ជំងឺរលាកទ្វារមាសដោយសារបាក់តេរី
ទិដ្ឋភាពទូទៅ
ជំងឺរលាកទ្វារមាសដោយសារបាក់តេរី (Bacterial vaginosis – BV) គឺជាស្ថានភាពមួយដែលអាចបណ្តាលឱ្យមានភាពមិនស្រណុកសុខស្រួល និងការឈឺចាប់ក្នុងទ្វារមាស។ វាកើតឡើងនៅពេលដែលតុល្យភាពធម្មជាតិនៃបាក់តេរីក្នុងទ្វារមាសត្រូវបានរំខាន។ ជាធម្មតា កម្រិតបាក់តេរីដែលមានតុល្យភាពជួយរក្សាសុខភាពទ្វារមាស ប៉ុន្តែការលូតលាស់ខ្លាំងជ្រុលនៃបាក់តេរីមួយចំនួនអាចនាំឱ្យកើតជំងឺ BV នេះ។ រោគសញ្ញាទូទៅមួយនៃ BV គឺការមានក្លិន “ឆ្អាបត្រី” នៅក្នុងធ្លាក់ស។ បុគ្គលមួយចំនួនក៏អាចមានអាការរមាស់ទ្វារមាស ខណៈពេលដែលអ្នកខ្លះទៀតប្រហែលជាមិនមានរោគសញ្ញាអ្វីទាល់តែសោះ។
BV អាចកើតឡើងគ្រប់វ័យ ប៉ុន្តែជួបប្រទះញឹកញាប់បំផុតក្នុងវ័យបន្តពូជ។ លើសពីនេះ BV គឺសំបូរក្នុងចំណោមអ្នកដែលមានសកម្មភាពផ្លូវភេទ ទោះបីជាមូលហេតុនៃទំនាក់ទំនងនេះមិនទាន់ត្រូវបានយល់ច្បាស់ទាំងស្រុងក៏ដោយ។ ការរួមភេទដោយមិនបានការពារ និងការលាងសម្អាតខាងក្នុងទ្វារមាស ត្រូវបានគេដឹងថាជួយបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺ BV។
រោគសញ្ញា
ជាញឹកញាប់ ជំងឺរលាកទ្វារមាសដោយសារបាក់តេរីមិនបង្ហាញរោគសញ្ញាចំពោះបុគ្គលជាច្រើនឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលរោគសញ្ញាលេចឡើង សញ្ញាសម្គាល់ទូទៅរួមមាន៖
- ការធ្លាក់សស្តើងៗ ដែលអាចមានពណ៌ប្រផេះ ពណ៌សល្អក់ ឬពណ៌បៃតង
- មានក្លិនទ្វារមាសមិនល្អ ដែលជារឿយៗត្រូវបានគេពិពណ៌នាថា “ឆ្អាបដូចត្រី”
- ការរមាស់ទ្វារមាស ឬការរលាក
- អារម្មណ៍ក្រហាយនៅពេលបត់ជើងតូច
ប្រសិនបើអ្នកកំពុងជួបប្រទះក្លិនមិនធម្មតា និងភាពមិនស្រណុកសុខស្រួលក្នុងការធ្លាក់ស វាជារឿងសំខាន់ដែលត្រូវណាត់ជួបជាមួយគ្រូពេទ្យជំនាញ។ ពួកគាត់អាចវាយតម្លៃរោគសញ្ញារបស់អ្នក និងកំណត់មូលហេតុបង្ក។ នេះជារឿងសំខាន់បំផុត ប្រសិនបើអ្នកធ្លាប់មានការឆ្លងមេរោគទ្វារមាសពីមុន ប៉ុន្តែកត់សម្គាល់ឃើញភាពខុសគ្នានៅក្នុងការធ្លាក់សបច្ចុប្បន្ន។ លើសពីនេះ ប្រសិនបើអ្នកទើបតែមានសកម្មភាពផ្លូវភេទជាមួយដៃគូថ្មី ឬដៃគូច្រើន គឺចាំបាច់ត្រូវស្វែងរកការពិនិត្យ ព្រោះរោគសញ្ញានៃជំងឺឆ្លងតាមផ្លូវភេទ ជួនកាលអាចស្រដៀងគ្នាទៅនឹងជំងឺរលាកទ្វារមាសដោយសារបាក់តេរី។
មូលហេតុ
ជំងឺរលាកទ្វារមាសដោយសារបាក់តេរី (BV) អាចមិនបង្ហាញរោគសញ្ញារហូតដល់ ៨៤% នៃបុគ្គលដែលកើតជំងឺនេះ។ មូលហេតុចម្បងគឺការប្រែប្រួលនៃប្រភេទបាក់តេរីក្នុងទ្វារមាស។ វាជារឿងចាំបាច់ដែលត្រូវស្វែងរកការពិនិត្យពីគ្រូពេទ្យ ដើម្បីបែងចែក BV ពីការឆ្លងមេរោគទ្វារមាសផ្សេងៗទៀត ព្រោះរោគសញ្ញាអាចមានលក្ខណៈប្រហាក់ប្រហែលគ្នា។
កត្តាហានិភ័យ
ជំងឺរលាកទ្វារមាសដោយសារបាក់តេរី ជាធម្មតាប៉ះពាល់ដល់បុគ្គលដែលមានសកម្មភាពផ្លូវភេទ និងកម្រកើតមានចំពោះអ្នកដែលមិនធ្លាប់រួមភេទ។ កត្តាដែលអាចបង្កើនហានិភ័យរួមមាន៖
- អាយុ៖ ស្ថានភាពនេះសំបូរកើតមានចំពោះស្ត្រីដែលមានអាយុពី ១៥ ដល់ ៤៤ ឆ្នាំ។
- មានដៃគូរួមភេទច្រើន ឬដៃគូថ្មី៖ គេសង្កេតឃើញថា BV កើតឡើងញឹកញាប់ចំពោះអ្នកដែលមានដៃគូថ្មី ឬដៃគូច្រើន។ វាក៏សំបូរផងដែរក្នុងចំណោមដៃគូរួមភេទដែលជាស្ត្រីដូចគ្នា។
- ការលាងសម្អាតខាងក្នុងទ្វារមាស៖ មិនមានការចាំបាច់ក្នុងការលាងសម្អាតខាងក្នុងទ្វារមាសដោយទឹក ឬសារធាតុផ្សេងៗឡើយ ព្រោះទ្វារមាសមានសមត្ថភាពសម្អាតខ្លួនឯង។ ការធ្វើបែបនេះអាចបង្កគ្រោះថ្នាក់ ដោយសារវាទៅបំផ្លាញតុល្យភាពបាក់តេរីល្អក្នុងទ្វារមាស ដែលនាំឱ្យបាក់តេរីអាក្រក់កើនឡើងខ្លាំង និងបង្កជាជំងឺ BV។
- កង្វះបាក់តេរី Lactobacilli៖ ការផលិតបាក់តេរី Lactobacilli (បាក់តេរីល្អ) មិនបានគ្រប់គ្រាន់ក្នុងទ្វារមាស បង្កើនលទ្ធភាពនៃការវិវត្តទៅជាជំងឺរលាកទ្វារមាសដោយសារបាក់តេរី។
ការធ្វើរោគវិនិច្ឆ័យ
ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺរលាកទ្វារមាសដោយសារបាក់តេរី គ្រូពេទ្យអាចអនុវត្តនីតិវិធី ឬការពិនិត្យដូចខាងក្រោម៖
- ការពិនិត្យរាងកាយ៖ គ្រូពេទ្យអាចសាកសួរអំពីប្រវត្តិវេជ្ជសាស្ត្រ រួមទាំងការធ្លាប់មានការឆ្លងមេរោគទ្វារមាស ឬជំងឺឆ្លងតាមផ្លូវភេទ (STIs) ពីមុនមក។
- ការពិនិត្យមាត់ស្បូន៖ គ្រូពេទ្យនឹងពិនិត្យមើលទ្វារមាសដោយផ្ទាល់ដើម្បីរកសញ្ញានៃការឆ្លងមេរោគ។ បន្ទាប់មក ពួកគាត់នឹងពិនិត្យមាត់ស្បូនដោយការស៊កម្រាមដៃចូលក្នុងទ្វារមាស និងសង្កត់ថ្នមៗលើពោះក្នុងពេលតែមួយ ដើម្បីវាយតម្លៃស្ថានភាពនៃសរីរាង្គក្នុងអាងត្រគាក។
- ការយកសំណាកធ្លាក់ស៖ គ្រូពេទ្យនឹងប្រើឧបករណ៍ពង្រីកទ្វារមាសដើម្បីងាយស្រួលប្រមូលសំណាករាវ។ សំណាកនេះនឹងត្រូវបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីកំណត់ប្រភេទបាក់តេរី និងស្វែងរក “Clue cells” (កោសិកាទ្វារមាសដែលស្រោបដោយបាក់តេរី) ដែលជាសញ្ញានៃជំងឺ BV។
- ការធ្វើតេស្តកម្រិតអាស៊ីត-បាសទ្វារមាស៖ គេប្រើបន្ទះតេស្ត pH ស៊កចូលក្នុងទ្វារមាស។ ប្រសិនបើកម្រិត pH ឡើងដល់ ៤.៥ ឬខ្ពស់ជាងនេះ វាបង្ហាញថាមានវត្តមានជំងឺរលាកទ្វារមាសដោយសារបាក់តេរី។
ការព្យាបាល
ទោះបីជាករណីខ្លះអាចជាសះស្បើយដោយខ្លួនឯងក៏ដោយ ប៉ុន្តែវាមានសារៈសំខាន់ណាស់ក្នុងការស្វែងរកការព្យាបាល ប្រសិនបើមានរោគសញ្ញា ព្រោះ BV អាចបង្កើនហានិភ័យនៃជំងឺឆ្លងតាមផ្លូវភេទ និងប៉ះពាល់ដល់ការមានផ្ទៃពោះ។ គ្រូពេទ្យអាចណែនាំថ្នាំដូចខាងក្រោម៖
- Metronidazole: មានជាទម្រង់ថ្នាំគ្រាប់លេប ឬជែលលាបក្នុងទ្វារមាស។ ហាមទទួលទានគ្រឿងស្រវឹង ក្នុងអំឡុងពេលប្រើថ្នាំនេះ និងរយៈពេលមួយថ្ងៃពេញក្រោយឈប់ប្រើ ព្រោះវាអាចបណ្តាលឱ្យចង្អោរ ឬឈឺពោះ។
- Clindamycin: មានជាទម្រង់គ្រីមលាបក្នុងទ្វារមាស ថ្នាំលេប ឬថ្នាំសុល។ គ្រីម និងថ្នាំសុលអាចធ្វើឱ្យ ស្រោមអនាម័យឡាតិចចុះខ្សោយ ដូច្នេះគួរផ្អាកការរួមភេទក្នុងអំឡុងពេលព្យាបាល និងយ៉ាងហោចណាស់ ៣ ថ្ងៃក្រោយឈប់ប្រើថ្នាំ។
- Tinidazole: ជាថ្នាំលេប។ ត្រូវជៀសវាងគ្រឿងស្រវឹងក្នុងអំឡុងពេលព្យាបាល និងរយៈពេល ៣ ថ្ងៃក្រោយបញ្ចប់ការព្យាបាល។
- Secnidazole: ជាថ្នាំផ្សះប្រភេទគ្រាប់ល្អិតៗ លេបតែម្តងគត់ជាមួយអាហារទន់ៗ (ដូចជា បបរ ឬយ៉ាអួ)។ ត្រូវលេបក្នុងរយៈពេល ៣០ នាទី ហើយហាមទំពារគ្រាប់ថ្នាំល្អិតៗនោះ។
វាមានសារៈសំខាន់ណាស់ក្នុងការប្រើថ្នាំឱ្យអស់តាមវេជ្ជបញ្ជា ទោះបីជារោគសញ្ញាបានធូរស្រាលក៏ដោយ ដើម្បីការពារកុំឱ្យជំងឺរើឡើងវិញ។ ចំពោះដៃគូរួមភេទជាបុរស ជាធម្មតាមិនចាំបាច់ព្យាបាលឡើយ ប៉ុន្តែដៃគូជាស្ត្រីត្រូវតែធ្វើតេស្ត និងព្យាបាលប្រសិនបើមានរោគសញ្ញា។
ការរើឡើងវិញ
ជំងឺ BV ជារឿយៗតែងតែរើឡើងវិញក្នុងរយៈពេល ៣ ទៅ ១២ ខែ ទោះបីជាបានព្យាបាលរួចក៏ដោយ។ ប្រសិនបើរោគសញ្ញាត្រឡប់មកវិញភ្លាមៗក្រោយព្យាបាល សូមពិគ្រោះជាមួយគ្រូពេទ្យ។ បច្ចុប្បន្ននេះ ប្រូបាយអូទិក (Probiotics) មិនត្រូវបានណែនាំឱ្យប្រើសម្រាប់ព្យាបាល BV ឡើយ ព្រោះការសិក្សាបានបង្ហាញថា វាមិនមានប្រសិទ្ធភាពជាងការប្រើថ្នាំបញ្ឆោត ក្នុងការការពារជំងឺមិនឱ្យរើឡើងវិញនោះទេ។
