ទិដ្ឋភាពទូទៅ
ជំងឺរលាកសន្លាក់គឺជាស្ថានភាពដែលប៉ះពាល់ដល់សន្លាក់។ សន្លាក់គឺជាកន្លែងដែលឆ្អឹងតភ្ជាប់គ្នា និងមានចលនា។ ជំងឺនេះត្រូវបានសម្គាល់ដោយការហើម និងការឈឺចាប់ខ្លាំងនៅក្នុងសន្លាក់មួយ ឬច្រើន។ នៅពេលដែលសន្លាក់ទាំងនេះធ្វើចលនា វាអាចបង្កឱ្យមានការឈឺចាប់។
ជំងឺរលាកសន្លាក់គឺជាក្រុមកំហូចនៃសន្លាក់ដែលបង្កឱ្យមានការឈឺចាប់ រឹង និងហើម។ មានជំងឺរលាកសន្លាក់ជាង ១០០ ប្រភេទខុសៗគ្នា ដែលប្រភេទនីមួយៗមានរោគសញ្ញា មូលហេតុ និងការព្យាបាលរៀងៗខ្លួន។ ប្រភេទដែលជួបប្រទះញឹកញាប់បំផុតរួមមាន៖
- ជំងឺសឹកសន្លាក់: បង្កឡើងដោយការសឹក ឬខូចខាតឆ្អឹងខ្ចីដែលជាសារធាតុរឹង ហើយរអិលសម្រាប់ការពារចុងឆ្អឹងត្រង់កន្លែងតភ្ជាប់សន្លាក់។ វាធ្លាប់កើតឡើងដោយសារការប្រើប្រាស់ដដែលៗច្រើនពេក ហើយជាប្រភេទជំងឺរលាកសន្លាក់ដែលជួបប្រទះញឹកញាប់បំផុត
- ជំងឺរលាកសន្លាក់ឆ្អឹងកងខ្នង: ជាធម្មតាប៉ះពាល់ដល់ឆ្អឹងខ្នង ជាពិសេសផ្នែកចង្កេះ។ វាបង្កឱ្យមានការរលាកនៃសន្លាក់ Sacroiliac ដែលស្ថិតនៅចន្លោះផ្នែកខាងក្រោមនៃឆ្អឹងខ្នង និងឆ្អឹងត្រគាក
- ជំងឺរលាកសន្លាក់ចំពោះកុមារ: ជាធម្មតាប៉ះពាល់ដល់កុមារអាយុ ១៦ ឆ្នាំចុះក្រោម។ វាកើតឡើងនៅពេលដែលប្រព័ន្ធការពាររាងកាយវាយប្រហារជាលិកានៅជុំវិញសន្លាក់
- ជំងឺហ្គោដ: ស្ថានភាពវេជ្ជសាស្ត្រដែលបណ្តាលមកពីការកកកុញនៃគ្រីស្តាល់អាស៊ីតអ៊ុយរិក នៅក្នុងសន្លាក់ ធ្វើឱ្យសន្លាក់ឡើងរឹង និងឈឺចាប់ខ្លាំង
- ជំងឺរលាកសន្លាក់ Psoriasis: ជាជំងឺរលាកដែលបង្កឱ្យឈឺសន្លាក់ ហើម និងរឹងនៅពេលព្រឹក។ វាមានទំនាក់ទំនងជាមួយជំងឺសើស្បែក Psoriasi ឬប្រវត្តិគ្រួសារដែលមានជំងឺនេះ
- ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ: ជាស្ថានភាពដែលប្រព័ន្ធការពាររាងកាយវាយប្រហារសន្លាក់ ដោយចាប់ផ្តើមពីស្រទាប់សន្លាក់ ឬភ្នាសស៊ីណូវីយ៉ាល់
គោលដៅចម្បងនៃការព្យាបាលគឺដើម្បីកាត់បន្ថយការឈឺចាប់ និងការរឹងសន្លាក់ រក្សាមុខងារសន្លាក់ និងពង្រឹងលទ្ធភាពនៃចលនា។
រោគសញ្ញា
រោគសញ្ញានៃជំងឺរលាកសន្លាក់នីមួយៗមានភាពខុសគ្នា។ ពួកវាអាចមានចាប់ពីកម្រិតស្រាលទៅធ្ងន់ធ្ងរ។ ការឈឺសន្លាក់អាចកើតឡើងហើយបាត់ទៅវិញ ឬឈឺជាប់រហូត។ រោគសញ្ញាទូទៅរួមមាន៖
- ការឈឺចាប់
- ការឈឺខ្លាំងពេលប៉ះចំ
- ការរឹងសន្លាក់
- ការហើម
- ការឡើងក្រហម
- អារម្មណ៍ក្ដៅនៅសន្លាក់
- លទ្ធភាពនៃចលនាមានកម្រិត
មូលហេតុ
ប្រភេទផ្សេងគ្នានៃជំងឺរលាកសន្លាក់ គឺបង្កឡើងដោយលក្ខខណ្ឌសន្លាក់ខុសៗគ្នា។ ជាឧទាហរណ៍ ជំងឺហ្គោដបង្កឡើងដោយសារលើសអាស៊ីតអ៊ុយរិកក្នុងរាងកាយ។ ទោះជាយ៉ាងណា មូលហេតុពិតប្រាកដនៃប្រភេទខ្លះនៅមិនទាន់ច្បាស់លាស់នៅឡើយទេ។
- ជំងឺសឹកសន្លាក់: បង្កឡើងដោយការសឹកនៃឆ្អឹងខ្ចីនៅចុងឆ្អឹង។ ការសឹកនេះអាចកើតឡើងតាមពេលវេលា ឬដោយសាររបួសសន្លាក់ និងការបង្ករោគ។ ការរលាក និងការខូចខាតនាំឱ្យមានការប្រែប្រួលនៃឆ្អឹង ការសឹកនៃសរសៃពួរ និងសរសៃចង ដែលបណ្តាលឱ្យឈឺ ហើម និងខូចទ្រង់ទ្រាយសន្លាក់
- ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ: មិនទាន់មានមូលហេតុច្បាស់លាស់ទេ ប៉ុន្តែគេជឿថាវាបណ្តាលមកពីការលាយឡំគ្នារវាងហ្សែន អ័រម៉ូន និងកត្តាបរិស្ថាន។ ប្រព័ន្ធការពាររាងកាយវាយប្រហារស្រទាប់ស្រោបសន្លាក់ធ្វើឱ្យវាហើម និងរលាក ដែលយូរៗទៅអាចនាំឱ្យខូចខាតឆ្អឹងខ្ចី និងជាលិកាឆ្អឹង
កត្តាហានិភ័យ
កត្តាដែលអាចបង្កើនហានិភ័យរួមមាន៖
- ប្រវត្តិគ្រួសារ៖ បើមានឪពុកម្តាយ ឬបងប្អូនមានជំងឺរលាកសន្លាក់ អ្នកក៏អាចប្រឈមខ្ពស់ដែរ
- អាយុ៖ ហានិភ័យនៃជំងឺដូចជា ជំងឺសឹកសន្លាក់ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ និងជំងឺហ្គោដកើនឡើងទៅតាមវ័យ
- ភេទ៖ ជាទូទៅស្ត្រីងាយនឹងកើតជំងឺរលាកសន្លាក់ភាគច្រើនជាងបុរស (លើកលែងតែជំងឺហ្គោដដែលកើតលើបុរសច្រើនជាង)
- របួសសន្លាក់៖ អ្នកដែលធ្លាប់រងរបួសសន្លាក់ (ដូចជាពេលលេងកីឡា) ងាយនឹងកើតជំងឺរលាកសន្លាក់នៅត្រង់កន្លែងនោះនាពេលក្រោយ
- ភាពធាត់៖ ទម្ងន់ខ្លួនជ្រុលបង្កសម្ពាធបន្ថែមលើសន្លាក់ ដែលនាំឱ្យងាយរលាក និងខូចសន្លាក់
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យជំងឺរលាកសន្លាក់ជាធម្មតាចាប់ផ្តើមដោយការពិនិត្យរាងកាយពីសំណាក់គ្រូពេទ្យ។ ជាទូទៅ គ្រូពេទ្យនឹងសាកសួរអំពីយករោគសញ្ញា និងផលប៉ះពាល់នៃការឈឺសន្លាក់ទៅលើជីវិតប្រចាំថ្ងៃ។ ការពិនិត្យរាងកាយនឹងត្រូវធ្វើឡើងដើម្បីវាយតម្លៃពីភាពបត់បែន និងលទ្ធភាពនៃចលនារបស់សន្លាក់ ពិនិត្យមើលថាតើមានតំបន់ណាដែលមានការហើម ក្រហម ឬក្តៅ និងវាយតម្លៃសុខភាពទូទៅរបស់អ្នកជំងឺ ដើម្បីដឹងថាតើមានបញ្ហាសុខភាពផ្សេងទៀតដែលកំពុងជះឥទ្ធិពលលើរោគសញ្ញាដែរឬទេ។
- ការធ្វើតេស្តមន្ទីរពិសោធន៍: វត្ថុរាវក្នុងរាងកាយដូចជា ឈាម ទឹកនោម និងទឹកក្នុងសន្លាក់ ច្រើនតែត្រូវបានយកទៅធ្វើតេស្ត។ ការវិភាគលើប្រភេទផ្សេងៗនៃវត្ថុរាវក្នុងរាងកាយទាំងនេះ អាចជួយគ្រូពេទ្យឱ្យកំណត់បាននូវប្រភេទនៃជំងឺរលាកសន្លាក់ដែលអ្នកជំងឺកំពុងជួបប្រទះ។ ដើម្បីទទួលបានសំណាកទឹកក្នុងសន្លាក់ គ្រូពេទ្យនឹងធ្វើការសម្អាត និងចាក់ថ្នាំស្ពឹកនៅតំបន់ដែលរងផលប៉ះពាល់ រួចប្រើម្ជុលចាក់បញ្ចូលទៅក្នុងប្រហោងសន្លាក់ដើម្បីបូមយកទឹកមកវិភាគ
- ការថតរូបភាពវេជ្ជសាស្ត្រ: ការពិនិត្យតាមរយៈរូបភាពវេជ្ជសាស្ត្រអាចផ្តល់នូវរូបភាពច្បាស់លាស់នៃឆ្អឹង សន្លាក់ និងជាលិកាទន់ៗ។ តេស្តទាំងនេះអាចជួយស្វែងរកបញ្ហានៅក្នុងសន្លាក់ដែលបង្កឱ្យមានការឈឺចាប់។ គ្រូពេទ្យអាចតម្រូវឱ្យធ្វើតេស្តរូបភាពណាមួយដូចខាងក្រោម៖
- កាំរស្មីអ៊ិច: ជារឿយៗត្រូវបានប្រើដើម្បីតាមដានការវិវត្តនៃជំងឺ។ ទោះជាយ៉ាងណា វាមិនអាចរកឃើញការខូចខាតសន្លាក់នៅដំណាក់កាលដំបូងឡើយ។ កាំរស្មីអ៊ិចប្រើវិទ្យុសកម្មក្នុងកម្រិតទាបដើម្បីពិនិត្យឆ្អឹង ដែលអាចបង្ហាញឱ្យឃើញពីការបាត់បង់ឆ្អឹងខ្ចី ការសឹកឆ្អឹង និងការដុះឆ្អឹង
- ការស្កេន CT អាចបង្ហាញពីឆ្អឹង និងជាលិកាទន់ៗដែលគ្របដណ្តប់ពីលើ។ វាប្រមូលផ្តុំកាំរស្មីអ៊ិចពីមុំផ្សេងៗគ្នា រួចបញ្ជូលទិន្នន័យដើម្បីបង្កើតជារូបភាពកាត់ទទឹងនៃរចនាសម្ព័ន្ធខាងក្នុង
- ការស្កេន MRI: អាចផ្តល់រូបភាពកាត់ទទឹងនៃជាលិកាទន់ៗបានកាន់តែច្បាស់ ដែលអាចបង្ហាញឱ្យឃើញប្រសិនបើមានរបួសដល់សាច់ដុំ សរសៃចង ឬសរសៃពួរនៅជិតសន្លាក់។ MRI ប្រើរលកវិទ្យុជាមួយម៉ាញេទិកខ្លាំង ដើម្បីបង្កើតរូបភាពលម្អិត
- អេកូ: អាចត្រូវបានប្រើដើម្បីជួយសម្រួលដល់ការចាក់ម្ជុលនៅពេលបូមទឹកសន្លាក់ ឬការចាក់ថ្នាំចូលក្នុងសន្លាក់។ អេកូប្រើរលកសំឡេងដែលមាន ប្រេកង់ខ្ពស់ ដើម្បីថតរូបភាពជាលិកាទន់ៗ ឆ្អឹងខ្ចី និងរចនាសម្ព័ន្ធដែលមានផ្ទុកវត្ថុរាវនៅក្បែរសន្លាក់
ការព្យាបាល
ទោះបីជាជំងឺរលាកសន្លាក់មិនទាន់មានវិធីព្យាបាលឱ្យជាសះស្បើយដាច់ខាតក៏ដោយ ប៉ុន្តែមានវិធីព្យាបាលជាច្រើនដែលអាចជួយគ្រប់គ្រងរោគសញ្ញា និងពង្រឹងមុខងារសន្លាក់បាន។ វិធីសាស្ត្រព្យាបាលគឺផ្អែកលើកម្រិតធ្ងន់ធ្ងរនៃជំងឺ រោគសញ្ញា និងសុខភាពទូទៅរបស់អ្នកជំងឺ ដែលអាចរួមបញ្ចូលទាំងការប្រើថ្នាំ និងការវះកាត់។
- ការប្រើប្រាស់ថ្នាំ: ក្នុងចំណោមថ្នាំដែលគេប្រើញឹកញាប់បំផុតរួមមាន៖
- ថ្នាំបំបាត់ការរលាកដែលគ្មានស្តេរ៉ូអ៊ីត (NSAIDs): មានជាទម្រង់ថ្នាំគ្រាប់ គ្រីម ឬជែល ដែលអាចកាត់បន្ថយការហើម និងសម្រាលការឈឺចាប់។ ការប្រើប្រាស់ក្នុងកម្រិតខ្ពស់តាមវេជ្ជបញ្ជា អាចបង្កឱ្យប៉ះពាល់ក្រពះ និងបង្កើនហានិភ័យនៃជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល
- ថ្នាំបំបាត់ការឈឺចាប់លើស្បែក: ការលាបសូលុយស្យុងលើស្បែកត្រង់សន្លាក់ដែលឈឺ អាចរំខានដល់ការបញ្ជូនសញ្ញាឈឺចាប់។ វាច្រើនមាននៅក្នុងឡូស្យុង ឬមួនដែលមានផ្ទុកជាតិ Menthol ឬ Capsaicin (សារធាតុដែលធ្វើឱ្យម្ទេសមានរសជាតិហឹរ)
- ថ្នាំស្តេរ៉ូអ៊ីត: ថ្នាំ Cortisone អាចជួយសម្រាលការឈឺសន្លាក់ និងការរលាកបានមួយរយៈ។ វាអាចប្រើតាមមាត់ ឬចាក់ចូលទៅក្នុងសន្លាក់ដែលឈឺដោយផ្ទាល់។ ផលប៉ះពាល់អាចរួមមានការចុះខ្សោយឆ្អឹង ឡើងទម្ងន់ និងជំងឺទឹកនោមផ្អែម
- ថ្នាំពន្យឺតការវិវត្តនៃជំងឺរលាកសន្លាក់ (DMARDs): ប្រើសម្រាប់កាត់បន្ថយការវិវត្តនៃជំងឺរលាកសន្លាក់រ៉ាំរ៉ៃ និងការពារការខូចខាតសន្លាក់ដែលមិនអាចស្រោចស្រង់បាន។ ក្រៅពីនេះ ក៏មានថ្នាំជីវសាស្ត្រដែលផ្តោតលើប្រព័ន្ធការពាររាងកាយ។ ទោះជាយ៉ាងណា វាអាចបង្កើនហានិភ័យនៃការឆ្លងមេរោគ
- ការព្យាបាលដោយចលនា: ការស្តារនីតិសម្បទាអាចជួយបង្កើនកម្លាំង លទ្ធភាពនៃចលនា និងការធ្វើចលនាទូទៅ។ គ្រូពេទ្យជំនាញការងារ អាចណែនាំអ្នកជំងឺអំពីរបៀបកែសម្រួលសកម្មភាពប្រចាំថ្ងៃដើម្បីកាត់បន្ថយការឈឺចាប់។ ក្នុងករណីខ្លះ ការប្រើប្រាស់ប្រដាប់ទប់សន្លាក់ក៏ជាការចាំបាច់ផងដែរ
- ការវះកាត់: ការវះកាត់ត្រូវបានណែនាំតែក្នុងករណីធ្ងន់ធ្ងរ ឬនៅពេលដែលការប្រើថ្នាំមិនមានប្រសិទ្ធភាព។ ជម្រើសនៃការវះកាត់រួមមាន៖
- ការជួសជុលសន្លាក់: ច្រើនធ្វើឡើងតាមរយៈការឆ្លុះសន្លាក់ ឬការវះកាត់តូចៗ ដើម្បីកែសម្រួលផ្ទៃសន្លាក់ឱ្យមានតុល្យភាព និងកាត់បន្ថយការឈឺចាប់
- ការផ្លាស់ប្តូរសន្លាក់: គឺជាការយកសន្លាក់ដែលខូចចេញ ហើយជំនួសដោយសន្លាក់សិប្បនិម្មិត ដើម្បីរក្សាមុខងារ និងចលនាសន្លាក់។ ឧទាហរណ៍៖ ការប្តូរសន្លាក់ត្រគាក ជង្គង់ ស្មា និងកជើង
- ការភ្ជាប់សន្លាក់: គឺជាការភ្ជាប់ឆ្អឹងពីរ ឬច្រើនបញ្ចូលគ្នាជាអចិន្ត្រៃយ៍។ វិធីនេះធ្វើឱ្យសន្លាក់លែងមានចលនា ប៉ុន្តែវាជួយបំបាត់ការឈឺចាប់ដែលបណ្តាលមកពីចលនា។ វាច្រើនប្រើសម្រាប់សន្លាក់តូចៗដូចជា កដៃ កជើង និងម្រាមដៃ
