ទិដ្ឋភាពទូទៅ

ការបាក់ឆ្អឹងកជើង គឺជាមូលហេតុទូទៅបំផុតមួយដែលបណ្តាលឱ្យមានការឈឺចាប់ ឬភាពមិនស្រួលនៅត្រង់កជើង។ ការបាក់ឆ្អឹងកជើងអាចកើតឡើងដោយសារការប៉ះទង្គិចដោយផ្ទាល់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ការរអិលដួល ឬការគ្រេចថ្លោះកជើង

សន្លាក់កជើងផ្សំឡើងដោយឆ្អឹងស្មង ឆ្អឹងកំភួនជើងតូច និងឆ្អឹងភ្នែកគោ៖

  • ឆ្អឹងស្មង៖ ជាឆ្អឹងធំនៅផ្នែកខាងក្រោមនៃជើង
  • ឆ្អឹងកំភួនជើងតូច៖ ជាឆ្អឹងដែលមានទំហំតូច និងស្ដើងជាង
  • ឆ្អឹងភ្នែកគោ៖ ជាឆ្អឹងដែលតភ្ជាប់រវាងជើង និងប្រអប់ជើង ដោយវាស្ថិតនៅក្រោមចំណុចប្រសព្វនៃឆ្អឹងស្មង និងឆ្អឹងកំភួនជើងតូច

កម្រិតនៃការបាក់ឆ្អឹងកជើងអាចមានសភាពខុសៗគ្នា ចាប់ពីការប្រេះស្រាំតូចៗ រហូតដល់ការបាក់បែកធ្ងន់ធ្ងរដែលធ្លាយចេញមកក្រៅស្បែក។ ការព្យាបាលអាស្រ័យទៅលើទីតាំង និងកម្រិតធ្ងន់ធ្ងរនៃការបាក់។ ចំពោះករណីបាក់ធ្ងន់ធ្ងរ គ្រូពេទ្យអាចតម្រូវឱ្យធ្វើការវះកាត់ដើម្បីដាក់បន្ទះដែក ដំបងដែក ឬខ្ចៅ ដើម្បីរក្សាឆ្អឹងឱ្យនៅចំទីតាំងត្រឹមត្រូវក្នុងអំឡុងពេលជាសះស្បើយ។ រយៈពេលនៃការជាសះស្បើយអាចប្រើពេលរាប់សប្តាហ៍ ឬរាប់ខែ

រោគសញ្ញា

ប្រសិនបើអ្នកមានការបាក់ឆ្អឹងកជើង អ្នកអាចជួបប្រទះនូវរោគសញ្ញាដូចខាងក្រោម៖

  • ឈឺចាប់ខ្លាំងភ្លាមៗ
  • ហើម
  • ជាំដុំៗ
  • ឈឺខ្លាំងនៅពេលប៉ះ ឬសង្កត់
  • ខូចទ្រង់ទ្រាយកជើង (មើលទៅវៀច ឬខុសធម្មតា)
  • ពិបាកក្នុងការដើរ
  • មិនអាចទ្រាំទ្រទម្ងន់ខ្លួននៅលើកជើងដែលរងរបួសបាន

ប្រសិនបើការឈឺចាប់ និងការហើមមិនថយចុះ ឬមានសភាពកាន់តែធ្ងន់ធ្ងរទៅៗ ឬមានសញ្ញាខូចទ្រង់ទ្រាយច្បាស់លាស់ អ្នកជំងឺគួរតែស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រជាបន្ទាន់

មូលហេតុ

ការបាក់ឆ្អឹងកជើងអាចបណ្តាលមកពីការរងរបួសដោយផ្ទាល់ ប៉ុន្តែការគ្រេចថ្លោះកជើងគឺជាមូលហេតុដែលជួបប្រទះញឹកញាប់បំផុត។ មូលហេតុទូទៅរួមមាន៖

  • គ្រោះថ្នាក់ចរាចរណ៍៖ ជាញឹកញាប់បណ្តាលឱ្យមានការបាក់ឆ្អឹងបែបកំទេច ដែលទាមទារការវះកាត់ដើម្បីជួសជុល
  • ការដួល៖ ការរអិលដួល ឬការលោតចុះពីទីខ្ពស់មកដី
  • ការឈានជើងខុស៖ ការដាក់ជើងចុះមិនបានត្រឹមត្រូវ ដែលបណ្តាលឱ្យគ្រេច និងបាក់ឆ្អឹង
  • កីឡា៖ ការលេងកីឡាដែលមានការរត់ ឬចលនាបត់បែនលឿនៗដែលអាចធ្វើឱ្យគ្រេចកជើង

កត្តាហានិភ័យ

កត្តាដែលបង្កើនហានិភ័យនៃការរងរបួសកជើងមានដូចជា៖

  • កីឡាដែលមានកម្រិតខ្លាំង៖ ដូចជា បាល់បោះ បាល់ទាត់ កាយសម្ព័ន្ធ និងតេន្នីស
  • ការបង្កើនសកម្មភាពភ្លាមៗ៖ ការបង្កើនភាពញឹកញាប់ ឬរយៈពេលនៃការហាត់ប្រាណភ្លាមៗពេក
  • បច្ចេកទេស ឬឧបករណ៍កីឡាមិនត្រឹមត្រូវ៖ ការប្រើប្រាស់ស្បែកជើងដែលចាស់ពេក ឬមិនសមស្រប និងការមិនបានកម្តៅសាច់ដុំមុនពេលហាត់
  • ការជក់បារី៖ អាចបង្កើនហានិភ័យនៃជំងឺពុកឆ្អឹង និងធ្វើឱ្យឆ្អឹងដែលបាក់ជាសះស្បើយយឺត
  • បរិស្ថានក្នុងផ្ទះមិនមានសុវត្ថិភាព៖ ផ្ទះដែលមានរបស់របររប៉ាត់រប៉ាយ ឬពន្លឺមិនគ្រប់គ្រាន់ ងាយនឹងបង្កឱ្យមានការរអិលដួល
  • ស្ថានភាពសុខភាពផ្សេងៗ៖ ដូចជាជំងឺពុកឆ្អឹង ដែលធ្វើឱ្យដង់ស៊ីតេឆ្អឹងថយចុះ និងងាយបាក់

ការធ្វើរោគវិនិច្ឆ័យ

គ្រូពេទ្យនឹងធ្វើការពិនិត្យរាងកាយលើកជើង ដើម្បីវាយតម្លៃមើលការហើម ឬការឈឺចាប់នៅពេលប៉ះ។ ទីតាំងច្បាស់លាស់នៃការឈឺចាប់ អាចជួយឱ្យគ្រូពេទ្យកំណត់ពីមូលហេតុ និងវិធីព្យាបាលដែលសមស្រប

គ្រូពេទ្យក៏នឹងពិនិត្យមើលចលនានៃសន្លាក់កជើងផងដែរ។ អ្នកជំងឺនឹងត្រូវតម្រូវឱ្យដើរក្នុងចម្ងាយខ្លី ដើម្បីពិនិត្យមើលទម្រង់នៃការដើរ។ ប្រសិនបើមានសញ្ញានៃការបាក់ឆ្អឹង គ្រូពេទ្យនឹងណែនាំឱ្យធ្វើតេស្តរូបភាពវេជ្ជសាស្ត្រដូចខាងក្រោម៖

  • ការថតកាំរស្មីអ៊ិច៖ ជាទូទៅអាចបង្ហាញពីការបាក់ឆ្អឹងកជើង។ អ្នកបច្ចេកទេសអាចនឹងថតពីច្រើនជ្រុងខុសៗគ្នា ដើម្បីជៀសវាងការបាំងគ្នានៃរូបភាពឆ្អឹង។ ចំពោះការបាក់ឆ្អឹងដោយសារសម្ពាធ ជួនកាលមិនអាចមើលឃើញតាមកាំរស្មីអ៊ិចបានទេ រហូតទាល់តែឆ្អឹងចាប់ផ្តើមសះស្បើយ
  • ការថត CT Scan បញ្ចូលរូបភាពកាំរស្មីអ៊ិចពីច្រើនមុំ ដើម្បីបង្កើតជារូបភាពកាត់ទទឹងនៃសរីរាង្គខាងក្នុង។ វាផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីឆ្អឹងដែលបាក់ និងជាលិកាទន់នៅជុំវិញ
  • ការស្កែនឆ្អឹង៖ អាចស្វែងរកការបាក់ឆ្អឹងដែលមើលមិនឃើញតាមរយៈកាំរស្មីអ៊ិច។ អ្នកបច្ចេកទេសនឹងចាក់សារធាតុវិទ្យុសកម្មតិចតួចទៅក្នុងសរសៃឈាម ដែលសារធាតុនេះនឹងទៅប្រមូលផ្តុំនៅត្រង់កន្លែងដែលឆ្អឹងរងរបួស ហើយបង្ហាញជាចំណុចភ្លឺៗនៅលើរូបភាព
  • ការថត MRI ប្រើរលកវិទ្យុ និងដែនម៉ាញេទិកខ្លាំង ដើម្បីបង្ហាញរូបភាពលម្អិតនៃសរសៃចងដែលជួយទប់កជើង។ វាជួយឱ្យមើលឃើញទាំងសរសៃចង និងឆ្អឹង ហើយអាចរកឃើញការបាក់ឆ្អឹងដែលកាំរស្មីអ៊ិចមើលមិនឃើញ

ការព្យាបាល

ជម្រើសនៃការព្យាបាលការបាក់ឆ្អឹងកជើង គឺអាស្រ័យលើកម្រិតធ្ងន់ធ្ងរនៃរបួស និងប្រភេទឆ្អឹងដែលរងគ្រោះ

  • ថ្នាំសង្កូវ៖ គ្រូពេទ្យអាចណែនាំឱ្យប្រើថ្នាំបំបាត់ការឈឺចាប់ដែលមិនត្រូវការវេជ្ជបញ្ជា ដូចជាថ្នាំ អាសេតាមីណូហ្វែន (Acetaminophen/Tylenol) ជាដើម
  • ការព្យាបាលដោយចលនា៖ បន្ទាប់ពីឆ្អឹងសះស្បើយ អ្នកជំងឺប្រហែលជាត្រូវធ្វើលំហាត់ប្រាណដើម្បីឱ្យសាច់ដុំ និងសរសៃចងដែលតឹងបានធូរស្រាលឡើងវិញ។ អ្នកជំនាញការព្យាបាលដោយចលនានឹងបង្រៀនពីលំហាត់ប្រាណដើម្បីបង្កើនកម្លាំង លំនឹង និងភាពបត់បែន
  • ការវះកាត់ ឬនីតិវិធីផ្សេងៗ៖
    • ការទាញតម្រូវឆ្អឹង៖ ប្រសិនបើឆ្អឹងបាក់ខុសទីតាំង គ្រូពេទ្យនឹងត្រូវទាញតម្រូវផ្នែកដែលបាក់ឱ្យមកចំកន្លែងដើមវិញ។ អ្នកជំងឺអាចនឹងត្រូវការថ្នាំសម្រួលសាច់ដុំ ថ្នាំងងុយគេង ឬថ្នាំស្ពឹកមុនពេលធ្វើនីតិវិធីនេះ
    • ការវះកាត់តម្រូវ និងភ្ជាប់ឆ្អឹងពីខាងក្នុង៖ គ្រូពេទ្យនឹងវះកាត់បើកកន្លែងរបួសដើម្បីតម្រូវចុងឆ្អឹងដែលបាក់ឱ្យត្រូវជួរគ្នាវិញ។ គ្រូពេទ្យក៏អាចដាក់បន្ទះដែក ខ្សែលួស ឬខ្ចៅ ដើម្បីរក្សាស្ថិរភាពឆ្អឹងក្នុងអំឡុងពេលជាសះស្បើយ
    • ការដាក់ឱ្យនៅនឹង៖ ដើម្បីឱ្យឆ្អឹងសះស្បើយ វាត្រូវតែស្ថិតនៅនឹងថ្កល់។ ជាទូទៅត្រូវប្រើការរុំបង់រឹង ឬស្បែកជើងសម្រាប់ការពាររបួស
    • ការវះកាត់៖ គ្រូពេទ្យវះកាត់ឆ្អឹងអាចនឹងប្រើដែកគោល បន្ទះដែក ឬខ្ចៅ ដើម្បីរក្សាឆ្អឹងឱ្យនៅចំទីតាំង។ ប្រសិនបើឧបករណ៍ទាំងនេះបង្កការរំខាន ឬឈឺចាប់ គេអាចនឹងដកវាចេញវិញបន្ទាប់ពីឆ្អឹងបានសះស្បើយទាំងស្រុង

Doctors who treat this condition