ទិដ្ឋភាពទូទៅ

ជំងឺស្លេកស្លាំង (Anemia) កើតឡើងនៅពេលដែលរាងកាយមិនមានកោសិកាគ្រាប់ឈាមក្រហមដែលមានសុខភាពល្អគ្រប់គ្រាន់។ កោសិកាគ្រាប់ឈាមក្រហមមានតួនាទីដឹកជញ្ជូនអុកស៊ីសែនទៅកាន់លិកានានា ដែលផ្តល់ថាមពលដល់រាងកាយដើម្បីដំណើរការ។ ជំងឺស្លេកស្លាំង ឬហៅម្យ៉ាងទៀតថា កម្រិតអេម៉ូក្លូប៊ីនទាប អាចបណ្តាលឱ្យមានអារម្មណ៍អស់កម្លាំង និងខ្សោយ។ ប្រសិនបើមិនបានព្យាបាលទេ វាអាចបង្កគ្រោះថ្នាក់ដល់ជីវិត

ជំងឺស្លេកស្លាំង គឺជាជំងឺដែលជួបប្រទះញឹកញាប់បំផុត ដោយប៉ះពាល់ដល់មនុស្សប្រហែលមួយភាគបីនៃចំនួនប្រជាជនសរុបនៅលើពិភពលោក។ វាអាចកើតឡើងចាប់ពីកម្រិតស្រាលទៅធ្ងន់ធ្ងរ ហើយអាចជាជំងឺស្រួចស្រាវ ឬរ៉ាំរ៉ៃ។ ជាទូទៅ វាបណ្តាលមកពីកត្តារួមផ្សំជាច្រើន។ មានជំងឺស្លេកខ្លាំងខុសៗគ្នា ដែលប្រភេទនីមួយៗបណ្តាលឱ្យចំនួនគ្រាប់ឈាមក្រហមថយចុះ៖

  • ជំងឺស្លេកស្លាំងដោយសារខ្វះគ្រាប់ឈាមគ្រប់ប្រភេទ៖ កើតឡើងដោយសារសមត្ថភាពនៃកោសិកាដើមក្នុងខួរឆ្អឹង មិនអាចផលិតគ្រាប់ឈាមបានគ្រប់គ្រាន់ ដែលធ្វើឱ្យរាងកាយងាយនឹងមានការហូរឈាមដោយឥតគ្រោងទុក និងការឆ្លងមេរោគ។ វាគឺជាទម្រង់មួយនៃការខ្សោយខួរឆ្អឹង
  • ជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក៖ ជាប្រភេទជំងឺស្លេកខ្លាំងដែលជួបប្រទះញឹកញាប់បំផុត ដែលកើតឡើងនៅពេលរាងកាយមិនមានជាតិដែកគ្រប់គ្រាន់ដើម្បីផលិតអេម៉ូក្លូប៊ីន
  • ជំងឺស្លេកស្លាំងប្រភេទ Sickle cell៖ នេះគឺជាជំងឺឈាមតាមតំណពូជ ដែលបណ្តាលមកពីការប្រែប្រួលហ្សែនអេម៉ូក្លូប៊ីនខុសប្រក្រតី ប៉ះពាល់ដល់គ្រាប់ឈាមក្រហមក្នុងរាងកាយ។ គ្រាប់ឈាមក្រហមមានរាងដូចកណ្តៀវ ឬរាងព្រះខែចំហៀង។ ភាពរឹង និងស្អិតនៃកោសិកាកណ្តៀវទាំងនេះ អាចពន្យារ ឬរារាំងលំហូរឈាម
  • ជំងឺតាឡាសេមី (Thalassemia)៖ នេះគឺជាជំងឺឈាមតំណពូជដែលកើតឡើងនៅពេលរាងកាយផលិតអេម៉ូក្លូប៊ីនមិនបានគ្រប់គ្រាន់ ដែលជាប្រូតេអ៊ីនសំខាន់នៃកោសិកាគ្រាប់ឈាមក្រហម
  • ជំងឺស្លេកស្លាំងដោយសារខ្វះវីតាមីន៖ កំណត់ដោយការខ្វះខាតកោសិកាគ្រាប់ឈាមក្រហមដែលមានសុខភាពល្អ បណ្តាលមកពីកម្រិតវីតាមីន B-12 និងហ្វូឡាតទាប។ បើគ្មានសារធាតុចិញ្ចឹមទាំងនេះទេ រាងកាយនឹងបង្កើតគ្រាប់ឈាមក្រហមដែលមានទំហំធំពេក និងមិនដំណើរការត្រឹមត្រូវ

មូលហេតុនៃជំងឺស្លេកស្លាំងនឹងកំណត់ពីការព្យាបាលដែលសមស្រប។ គ្រូពេទ្យអាចណែនាំឱ្យផ្លាស់ប្តូររបបអាហារ លេបថ្នាំបំប៉ន ឬថ្នាំពេទ្យ ឬការបញ្ចូលឈាម។ ជំងឺស្លេកស្លាំងដោយសារកង្វះអាហារូបត្ថម្ភ អាចបង្ការបានដោយការបរិភោគរបបអាហារដែលមានសុខភាពល្អ

រោគសញ្ញា

ករណីជំងឺស្លេកស្លាំងកម្រិតស្រាល អាចនឹងមិនមានសញ្ញា ឬរោគសញ្ញាអ្វីឡើយ។ អាស្រ័យលើប្រភេទ មូលហេតុ និងកម្រិតធ្ងន់ធ្ងរនៃជំងឺ រោគសញ្ញាអាចរួមមាន៖

  • ពិបាកដកដង្ហើម ឬហត់ ទោះបីជាធ្វើសកម្មភាពបន្តិចបន្តួចក៏ដោយ
  • ចង្វាក់បេះដូងមិនទៀងទាត់ លោតញាប់ ឬខុសធម្មតា
  • មិនស្រណុកក្នុងទ្រូង (ឈឺទ្រូង)
  • អស់កម្លាំង
  • ខ្សោយ
  • ស្បែកស្លេក ឬឡើងលឿង
  • មានអារម្មណ៍វិលមុខ ឬស្រាលក្បាល
  • ឮសូរសំឡេង “ឌុកៗ” ក្នុងត្រចៀក
  • ត្រជាក់ដៃ និងជើង
  • ឈឺក្បាល

ចូរធ្វើការណាត់ជួបជាមួយគ្រូពេទ្យ ប្រសិនបើសញ្ញា និងរោគសញ្ញាណាមួយនៅតែបន្តកើតមាន។ ដោយសាររោគសញ្ញានៃជំងឺស្លេកស្លាំងមានលក្ខណៈស្រដៀងនឹងជំងឺផ្សេងទៀត វាអាចពាក់ព័ន្ធនឹងស្ថានភាពជំងឺមូលដ្ឋានផ្សេងៗ

ក្នុងករណីខ្លះ ជំងឺស្លេកស្លាំង ត្រូវបានរកឃើញតែនៅពេលព្យាយាមបរិច្ចាគឈាមប៉ុណ្ណោះ។ បុគ្គលនោះអាចត្រូវបានគេប្រាប់ថា មិនអាចបរិច្ចាគឈាមបានទេ ដោយសារកម្រិតអេម៉ូក្លូប៊ីនមិនគ្រប់គ្រាន់។ វាត្រូវបានណែនាំឱ្យពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើរឿងនេះកើតឡើង

មូលហេតុ

ជំងឺស្លេកស្លាំងមានច្រើនប្រភេទ ដែលខ្លះជាជំងឺពីកំណើត (Congenital) និងខ្លះទៀតកើតឡើងនៅពេលក្រោយ (Acquired)។ មូលហេតុដែលជួបប្រទះញឹកញាប់បំផុតនៃជំងឺស្លេកស្លាំង គឺរបបអាហារមិនល្អដែលបណ្តាលឱ្យខ្វះជាតិដែក

ជំងឺស្លេកស្លាំងកើតឡើងនៅពេលដែលឈាមខ្វះកោសិកាគ្រាប់ឈាមក្រហមគ្រប់គ្រាន់ ដែលអាចបណ្តាលមកពី៖

  • រាងកាយផលិតកោសិកាគ្រាប់ឈាមក្រហមមិនបានគ្រប់គ្រាន់
  • រាងកាយបាត់បង់គ្រាប់ឈាមក្រហមលឿនជាងការផលិតមកជំនួសវិញ (ជាទូទៅកើតឡើងនៅពេលមានការហូរឈាម)
  • រាងកាយបំផ្លាញកោសិកាគ្រាប់ឈាមក្រហមខ្លួនឯង

មូលហេតុទូទៅនៃជំងឺស្លេកស្លាំង រួមមាន៖

  • ជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក៖ ខួរឆ្អឹងត្រូវការជាតិដែកដើម្បីផលិតអេម៉ូក្លូប៊ីន។ រាងកាយមិនអាចបង្កើតអេម៉ូក្លូប៊ីនគ្រប់គ្រាន់សម្រាប់គ្រាប់ឈាមក្រហមបានទេ ប្រសិនបើមិនបានបរិភោគជាតិដែកឱ្យបានគ្រប់គ្រាន់។ ជំងឺប្រភេទនេះច្រើនតែបណ្តាលមកពីការបាត់បង់ឈាមច្រើនពេកតាមរយៈការមករដូវខ្លាំង ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់មួយចំនួនជាប្រចាំ ដំបៅក្រពះ មហារីក ឬជំងឺផ្សេងៗដែលប៉ះពាល់ដល់ការស្រូបយកជាតិដែករបស់រាងកាយ
    ជំងឺស្លេកស្លាំងប្រភេទនេះក៏កើតមានលើស្ត្រីមានផ្ទៃពោះជាច្រើនដែលមិនបានប្រើថ្នាំបំប៉នជាតិដែក ដែលអាចបង្កើនហានិភ័យដូចជាការសម្រាលកូនមិនគ្រប់ខែ ឬកូនកើតមកមានទម្ងន់តិច។ វាគឺជាប្រភេទជំងឺស្លេកស្លាំងដែលរីករាលដាលបំផុត
  • ជំងឺស្លេកស្លាំងដោយសារខ្វះវីតាមីន៖ ជំងឺស្លេកស្លាំងប្រភេទ Megaloblastic គឺជាស្ថានភាពឈាមដែលខួរឆ្អឹងផលិតគ្រាប់ឈាមក្រហមមានទំហំធំខុសធម្មតា។ វាកើតឡើងនៅពេលនរណាម្នាក់ទទួលបានវីតាមីន B12 និង/ឬ វីតាមីន B9 (ហ្វូឡាត) មិនគ្រប់គ្រាន់។ មូលហេតុមួយនៃកង្វះវីតាមីន B12 គឺ Pernicious anemia ដែលជាជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯងដែលរារាំងរាងកាយមិនឱ្យស្រូបយកវីតាមីន B12
  • ជំងឺស្លេកខ្លាំងដោយសារការរលាក (Anemia of inflammation)៖ ការផលិតគ្រាប់ឈាមក្រហមអាចមានភាពយឺតយ៉ាវដោយសារលក្ខខណ្ឌជំងឺជាច្រើន រួមមាន មហារីក, មេរោគអេដស៍ (HIV/AIDS), រលាកសន្លាក់ (Rheumatoid arthritis), ជំងឺតម្រងនោម, ជំងឺ Crohn និងជំងឺរលាកស្រួចស្រាវ ឬរ៉ាំរ៉ៃដទៃទៀត
  • ជំងឺស្លេកស្លាំងដោយសារខ្វះគ្រាប់ឈាមគ្រប់ប្រភេទ៖ ការឆ្លងមេរោគ ការប្រើប្រាស់ថ្នាំមួយចំនួន ជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង និងការប៉ះពាល់នឹងសារធាតុគីមីពុល សុទ្ធតែជាមូលហេតុបង្កនៃជំងឺប្រភេទនេះ។ នេះគឺជាស្ថានភាពកម្រ និងធ្ងន់ធ្ងរដែលខួរឆ្អឹងមិនអាចផលិតគ្រាប់ឈាមបានគ្រប់គ្រាន់
  • ជំងឺស្លេកស្លាំងពាក់ព័ន្ធនឹងជំងឺខួរឆ្អឹង៖ ជំងឺជាច្រើនដែលជះឥទ្ធិពលដល់ការផលិតឈាមក្នុងខួរឆ្អឹង ដូចជាមហារីកគ្រាប់ឈាម (Leukemia) និងជំងឺ Myelofibrosis អាចបណ្តាលឱ្យមានជំងឺស្លេកខ្លាំងពីកម្រិតស្រាលទៅធ្ងន់ធ្ងរ។
  • ជំងឺស្លេកស្លាំងដោយសារការបែកគ្រាប់ឈាម៖ នេះគឺជាស្ថានភាពឈាមដែលកោសិកាគ្រាប់ឈាមក្រហមបែក ឬងាប់លឿនជាងការដែលរាងកាយផលិតមកជំនួស។ វាអាចបណ្តាលមកពីជំងឺតំណពូជ ការឆ្លងមេរោគ និងថ្នាំមួយចំនួន
  • ជំងឺស្លេកខ្លាំងប្រភេទ Sickle cell៖ បណ្តាលមកពីការប្រែប្រួលហ្សែនអេម៉ូក្លូប៊ីន ដែលធ្វើឱ្យគ្រាប់ឈាមក្រហមប្រែរូបរាងពីមូល និងទន់ ទៅជាមានសភាពរឹង និងមានរាងដូចកណ្តៀវ ឬព្រះខែចំហៀង។ នេះបណ្តាលឱ្យមានការស្ទះសរសៃឈាម និងលំហូរឈាម។ កោសិការាងកណ្តៀវទាំងនេះមានអាយុកាលខ្លីជាងគ្រាប់ឈាមក្រហមធម្មតា

កត្តាហានិភ័យ

កត្តាជាច្រើនអាចជះឥទ្ធិពលដល់ហានិភ័យនៃការកើតជំងឺស្លេកស្លាំង រួមមាន៖

  • អាយុ៖ បុគ្គលដែលមានអាយុលើសពី ៦៥ ឆ្នាំ មានឱកាសខ្ពស់ក្នុងការមានរបបអាហារខ្វះជាតិដែក និងមានស្ថានភាពជំងឺរ៉ាំរ៉ៃមួយចំនួនដែលបង្កើនហានិភ័យនៃជំងឺស្លេកស្លាំង
  • ប្រវត្តិគ្រួសារ៖ ការមានសមាជិកគ្រួសារដែលមានជំងឺឈាមតាមតំណពូជ ធ្វើឱ្យបុគ្គលនោះកាន់តែងាយនឹងកើតជំងឺស្លេកស្លាំង
  • របបអាហារខ្វះសារធាតុចិញ្ចឹម៖ ការបរិភោគអាហារដែលមានជាតិដែក វីតាមីន B-12 ហ្វូឡាត (Folate) និងជាតិទង់ដែងទាប អាចបណ្តាលឱ្យកើតជំងឺស្លេកស្លាំង
  • បញ្ហាពោះវៀន៖ ជំងឺស្លេកខ្លាំងអាចកើតឡើងដោយសារជំងឺពោះវៀនដែលរារាំងការស្រូបយកសារធាតុចិញ្ចឹមនៅក្នុងពោះវៀនតូច ដូចជាជំងឺ Crohn ឬជំងឺ Celiac ជាដើម
  • ការមករដូវ៖ ការមករដូវខ្លាំងពេកអាចបណ្តាលឱ្យបាត់បង់ឈាមច្រើន។ ស្ត្រីដែលមិនទាន់អស់រដូវ មានឱកាសកើតជំងឺស្លេកស្លាំង ដោយសារខ្វះជាតិដែកខ្ពស់ជាងបុរស និងស្ត្រីដែលអស់រដូវហើយ
  • ការមានផ្ទៃពោះ៖ ស្ត្រីអាចវិវត្តទៅជាជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែកអំឡុងពេលមានផ្ទៃពោះ ជាពិសេសប្រសិនបើមិនបានប្រើប្រាស់ថ្នាំបំប៉នវីតាមីនដែលមានអាស៊ីតហ្វូលិក និងជាតិដែក
  • ស្ថានភាពជំងឺរ៉ាំរ៉ៃ៖ ការបាត់បង់ឈាមរយៈពេលយូរពីដំបៅក្រពះ ឬប្រភពហូរឈាមក្នុងរាងកាយផ្សេងទៀត អាចធ្វើឱ្យជាតិដែកដែលផ្ទុកក្នុងរាងកាយថយចុះ។ ជំងឺមួយចំនួនក៏អាចបណ្តាលឱ្យខ្វះគ្រាប់ឈាមក្រហមផងដែរ ដូចជា មហារីក ជំងឺខ្សោយតម្រងនោម ជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង ឬជំងឺរ៉ាំរ៉ៃផ្សេងៗទៀត
  • កត្តាផ្សេងៗ៖ ការញៀនស្រា ការប៉ះពាល់នឹងសារធាតុគីមីដែលមានគ្រោះថ្នាក់ និងការប្រើប្រាស់ថ្នាំមួយចំនួន សុទ្ធតែអាចកាត់បន្ថយការបង្កើតគ្រាប់ឈាមក្រហម។ ភាពងាយរងគ្រោះនឹងជំងឺស្លេកស្លាំងក៏កើនឡើងផងដែរ ប្រសិនបើមានប្រវត្តិធ្លាប់មានជំងឺឆ្លង ជំងឺឈាម ឬជំងឺប្រព័ន្ធភាពស៊ាំផ្សេងៗ

ការធ្វើរោគវិនិច្ឆ័យ

ការធ្វើរោគវិនិច្ឆ័យជំងឺស្លេកស្លាំង ជាធម្មតាចាប់ផ្តើមដោយការពិភាក្សាអំពីអាការៈជាមួយគ្រូពេទ្យ។ គ្រូពេទ្យអាចនឹងធ្វើការពិនិត្យរាងកាយ វាយតម្លៃប្រវត្តិគ្រួសារ និងប្រវត្តិវេជ្ជសាស្ត្រ។ ដើម្បីជួយដល់ការធ្វើរោគវិនិច្ឆ័យ តេស្តមួយចំនួនអាចនឹងត្រូវតម្រូវឱ្យធ្វើ៖

  • ការពិនិត្យឈាម (Complete Blood Count – CBC)៖ នេះគឺជាតេស្តឈាមដែលតម្រូវឱ្យគ្រូពេទ្យយកគំរូឈាមរបស់អ្នក រួចផ្ញើទៅកាន់មន្ទីរពិសោធន៍ដើម្បីវិភាគ។ CBC វិភាគ និងរាប់ចំនួនកោសិកាគ្រាប់ឈាមផ្សេងៗ
    ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺស្លេកស្លាំង គ្រូពេទ្យនឹងផ្តោតសំខាន់លើកម្រិតគ្រាប់ឈាមក្រហម និងអេម៉ូក្លូប៊ីនក្នុងឈាម។ កម្រិតអេម៉ូក្លូប៊ីនធម្មតាសម្រាប់បុរសមានចន្លោះពី 13.2 ដល់ 16.6 g/dL ចំណែកស្ត្រីមានចន្លោះពី 11.6 ដល់ 15 g/dL។ ចំពោះកម្រិតម៉ាសគ្រាប់ឈាមតម្លៃធម្មតាសម្រាប់បុរសពេញវ័យមានចន្លោះពី 38.3% ដល់ 48.6% ចំណែកស្ត្រីមានចន្លោះពី 35.5% ដល់ 44.9%
    កម្រិត CBC ធម្មតាអាចប្រែប្រួលបន្តិចបន្តួចអាស្រ័យលើកត្តាដូចជា ការជក់បារី និងការរស់នៅតំបន់ខ្ពង់រាប (អាចធ្វើឱ្យចំនួនកើនឡើង)។ ចំណែកអ្នកដែលហាត់ប្រាណខ្លាំងពេក អ្នកមានផ្ទៃពោះ ឬមនុស្សចាស់ អាចមានកម្រិតទាបជាងនេះ
  • ការពិនិត្យរូបរាងកោសិកាឈាម៖ តេស្តនេះបង្ហាញពីការពិនិត្យរូបរាងកោសិកាគ្រាប់ឈាមក្រហម និងប្លាកែតនៅក្រោមមីក្រូទស្សន៍។ វាបង្ហាញពីការផ្លាស់ប្តូរទំហំ និងទម្រង់នៃកោសិកា ដែលអាចបញ្ជាក់ពីជំងឺឈាម ឬដុំសាច់មហារីក។ វាក៏អាចកំណត់ពីបំរែបំរួលនៃចំនួនកោសិកាឈាមផងដែរ។ ការផ្លាស់ប្តូរចំនួនគ្រាប់ឈាម និងប្លាកែត អាចជារោគសញ្ញាបង្ហាញថាមានបញ្ហាមិនប្រក្រតីនៅក្នុងខួរឆ្អឹង ដែលជាកន្លែងផលិតគ្រាប់ឈាម

ជួនកាល ជំងឺស្លេកស្លាំង អាចត្រូវបានធ្វើរោគវិនិច្ឆ័យតាមរយៈការសិក្សាលើគំរូនៃខួរឆ្អឹង។ គ្រូពេទ្យអាចនឹងតម្រូវឱ្យធ្វើតេស្តបន្ថែមផ្សេងទៀត ដើម្បីកំណត់រកមូលហេតុជាក់លាក់ដែលបង្កឱ្យមាននេះ

ការព្យាបាល

ជំងឺស្លេកស្លាំង អាចត្រូវបានព្យាបាលទៅតាមមូលហេតុបង្កមូលដ្ឋានរបស់វា។ ការព្យាបាលទូទៅរួមមាន ការផ្លាស់ប្តូររបៀបរស់នៅ ការប្រើប្រាស់ថ្នាំ ការចាក់បញ្ចូលឈាម និងការវះកាត់

  • ជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក៖ ការប្រើប្រាស់ថ្នាំបំប៉នជាតិដែកតាមការណែនាំរបស់គ្រូពេទ្យ (លេប ឬចាក់តាមសរសៃវ៉ែន) គឺជាការព្យាបាលទូទៅ។ ប្រសិនបើកង្វះជាតិដែកបណ្តាលមកពីការបាត់បង់ឈាមក្រៅពីការមករដូវ នោះគេត្រូវស្វែងរកប្រភពនៃការហូរឈាម និងបញ្ឈប់វា។ ករណីភាគច្រើនតម្រូវឱ្យមានការផ្លាស់ប្តូររបបអាហារ
  • ជំងឺស្លេកស្លាំងដោយសារខ្វះវីតាមីន៖ ថ្នាំបំប៉នត្រូវបានប្រើដើម្បីព្យាបាលកង្វះអាស៊ីតហ្វូលិក និងវីតាមីន C។ គ្រូពេទ្យអាចតម្រូវឱ្យបរិភោគអាហារដែលសម្បូរសារធាតុទាំងនេះ។ ប្រសិនបើប្រព័ន្ធរំលាយអាហារមិនអាចស្រូបយកវីតាមីន B-12 ពីអាហារបានត្រឹមត្រូវ អ្នកជំងឺអាចនឹងត្រូវចាក់វីតាមីន B-12 រៀងរាល់ពីរថ្ងៃម្តង ឬម្តងក្នុងមួយខែ (ឬមួយជីវិត) អាស្រ័យលើស្ថានភាព
  • ជំងឺស្លេកស្លាំងដោយសារជំងឺរ៉ាំរ៉ៃ៖ ក្នុងករណីធ្ងន់ធ្ងរ អាចនឹងត្រូវការការចាក់បញ្ចូលឈាម ឬចាក់ថ្នាំ Erythropoietin (អ័រម៉ូនសិប្បនិម្មិតដែលផលិតដោយតម្រងនោម) ដើម្បីជួយជំរុញការបង្កើតគ្រាប់ឈាមក្រហម។ ជាទូទៅ គ្រូពេទ្យផ្តោតលើការព្យាបាលជំងឺមូលដ្ឋានដែលបង្កឱ្យមានការស្លេកស្លាំងនោះ
  • ជំងឺស្លេកស្លាំងដោយសារខ្វះគ្រាប់ឈាមគ្រប់ប្រភេទ៖ ការប្តូរខួរឆ្អឹង និងការចាក់បញ្ចូលឈាមគឺជាការព្យាបាលទូទៅ។ ការបញ្ចូលឈាមជួយជំនួសគ្រាប់ឈាមក្រហម និងប្លាកែតដែលទាបពេក។ ចំណែកការប្តូរខួរឆ្អឹង គឺជាការបញ្ចូលកោសិកាដើមដែលមានសុខភាពល្អដើម្បីជំនួសខួរឆ្អឹងដែលខូច ដែលជួយឱ្យរាងកាយផលិតគ្រាប់ឈាមថ្មីបាន
  • ជំងឺស្លេកស្លាំងពាក់ព័ន្ធនឹងជំងឺខួរឆ្អឹង៖ អាចព្យាបាលបានតាមរយៈការប្រើប្រាស់ថ្នាំ ការព្យាបាលដោយគីមី ឬការប្តូរកោសិកាដើម
    ជំងឺស្លេកស្លាំងដោយសារការបែកគ្រាប់ឈាម៖ រួមមានការបញ្ឈប់ការប្រើប្រាស់ថ្នាំដែលបង្កបញ្ហា ការព្យាបាលការឆ្លងមេរោគ និងការប្រើថ្នាំទប់ស្កាត់ប្រព័ន្ធភាពស៊ាំ (ក្នុងករណីប្រព័ន្ធភាពស៊ាំវាយប្រហារគ្រាប់ឈាមក្រហម)
  • ជំងឺស្លេកស្លាំងប្រភេទ Sickle cell៖ ថ្នាំមហារីកម្យ៉ាងឈ្មោះ Hydroxyurea ត្រូវបានប្រើដើម្បីព្យាបាល។ គ្រូពេទ្យក៏អាចណែនាំឱ្យចាក់បញ្ចូលឈាម ប្រើថ្នាំបំប៉នអាស៊ីតហ្វូលិក និងថ្នាំផ្សះ។ ការព្យាបាលផ្សេងទៀតរួមមាន ការផ្តល់អុកស៊ីសែន ការបញ្ចូលជាតិទឹក និងថ្នាំបំបាត់ការឈឺចាប់
  • ជំងឺតាឡាសេមី (Thalassemia)៖ ករណីធ្ងន់ធ្ងរតម្រូវឱ្យមានការចាក់បញ្ចូលឈាម ការប្រើថ្នាំបំប៉នអាស៊ីតហ្វូលិក ការប្តូរកោសិកាដើមខួរឆ្អឹង ឬការវះកាត់កាត់ផាល។ ប្រសិនបើមានរោគសញ្ញាកម្រិតស្រាលអាចនឹងមិនត្រូវការការព្យាបាលឡើយ

Doctors who treat this condition