បញ្ហាកោសិការក្នុងបំពង់ទឹកដោះលូតលាស់ខុសប្រក្រតី
ទិដ្ឋភាពទូទៅ
បញ្ហាកោសិការក្នុងបំពង់ទឹកដោះលូតលាស់ខុសប្រក្រតី (Atypical hyperplasia of the breast) គឺជាស្ថានភាពមុនមហារីក ដែលប៉ះពាល់ដល់កោសិកាសុដន់ ដោយវាត្រូវបានសម្គាល់តាមរយៈការមានវត្តមាននៃកោសិកាមិនធម្មតានៅក្នុងបំពង់ទឹកដោះ និងថង់ទឹកដោះ។
ទោះបីជាវាមិនទាន់ជាជំងឺមហារីកក៏ដោយ ប៉ុន្តែបញ្ហាកោសិការក្នុងបំពង់ទឹកដោះលូតលាស់ខុសប្រក្រតី បង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកសុដន់។ ប្រសិនបើកោសិកាមិនធម្មតាទាំងនេះនៅតែបន្តប្រមូលផ្តុំគ្នា និងកាន់តែមានសភាពមិនប្រក្រតីខ្លាំងឡើងតាមពេលវេលានោះ វាមានសក្តានុពលអាចវិវត្តទៅជាមហារីកសុដន់ដំណាក់កាលដំបូង ឬមហារីកសុដន់ដែលរីករាលដាល។
បុគ្គលដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានបញ្ហាកោសិការក្នុងបំពង់ទឹកដោះលូតលាស់ខុសប្រក្រតី នឹងប្រឈមមុខនឹងការកើនឡើងនៃហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកសុដន់នាពេលអនាគត។ ជាវិធានការការពារ គ្រូពេទ្យជំនាញតែងតែណែនាំឱ្យមានការពិនិត្យស្វែងរកមហារីកសុដន់ឱ្យបានម៉ត់ចត់បំផុត និងអាចចេញវេជ្ជបញ្ជាឱ្យប្រើប្រាស់ឱសថមួយចំនួនក្នុងគោលបំណងកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់។
រោគសញ្ញា
ជាធម្មតា បញ្ហាកោសិការក្នុងបំពង់ទឹកដោះលូតលាស់ខុសប្រក្រតី មិនបង្ហាញរោគសញ្ញាជាក់លាក់ណាមួយឡើយ ដែលធ្វើឱ្យវាពិបាកក្នុងការសម្គាល់ដោយមិនមានការពិនិត្យវេជ្ជសាស្ត្រ។ ប្រសិនបើអ្នកមានការព្រួយបារម្ភ ឬសញ្ញាណាមួយដែលរំខានដល់អ្នក វាជារឿងគួរឱ្យណែនាំឱ្យធ្វើការណាត់ជួបជាមួយគ្រូពេទ្យជាបន្ទាន់។ ស្ថានភាពនេះត្រូវបានរកឃើញញឹកញាប់បំផុតតាមរយៈការធ្វើកោសល្យវិច័យសុដន់ ដើម្បីពិនិត្យលើភាពមិនប្រក្រតីដែលរកឃើញតាមរយៈការថតម៉ាម៉ូក្រាម ឬអេកូសុដន់។ ជួនកាល ស្ថានភាពនេះក៏ត្រូវបានរកឃើញផងដែរ ក្នុងអំឡុងពេលធ្វើកោសល្យវិច័យដើម្បីពិនិត្យបញ្ហាសុដន់ផ្សេងៗ ដូចជាការមានដុំសាច់ ឬមានទឹកហូរចេញពីចុងសុដន់។
មូលហេតុ
ការវិវត្តនៃបញ្ហាកោសិការក្នុងបំពង់ទឹកដោះលូតលាស់ខុសប្រក្រតី មិនទាន់ត្រូវបានយល់ច្បាស់ពេញលេញនៅឡើយទេ។ ស្ថានភាពនេះកើតឡើងនៅពេលដែលមានភាពមិនប្រក្រតីនៃចំនួន ទំហំ រូបរាង លំនាំនៃការលូតលាស់ និងរូបរាងខាងក្រៅនៃកោសិកាសុដន់។ ប្រភេទជាក់លាក់នៃស្ថានភាពនេះ ត្រូវបានកំណត់ទៅតាមរូបរាងនៃកោសិកាមិនធម្មតាទាំងនោះ ដែលអាចបង្ហាញជាការលូតលាស់មិនធម្មតានៅក្នុងបំពង់ទឹកដោះ ឬការលូតលាស់មិនធម្មតានៅក្នុងថង់ទឹកដោះ។
បញ្ហាកោសិការក្នុងបំពង់ទឹកដោះលូតលាស់ខុសប្រក្រតី ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃដំណើរផ្លាស់ប្តូរកោសិកាដ៏ស្មុគស្មាញ ដែលអាចឈានទៅរកការកើតជំងឺមហារីកសុដន់។ ការវិវត្តទៅជាមហារីកសុដន់ជាទូទៅរួមមានដំណាក់កាលដូចខាងក្រោម៖
- ការកើនឡើងកោសិកា៖ ការរំខានដល់ការវិវត្ត និងការលូតលាស់នៃកោសិកាធម្មតា បណ្តាលឱ្យមានការផលិតកោសិកាដែលមានរូបរាងធម្មតាច្រើនលើសលប់។
- ការលូតលាស់កោសិកាមិនធម្មតា៖ កោសិកាលើសកម្រិតចាប់ផ្តើមប្រមូលផ្តុំគ្នា និងបង្ហាញនូវលក្ខណៈមិនប្រក្រតី។
- មហារីកមិនទាន់រីករាលដាល៖ កោសិកាមិនធម្មតាបន្តវិវត្តរូបរាង និងបំបែកខ្លួនកាន់តែច្រើន រហូតក្លាយជាមហារីកដំណាក់កាលដំបូង។ ក្នុងដំណាក់កាលនេះ កោសិកាមហារីកស្ថិតនៅត្រឹមតែក្នុងបំពង់ទឹកដោះប៉ុណ្ណោះ។
- មហារីករីករាលដាល៖ កោសិកាមិនធម្មតាបន្តប្រមូលផ្តុំក្នុងបំពង់ទឹកដោះ បន្តបំបែកខ្លួន និងប្រែសំបកទៅជាកោសិកាមហារីក។ មហារីករីករាលដាលត្រូវបានសម្គាល់ដោយការរុករានចូលទៅក្នុងជាលិកាជុំវិញ សរសៃឈាម ឬប្រព័ន្ធទឹករងៃ។
ការធ្វើរោគវិនិច្ឆ័យ
បញ្ហាកោសិការក្នុងបំពង់ទឹកដោះលូតលាស់ខុសប្រក្រតី ជាធម្មតាត្រូវបានរកឃើញបន្ទាប់ពីការធ្វើកោសល្យវិច័យ ដើម្បីវាយតម្លៃតំបន់ដែលគួរឱ្យសង្ស័យដែលរកឃើញក្នុងអំឡុងពេលពិនិត្យសុដន់ ឬតាមរយៈការថតរូបភាពវេជ្ជសាស្ត្រដូចជា ម៉ាម៉ូក្រាម ឬអេកូសុដន់។ ក្នុងករណីធ្វើរោគវិនិច្ឆ័យឃើញស្ថានភាពនេះ គ្រូពេទ្យអាចណែនាំឱ្យធ្វើការវះកាត់ដើម្បីយកគំរូជាលិកាកាន់តែធំមកពិនិត្យរកមើលមហារីកដោះ។ នេះអាចរួមបញ្ចូលការធ្វើកោសល្យវិច័យតាមរយៈការវះកាត់ ក្នុងគោលបំណងយកជាលិកាដែលរងផលប៉ះពាល់ចេញទាំងអស់។ បន្ទាប់មក គ្រូពេទ្យជំនាញផ្នែករោគវិទ្យានឹងពិនិត្យសំណាកនោះ ដើម្បីកំណត់ថាតើមានវត្តមានមហារីកដំណាក់កាលដំបូង ឬមហារីករីករាលដាលដែរឬទេ។
ការព្យាបាល
- ការអន្តរាគមន៍ដោយវះកាត់៖ ការព្យាបាលជាទូទៅរួមមានការវះកាត់យកកោសិកាមិនធម្មតាចេញ ដើម្បីធានាថាគ្មានមហារីកនៅក្នុងតំបន់នោះ។ គ្រូពេទ្យច្រើនតែណែនាំឱ្យបង្កើនការពិនិត្យតាមដានមហារីកសុដន់ឱ្យបានម៉ត់ចត់ និងអាចចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកដោះ។
- ការធ្វើតេស្តតាមដាន៖ គ្រូពេទ្យអាចណែនាំជម្រើសពិនិត្យផ្សេងៗសម្រាប់ការរកឃើញមហារីកសុដន់តាំងពីដំណាក់កាលដំបូង៖
- ការពិនិត្យសុដន់ដោយខ្លួនឯងឱ្យបានទៀងទាត់
- ការពិនិត្យសុដន់ដោយគ្រូពេទ្យជំនាញជារៀងរាល់ឆ្នាំ
- ការថតម៉ាម៉ូក្រាមជារៀងរាល់ឆ្នាំ
- ការធ្វើតេស្តបន្ថែមដូចជា ការថត MRI សុដន់ ឬការថតរូបភាពម៉ូលេគុលសុដន់ ផ្អែកលើកត្តាហានិភ័យបុគ្គល
- វិធានការកាត់បន្ថយហានិភ័យ៖ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ សូមពិចារណាពីអនុសាសន៍ខាងក្រោមពីគ្រូពេទ្យរបស់អ្នក៖
- ការប្រើប្រាស់ថ្នាំបង្ការ៖ ថ្នាំដែលជួយរារាំងឥទ្ធិពលនៃអ័រម៉ូនអេស្ត្រូសែនលើជាលិកាសុដន់ (ដូចជា tamoxifen ឬ raloxifene) អាចនឹងត្រូវចេញវេជ្ជបញ្ជាឱ្យប្រើក្នុងរយៈពេលប្រាំឆ្នាំ។
- ជៀសវាងការព្យាបាលដោយអ័រម៉ូនពេលអស់រដូវ៖ ជាពិសេសគឺការប្រើអេស្ត្រូសែនរួមជាមួយប្រូសេស្តេរ៉ូន។
- ការចូលរួមក្នុងកម្មវិធីសាកល្បងវេជ្ជសាស្ត្រ៖ ដើម្បីសាកល្បងការព្យាបាលថ្មីៗក្នុងការកាត់បន្ថយហានិភ័យមហារីកសុដន់។
- ការពិចារណាលើការវះកាត់សុដន់ចេញ៖ សម្រាប់បុគ្គលដែលមានហានិភ័យខ្ពស់បំផុត ការវះកាត់យកសុដន់ម្ខាង ឬទាំងសងខាងចេញ អាចនឹងត្រូវបានពិភាក្សាជាជម្រើសមួយ។ ការសម្រេចចិត្តនេះអាចផ្អែកលើការផ្លាស់ប្តូរហ្សែន ឬប្រវត្តិគ្រួសារដែលមានអ្នកកើតជំងឺនេះច្រើន។
- ការប្រឹក្សាយោបល់ផ្នែកហ្សែន៖ ប្រសិនបើមានប្រវត្តិគ្រួសារកើតមហារីកសុដន់ច្រើន ការជួបជាមួយអ្នកជំនាញផ្នែកការប្រឹក្សាយោបល់ផ្នែកហ្សែន អាចជួយវាយតម្លៃហានិភ័យនៃការចម្លងហ្សែនមហារីក និងតួនាទីនៃការធ្វើតេស្តសេការប្រឹក្សាយោបល់ផ្នែកហ្សែន។
- ជម្រើសរបៀបរស់នៅដែលមានសុខភាពល្អ៖
- ហាត់ប្រាណឱ្យបានទៀងទាត់ (ស្ទើរតែរាល់ថ្ងៃក្នុងមួយសប្តាហ៍)
- រក្សាទម្ងន់ឱ្យមានសុខភាពល្អ
- ជៀសវាងការជក់បារី
- កម្រិត ឬកាត់បន្ថយការទទួលទានគ្រឿងស្រវឹង
