ការបាត់បង់លំនឹង ឬតុល្យភាព
  • ការដួល ឬមានអារម្មណ៍ថាដូចជាចង់ដួល
  • អារម្មណ៍វិលវង់ ឬអារម្មណ៍ដូចជាកំពុងអណ្តែត
  • ការភាន់ច្រឡំ វង្វេងវង្វាន់
  • ស្រវាំងភ្នែក ឬការប្រែប្រួលនៃចក្ខុវិញ្ញាណផ្សេងៗ

មូលហេតុ

មានលក្ខខណ្ឌខុសៗគ្នាជាច្រើនដែលអាចបង្កឱ្យមានបញ្ហាតុល្យភាព។ មូលហេតុបង្កជាធម្មតាត្រូវបានផ្សារភ្ជាប់ទៅនឹងរោគសញ្ញាជាក់លាក់ដែលបុគ្គលម្នាក់ៗបង្ហាញចេញមក៖

  • អាការៈវិលមុខ ឬអារម្មណ៍ថាវិលខ្ញាល់ មានជំងឺមួយចំនួនដែលទាក់ទងនឹងអាការៈវិលមុខ រួមមាន៖
    • ជំងឺវិលមុខដោយសារការផ្លាស់ប្តូរទីតាំងក្បាល (BPPV): កើតឡើងនៅពេលគ្រាប់កាល់ស្យូមតូចៗក្នុងត្រចៀកខាងក្នុងផ្លាស់ទីខុសកន្លែង។ វាជាមូលហេតុទូទៅបំផុតនៃអាការៈវិលមុខចំពោះមនុស្សពេញវ័យ ជាពិសេសនៅពេលប្រែខ្លួនក្នុងដំណេក ឬងើយក្បាលទៅលើ។
    • រលាកសរសៃប្រសាទត្រចៀកខាងក្នុង៖ បណ្តាលមកពីវីរុស ដែលធ្វើឱ្យប៉ះពាល់ដល់សរសៃប្រសាទត្រួតពិនិត្យតុល្យភាព។ វាបង្កឱ្យមានការចង្អោរ និងពិបាកដើរខ្លាំង។
    • ជំងឺប្រកាំង៖ អាចបណ្តាលឱ្យវិលមុខ និងងាយមានប្រតិកម្មនឹងចលនា។
    • ជំងឺវិលមុខរ៉ាំរ៉ៃ (PPPD): ជាអាការៈមិននឹងនរក្នុងក្បាល ដែលកាន់តែអាក្រក់ឡើងនៅពេលអានសៀវភៅ មើលវត្ថុដែលមានចលនា ឬនៅកន្លែងដែលមានមនុស្សច្រើនដូចជាផ្សារទំនើប។
    • ជំងឺមេនៀ (Meniere’s disease): បង្កឱ្យវិលមុខខ្លាំងភ្លាមៗ រួមជាមួយការហឹងត្រចៀក ឬការបាត់បង់ការស្តាប់។
    • ដុំសាច់សរសៃប្រសាទត្រចៀក៖ ជាដុំសាច់យឺតៗដែលប៉ះពាល់ដល់ការស្តាប់ និងតុល្យភាព។
    • រោគសញ្ញា Ramsay Hunt: កើតពីការឆ្លងមេរោគស្រដៀងនឹងជំងឺស្រឡទែន ដែលប៉ះពាល់ដល់សរសៃប្រសាទក្បែរត្រចៀក។
    • ការវិលមុខដោយសារចលនា៖ ការវិលមុខពេលជិះទូក ឡាន ឬយន្តហោះ។
    • របួសក្បាល: ការប៉ះទង្គិចក្បាលអាចបណ្តាលឱ្យមានអាការៈវិលមុខ។
  • អាការៈស្រាលក្បាល ឬមានអារម្មណ៍ចង់សន្លប់ អាចផ្សារភ្ជាប់ទៅនឹង៖
    • សម្ពាធឈាមធ្លាក់ចុះពេលផ្លាស់ប្តូរឥរិយាបថ៖ ការក្រោកឈរ ឬអង្គុយលឿនពេកធ្វើឱ្យធ្លាក់សម្ពាធឈាមភ្លាមៗ។
    • ជំងឺសរសៃឈាមបេះដូង៖ ចង្វាក់បេះដូងមិនទៀងទាត់ ឬសរសៃឈាមរួមតូច ធ្វើឱ្យឈាមទៅចិញ្ចឹមខួរក្បាលមិនគ្រប់គ្រាន់។
  • ភាពមិននឹងនរ ឬការបាត់បង់តុល្យភាព អាចបណ្តាលមកពី៖
    • បញ្ហាត្រចៀកខាងក្នុង៖ ធ្វើឱ្យមានអារម្មណ៍ដូចកំពុងអណ្តែត ឬមិននឹងនរក្នុងទីងងឹត។
    • ជំងឺសរសៃប្រសាទគ្រឿងចុង៖ ការខូចខាតសរសៃប្រសាទជើង ធ្វើឱ្យពិបាកក្នុងការដើរ។
    • បញ្ហាសន្លាក់ សាច់ដុំ ឬចក្ខុវិញ្ញាណ៖ សាច់ដុំខ្សោយ សន្លាក់មិនមាំ ឬភ្នែកមើលមិនច្បាស់ សុទ្ធតែនាំឱ្យបាត់បង់លំនឹង។
    • ការប្រើប្រាស់ថ្នាំ៖ ថ្នាំមួយចំនួនមានផលប៉ះពាល់ធ្វើឱ្យបាត់បង់តុល្យភាព។
    • លក្ខខណ្ឌប្រព័ន្ធប្រសាទ៖ ដូចជាជំងឺប៉ាកឃីនសិនជាដើម។
  • អារម្មណ៍វិលមុខ មូលហេតុរួមមាន៖
    • ការប្រើប្រាស់ថ្នាំ៖ ថ្នាំមួយចំនួនអាចមានផលប៉ះពាល់ដែលបណ្តាលឱ្យមានអាការៈស្រាលក្បាល។
    • បញ្ហាត្រចៀកខាងក្នុង៖ ភាពមិនប្រក្រតីនៃប្រព័ន្ធវ៉េសស្ទីប៊ុយឡា (Vestibular system) អាចបង្កឱ្យមានអារម្មណ៍ដូចជាកំពុងអណ្តែត ឬមានអារម្មណ៍ភាន់ច្រឡំថាមានចលនា។
    • បញ្ហាផ្លូវចិត្ត៖ អាការៈវិលមុខអាចបណ្តាលមកពីជំងឺបាក់ទឹកចិត្ត ,ជំងឺថប់បារម្ភ និងបញ្ហាផ្លូវចិត្តផ្សេងៗទៀត។
    • ដកដង្ហើមញាប់ខុសធម្មតា៖ ស្ថានភាពនេះជាធម្មតាកើតឡើងទន្ទឹមគ្នាជាមួយនឹងបញ្ហាភ័យព្រួយ ហើយវាអាចធ្វើឱ្យបុគ្គលម្នាក់មានអារម្មណ៍វិលមុខ។

ការធ្វើរោគវិនិច្ឆ័យ

គ្រូពេទ្យនឹងចាប់ផ្តើមដោយការពិនិត្យមើលប្រវត្តិវេជ្ជសាស្ត្ររបស់អ្នក រួមជាមួយនឹងការពិនិត្យរាងកាយ និងប្រព័ន្ធប្រសាទ។ ដើម្បីកំណត់ឱ្យច្បាស់ពីមូលហេតុនៃរោគសញ្ញាដែលទាក់ទងនឹងមុខងារតុល្យភាពក្នុងត្រចៀកខាងក្នុង គ្រូពេទ្យអាចនឹងណែនាំនូវការធ្វើតេស្តជាបន្តបន្ទាប់ដូចជា៖

  • ការធ្វើតេស្តរូបភាពវេជ្ជសាស្ត្រ៖ ការថត MRI និង CT scans គឺជាបច្ចេកទេសវិនិច្ឆ័យដ៏មានសារៈសំខាន់ ដើម្បីពិនិត្យមើលថាតើមានជំងឺបង្កផ្សេងៗទៀតដែលនាំឱ្យមានបញ្ហាតុល្យភាពដែរឬទេ។
  • ការធ្វើតេស្តការស្តាប់៖ ការពិបាកក្នុងការស្តាប់ជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងបញ្ហាតុល្យភាព។
  • ការធ្វើតេស្ត Posturography: អ្នកនឹងត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព ហើយព្យាយាមរក្សាតុល្យភាពនៅលើកម្រាលដែលមានចលនា ដើម្បីកំណត់ថា តើផ្នែកណានៃប្រព័ន្ធតុល្យភាពដែលអ្នកកំពុងពឹងផ្អែកលើខ្លាំងបំផុត។
  • ការថតចលនាភ្នែក ENG និង VNG: ការតេស្តទាំងពីរនេះវិភាគលើចលនាភ្នែក ដែលជាផ្នែកសំខាន់នៃមុខងារវ៉េសស្ទីប៊ុយឡា។ ការប្រើអេឡិចត្រូត (ENG) ឬកាមេរ៉ាតូចៗ (VNG) ដើម្បីកត់ត្រាចលនាភ្នែក។
  • ការធ្វើតេស្តលើកៅអីវិល៖ អ្នកនឹងអង្គុយលើកៅអីដែលបញ្ជាដោយកុំព្យូទ័រ ដែលវិលយឺតៗជារង្វង់ ខណៈពេលដែលចលនាភ្នែកត្រូវបានវិភាគ។
  • លំហាត់វិលក្បាល Dix-Hallpike: គ្រូពេទ្យនឹងបង្វិលក្បាលរបស់អ្នកទៅតាមទីតាំងផ្សេងៗដោយប្រុងប្រយ័ត្ន ដើម្បីសង្កេតមើលចលនាភ្នែក និងឆែកមើលអារម្មណ៍វិលខ្ញាល់ខុសធម្មតា។
  • ការធ្វើតេស្ត VEMP: ឧបករណ៍ចាប់សញ្ញានៅក ថ្ងាស និងក្រោមភ្នែក ត្រូវបានប្រើដើម្បីតាមដានការប្រែប្រួលតូចៗនៃការកន្ត្រាក់សាច់ដុំ ដើម្បីឆ្លើយតបទៅនឹងសំឡេង។
  • ការពិនិត្យសម្ពាធឈាម និងចង្វាក់បេះដូង: គ្រូពេទ្យនឹងវាស់សម្ពាធឈាមពេលអ្នកអង្គុយ និងបន្ទាប់ពីឈរបាន ២ ទៅ ៣ នាទី ដើម្បីពិនិត្យមើលការធ្លាក់ចុះនៃសម្ពាធឈាម។ ចង្វាក់បេះដូងក៏ត្រូវបានពិនិត្យផងដែរ ដើម្បីដឹងថាតើវាជាមូលហេតុបង្ករោគសញ្ញាដែរឬទេ។

ការព្យាបាល

ការព្យាបាលបញ្ហាតុល្យភាពគឺអាស្រ័យលើមូលហេតុបង្កដើម។ ផែនការព្យាបាលអាចរួមមាន៖

  • លំហាត់ហ្វឹកហាត់តុល្យភាពឡើងវិញ៖ អ្នកឯកទេសនឹងរៀបចំលំហាត់ប្រាណជាក់លាក់សម្រាប់បុគ្គលម្នាក់ៗ ដើម្បីជួយឱ្យរាងកាយស៊ាំទៅនឹងការបាត់បង់តុល្យភាព និងរៀនពីវិធីការពារការដួល។ គ្រូពេទ្យអាចណែនាំឱ្យប្រើឈើច្រត់ និងផ្តល់ដំបូន្មានពីការរៀបចំផ្ទះឱ្យមានសុវត្ថិភាព។
  • នីតិវិធីកែតម្រូវទីតាំង៖ សម្រាប់អ្នកជំងឺ BPPV គ្រូពេទ្យនឹងអនុវត្តវិធី Canalith repositioning ដើម្បីបម្លាស់ទីគ្រាប់កាល់ស្យូមតូចៗចេញពីផ្នែកដែលខុសធម្មតានៃត្រចៀកខាងក្នុង តាមរយៈចលនាក្បាលជាក់លាក់។
  • ការផ្លាស់ប្តូររបៀបរស់នៅ និងរបបអាហារ: ចំពោះអ្នកជំងឺមេនៀ ឬជំងឺប្រកាំង គ្រូពេទ្យអាចណែនាំឱ្យកាត់បន្ថយការញ៉ាំប្រៃ និងចៀសវាងជាតិកាហ្វេអ៊ីន ឬជាតិអាល់កុល។ ករណីសម្ពាធឈាមទាបពេលឈរ អ្នកជំងឺអាចត្រូវការប្រើស្រោមជើងតឹង ឬញ៉ាំទឹកឱ្យបានច្រើន។
  • ការប្រើប្រាស់ថ្នាំ៖ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាថ្នាំបំបាត់ការវិលមុខ និងការចង្អោរ ប្រសិនបើអ្នកមានអាការៈវិលមុខខ្លាំងដែលអូសបន្លាយច្រើនម៉ោង ឬច្រើនថ្ងៃ។
  • ការវះកាត់៖ ការវះកាត់អាចត្រូវបានណែនាំសម្រាប់អ្នកជំងឺមេនៀ ឬដុំសាច់សរសៃប្រសាទត្រចៀក។ ការប្រើវិទ្យុសកម្ម តាមបច្ចេកទេស Stereotactic radiosurgery ក៏ជាជម្រើសសម្រាប់ព្យាបាលដុំសាច់ដោយមិនបាច់វះកាត់បើកមុខរបួស។​

Doctors who treat this condition