ទិដ្ឋភាពទូទៅ

ការដាច់សរសៃឈាមអាអក កើតឡើងនៅពេលដែលស្រទាប់ខាងក្នុង និង/ឬស្រទាប់កណ្តាលនៃសរសៃឈាមអាអកត្រូវបានរហែក ឬដាច់ដែលបណ្តាលឱ្យឈាមហូរចូលទៅក្នុងចន្លោះនោះ។ ទោះបីជាជំងឺនេះកម្រកើតមានក៏ដោយ ប៉ុន្តែវាអាចបណ្តាលឱ្យស្លាប់បាន ជាពិសេសក្នុងករណីមានការលេចធ្លាយឈាមចេញពីសរសៃឈាមធំ។ អត្រាមរណៈនៃជំងឺបេះដូងនេះអាចកាត់បន្ថយបានតាមរយៈការរកឃើញឱ្យបានឆាប់ និងការព្យាបាលត្រឹមត្រូវ ប៉ុន្តែការធ្វើរោគវិនិច្ឆ័យនៅដំណាក់កាលដំបូងមានការពិបាក ដោយសាររោគសញ្ញារបស់វាស្រដៀងទៅនឹងជំងឺដទៃទៀត។ ការដាច់សរសៃឈាមអាអកច្រើនតែជួបប្រទះលើបុរសដែលមានអាយុចន្លោះពី ៦០ ទៅ ៧០ ឆ្នាំ។ ជម្រើសនៃការព្យាបាលជាទូទៅរួមមាន ការប្រើប្រាស់ថ្នាំ និងការវះកាត់

រោគសញ្ញា

ការដាច់សរសៃឈាមអាអកច្រើនតែបង្កឱ្យមានរោគសញ្ញាស្រដៀងទៅនឹងការគាំងបេះដូងដែរ។ រោគសញ្ញាអាចមានដូចជា៖

  • ឈឺទ្រូង ឬខ្នងផ្នែកខាងលើខ្លាំងភ្លាមៗ និងរាលដាលដល់ក ឬខ្នង អមដោយអារម្មណ៍ដូចជាមានអ្វីម្យ៉ាងកំពុងរហែកខ្លាំង
  • ឈឺពោះខ្លាំងភ្លាមៗ
  • សន្លប់ ឬបាត់បង់ស្មារតី
  • ដកដង្ហើមហត់ខ្លាំង
  • ស្ថានភាពដូចជាដាច់សរសៃឈាមខួរក្បាលដូចជា ស្រវាំងភ្នែកភ្លាមៗ ពិបាកនិយាយ និងទន់កម្លាំង ឬមិនអាចធ្វើចលនាបានមួយចំហៀងខ្លួន
  • កម្រិតជីពចរខុសគ្នារវាងដៃទាំងសងខាង ឬភ្លៅទាំងសងខាង
  • ឈឺចាប់នៅជើង
  • ដើរមិននឹងនរ

ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោម សូមស្វែងរកការសង្គ្រោះបន្ទាន់ភ្លាមៗ៖

  • ឈឺទ្រូងខ្លាំង ឬភ្លាមៗ
  • ពិបាកដកដង្ហើម
  • បាត់បង់ស្មារតី
  • បេះដូងលោតញាប់ខ្លាំង
  • អស់កម្លាំង ល្ហិតល្ហៃខ្លាំង

មូលហេតុ

នៅពេលដែលជញ្ជាំងសរសៃឈាមអាអកចុះខ្សោយ ការដាច់រហែកអាចកើតមានឡើង។ ការដាច់សរសៃឈាមអាអកត្រូវបានបែងចែកជាពីរប្រភេទ អាស្រ័យលើតំបន់ដែលរងផលប៉ះពាល់៖

  • ការដាច់សរសៃឈាមអាអក ប្រភេទ A: ជាស្ថានភាពគ្រោះថ្នាក់ដល់ជីវិតខ្លាំងបំផុត។ វាប៉ះពាល់ដល់ផ្នែកនៃសរសៃឈាមអាអកដែលចេញពីបេះដូង។ វាក៏អាចកើតឡើងនៅផ្នែកខាងលើនៃសរសៃឈាមអាអក និងអាចរាលដាលដល់តំបន់ពោះ
  • ការដាច់សរសៃឈាមអាអក ប្រភេទ B: ប្រភេទនេះមិនសូវជួបប្រទះញឹកញាប់ដូចប្រភេទ A ទេ ដែលតំបន់រងផលប៉ះពាល់ស្ថិតនៅក្នុងសរសៃឈាមអាអកផ្នែកខាងក្រោម។ របួសនេះក៏អាចរាលដាលដល់តំបន់ពោះផងដែរ

កត្តាហានិភ័យ

អ្នកអាចប្រឈមនឹងហានិភ័យ ប្រសិនបើអ្នកមានកត្តាដូចខាងក្រោម៖

  • លើសឈាម: ការមានសម្ពាធឈាមខ្ពស់ក្នុងរយៈពេលយូរ
  • ជំងឺសរសៃឈាមរឹង: កើតឡើងដោយសារសរសៃឈាមអាកទែរួមតូច
  • ជំងឺរីកប៉ោងសរសៃឈាមអាអក: បណ្តាលមកពីជញ្ជាំងសរសៃឈាមហើម និងចុះខ្សោយ
  • ភាពខុសធម្មតានៃវ៉ាល់បេះដូង: កើតឡើងនៅពេលមានភាពមិនប្រក្រតីនៃវ៉ាល់អាអក
  • ការរួមតូចនៃសរសៃឈាមអាអក: ជំងឺបេះដូងពីកំណើតដែលសរសៃឈាមអាអករួមតូច

កត្តាតំណពូជដែលបង្កើនហានិភ័យ៖

  • រោគសញ្ញា Turner: អាចបង្កឱ្យលើសសម្ពាធឈាម និងជំងឺបេះដូងដទៃទៀត
  • រោគសញ្ញា Marfan: បណ្តាលមកពីជាលិកាតភ្ជាប់ចុះខ្សោយ ច្រើនតែកើតលើអ្នកដែលមានប្រវត្តិគ្រួសារធ្លាប់រីកប៉ោង ឬដាច់សរសៃឈាមអាអក
  • រោគសញ្ញា Ehlers-Danlos និង Loeys-Dietz: ជំងឺទាក់ទងនឹងជាលិកាតភ្ជាប់ ដែលធ្វើឱ្យសរសៃឈាមចុះខ្សោយ និងវៀចវេរ

កត្តាផ្សេងៗទៀត៖

  • ភេទ និងអាយុ: កើតលើបុរសច្រើនជាងស្ត្រី និងអ្នកដែលមានអាយុលើសពី ៦០ ឆ្នាំ
  • ការប្រើប្រាស់គ្រឿងញៀន: ការប្រើប្រាស់កូកាអ៊ីនដែលបណ្តាលឱ្យលើសឈាមបណ្តោះអាសន្ន
  • ការមានផ្ទៃពោះ: ទោះបីជាកម្រ ប៉ុន្តែការមានផ្ទៃពោះអាចបង្កឱ្យស្ត្រីដែលគ្មានជំងឺសោះអាចកើតការដាច់សរសៃឈាមអាអក
  • ការលើកទម្ងន់ធ្ងន់ខ្លាំង: សកម្មភាពនេះបណ្តាលឱ្យសម្ពាធឈាមឡើងខ្ពស់ខ្លាំងភ្លាមៗ ដែលអាចបង្កឱ្យមានការដាច់រហែក

ការធ្វើរោគវិនិច្ឆ័យ

ដោយសាររោគសញ្ញារបស់វាស្រដៀងទៅនឹងបញ្ហាសុខភាពដទៃទៀត វាអាចមានការលំបាកក្នុងការរកឃើញការដាច់សរសៃឈាមអាអក។ ទោះជាយ៉ាងណាក៏ដោយ រោគសញ្ញាដូចខាងក្រោមនេះគឺជាសូចនាករដែលអាចសម្គាល់បាននៃជំងឺនេះ៖

  • ការឈឺទ្រូងដែលកើតឡើងភ្លាមៗ អមដោយអារម្មណ៍ដូចជាមានអ្វីម្យ៉ាងកំពុងរហែកខ្លាំង
  • កម្រិតសម្ពាធឈាមខុសគ្នារវាងដៃខាងស្តាំ និងដៃខាងឆ្វេង
  • ការរកឃើញការរីកធំនៃសរសៃឈាមអាអក តាមរយៈការថតកាំរស្មីអ៊ិចទ្រូង

ការដាច់សរសៃឈាមអាអកអាចត្រូវបានធ្វើរោគវិនិច្ឆ័យតាមវិធីសាស្ត្រជាច្រើន រួមមាន៖

  • ការថតអេកូបេះដូងតាមបំពង់អាហារ (TEE): ការថតអេកូនេះប្រើប្រាស់ក្បាលម៉ាស៊ីន Transducer បញ្ចូលតាមបំពង់អាហារទៅជិតបេះដូង ដើម្បីបង្កើតរូបភាពលម្អិត និងច្បាស់លាស់នៃសរសៃឈាមអាអក ខណៈពេលដែលវាបញ្ចេញចលនា ដោយប្រើរលកសំឡេង
  • ការថត CT Scan: ក្នុងនីតិវិធីនេះ ទ្រូងត្រូវបានស្កែនដោយកាំរស្មីអ៊ិច ដើម្បីឱ្យគ្រូពេទ្យមើលឃើញរូបភាពកាត់ទទឹងនៃរាងកាយ និងធ្វើរោគវិនិច្ឆ័យការដាច់សរសៃឈាមអាអក
  • ការថត MRA: តេស្តនេះបង្ហាញរូបភាពនៃសរសៃឈាមដោយប្រើដែនម៉ាញេទិក និងរលកវិទ្យុ

ការព្យាបាល

ការដាច់សរសៃឈាមអាអក គឺជាស្ថានភាពគ្រោះថ្នាក់ដល់ជីវិត ដែលទាមទារការព្យាបាលជាបន្ទាន់។ វាអាចត្រូវបានព្យាបាលដោយការវះកាត់ ឬការប្រើប្រាស់ថ្នាំ។ ជម្រើសដ៏ល្អបំផុតនឹងត្រូវបានជ្រើសរើសដោយក្រុមគ្រូពេទ្យ ផ្អែកលើផ្នែកណានៃសរសៃឈាមអាអកដែលរងផលប៉ះពាល់

 ការដាច់សរសៃឈាមអាអក ប្រភេទ A

អាចត្រូវបានព្យាបាលតាមវិធីដូចខាងក្រោម៖

  • ការវះកាត់: គោលបំណងគឺដើម្បីយកផ្នែកដែលរងផលប៉ះពាល់នៃសរសៃឈាមអាអកចេញឱ្យអស់តាមដែលអាចធ្វើទៅបាន និងជួសជុលការលេចធ្លាយឈាមក្នុងជញ្ជាំងសរសៃឈាមអាអកដោយប្រើបំពង់ពិសេស (Graft)។ បំពង់នេះក៏អាចប្រើដើម្បីជំនួសវ៉ាល់អាអកដែលខូចជាមួយនឹងវ៉ាល់ថ្មីក្នុងអំឡុងពេលវះកាត់ផងដែរ
  • ការប្រើប្រាស់ថ្នាំ: គ្រូពេទ្យអាចនឹងចេញវេជ្ជបញ្ជាថ្នាំដើម្បីធ្វើឱ្យសម្ពាធឈាមមានស្ថិរភាពមុនពេលវះកាត់ ឬដើម្បីពន្យឺតការវិវត្តនៃការដាច់សរសៃឈាមអាអក ដោយសារថ្នាំជួយកាត់បន្ថយចង្វាក់បេះដូង និងបង្ការការឡើងសម្ពាធឈាមខ្ពស់

 ការដាច់សរសៃឈាមអាអក ប្រភេទ B

អាចត្រូវបានព្យាបាលតាមវិធីដូចខាងក្រោម៖

  • ការវះកាត់: នីតិវិធីវះកាត់ដើម្បីព្យាបាលប្រភេទ A និង B គឺមានភាពស្រដៀងគ្នា។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ប្រភេទ B គ្រូពេទ្យក៏អាចប្រើបំពង់សំណាញ់ (Stent-graft) ដើម្បីជួសជុលសរសៃឈាមអាអកដែលខូចក្នុងស្ថានភាពដាច់រហែកដែលស្មុគស្មាញ
  • ការប្រើប្រាស់ថ្នាំ: ទាំងប្រភេទ A និង B អាចត្រូវបានព្យាបាលដោយថ្នាំដូចគ្នា។ ប៉ុន្តែសម្រាប់ប្រភេទ B ការវះកាត់អាចនឹងមិនចាំបាច់ក្នុងករណីខ្លះ
  • ការតាមដាន: សម្រាប់ប្រភេទទាំងពីរ គ្រូពេទ្យអាចតម្រូវឱ្យអ្នកគ្រប់គ្រងសម្ពាធឈាម ក៏ដូចជាការថត CT scan ឬ MRI ជាប្រចាំ ដើម្បីតាមដានស្ថានភាពរបស់អ្នក

Doctors who treat this condition