ទិដ្ឋភាពទូទៅ
ដុំសាច់អាមេឡូប្លាស្តូម៉ា (Ameloblastoma) គឺជាដុំសាច់ដ៏កម្រម្យ៉ាងដែលវិវឌ្ឍទៅមុខយឺតៗ ដែលជាទូទៅកើតឡើងនៅត្រង់ឆ្អឹងថ្គាម ជាពិសេសនៅតំបន់ខាងក្រោយធ្មេញថ្គាម។ ដុំសាច់នេះកកើតចេញពីកោសិកាដែលមានតួនាទីបង្កើតស្រទាប់កាចាធ្មេញ (Enamel) ដែលការពារធ្មេញ។ វាត្រូវបានរកឃើញញឹកញាប់បំផុតលើបុគ្គលដែលមានអាយុចន្លោះពី ៣០ ដល់ ៦០ ឆ្នាំ
ទោះបីជាដុំសាច់អាមេឡូប្លាស្តូម៉ា ជាទូទៅមិនមែនជាដុំសាច់មហារីកក៏ដោយ ប៉ុន្តែវាមានសក្ដានុពលអាចប្រែក្លាយទៅជាទម្រង់កាច (មហារីក) បាន។ ប្រសិនបើមិនមានការព្យាបាលទេ ដុំសាច់ទាំងនេះអាចបណ្តាលឱ្យខូចខាតដល់ឆ្អឹងថ្គាម និងរចនាសម្ព័ន្ធជុំវិញមាត់
ប្រភេទដុំសាច់អាមេឡូប្លាស្តូម៉ា ដែលមានលក្ខណៈយាយី (Aggressive) គឺជាប្រភេទដែលជួបប្រទះញឹកញាប់បំផុត ដោយវាដុះជាដុំសាច់ធំនៅក្នុងឆ្អឹងថ្គាម។ ការព្យាបាលអាចរួមមានការវះកាត់ និងការព្យាបាលដោយវិទ្យុសកម្ម។ ក្នុងករណីខ្លះ ការវះកាត់កែសម្ផស្សឡើងវិញអាចជារឿងចាំបាច់ ដើម្បីស្តារឆ្អឹងថ្គាម ធ្មេញ និងទម្រង់មុខឡើងវិញ
រោគសញ្ញា
ដុំសាច់អាមេឡូប្លាស្តូម៉ាតែងតែវិវឌ្ឍយឺតៗ និងច្រើនតែមិនបង្ហាញរោគសញ្ញាអ្វីឡើយក្នុងរយៈពេលយូរ ដែលជួនកាលមិនអាចធ្វើរោគវិនិច្ឆ័យដឹងរហូតដល់ ១០ ទៅ ២០ ឆ្នាំ។ ប្រសិនបើទុកចោលមិនព្យាបាល ដុំសាច់នេះអាចកើនទំហំយ៉ាងខ្លាំង បណ្តាលឱ្យខូចទ្រង់ទ្រាយផ្ទៃមុខផ្នែកខាងក្រោម និងរចនាសម្ព័ន្ធថ្គាម ក៏ដូចជាធ្វើឱ្យធ្មេញដុះមិនត្រង់ជួរ
សញ្ញា និងរោគសញ្ញាដែលអាចកើតមាននៃដុំសាច់អាមេឡូប្លាស្តូម៉ារួមមាន៖
- ការឈឺចាប់ថ្គាម
- មានដុំពក ឬហើម
ប្រសិនបើសង្កេតឃើញសញ្ញា និងរោគសញ្ញាណាមួយ សូមពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាព ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឱ្យបានត្រឹមត្រូវ
មូលហេតុ
ដុំសាច់អាមេឡូប្លាស្តូម៉ាកើតឡើងនៅពេលដែលកោសិកាអាមេឡូប្លាស (ដែលទទួលខុសត្រូវលើការលូតលាស់កាចាធ្មេញ) នៅតែបន្តលូតលាស់ បន្ទាប់ពីស្រទាប់កាចាធ្មេញត្រូវបានបង្កើតឡើងរួចរាល់។ ទោះបីជាមូលហេតុច្បាស់លាស់នៅមិនទាន់ដឹងក៏ដោយ អ្នកស្រាវជ្រាវកំពុងសិក្សាពីកត្តាដែលអាចបង្កដូចជា ការប្រែប្រួលហ្សែន ជំងឺអញ្ចាញធ្មេញ ឬការរលាក និងការឆ្លងមេរោគវីរុស
ដុំសាច់អាមេឡូប្លាស្តូម៉ាអាចត្រូវបានបែងចែកទៅតាមប្រភេទ និងលក្ខណៈកោសិកា។ ប្រភេទចម្បងៗទាំងបួនរួមមាន៖
- Conventional ameloblastoma (ប្រភេទធម្មតា): មានចំនួន ៨៥% នៃករណីទាំងអស់ វាមាននិន្នាការរាលដាលពីថ្គាមទៅកាន់តំបន់ក្បែរៗនោះក្នុងមាត់។ ១០% នៃករណីអាចកើតឡើងវិញបន្ទាប់ពីការព្យាបាល
- Unicystic ameloblastoma (ប្រភេទថង់ទឹកទោល): ដុំសាច់នេះច្រើនតែកើតឡើងនៅជិតធ្មេញថ្គាម ត្រង់ផ្នែកខាងក្រោយនៃឆ្អឹងថ្គាមក្រោម។ ប្រភេទនេះមិនសូវរាលដាលទេ ហើយជាធម្មតាកើតឡើងនៅវ័យក្មេង។ ទោះជាយ៉ាងណាក៏ដោយ វាអាចកើតឡើងវិញបន្ទាប់ពីការព្យាបាល
- Peripheral ameloblastoma (ប្រភេទជាលិកាជុំវិញ): បន្ទាប់ពីព្យាបាលរួច វាមានឱកាសតិចតួចណាស់ដែលដុំសាច់នឹងត្រឡប់មកវិញ។ ប្រភេទនេះកម្រនឹងជួបណាស់ ដោយវាប៉ះពាល់ដល់ជាលិកាមាត់នៅក្នុងឆ្អឹងថ្គាមលើ ឬក្រោម និងអញ្ចាញធ្មេញ
- Metastasizing ameloblastoma (ប្រភេទរាលដាល): ប្រភេទនេះត្រូវបានសម្គាល់ដោយវត្តមាននៃកោសិកាដុំសាច់ដែលកើតឡើងនៅកន្លែងឆ្ងាយពីទីតាំងដើមក្នុងថ្គាម។ នេះគឺជាប្រភេទដុំសាច់អាមេឡូប្លាស្តូម៉ាដែលកម្របំផុត
ការធ្វើរោគវិនិច្ឆ័យ
ក្នុងអំឡុងពេលត្រួតពិនិត្យសុខភាពមាត់ធ្មេញជាប្រចាំ គ្រូពេទ្យធ្មេញអាចនឹងរកឃើញដុំសាច់អាមេឡូប្លាស្តូម៉ាដែលអាចកើតមានតាមរយៈការថតកាំរស្មីអ៊ិច។ ប្រសិនបើរកឃើញ ពួកគេទំនងជានឹងបញ្ជូនអ្នកទៅកាន់គ្រូពេទ្យជំនាញដើម្បីធ្វើតេស្តបន្ថែម។ វិធីសាស្ត្រថតរូបភាពបន្ថែមផ្សេងៗ ដូចជាការថតកាំរស្មីអ៊ិចលើថ្គាមលើ និងក្រោម ការថត MRI និងការថត CT scans ត្រូវបានប្រើប្រាស់ជាញឹកញាប់ ដើម្បីទទួលបានរូបភាពលម្អិតនៃតំបន់ដែលរងផលប៉ះពាល់។ ការធ្វើតេស្តរូបភាពទាំងនេះជួយក្នុងការវាយតម្លៃទំហំដុំសាច់ និងវិសាលភាពនៃការរាលដាល ដែលផ្តល់នូវព័ត៌មានដ៏មានតម្លៃសម្រាប់ផែនការព្យាបាលឱ្យបានគ្រប់ជ្រុងជ្រោយ
ដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់ អ្នកផ្តល់សេវាថែទាំសុខភាពអាចនឹងធ្វើការកាត់យកសាច់ទៅពិនិត្យ (Biopsy) ដោយដកស្រង់យកជាលិកា ឬកោសិកាគំរូពីតំបន់ដែលរងផលប៉ះពាល់។ គំរូនេះនឹងត្រូវបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីធ្វើការវិភាគបន្ថែម។ នីតិវិធីវិនិច្ឆ័យទាំងនេះមានសារៈសំខាន់ណាស់ក្នុងការកំណត់អត្តសញ្ញាណ និងលក្ខណៈនៃដុំសាច់អាមេឡូប្លាស្តូម៉ាឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវការសម្រេចចិត្តលើការគ្រប់គ្រង និងការព្យាបាលដ៏សមស្រប
ការព្យាបាល
ការព្យាបាលដុំសាច់អាមេឡូប្លាស្តូម៉ាអាចរងឥទ្ធិពលពីកត្តាផ្សេងៗដូចជា ទំហំ និងទីតាំងនៃដុំសាច់ ក៏ដូចជាប្រភេទ និងរូបរាងនៃកោសិកាដែលពាក់ព័ន្ធ។ ករណីភាគច្រើននៃដុំសាច់អាមេឡូប្លាស្តូម៉ាត្រូវបានដោះស្រាយតាមរយៈការវះកាត់
ការជ្រើសរើសវិធីសាស្ត្រវះកាត់ជាក់លាក់ណាមួយ គឺអាស្រ័យលើកត្តាជាច្រើន រួមមាន សក្តានុពលនៃការរាលដាលរបស់ដុំសាច់ ហានិភ័យនៃការកើតឡើងវិញក្រោយការវះកាត់ សុខភាពទូទៅរបស់អ្នកជំងឺ និងផលប៉ះពាល់នៃវិធីសាស្ត្រវះកាត់នីមួយៗទៅលើគុណភាពជីវិតរបស់បុគ្គលម្នាក់ៗ
- ការវះកាត់បែបអភិរក្ស៖ អ្នកផ្តល់សេវាថែទាំសុខភាពនឹងយកដុំសាច់ចេញ រួមជាមួយផ្នែកតូចមួយនៃជាលិកា និងឆ្អឹងដែលនៅល្អជុំវិញនោះ
- ការវះកាត់ផ្ដាច់ឫសផ្ដាច់គល់៖ ការវះកាត់ប្រភេទនេះរួមបញ្ចូលការយកចេញនូវជាលិកា និងឆ្អឹងដែលនៅល្អក្នុងបរិមាណច្រើនជាងមុន ដើម្បីកាត់បន្ថយហានិភ័យនៃដុំសាច់ដែលត្រឡប់មកវិញ។ បុគ្គលដែលទទួលការវះកាត់ប្រភេទនេះ ច្រើនតែត្រូវធ្វើការវះកាត់កែច្នៃឡើងវិញ (Reconstructive procedures) ដើម្បីជំនួសជាលិកា និងឆ្អឹងដែលបានយកចេញ ក្នុងគោលបំណងកាត់បន្ថយភាពខុសប្លែកនៃរូបរាងកាយ។ ថ្គាមក៏អាចដំណើរការ និងមានរូបរាងប្រសើរជាងមុនផងដែរ។ សមត្ថភាពក្នុងការនិយាយ និងការទទួលទានអាហារអាចនឹងត្រូវបានកែលម្អតាមរយៈនីតិវិធីនេះ
ជម្រើសការព្យាបាលផ្សេងទៀតសម្រាប់ដុំសាច់អាមេឡូប្លាស្តូម៉ា រួមមាន៖
- ការព្យាបាលដោយវិទ្យុសកម្ម៖ នៅពេលដែលការវះកាត់មិនអាចធ្វើទៅបាន ការព្យាបាលដោយវិទ្យុសកម្មដែលមានថាមពលខ្ពស់អាចនឹងត្រូវបានណែនាំ
- ឧបករណ៍សិប្បនិម្មិត៖ ធ្មេញសិប្បនិម្មិតសម្រាប់ជំនួសធ្មេញដែលបាត់បង់ ឬរចនាសម្ព័ន្ធផ្សេងទៀតក្នុងមាត់ដែលរងការខូចខាត អាចនឹងត្រូវបានប្រើប្រាស់
- ការថែទាំគាំទ្រ៖ អ្នកជំនាញរូបវិទ្យាព្យាបាល អ្នកជំនាញរបបអាហារ និងអ្នកព្យាបាលផ្នែកនិយាយ និងភាសា អាចជួយដោះស្រាយការលំបាកក្នុងការនិយាយ ការលេប និងការទទួលទានអាហារ ក្នុងអំឡុងពេល និងក្រោយពេលព្យាបាល
ដុំសាច់អាមេឡូប្លាស្តូម៉ាមានលទ្ធភាពអាចកើតឡើងវិញក្នុងរយៈពេលច្រើនឆ្នាំក្រោយការវះកាត់។ អ្នកផ្តល់សេវាថែទាំសុខភាពអាចនឹងណែនាំឱ្យធ្វើការត្រួតពិនិត្យប្រចាំឆ្នាំក្នុងរយៈពេល ៥ ឆ្នាំ ដើម្បីជាវិធានការបង្ការ
