ទិដ្ឋភាពទូទៅ

ជំងឺក្រិនសរសៃឈាម (Atherosclerosis) គឺជាការកកើតឡើងជាលំដាប់នៃបន្ទះកំណក Plaques នៅក្នុង និងនៅលើជញ្ជាំងសរសៃឈាមអាក់ទែ ដែលបង្កឡើងដោយជាតិខ្លាញ់ កូឡេស្តេរ៉ុល និងសារធាតុផ្សេងៗទៀត។ ជំងឺនេះអាចបណ្តាលឱ្យសរសៃឈាមរួមតូច និងរារាំងលំហូរឈាម។ លើសពីនេះ កម្លាំងរុញច្រាននៃលំហូរឈាមជាបន្តបន្ទាប់ អាចបណ្តាលឱ្យបន្ទះកំណកនោះសឹក ឬដាច់រហែក ដែលនាំឱ្យមានការកកឈាម

ជញ្ជាំងសរសៃឈាមអាក់ទែនឹងប្រែជាក្រាស់ និងរឹង នៅពេលដែលបន្ទះកំណកកាន់តែច្រើនឡើង។ ដំណាក់កាលដំបូងនៃ «ការឡើងរឹងនៃសរសៃឈាម» នេះ ច្រើនតែមិនបង្ហាញរោគសញ្ញាអ្វីឡើយ។ អ្នកជំងឺអាចរស់នៅបានយូរដោយមិនដឹងខ្លួន ប៉ុន្តែនៅពេលដែលបន្ទះកំណកកាន់តែក្រាស់ វានឹងធ្វើឱ្យរន្ធសរសៃឈាមរួមតូច ដែលនាំឱ្យឈាមទៅចិញ្ចឹមសរីរាង្គ ឬជាលិកាបានតិចតួច

ទីតាំងដែលកំណកឈាមកកើត គឺជាអ្នកកំណត់ពីផលប៉ះពាល់ដល់រាងកាយ។ ឧទាហរណ៍ ការស្ទះសរសៃឈាមបេះដូងអាចបណ្តាលឱ្យមានការគាំងបេះដូង។ ទោះបីជាជំងឺនេះច្រើនតែត្រូវបានគេគិតថាជាជំងឺបេះដូង ប៉ុន្តែវាក៏អាចប៉ះពាល់ដល់សរសៃឈាមនៅកន្លែងផ្សេងទៀតក្នុងរាងកាយផងដែរ។ លើសពីនេះ ជំងឺក្រិនសរសៃឈាមអាចធ្វើឱ្យជញ្ជាំងសរសៃឈាមខ្សោយ ដែលនាំឱ្យមានជំងឺប៉ោងសរសៃឈាម

រោគសញ្ញា

រោគសញ្ញានៃជំងឺក្រិនសរសៃឈាម នឹងមិនបង្ហាញឱ្យឃើញឡើយ ប្រសិនបើស្ថិតក្នុងកម្រិតស្រាល។ រោគសញ្ញាជាធម្មតាលេចឡើងនៅពេលដែលសរសៃឈាមរួមតូចខ្លាំង ឬស្ទះរហូតដល់មិនអាចផ្តល់ឈាមទៅកាន់សរីរាង្គ និងជាលិកាបានគ្រប់គ្រាន់

រោគសញ្ញានៃជំងឺក្រិនសរសៃឈាមកម្រិតមធ្យម ទៅធ្ងន់ធ្ងរ អាស្រ័យទៅលើប្រភេទសរសៃឈាមដែលរងផលប៉ះពាល់៖

  • សរសៃឈាមក្នុងបេះដូង៖ អ្នកជំងឺអាចមានអារម្មណ៍ឈឺទ្រូង ឬណែនទ្រូង ឈឺនៅខ្នង ស្មា ក និងពោះ ព្រមទាំងពិបាកដកដង្ហើម
  • សរសៃឈាមក្នុងខួរក្បាល៖ អ្នកជំងឺអាចមានអាការៈស្ពឹក ឬខ្សោយដៃជើងភ្លាមៗ, ពិបាកនិយាយ ឬនិយាយមិនច្បាស់, ងងឹតភ្នែកម្ខាងភ្លាមៗ ឬធ្លាក់សាច់ដុំមុខ (សញ្ញានៃការដាច់សរសៃឈាមខួរក្បាលបណ្តោះអាសន្ន TIA)
  • សរសៃឈាមក្នុងដៃ និងជើង៖ នៅពេលធ្វើចលនា អ្នកជំងឺមានអារម្មណ៍ឈឺជើងដែលជាសញ្ញានៃជំងឺសរសៃឈាមគ្រឿងក្នុង
  • សរសៃឈាមក្នុងតម្រងនោម៖ អ្នកជំងឺនឹងមានសម្ពាធឈាមឡើងខ្ពស់ ឬខ្សោយតម្រងនោម

ប្រសិនបើអ្នកសង្ស័យថាមានជំងឺក្រិនសរសៃឈាម វាជារឿងសំខាន់ក្នុងការស្វែងរកការណែនាំពីគ្រូពេទ្យ។ ការប្រុងប្រយ័ត្នចំពោះសញ្ញាដំបូងៗនៃលំហូរឈាមថយចុះ ដូចជាការឈឺជើង ស្ពឹក ឬឈឺទ្រូង នឹងជួយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់បេះដូង ឬការដាច់សរសៃឈាមខួរក្បាល

មូលហេតុ

មូលហេតុច្បាស់លាស់នៃជំងឺក្រិនសរសៃឈាម មិនទាន់ត្រូវបានគេដឹងនៅឡើយទេនាពេលបច្ចុប្បន្ន។ ស្ថានភាពជំងឺដែលវិវឌ្ឍទៅមុខជាលំដាប់នេះ អាចកើតឡើងក្នុងរយៈពេលយូរ ហើយអាចចាប់ផ្តើមតាំងពីវ័យកុមារ

ជំងឺក្រិនសរសៃឈាមវិវឌ្ឍតាមដំណាក់កាលជាច្រើនក្នុងរយៈពេលជាច្រើនឆ្នាំ រួមមាន៖

  • ការខូចខាតស្រទាប់ក្នុងសរសៃឈាម និងការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ: នេះគឺជាជំហានដំបូងនៃជំងឺក្រិនសរសៃឈាម។ ស្រទាប់ខាងក្នុងបំផុតនៃជញ្ជាំងសរសៃឈាមអាក់ទែ ត្រូវបានគ្របដណ្តប់ដោយកោសិកាស្តើងៗដែលគេហៅថា អង់ដូថែលីយ៉ូម។ កម្រិតកូឡេស្តេរ៉ុលអាក្រក់ខ្ពស់ និងជាតិពុលពីផលិតផលបារី គឺជាកត្តាពីរក្នុងចំណោមកត្តាជាច្រើនដែលអាចធ្វើឱ្យខូចកោសិកាអង់ដូថែលីយ៉ូមទាំងនេះ
  • ការកកើតបន្ទះខ្លាញ់ស្តើង: នេះគឺជាសញ្ញាដំបូងដែលអាចមើលឃើញនៃជំងឺក្រិនសរសៃឈាម។ នៅត្រង់កន្លែងដែលអង់ដូថែលីយ៉ូមរងរបួស វានឹងលេចឡើងជាឆ្នូត ឬផ្ទាំងពណ៌លឿង ដែលបង្កឡើងដោយការរលួយនៃកោសិកា Foam។ កោសិកា Foam គឺជាគ្រាប់ឈាមសដែលព្យាយាមកម្ចាត់អ្នកឈ្លានពានដោយការលេបត្របាក់ពួកវា។ ក្នុងករណីនេះ ពួកវាលេបត្របាក់កូឡេស្តេរ៉ុល ដែលធ្វើឱ្យពួកវាមានសភាពដូចពពុះ។ សកម្មភាពរបស់កោសិកា Foam នេះ បន្តធ្វើឱ្យខូចខាតដល់អង់ដូថែលីយ៉ូម
  • ការរីកលូតលាស់នៃបន្ទះកំណក Plaque: នៅពេលដែលកាកសំណល់ រួមទាំងកោសិកា Foam ដែលងាប់ បន្តកកកុញ បន្ទះខ្លាញ់ស្តើងនឹងវិវឌ្ឍទៅជាបន្ទះកំណកធំជាងមុន។ យូរៗទៅ ស្រទាប់សរសៃ Fibrous cap ដែលផ្សំឡើងពីកោសិកាសាច់ដុំរលីង នឹងកកើតឡើងគ្របពីលើបន្ទះកំណកនោះ។ ស្រទាប់នេះការពារកុំឱ្យបំណែកនៃបន្ទះកំណករបេះចេញ និងចូលទៅក្នុងចរន្តឈាម។ នៅពេលបន្ទះកំណករីកធំ វាធ្វើឱ្យរន្ធសរសៃឈាមរួមតូច និងកាត់បន្ថយលំហូរឈាម
  • ការដាច់រហែកនៃបន្ទះកំណក Plaque: កំណកឈាមកើតឡើងនៅក្នុងសរសៃឈាម ជាលទ្ធផលនៃការដាច់រហែក ឬការសឹកនៃបន្ទះកំណក។ ការដាច់រហែកកើតឡើងនៅពេលដែលស្រទាប់សរសៃការពារដែលគ្របពីលើបន្ទះកំណក បែកចេញ ឬចំហ។ រីឯការសឹកនៃបន្ទះកំណក សំដៅលើស្ថានភាពដែលស្រទាប់សរសៃនៅដដែល ប៉ុន្តែកោសិកាអង់ដូថែលីយ៉ូមនៅជុំវិញនោះរងការសឹកដាច់។ ស្ថានភាពទាំងពីរនេះនាំឱ្យកើតមានកំណកឈាម ដែលរារាំងលំហូរឈាម និងបង្កើនហានិភ័យនៃគ្រោះថ្នាក់បេះដូង ឬការដាច់សរសៃឈាមខួរក្បាល

ការខូចខាតដំបូងដល់ស្រទាប់ខាងក្នុងនៃសរសៃឈាម អាចកើតឡើងដោយសារមូលហេតុសក្តានុពលផ្សេងៗ រួមមាន៖

  • សម្ពាធឈាមឡើងខ្ពស់
  • កូឡេស្តេរ៉ុលខ្ពស់
  • ជាតិខ្លាញ់ទ្រីគ្លីសេរីដខ្ពស់
  • ការប្រើប្រាស់បារី ឬការជក់បារី
  • ជំងឺទឹកនោមផ្អែម
  • ភាពស៊ាំនឹងអាំងស៊ុយលីន
  • ភាពធាត់ជ្រុល
  • ការរលាកដែលមិនស្គាល់ប្រភព ឬបង្កឡើងដោយស្ថានភាពជំងឺដូចជា ជំងឺរលាកពោះវៀន, ជំងឺ Lupus ជំងឺ Psoriasis ឬជំងឺរលាកសន្លាក់

កត្តាហានិភ័យ

ជំងឺក្រិនសរសៃឈាមមានបញ្ជីកត្តាហានិភ័យយ៉ាងច្រើន។ អ្នកជំងឺមិនអាចផ្លាស់ប្តូរកត្តាហានិភ័យដែលមិនអាចកែប្រែបាននោះទេ។ ប៉ុន្តែក្នុងកាលៈទេសៈខ្លះ ពួកគេអាចកាត់បន្ថយកត្តាហានិភ័យដែលអាចកែប្រែបាន ដូចជាបញ្ហាសុខភាពជាក់លាក់ និងការជ្រើសរើសរបៀបរស់នៅជាដើម

សរសៃឈាមអាក់ទែនឹងចាប់ផ្តើមរឹងជាលំដាប់។ កត្តាហានិភ័យនៃជំងឺក្រិនសរសៃឈាមរួមមានការកើនឡើងនៃអាយុ។ ខាងក្រោមនេះគឺជាកត្តាផ្សេងទៀតដែលអាចបង្កើនហានិភ័យនៃជំងឺក្រិនសរសៃឈាម៖

  • កត្តាដែលមិនអាចកែប្រែបាន៖
    • មនុស្សដែលមានវ័យកាន់តែចាស់ មានហានិភ័យកាន់តែខ្ពស់
    • បុរសដែលមានអាយុចាប់ពី ៤៥ ឆ្នាំឡើងទៅ មានហានិភ័យខ្ពស់ក្នុងការវិវឌ្ឍទៅរកស្ថានភាពនេះ។ ចំណែកស្ត្រីដែលមានអាយុចាប់ពី ៥៥ ឆ្នាំឡើងទៅ ក៏ស្ថិតក្នុងហានិភ័យផងដែរ
    • ប្រវត្តិគ្រួសារ៖ មានសមាជិកគ្រួសារដែលមានប្រវត្តិធ្លាប់កើតជំងឺបេះដូង និងសរសៃឈាមមុនអាយុកំណត់
  • បញ្ហាសុខភាព៖
    • ជំងឺទឹកនោមផ្អែម
    • ជំងឺលើសឈាម
    • ជំងឺលើសជាតិខ្លាញ់ កម្រិតកូឡេស្តេរ៉ុលខ្ពស់ (ជាពិសេសកូឡេស្តេរ៉ុលអាក្រក់ LDL ឬកម្រិត Lipoprotein ខ្ពស់)
    • រោគសញ្ញាមេតាបូលីក Metabolic syndrome
    • កម្រិត C-reactive protein (CRP) ខ្ពស់៖ ដែលជាសញ្ញាមួយនៃការរលាកនៅក្នុងរាងកាយ
  • កត្តារបៀបរស់នៅ៖
    • កង្វះការធ្វើលំហាត់ប្រាណ៖ ការមិនសូវធ្វើសកម្មភាពរាងកាយ
    • ភាពធាត់ជ្រុល
    • ការប្រើប្រាស់បារី ឬការជក់បារី
    • ការទទួលទានអាហារដែលសម្បូរទៅដោយខ្លាញ់ឆ្អែត ខ្លាញ់កែច្នៃ សូដ្យូម អំបិល និងស្ករ

ការធ្វើរោគវិនិច្ឆ័យ

ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺក្រិនសរសៃឈាមឱ្យបានត្រឹមត្រូវ អ្នកផ្តល់សេវាថែទាំសុខភាពនឹងអនុវត្តដូចខាងក្រោម៖

  • ការពិនិត្យរាងកាយ៖ គ្រូពេទ្យនឹងធ្វើការពិនិត្យរាងកាយ និងសាកសួរអំពីប្រវត្តិវេជ្ជសាស្ត្រផ្ទាល់ខ្លួន និងគ្រួសារ។ ពួកគេនឹងប្រើឧបករណ៍ស្តាប់ដើម្បីស្តាប់សំឡេងខ្យល់ (Bruit) នៅត្រង់សរសៃឈាមកដែលសំឡេងនេះអាចបញ្ជាក់ពីវត្តមាននៃបន្ទះកំណក។ គ្រូពេទ្យអាចនឹងណែនាំឱ្យអ្នកទៅជួបឯកទេសខាងជំងឺបេះដូង
  • ការតេស្តឈាម៖ គោលបំណងគឺដើម្បីវាស់កម្រិតកូឡេស្តេរ៉ុល និងជាតិស្ករក្នុងឈាម។ កម្រិតជាតិស្ករ និងកូឡេស្តេរ៉ុលខ្ពស់ បង្កើនហានិភ័យនៃជំងឺក្រិនសរសៃឈាម។ គ្រូពេទ្យក៏អាចពិនិត្យរកប្រូតេអ៊ីន C-reactive ដែលពាក់ព័ន្ធនឹងការរលាកសរសៃឈាមផងដែរ
  • ការវាស់ចង្វាក់បេះដូង ECG ឬ EKG៖ ការតេស្តនេះវាស់សកម្មភាពអគ្គិសនីរបស់បេះដូង។ អេឡិចត្រូតត្រូវបានបិទនៅលើដៃ ជើង និងទ្រូង។ ប្រសិនបើលំហូរឈាមទៅកាន់បេះដូងមានការថយចុះ ECG អាចជួយរកឃើញបញ្ហានេះបាន។
  • ការធ្វើអេកូបេះដូង៖ ការពិនិត្យនេះប្រើរលកសំឡេងដើម្បីបង្ហាញពីលំហូរឈាមរបស់បេះដូង។ វាក៏អាចត្រូវបានប្រើរួមគ្នាជាមួយការធ្វើតេស្តបេះដូងពេលហាត់ប្រាណផងដែរ
  • ការធ្វើអេកូ Doppler៖ គ្រូពេទ្យអាចវាស់សម្ពាធឈាមនៅទីតាំងផ្សេងៗគ្នាតាមបណ្តោយដៃ ឬជើង ដោយប្រើម៉ាស៊ីនអុលត្រាសោនពិសេស ដើម្បីមើលថាតើឈាមហូរតាមសរសៃឈាមបានលឿនកម្រិតណា
  • ការតេស្តបេះដូងពេលហាត់ប្រាណ៖ គ្រូពេទ្យអាចណែនាំតេស្តនេះ ប្រសិនបើរោគសញ្ញារបស់អ្នកកាន់តែធ្ងន់ធ្ងរនៅពេលធ្វើសកម្មភាពរាងកាយ។ អ្នកជំងឺនឹងត្រូវជិះកង់នៅនឹងកន្លែង ឬដើរលើម៉ាស៊ីនហាត់ប្រាណ ខណៈពេលដែលគ្រូពេទ្យតាមដានចង្វាក់បេះដូង។ ប្រសិនបើអ្នកមិនអាចហាត់ប្រាណបាន គ្រូពេទ្យនឹងឱ្យថ្នាំជំរុញដែលធ្វើឱ្យបេះដូងលោតខ្លាំងដូចពេលហាត់ប្រាណ
  • ការវាស់សម្ពាធឈាមប្រៀបធៀបរវាងកជើង និងដើមដៃ ABI៖ តេស្តនេះប្រៀបធៀបសម្ពាធឈាមនៅកជើង និងដើមដៃ ដើម្បីពិនិត្យរកសញ្ញានៃជំងឺក្រិនសរសៃឈាមនៅជើង និងប្រអប់ជើង
  • ការថតឆ្លុះសរសៃឈាមបេះដូង៖ តេស្តនេះបង្ហាញថា តើសរសៃឈាមបេះដូងមានការស្ទះ ឬរួមតូចដែរឬទេ។ គ្រូពេទ្យបញ្ចូលបំពង់តូចស្តើង Catheter តាមសរសៃឈាមនៅក្រលៀន ឬកដៃ រហូតដល់បេះដូង រួចចាក់ថ្នាំពណ៌ដើម្បីឱ្យមើលឃើញសរសៃឈាមច្បាស់តាមរយៈរូបភាពកាំរស្មីអ៊ិច
  • ការថតស្កេនកាល់ស្យូមក្នុងបេះដូង៖ ការពិនិត្យនេះប្រើ CT scan ដើម្បីបង្កើតរូបភាពលម្អិតនៃបេះដូង ដែលអាចបង្ហាញពីកំណកកាល់ស្យូមនៅលើជញ្ជាំងសរសៃឈាម។ ពិន្ទុខ្ពស់បញ្ជាក់ថាមានហានិភ័យជំងឺបេះដូងខ្ពស់
  • ការថតរូបភាពវេជ្ជសាស្ត្រផ្សេងទៀត៖ សរសៃឈាមក៏អាចត្រូវបានសិក្សាដោយប្រើ PET scan ឬ MRA (Magnetic resonance angiography) ដើម្បីរកមើលការប៉ោងសរសៃឈាម ឬការឡើងរឹង និងរួមតូចនៃសរសៃឈាមសំខាន់ៗ

ការព្យាបាល

វិធីសាស្ត្រព្យាបាលជំងឺក្រិនសរសៃឈាម ច្រើនតែរួមបញ្ចូលការកែប្រែរបៀបរស់នៅ ដូចជាការទទួលទានរបបអាហារដែលមានសុខភាពល្អ និងការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ ការវះកាត់ ឬការប្រើប្រាស់ថ្នាំពេទ្យ គឺជាផ្នែកចាំបាច់នៃផែនការព្យាបាល

  • ការប្រើប្រាស់ថ្នាំ មានឱសថជាច្រើនប្រភេទដែលអាចប្រើដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺក្រិនសរសៃឈាម ឬថែមទាំងអាចជួយឱ្យស្ថានភាពជំងឺវិលត្រឡប់មកល្អវិញបានខ្លះ។ ថ្នាំដែលប្រើរួមមាន៖
    • ថ្នាំស្តាទីន ឬថ្នាំបញ្ចុះជាតិខ្លាញ់ផ្សេងទៀត៖ វាជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ដើម្បីពន្យារ បញ្ឈប់ ឬបញ្រ្ចាស់ការកកើតនៃកំណកខ្លាញ់ក្នុងសរសៃឈាម។ ក្រៅពីស្តាទីន ក៏មានថ្នាំដូចជា Niacin, Fibrates និង Bile acid sequestrants ផងដែរ
    • ថ្នាំបញ្ចុះសម្ពាធឈាម៖ ថ្នាំទាំងនេះមិនអាចបញ្រ្ចាស់ជំងឺក្រិនសរសៃឈាមបានទេ ប៉ុន្តែវាជួយគ្រប់គ្រង និងបង្ការផលវិបាកនៃជំងឺនេះ ដូចជាការកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់បេះដូង
    • ថ្នាំអាស្ពីរីន៖ ការប្រើថ្នាំអាស្ពីរីនកម្រិតទាបប្រចាំថ្ងៃ អាចត្រូវបានណែនាំដើម្បីបង្ការគ្រោះថ្នាក់បេះដូង ឬការដាច់សរសៃឈាមខួរក្បាល។ ការប្រើអាស្ពីរីនទៀងទាត់អាចមានផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជាការហូរឈាមក្នុងក្រពះ និងពោះវៀន ដូច្នេះមិនត្រូវប្រើដោយគ្មានវេជ្ជបញ្ជាឡើយ
    • ថ្នាំផ្សេងៗទៀត៖ ថ្នាំសម្រាប់គ្រប់គ្រងជំងឺទឹកនោមផ្អែម ឬថ្នាំសម្រាប់ព្យាបាលរោគសញ្ញាជាក់លាក់ ដូចជាការឈឺជើងនៅពេលហាត់ប្រាណ
  • ការវះកាត់ ឬនីតិវិធីផ្សេងៗ អ្នកជំងឺអាចនឹងត្រូវការការធ្វើអន្តរាគមន៍ ប្រសិនបើមានរោគសញ្ញាធ្ងន់ធ្ងរ ឬមានការស្ទះខ្លាំង៖
    • ការចាក់ពង្រីកសរសៃឈាម និងការដាក់រឺស័រ៖ ត្រូវបានគេស្គាល់ថាជា PCI។ គ្រូពេទ្យបញ្ចូលបំពង់តូចស្តើង Catheter ទៅកាន់កន្លែងស្ទះ រួចពង្រីកប៉េងប៉ោងនៅចុងបំពង់ដើម្បីបើកសរសៃឈាម និងដាក់រឺស័រដើម្បីរក្សាសរសៃឈាមឱ្យនៅចំហ
    • ការវះកាត់តភ្ជាប់សរសៃឈាមបេះដូង (CABG)៖ គ្រូពេទ្យវះកាត់យកសរសៃឈាមដែលមានសុខភាពល្អពីផ្នែកផ្សេងនៃរាងកាយ មកធ្វើជាផ្លូវវាងជុំវិញកន្លែងដែលស្ទះ។ នេះគឺជាការវះកាត់បេះដូងចំហ ដែលប្រើសម្រាប់អ្នកដែលមានការស្ទះសរសៃឈាមបេះដូងច្រើនកន្លែង
    • ការវះកាត់កោសសម្អាតស្រទាប់ក្នុងសរសៃឈាម៖ ក្នុងករណីខ្លះ បន្ទះកំណកត្រូវតែយកចេញដោយការវះកាត់ ជាពិសេសនៅសរសៃឈាមក
    • ការព្យាបាលដោយរំលាយកំណកឈាម៖ គ្រូពេទ្យផ្តល់ថ្នាំរំលាយកំណកឈាម ដើម្បីបំបែកកំណកឈាមដែលកំពុងរារាំងលំហូរឈាមក្នុងសរសៃឈាមអាក់ទែ

Doctors who treat this condition