ទិដ្ឋភាពទូទៅ

ជំងឺរីកប៉ោងសរសៃឈាមអាអក (Aortic Aneurysm) ត្រូវបានកំណត់ថាជាការរីកធំខុសធម្មតា ឬការប៉ោងនៃជញ្ជាំងសរសៃឈាមអាអក។ អាអក (Aorta) គឺជាសរសៃឈាមធំជាងគេបង្អស់ដែលដឹកនាំឈាមពីបេះដូងទៅកាន់រាងកាយ។ វាត្រូវបានគេហៅថា ជំងឺរីកប៉ោងសរសៃឈាមអាអកក្នុងពោះ (AAA) នៅពេលដែលវាកើតឡើងនៅក្នុងផ្នែកនៃសរសៃឈាមអាអកដែលស្ថិតនៅក្នុងពោះ។ ការដាច់ធ្លាយសរសៃឈាមអាអកពោះអាចបណ្តាលឱ្យមានការហូរឈាមដែលគ្រោះថ្នាក់ដល់ជីវិត។
មានជម្រើសការព្យាបាលជាច្រើនសម្រាប់ជំងឺរីកប៉ោងសរសៃឈាមអាអកក្នុងពោះ អាស្រ័យទៅលើទំហំនៃការរីកប៉ោង និងការវិវត្តនៃជំងឺ ដែលរួមមានទាំងការតាមដានដោយយកចិត្តទុកដាក់ និងការវះកាត់បន្ទាន់

រោគសញ្ញា

អ្នកជំងឺភាគច្រើនដែលមានជំងឺរីកប៉ោងសរសៃឈាមអាអកក្នុងពោះ គឺមិនមានរោគសញ្ញាអ្វីឡើយ រហូតទាល់តែការប៉ោងនោះជិតដាច់ធ្លាយ ទើបវាអាចបង្ហាញរោគសញ្ញាដូចខាងក្រោម៖

  • ឈឺពោះខ្លាំង និងឈឺជាប់រហូត
  • ឈឺខ្នង
  • មានអារម្មណ៍ថាមានការកន្ត្រាក់ក្នុងពោះ (ស្រដៀងនឹងចង្វាក់បេះដូង)
    ប្រសិនបើអ្នកមានរោគសញ្ញាណាមួយដូចខាងក្រោម សូមស្វែងរកការសង្គ្រោះបន្ទាន់ជាបន្ទាន់៖
  • ឈឺពោះខ្លាំងភ្លាមៗ
  • ដកដង្ហើមខ្លីៗ
  • បាត់បង់ស្មារតី
  • ចង្វាក់បេះដូងលោតញាប់

មូលហេតុ

ជំងឺរីកប៉ោងសរសៃឈាមអាអកក្នុងពោះ កើតឡើងនៅក្នុងផ្នែកពោះនៃសរសៃឈាមអាអក។ ទោះជាយ៉ាងណាក៏ដោយ ជំងឺរីកប៉ោងសរសៃឈាមអាអកអាចកើតមាននៅគ្រប់ផ្នែកទាំងអស់នៃសរសៃឈាមអាអក។ វាអាចបណ្តាលមកពីកត្តាផ្សេងៗគ្នា
កត្តាដែលបង្កឱ្យមានជំងឺរួមមាន៖

  • ជំងឺក្រិនសរសៃឈាម (Atherosclerosis): ជាកន្លែងដែលសរសៃឈាមឡើងក្រាស់ ដោយសារការកកកុញនៃជាតិខ្លាញ់ និងសារធាតុផ្សេងៗទៀតនៅក្នុងសរសៃឈាម
  • លើសឈាម: ដែលអាចបំផ្លាញ និងធ្វើឱ្យជញ្ជាំងសរសៃឈាមអាអកខ្សោយ
  • ជំងឺសរសៃឈាម: ដែលបង្កឱ្យមានការរលាកនៃសរសៃឈាម
  • ការឆ្លងមេរោគបាក់តេរី ឬផ្សិតនៅសរសៃឈាមអាអក: ដែលករណីនេះកម្រនឹងកើតមានណាស់

កត្តាហានិភ័យ

មានកត្តាហានិភ័យជាច្រើនសម្រាប់ជំងឺរីកប៉ោងសរសៃឈាមអាអកក្នុងពោះ រួមមាន៖

  • ការជក់បារី: ជាកត្តាហានិភ័យខ្ពស់បំផុត ព្រោះវាអាចធ្វើឱ្យជញ្ជាំងសរសៃឈាមអាអកខ្សោយ និងបង្កើនហានិភ័យនៃការរីកប៉ោង និងការដាច់ធ្លាយសរសៃឈាម។ វាក៏អាស្រ័យទៅលើចំនួនឆ្នាំដែលអ្នកបានជក់បារី ឬទំពារថ្នាំជក់ផងដែរ។ បុរសដែលជក់បារីញឹកញាប់ដែលមានអាយុចន្លោះពី ៦៥-៧៥ ឆ្នាំ ត្រូវបានណែនាំឱ្យធ្វើការពិនិត្យអេកូសាស្ត្រពោះម្តង ដើម្បីស្វែងរកហានិភ័យនៃជំងឺនេះ
  • អាយុ: ភាគច្រើនត្រូវបានរកឃើញលើមនុស្សដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ
  • ភេទ: ជំងឺរីកប៉ោងសរសៃឈាមអាអកក្នុងពោះ ត្រូវបានរកឃើញលើបុរសច្រើនជាងស្ត្រី
  • ពូជសាសន៍: ជនជាតិស្បែកសមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺនេះ
  • ហ្សែន (តំណពូជ): ការមានសមាជិកគ្រួសារដែលមាន ឬធ្លាប់មានជំងឺរីកប៉ោងសរសៃឈាមអាអកក្នុងពោះ បង្កើនហានិភ័យនៃការកើតជំងឺនេះ
    ក្នុងករណីដែលមានហានិភ័យជំងឺរីកប៉ោងសរសៃឈាមអាអកក្នុងពោះ ការព្យាបាលផ្សេងៗទៀតក៏អាចត្រូវបានណែនាំផងដែរ ដូចជាការប្រើថ្នាំបញ្ចុះសម្ពាធឈាម ដែលជួយកាត់បន្ថយសម្ពាធលើសរសៃឈាមដែលចុះខ្សោយ

 

ការធ្វើរោគវិនិច្ឆ័យ

ក្នុងករណីភាគច្រើន ជំងឺរីកប៉ោងសរសៃឈាមអាអកក្នុងពោះ ត្រូវបានរកឃើញក្នុងអំឡុងពេលពិនិត្យសុខភាពរាងកាយ ឬការធ្វើតេស្តវេជ្ជសាស្ត្រសម្រាប់គោលបំណងផ្សេងទៀត ដូចជាការពិនិត្យអេកូបេះដូង ឬអេកូពោះជាដើម

ការធ្វើរោគវិនិច្ឆ័យនៃជំងឺរីកប៉ោងសរសៃឈាមអាអកក្នុងពោះ ចាប់ផ្តើមពីការពិនិត្យរាងកាយ ការពិនិត្យមើលប្រវត្តិវេជ្ជសាស្ត្រ និងការត្រួតពិនិត្យរកហានិភ័យនៃហ្សែន (តំណពូជ)។ ក្នុងករណីមានការសង្ស័យថាមានការប៉ោងសរសៃឈាមអាអក គ្រូពេទ្យនឹងធ្វើតេស្តរូបភាពវេជ្ជសាស្ត្រ ដើម្បីបញ្ជាក់ពីវត្តមាននៃជំងឺនេះ
តេស្តរោគវិនិច្ឆ័យសម្រាប់ជំងឺរីកប៉ោងសរសៃឈាមអាអកក្នុងពោះ រួមមាន៖

ការពិនិត្យអេកូពោះ (Abdominal ultrasound): ដោយប្រើរលកសំឡេងដើម្បីបង្កើតរូបភាពក្នុងពេលជាក់ស្តែងនៃពោះ រួមទាំងសរសៃឈាមអាអកក្នុងពោះផងដែរ។ អ្នកជំនាញនឹងធ្វើការពិនិត្យអេកូពោះ ដោយសង្កត់តិចៗលើក្បាលម៉ាស៊ីនអេកូ (Transducer) នៅលើតំបន់ពោះ រួចរំកិលវាចុះឡើង

ការថតស្កេនពោះ (Abdominal CT scan): ជាការពិនិត្យមិនមានការឈឺចាប់ឡើយ ដោយវាប្រើកាំរស្មីអ៊ិច (X-rays) ដើម្បីបង្កើតរូបភាពកាត់ទទឹងនៃរចនាសម្ព័ន្ធពោះ ក៏ដូចជារូបភាពច្បាស់ៗនៃសរសៃឈាមអាអក។ ការធ្វើបែបនេះជួយកំណត់ទំហំ និងរូបរាងនៃសរសៃឈាមដែលប៉ោង។ ខណៈពេលដែលគ្រូពេទ្យកំពុងធ្វើការស្កេន CT គ្រូពេទ្យនឹងតម្រូវឱ្យអ្នកគេងនៅលើគ្រែដែលរុញចូលទៅក្នុងម៉ាស៊ីនស្កេន។ គ្រូពេទ្យក៏អាចនឹងចាក់ថ្នាំពណ៌ (Contrast material) ទៅក្នុងសរសៃឈាមវ៉ែន ដើម្បីឱ្យសរសៃឈាមរបស់អ្នកបង្ហាញកាន់តែច្បាស់នៅលើរូបភាព

ការពិនិត្យស្វែងរកជំងឺរីកប៉ោងសរសៃឈាមអាអកក្នុងពោះ

បុរសដែលជក់បារីញឹកញាប់ មានហានិភ័យខ្ពស់នៃជំងឺរីកប៉ោងសរសៃឈាមអាអកក្នុងពោះ។ ការពិនិត្យស្វែងរកជំងឺនេះ ជាទូទៅត្រូវបានណែនាំសម្រាប់ក្រុមមនុស្សដូចខាងក្រោម៖

  • ការពិនិត្យស្វែងរកម្តង ដោយប្រើអេកូពោះ សម្រាប់បុរសដែលមានអាយុចន្លោះពី ៦៥ ដល់ ៧៥ ឆ្នាំ ដែលមានប្រវត្តិជក់បារី
  • បុរសអាយុ ៦៥ ដល់ ៧៥ ឆ្នាំ ដែលមិនធ្លាប់ជក់បារី ប៉ុន្តែមានកត្តាហានិភ័យ ដូចជាមានសមាជិកគ្រួសារដែលមានប្រវត្តិធ្លាប់មានជំងឺប៉ោងសរសៃឈាម។

ចំពោះស្ត្រីដែលមានអាយុចន្លោះពី ៦៥ ដល់ ៧៥ ឆ្នាំ ដែលមានប្រវត្តិជក់បារី ឬមានប្រវត្តិគ្រួសារមានជំងឺរីកប៉ោងសរសៃឈាមអាអកក្នុងពោះ មិនទាន់មានការបញ្ជាក់ច្បាស់ថាតើត្រូវទទួលការពិនិត្យស្វែងរកជំងឺនេះដែរឬទេ។ ទោះជាយ៉ាងណាក៏ដោយ ការពិនិត្យស្វែងរកជំងឺនេះគឺមិនចាំបាច់សម្រាប់ស្ត្រីដែលមិនជក់បារីនោះទេ

ការព្យាបាល

ជំងឺរីកប៉ោងសរសៃឈាមអាអកក្នុងពោះ ត្រូវបានព្យាបាលក្នុងគោលបំណងការពារកុំឱ្យមានការធ្លាយ ឬបែកសរសៃឈាម តាមរយៈការតាមដានយ៉ាងយកចិត្តទុកដាក់ និងការវះកាត់។ គ្រូពេទ្យនឹងជ្រើសរើសវិធីសាស្ត្រព្យាបាលដោយផ្អែកលើ ទំហំនៃការប៉ោង ការវិវត្តនៃជំងឺ និងទីតាំងរបស់វា

ការតាមដានផ្នែកវេជ្ជសាស្ត្រ

ការតាមដានផ្នែកវេជ្ជសាស្ត្រ ភាគច្រើនត្រូវបានប្រើសម្រាប់អ្នកជំងឺដែលមានការរីកប៉ោងកម្រិតតូច និងមិនទាន់មានរោគសញ្ញា។ ក្នុងដំណើរការនេះ គ្រូពេទ្យនឹងធ្វើការពិនិត្យសុខភាព និងធ្វើតេស្តរូបភាពវេជ្ជសាស្ត្រឱ្យបានទៀងទាត់ ដើម្បីតាមដានការវិវត្តនៃជំងឺ ក៏ដូចជាកត្តារួមផ្សំផ្សេងៗ ដូចជាជំងឺលើសឈាមជាដើម

បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យបានបញ្ចប់ ការធ្វើអេកូពោះយ៉ាងហោចណាស់រៀងរាល់ ៦ ខែម្តង រួមជាមួយការណាត់ជួបតាមដានឱ្យបានទៀងទាត់ គឺជាការណែនាំទូទៅសម្រាប់អ្នកដែលមានការរីកប៉ោងសរសៃឈាមអាអកក្នុងពោះកម្រិតតូច និងមិនមានរោគសញ្ញាអ្វី

ការវះកាត់

ចំពោះអ្នកដែលមានការរីកប៉ោងសរសៃឈាមអាអកក្នុងពោះ ដែលមានទំហំយ៉ាងតិច ៥.០ អ៊ីញ (សម្រាប់ស្ត្រី) និង ៥.៥ អ៊ីញ (សម្រាប់បុរស) គ្រូពេទ្យនឹងណែនាំឱ្យធ្វើការវះកាត់ដើម្បីព្យាបាល។
ការវះកាត់ជួសជុលសរសៃឈាមអាអកក្នុងពោះ ក៏អាចត្រូវបានណែនាំផងដែរចំពោះអ្នកដែលកំពុងមានរោគសញ្ញាដូចជា ឈឺពោះ ឬមានការលេចជ្រាបសរសៃឈាម ឬសរសៃឈាមដែលប៉ោងនោះមានសភាពទន់ជ្រាយ ឬបង្កការឈឺចាប់។ ទំហំ ទីតាំង និងសុខភាពទូទៅរបស់អ្នកជំងឺ គឺជាកត្តាសំខាន់ក្នុងការជ្រើសរើសជម្រើសវះកាត់ដែលសមស្រប
ជម្រើសនៃការវះកាត់ជំងឺរីកប៉ោងសរសៃឈាមអាអកក្នុងពោះ រួមមាន៖

  • ការវះកាត់តសរសៃឈាមតាមរន្ធតូចតាមរយៈសរសៃឈាម (Endovascular aneurysm repair – EVAR): គឺជាវិធីសាស្ត្រវះកាត់ដែលមានមុខរបួសតូចបំផុត ដែលអាចធ្វើបានដោយការបញ្ចូលបំពង់សំណាញ់ដែក (Graft) ទៅក្នុងកន្លែងដែលប៉ោង តាមរយៈសរសៃឈាមនៅក្រលៀន ដោយប្រើកាំរស្មីអ៊ិចដើម្បីនាំផ្លូវបំពង់នោះទៅកាន់ទីតាំងដែលត្រឹមត្រូវ បំពង់សំណាញ់នឹងត្រូវបានពង្រីក និងភ្ជាប់នៅនឹងកន្លែង ដើម្បីពង្រឹងផ្នែកដែលខូចខាតនៃសរសៃឈាមអាអក និងការពារកុំឱ្យវាបែក។ ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់ករណីនៃជំងឺរីកប៉ោងសរសៃឈាមអាអកក្នុងពោះ សុទ្ធតែអាចព្យាបាលតាមវិធី EVAR នេះបានទេ
    អ្នកជំងឺតម្រូវឱ្យធ្វើតេស្តរូបភាពវេជ្ជសាស្ត្រម្តងម្កាល បន្ទាប់ពីការវះកាត់តាមវិធីនេះ ដើម្បីប្រាកដថាគ្មានការលេចជ្រាបនៅតំបន់ដែលបានតភ្ជាប់នោះទេ
  • ការវះកាត់បើកពោះ (Open abdominal surgery): គឺជាវិធីសាស្ត្រដែលត្រូវកាត់យកផ្នែកនៃសរសៃឈាមអាអកដែលចុះខ្សោយចេញ ហើយជំនួសវិញដោយបំពង់សរសៃឈាមសិប្បនិម្មិត (Graft)។ អ្នកជំងឺដែលទទួលការវះកាត់ប្រភេទនេះ ជាទូទៅនឹងអាចជាសះស្បើយពេញលេញក្នុងរយៈពេលយ៉ាងតិចមួយខែ

ទាំងការវះកាត់តាមរយៈសរសៃឈាម (EVAR) និងការវះកាត់បើកពោះ សុទ្ធតែផ្តល់នូវអត្រារស់រានមានជីវិតក្នុងរយៈពេលវែងប្រហាក់ប្រហែលគ្នា

Doctors who treat this condition