ជំងឺប្រព័ន្ធរំលាយអាហារធ្វើការខុសប្រក្រតី
ទិដ្ឋភាពទូទៅ
ជំងឺប្រព័ន្ធរំលាយអាហារធ្វើការខុសប្រក្រតីដែលត្រូវបានគេហៅថា nonulcer dyspepsia គឺជាបញ្ហាដែលជួបញឹកញាប់បំផុតរួមមាន ការឈឺក្រពះដែលកើតឡើងដដែលៗដោយគ្មានមូលហេតុ។ បុគ្គលដែលមានជំងឺនេះជួបប្រទះនូវរោគសញ្ញាមិនទៀងទាត់ដែលស្រដៀងទៅនឹងដំបៅ ដូចជាការឈឺចាប់ ឬមិនស្រួលនៅក្នុងពោះផ្នែកខាងលើ ហើមពោះ ភើ និងចង្អោរ។ ទោះបីជាជំងឺប្រព័ន្ធរំលាយអាហារធ្វើការខុសប្រក្រតីគឺជាស្ថានភាពទូទៅ និងកើតឡើងដដែលៗ ប៉ុន្ដែរោគសញ្ញារបស់វាមិនកើតឡើងជាបន្តបន្ទាប់នោះទេ
រោគសញ្ញា
សញ្ញានិងរោគសញ្ញានៃជំងឺប្រព័ន្ធរំលាយអាហារធ្វើការខុសប្រក្រតីអាចរួមបញ្ចូល:
- បន្ទាប់ពីបរិភោគអាហាររួច មានការហើមពោះ ភើខ្លាំង ចង្អោរ ឬឈឺ ឬក្រហាយក្នុងក្រពះ
- មានអារម្មណ៍ឆាប់ឆ្អែតនៅពេលបរិភោគអាហារ
- ការឈឺចាប់ក្នុងក្រពះធូរស្រាលបន្ទាប់ពីបរិភោគអាហារ ឬរោគសញ្ញាដែលមិនទាក់ទងនឹងអាហារ
ធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកមានរោគសញ្ញាបែបនេះជាប់រហូតដល់ធ្វើឱ្យអ្នកព្រួយបារម្ភ
ស្វែងរកការព្យាបាលភ្លាមៗ ប្រសិនបើអ្នកមានរោគសញ្ញា៖
- លាមកមានពណ៌ខ្មៅហើយស្អិត
- ក្អួតមានឈាម
- ពិបាកដកដង្ហើម
- ឈឺថ្គាម ឈឺក ឬឈឺដៃ
- ស្រកទម្ងន់ដោយគ្មានមូលហេតុ
មូលហេតុ
មូលហេតុពិតប្រាកដរបស់ជំងឺប្រព័ន្ធរំលាយអាហារធ្វើការខុសប្រក្រតីនៅតែមិនទាន់រកឃើញនៅឡើយទេ។ វេជ្ជបណ្ឌិតចាត់ទុកវាជាជំងឺមុខងារធ្វើការខុសប្រក្រតី មានន័យថា វាមិនអាចត្រូវបានភ្ជាប់ទៅនឹងលក្ខខណ្ឌវេជ្ជសាស្ត្រជាក់លាក់ណាមួយឡើយ។ ជាលទ្ធផល សម្រាប់ហេតុផលនេះ ការធ្វើតេស្តស្តង់ដារផ្សេងៗជារឿយៗមិនអាចកំណត់អត្តសញ្ញាណបញ្ហាមូលដ្ឋានណាមួយបានទេ ហើយការធ្វើរោគវិនិច្ឆ័យគឺភាគច្រើនផ្អែកលើរោគសញ្ញារបស់អ្នកជំងឺ
កត្តាហានិភ័យ
កត្តាជាច្រើនអាចបង្កើនហានិភ័យការវិវត្តទៅជាជំងឺប្រព័ន្ធរំលាយអាហារធ្វើការខុសប្រក្រតី។ កត្តាទាំងនោះរួមមានៈ
- មានភេទស្រី
- មានជំងឺធ្លាក់ទឹកចិត្តឬជំងឺថប់បារម្ភ
- មានប្រវត្តិរងការបំពានផ្លូវកាយ ឬផ្លូវភេទពីកុមារ
- ឆ្លងមេរោគ Helicobacter pylori
- ជក់បារី
- ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់តាមឱសថស្ថានដោយគ្មានវេជ្ជបញ្ជា ដូចជា អ៊ីប៊ុយប្រូហ្វេន និងអាស្ពីរីន ដែលអាចបណ្តាលឱ្យមានបញ្ហាក្រពះពោះវៀន
ការធ្វើរោគវិនិច្ឆ័យ
វេជ្ជបណ្ឌិតរបស់អ្នកអាចវាយតម្លៃរោគសញ្ញារបស់អ្នក និងធ្វើការពិនិត្យរាងកាយ អាចមានការធ្វើតេស្តផ្សេងៗដើម្បីកំណត់ពីមូលហេតុភាពមិនស្រួលខ្លួនរបស់អ្នក និងធ្វើការបែងចែកជំងឺផ្សេងៗទៀតចេញ។ ការវាយតម្លៃទាំងនេះអាចរួមមាន៖
- ការធ្វើតេស្តឈាម ការធ្វើតេស្តឈាមអាចជួយបែងចែកជំងឺផ្សេងទៀតដែលអាចមានរោគសញ្ញាស្រដៀងគ្នាទៅនឹងជំងឺប្រព័ន្ធរំលាយអាហារធ្វើការខុសប្រក្រតី
- ការធ្វើតេស្តមើលបាក់តេរី បាក់តេរី Helicobacter pylori (H. pylori) ត្រូវបានគេស្គាល់ថាបាក់តេរីបង្កបញ្ហាក្រពះ។ ការធ្វើតេស្តរក H. pylori អាចរួមបញ្ចូលជាមួយការយកសំណាកលាមក ការវិភាគសំណាកដង្ហើម ឬយកសំណាកជាលិកាពីក្រពះអំឡុងពេលឆ្លុះប្រព័ន្ធរំលាយអាហារ
- ការឆ្លុះប្រព័ន្ធរំលាយអាហារ វេជ្ជបណ្ឌិតនិងធ្វើការបញ្ចូលបំពង់អង់ដូស្កុប (Endoscopy) ដែលជាបំពង់ឯកទេសដែលបំពាក់ដោយកញ្ចក់កាមេរ៉ា និងពន្លឺ ចូលតាមបំពង់ក ដើម្បីមើលបំពង់អាហារ ក្រពះ និងផ្នែកខាងលើនៃពោះវៀនតូច។ នីតិវិធីនេះអាចជួយឱ្យវេជ្ជបណ្ឌិតប្រមូលសំណាកជាលិកាសម្រាប់យកទៅពិនិត្យ គោលបំណងរកមើលសញ្ញាណាមួយនៃការឆ្លង ឬការរលាក
ក្នុងករណីខ្លះអាចត្រូវការ ការធ្វើតេស្តបន្ថែម ដើម្បីវាយតម្លៃសមត្ថភាពក្រពះក្នុងការបណ្តេញកាកសំណល់ចេញពីរាងកាយ
ការព្យាបាល
ជំងឺប្រព័ន្ធរំលាយអាហារធ្វើការខុសប្រក្រតីដែលមិនប្រសើរឡើងជាមួយនឹងការផ្លាស់ប្តូររបៀបរស់នៅអាចត្រូវការការព្យាបាល។ ផែនការនៃការព្យាបាលត្រូវបានកែសម្រួលទៅតាមរោគសញ្ញាបុគ្គលម្នាក់ៗ ហើយអាចរួមបញ្ចូលការផ្សំថ្នាំ និងវិធីព្យាបាលអាកប្បកិរិយា
ថ្នាំ
ថ្នាំជាច្រើនអាចជួយក្នុងការកាត់បន្ថយរោគសញ្ញាដែលទាក់ទងនឹងជំងឺប្រព័ន្ធរំលាយអាហារធ្វើការខុសប្រក្រតី។ ថ្នាំទាំងនេះរួមមាន៖
- ថ្នាំប្រឆាំងនឹងការចង្អោរ ថ្នាំទាំងនេះដែលត្រូវបានគេស្គាល់ថាជាថ្នាំប្រឆាំងនឹងមេរោគ អាចមានប្រយោជន៍ប្រសិនបើអ្នកមាន អាការចង្អោរឬចង់ក្អួតបន្ទាប់ពីបរិភោគរួច។ ឧទាហរណ៏រួមមាន ថ្នាំ promethazine, prochlorperazine និង meclizine
- ថ្នាំបំបាត់ការហើមពោះ សារធាតុផ្សំមួយឈ្មោះថា simethicone អាចជួយបន្ថយរោគសញ្ញាដោយកាត់បន្ថយឧស្ម័នក្នុងពោះវៀន។ ឧទាហរណ៍នៃថ្នាំកាត់បន្ថយជាតិឧស្ម័នដែលមានផ្ទុកសារធាតុ simethicone រួមមាន Mylanta និង Gas-X
- ថ្នាំបន្ថយជាតិអាស៊ីត ថ្នាំទាំងនេះដែលត្រូវបានគេស្គាល់ថាជា H-2 receptor blockers មានលក់នៅតាមឱសថស្ថាន។ ពួកវារួមមានថ្នាំ cimetidine, famotidine និង nizatidine ។ ប្រភេទថ្នាំដែលមានអានុភាពកាន់តែខ្លាំងជាងនៃឱសថទាំងនេះក៏អាចរកបានតាមឱសថស្ថានផងដែរដោយចាំបាច់ត្រូវមានវេជ្ជបញ្ជា
- សារធាតុទប់ស្កាត់ការបូមបញ្ចេញប្រូតុង (PPIs) ថ្នាំនេះមានប្រសិទ្ធភាពដោយការទប់ស្កាត់សកម្មភាពនៃអាស៊ីត “បូមបញ្ចេញ” នៅក្នុងកោសិកាដែលបញ្ចេញអាស៊ីតក្រពះ រួមមានថ្នាំ lansoprazole, omeprazole និង esomeprazole ។ លើសពីនេះ ថ្នាំទប់ស្កាត់ការបូមប្រូតុង អាចរកបានតាមឱសថស្ថានដោយចាំបាច់ត្រូវមានវេជ្ជបញ្ជា
- ថ្នាំ Prokinetics ថ្នាំទាំងនេះជួយឱ្យក្រពះទទេលឿនជាងមុន និងរឹតបន្តឹងសន្ទះបិទបើករវាងក្រពះ និងបំពង់អាហារ ដូច្នេះបំបាត់ការឈឺពោះផ្នែកខាងលើ
- ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តកម្រិតទាប វេជ្ជបណ្ឌិតរបស់អ្នកអាចចេញវេជ្ជបញ្ជាថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តកម្រិតទាប tricyclic និង Selective Serotonin Reuptake Inhibitors (SSRIs)។ ថ្នាំទាំងនេះអាចរារាំងសកម្មភាពនៃកោសិកាសរសៃប្រសាទដែលគ្រប់គ្រងការឈឺចាប់ពោះវៀន
- ថ្នាំអង់ទីប៊ីយោទិច ប្រសិនបើការធ្វើតេស្តរកឃើញបាក់តេរី H. pylori នៅក្នុងក្រពះរបស់អ្នក វេជ្ជបណ្ឌិតអាចណែនាំអ្នកឱ្យប្រើថ្នាំអង់ទីប៊ីយោទិចបន្ថែមពីលើថ្នាំបន្ថយជាតិអាស៊ីត
ការព្យាបាលអាកប្បកិរិយា
ការពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់ ឬអ្នកព្យាបាលអាកប្បកិរិយាអាចជួយបន្ថយរោគសញ្ញាដែលមិនឆ្លើយតបជាមួយនឹងថ្នាំ។ ពួកគេអាចបង្រៀនអ្នកពីបច្ចេកទេសសម្រាករាងកាយ ដើម្បីជួយគ្រប់គ្រងរោគសញ្ញារបស់អ្នក និងផ្តល់នូវយុទ្ធសាស្ត្រកាត់បន្ថយភាពតានតឹង ដើម្បីដោះស្រាយជាមួយពួកគេប្រកបដោយប្រសិទ្ធភាព
