ទិដ្ឋភាពទូទៅ

សរសៃពួរកជើង គឺជាជាលិកាភ្ជាប់ដែលមានសរសៃស្វិតរឹងមាំរបស់សាច់ដុំ ដែលភ្ជាប់កំភួនជើងទៅនឹងឆ្អឹងកជើង។ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការចលនាប្រអប់ជើងស្ទើរតែទាំងអស់ ដូចជាការសង្កត់ជើងចុះ ការងើបខ្លួនឡើងដោយប្រើចុងជើង និងការទាញប្រអប់ជើងនៅពេលដើរ។
នៅពេលអ្នកមានរបួសនៅផ្នែកខាងក្រោយនៃជើងខាងក្រោម ដោយសារការលេងកីឡា ឬសកម្មភាពផ្សេងៗ វាអាចបណ្តាលឱ្យមានការដាច់ ឬរហែកសរសៃពួរកជើង ទាំងផ្នែកខ្លះ ឬដាច់ទាំងស្រុងតែម្តង។ ស្ថានភាពនេះត្រូវបានគេហៅថា ការដាច់សរសៃពួរកជើង។

រោគសញ្ញា

ការដាច់សរសៃពួរកជើង ជួនកាលអាចមិនចេញរោគសញ្ញាភ្លាមៗនោះទេ ប៉ុន្តែជារួមរោគសញ្ញាខាងក្រោមនេះតែងតែកើតមានឡើង៖

  • មានឮសូរ “ផុក” (Popping sound) នៅពេលរងរបួស
  • មិនអាចបត់ប្រអប់ជើងចុះក្រោម ឬមិនអាចប្រើជើងដែលរងរបួសដើម្បីធាក់ជំហានទៅមុខនៅពេលដើរ
  • មានអារម្មណ៍ដូចជាមានគេទាត់ចំកំភួនជើង
  • មានស្នាមជាំនៅផ្នែកខាងក្រោយនៃជើងខាងក្រោម
  • មិនអាចឈរដោយប្រើចុងជើងខាងដែលរងរបួសបាន
  • ឈឺចាប់ខ្លាំងភ្លាមៗ និងហើមនៅតំបន់កជើងដែលរងរបួស

ប្រសិនបើអ្នកឮសូរ “ផុក” នៅតំបន់កជើង ឬអ្នកស្ទើរតែមិនអាចដើរបានបន្ទាប់ពីរងរបួស អ្នកត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសកីឡា ឬគ្រូពេទ្យឯកទេសឆ្អឹង និងសន្លាក់ជាបន្ទាន់។

មូលហេតុ

កម្លាំងសង្កត់យ៉ាងខ្លាំងទៅលើតំបន់ប្រអប់ជើង អាចបណ្តាលឱ្យ ដាច់សរសៃពួរកជើង។ ដំណើរនៃការព្យាបាលជាសះស្បើយជារឿយៗមានសភាពយឺតយ៉ាវ ដោយសារតំបន់នេះមានការផ្គត់ផ្គង់ឈាមមិនសូវច្រើន។ មូលហេតុទូទៅបំផុតរួមមាន៖

  • ការធ្លាក់ពីលើទីខ្ពស់
  • ការលេងកីឡាដែលប្រើកម្លាំងខ្លាំង និងមានការលោតច្រើន
  • ការជាន់ជើងខុសបច្ចេកទេស ឬធ្លាក់ក្នុងរណ្តៅ

កត្តាហានិភ័យ

កត្តាដែលអាចនាំឱ្យអ្នកងាយនឹងដាច់សរសៃពួរកជើង រួមមាន៖

  • ភេទ៖ បុរសងាយនឹងដាច់សរសៃពួរកជើងជាងស្ត្រី
  • អាយុ៖ កើតមានញឹកញាប់ចំពោះមនុស្សអាយុចន្លោះពី ៣០ ទៅ ៤០ ឆ្នាំ
  • ភាពធាត់៖ ទម្ងន់លើសធ្វើឱ្យសរសៃពួរត្រូវទ្រកម្លាំងសង្កត់កាន់តែខ្លាំង
  • កីឡា៖ ការលេងកីឡាដែលមានការរត់ លោត និងប្តូរទិសដៅភ្លាមៗ (បាល់ទាត់ វាយសី បាល់បោះ)
  • ការប្រើប្រាស់ថ្នាំ៖ ការចាក់ថ្នាំស្តេរ៉ូអ៊ីត ឬការប្រើថ្នាំផ្សះប្រភេទ Fluoroquinolones អាចធ្វើឱ្យកម្លាំងសរសៃពួរចុះខ្សោយ និងងាយនឹងដាច់

ការធ្វើរោគវិនិច្ឆ័យ

គ្រូពេទ្យនឹងធ្វើការពិនិត្យរាងកាយ ដើម្បីស្វែងរកចន្លោះប្រហោងក្នុងសរសៃពួរ ការហើម និងភាពឈឺចាប់ ដែលសញ្ញាទាំងនេះអាចបញ្ជាក់ពី ការដាច់សរសៃពួរកជើង។ អ្នកក៏នឹងត្រូវបានតម្រូវឱ្យធ្វើចលនា និងដាក់ជើងក្នុងទម្រង់ជាក់លាក់ណាមួយ ដើម្បីពិនិត្យមើលការឆ្លើយតបនៃសរសៃប្រសាទ (Reflexes) ផងដែរ។
គ្រូពេទ្យក៏អាចណែនាំឱ្យធ្វើការថតអេកូ ឬថត MRI ដើម្បីពិនិត្យមើលថាតើសរសៃពួររបស់អ្នកដាច់ខ្លះ ឬដាច់ទាំងស្រុង។

ការព្យាបាល

ជាទូទៅ មនុស្សចាស់ច្រើនតែជ្រើសរើសការព្យាបាលដែលមិនតម្រូវឱ្យមានការវះកាត់។ ដោយឡែកសម្រាប់មនុស្សវ័យក្មេង ក៏ដូចជាអ្នកដែលចូលចិត្តហាត់ប្រាណខ្លាំង និងអ្នកដែលរងរបួសធ្ងន់ធ្ងរ វិធីសាស្ត្រព្យាបាលច្រើនតែតម្រូវឱ្យមានការវះកាត់។

វិធីសាស្ត្រមិនវះកាត់ (Nonsurgical Approach)

បច្ចេកទេសខាងក្រោមនេះអាចជួយបាន៖

  • សម្រាកជើងដែលរងរបួសរយៈពេលពីរបីសប្តាហ៍
  • លើកជើងឱ្យខ្ពស់ ដើម្បីកាត់បន្ថយការហើម
  • ស្អំទឹកកក (Cold compression)
  • ប្រើថ្នាំបំបាត់ការឈឺចាប់ដែលលក់តាមឱសថស្ថាន
  • ប្រើឧបករណ៍ជំនួយក្នុងការដើរ ដូចជាឈើច្រត់ ស្បែកជើងកវែងសម្រាប់ដើរ (Heel walking boot) ដែលជួយឱ្យចុងជើងចង្អុលចុះក្រោម ឬរុំម្សៅដើម្បីឱ្យសរសៃពួរបានសម្រាក

ទោះបីជាវិធីសាស្ត្រមិនវះកាត់អាចជួយបានក៏ពិតមែន ប៉ុន្តែការដាច់សរសៃពួរកជើងអាចកើតឡើងវិញ ហើយត្រូវការពេលវេលាយូរដើម្បីជាសះស្បើយ។

ការវះកាត់

ការវះកាត់ខ្នាតតូច (Minimally invasive surgery) អាចធ្វើឡើងដើម្បីជួសជុលសរសៃពួរកជើងដែលដាច់។ វិធីសាស្ត្រវះកាត់នេះ រួមមានការវះមុខរបួសតូចមួយនៅផ្នែកខាងក្រោយនៃជើងខាងក្រោម ដើម្បីចូលទៅជួសជុលសរសៃពួរដែលដាច់នោះ។

ការស្តារនីតិសម្បទា

ការព្យាបាលដោយចលនា អាចធ្វើឡើងបន្ទាប់ពីការព្យាបាលដោយវះកាត់ ឬមិនវះកាត់ ដើម្បីឱ្យសាច់ដុំមានកម្លាំង និងមានស្ថេរភាពឡើងវិញ។ ជាធម្មតា វានឹងត្រឡប់មកសភាពធម្មតាវិញក្នុងរយៈពេលពី ៤ ទៅ ៦ ខែ ទោះបីជាក្នុងករណីខ្លះ រោគសញ្ញា និងការឈឺចាប់អាចអូសបន្លាយរហូតដល់មួយឆ្នាំក៏ដោយ។ ការព្យាបាលដោយចលនាបែបមុខងារ គឺជាប្រភេទនៃការស្តារនីតិសម្បទា ដែលបង្វឹកឱ្យរាងកាយមានការសម្របសម្រួល និងធ្វើចលនាឡើងវិញ ដើម្បីឱ្យការដើរបានដូចធម្មតា។

 

Doctors who treat this condition