
ទិដ្ឋភាពទូទៅ
ក្រពះគឺជាផ្នែកមួយនៃប្រព័ន្ធរំលាយអាហារ ដែលមានមុខងារផ្ទុកអាហារជាបណ្ដោះអាសន្ន និងរំលាយអាហារ។ វាស្ថិតនៅចំកណ្តាលនៅផ្នែកខាងលើពោះខាងឆ្វេង និងក្រោមឆ្អឹងជំនី
មហារីកក្រពះ ឬមហារីកក្នុងក្រពះ កើតឡើងនៅពេលកោសិកាក្រពះមានការផ្លាស់ប្ដូរខុសប្លែក និងពង្រីកខ្លួនយ៉ាងឆាប់រហ័ស រហូតក្លាយទៅជាកោសិកាខុសប្រក្រតី។ បន្ទាប់មកកោសិកាទាំងនេះនិងក្លាយទៅជាដុំសាច់ដែលអាចបំផ្លាញជាលិកាជុំវិញនោះ។ មហារីកក្រពះអាចកើតមាននៅគ្រប់ផ្នែកនៅក្នុងក្រពះទាំងមូល
រោគសញ្ញា
រោគសញ្ញានិងសញ្ញាដែលអាចបង្ហាញថាមានមហារីកក្រពះ រួមមាន៖
- មានអារម្មណ៍ថាហើមពោះបន្ទាប់ពីបរិភោគអាហារ
- មានអារម្មណ៍ឆ្អែតបន្ទាប់ពីបរិភោគអាហារតិចតួច
- ចង្អោរនិងក្អួត
- ស្រកទម្ងន់ខ្លួនដោយមិនដឹងមូលហេតុ
បើអ្នកមានរោគសញ្ញាទាំងនេះ សូមទៅពិនិត្យជាមួយវេជ្ជបណ្ឌិត
កត្តាហានិភ័យ
កត្តាដែលអាចបង្កើតហានិភ័យនៃមហារីកក្រពះ មានដូចជា៖
- ជក់បារី
- លើសទម្ងន់
- បរិភោគអាហារដែលមានជាតិកាកសរសៃទាប
- បរិភោគអាហារដែលមានរសជាតិប្រៃ អាហារចំអិនដោយការអាំងឬដុតជាញឹកញាប់
- ជំងឺច្រាលជាតិអាស៊ីត (GERD)
- មានប្រវត្តិគ្រួសារដែលមានជំងឺមហារីកក្រពះ
- ឆ្លងបាក់តេរី Helicobacter pylori
- រលាកក្រពះរ៉ាំរ៉ៃ (Gastritis)
- មានទងសាច់ក្នុងក្រពះ
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើតេស្តខាងក្រោមនេះអាចធ្វើឡើងដើម្បីធ្វើរោគវិនិច្ឆ័យមហារីកក្រពះ៖
- ការសុងក្រពះ (Upper endoscopy) (ត្រូវបានគេស្គាល់ថាជា esophagogastroduodenoscopy ឬ EGD) ការធ្វើរោគវិនិច្ឆ័យដោយប្រើបំពង់ស្តើងដែលអាចបត់បែនបានភ្ជាប់ទៅនឹងកាមេរ៉ាតូចមួយដែលនឹងត្រូវបានបញ្ចូលទៅក្នុងមាត់អ្នកជំងឺឆ្លងកាត់បំពង់អាហារដើម្បីពិនិត្យរកមើលសញ្ញាណាមួយនៃជំងឺមហារីក
- ការធ្វើកោសល្យវិច័យ (Biopsy) គឺជាដំណើរការនៃការយកសំណាករបស់ជាលិកាក្រពះទៅពិនិត្យនៅក្រោមមីក្រូទស្សន៍ ដើម្បីពិនិត្យរកជំងឺមហារីក ដែលជាទូទៅធ្វើឡើងក្នុងអំឡុងពេលសុងក្រពះ
- ការធ្វើតេស្តដោយរូបភាព ការស្កេនកាំរស្មីតាមកុំព្យូទ័រ (CT) និងការលេបបារីយ៉ូម (barium swallow) អាចប្រើដើម្បីរកឃើញមហារីកក្រពះ
ដំណាក់កាលនៃមហារីកក្រពះ
ដំណាក់កាលមហារីកក្រពះអាចត្រូវបានកំណត់ដោយប្រើតេស្តខាងក្រោម៖
- ការធ្វើតេស្តឈាម ការធ្វើតេស្តឈាមអាចត្រូវបានប្រើដើម្បីពិនិត្យមើលមុខងារនៃសរីរាង្គផ្សេងៗ ប្រសិនបើសរីរាង្គទាំងនោះត្រូវបានបំផ្លាញដោយជំងឺមហារីក ដូចជា ថ្លើម
- Endoscopic ultrasound (EUS) បំពង់តូចមួយដែលមានកាមេរ៉ាត្រូវបានបញ្ចូលទៅក្នុងបំពង់កចុះទៅក្រពះ បន្ទាប់មកប្រើអ៊ុលត្រាសោនពិសេស ដើម្បីមើលរូបភាពនៃរចនាសម្ព័ន្ធរបស់វានៅខាងក្នុងក្រពះ។ ការធ្វើតេស្តនេះអាចបង្ហាញថាមហារីកបានជ្រាបចូលជញ្ជាំងក្រពះឬអត់
- ការធ្វើតេស្តដោយរូបភាព ការស្កេនកាំរស្មីតាមកុំព្យូទ័រ (CT) និងការស្កេនរូបភាពអនុភាពប៉ូស៊ីតរ៉ុនបំភាយ (PET) អាចត្រូវបានណែនាំ
- ការវះកាត់ដើម្បីស្រាវជ្រាវ ការវះកាត់នេះអាចត្រូវបានធ្វើដោយ laparoscopically (រាតត្បាតតិចតួចបំផុត) ដោយប្រើកាមេរ៉ាពិសេសសុងបញ្ចូលទៅក្នុងពោះ។ បន្ទាប់មកកាមេរ៉ាធ្វើការរុករកនៅបរិវេនទ្រូង និងពោះ ដើម្បីពិនិត្យមើលថាតើមហារីកបានរីករាលដាលដែរឬទេ ហើយបញ្ជូនរូបភាពទៅកាន់ម៉ូនីទ័រនៅអំឡុងពេលវះកាត់
មហារីកក្រពះអាចត្រូវបានកំណត់ពី 0 ដល់ IV ។ លេខទាបបំផុតបង្ហាញថា មហារីកមានទំហំតូច ហើយស្ថិតនៅក្នុងស្រទាប់ខាងក្នុងនៃក្រពះប៉ុណ្ណោះ។ ប្រសិនបើវាឈានដល់ដំណាក់កាលទី IV វាមានន័យថាមហារីកបានរីករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ
ការព្យាបាល
ការវះកាត់
ការវះកាត់មិនត្រឹមតែយកចេញនូវដុំមហារីកក្នុងក្រពះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចេញនូវជាលិកាដែលមានសុខភាពល្អមួយចំនួនជុំវិញនោះផងដែរ។ បច្ចេកទេសខាងក្រោមដែលអាចត្រូវបានធ្វើ៖
- ការវះកាត់យកភ្នាសក្រពះដោយអង់ដូស្កូប (EMR) ការឆ្លុះប្រព័ន្ធរំលាយអាហារ (ឧ. ការវះកាត់ភ្នាសខាងក្នុងនៃក្រពះដោយកាមេរ៉ា) អាចប្រើដើម្បីបញ្ចូលឧបករណ៍វះកាត់ និងយកដុំមហារីកដែលមានទំហំតូចនៅត្រឹមតែស្រទាប់ខាងក្នុងនៃក្រពះក្នុងដំណាក់កាលដំបូង
- ការវះកាត់ក្រពះបែបសរុប នីតិវិធីនេះវះយកតែផ្នែកខ្លះនៃក្រពះដែលមានការខូចខាត។ ជាទូទៅវាត្រូវបានធ្វើឡើងប្រសិនបើផ្នែកនៃក្រពះដែលរងផលប៉ះពាល់ដោយជំងឺមហារីកនៅជិតពោះវៀនតូច
- ការវះកាត់ក្រពះទាំងមូល នីតិវិធីនេះធ្វើក្នុងករណីដែលក្រពះទទួលផលប៉ះពាល់ទាំងស្រុងដោយជំងឺមហារីក និងផ្នែកខ្លះនៃកន្លែងតរវាងបំពង់អាហារនិងក្រពះ។ ការវះកាត់នេះនិងនាំយកក្រពះទាំងមូល និងជាលិកាមួយចំនួននៅជុំវិញវាចេញ។ បន្ទាប់មក បំពង់អាហារនឹងត្រូវបានដេរភ្ជាប់ទៅនឹងពោះវៀនតូច ដើម្បីអនុញ្ញាតឱ្យអាហារអាចឆ្លងកាត់បាន
- វះកាត់យកកូនកណ្តុរចេញ ដើម្បីពិនិត្យរកមហារីក កូនកណ្តុរអាចត្រូវបានវះយកចេញដើម្បីស្វែងរកជំងឺមហារីក
- ការវះកាត់ដើម្បីកាត់បន្ថយរោគសញ្ញា នៅក្នុងជំងឺមហារីកក្រពះដំណាក់កាលចុងក្រោយ ការវះកាត់នេះអាចត្រូវបានធ្វើឡើងដោយយកផ្នែកខ្លះនៃក្រពះចេញ ដើម្បីកាត់បន្ថយរោគសញ្ញា
ការព្យាបាលដោយប្រើគីមី
ការព្យាបាលដោយគីមីគឺជាថ្នាំដែលត្រូវលេបតាមមាត់ ឬចាក់តាមសរសៃវ៉ែនដើម្បីសម្លាប់កោសិកាមហារីក។ វាគឺជាជម្រើសសម្រាប់ជំងឺមហារីកដែលបានរីករាលដាលហើយ (រីករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ)
ការព្យាបាលដោយការបាញ់កាំរស្មី
ការព្យាបាលនេះប្រើកាំរស្មីថាមពលខ្ពស់ដូចជាកាំរស្មីអ៊ិច និងប្រូតុង ឬដោយការដាក់សារធាតុវិទ្យុសកម្មនៅខាងក្នុងរាងកាយនៅជិតតំបន់មហារីក ដើម្បីសម្លាប់កោសិកាមហារីក
ការព្យាបាលដោយថ្នាំគោលដៅ
ការព្យាបាលដោយថ្នាំគោលដៅ (Targeted Therapy) គឺជាថ្នាំសម្រាប់ព្យាបាលជំងឺមហារីក ដែលត្រូវបានបង្កើតឡើងដើម្បីឱ្យមានគោលដៅពិសេស។ មានន័យថាវាផ្តោតគោលដៅទៅលើកោសិកាដុំសាច់ដែលមានការផ្លាស់ប្តូរ ឬកំណត់គោលដៅទៅកោសិកាដែលមានតួរនាទីចម្បងនៃការវិវត្តន៍ទៅជាមហារីក នាំឱ្យការព្យាបាលទទួលបានលទ្ធផលល្អ និងការឆ្លើយតបវិជ្ជមានចំពោះថ្នាំប្រភេទនេះ។ ថ្នាំគោលដៅត្រូវបានប្រើគួបផ្សំជាមួយនឹងការព្យាបាលដោយគីមីសម្រាប់ជំងឺមហារីកក្រពះដំណាក់កាលចុងក្រោយ ឬមហារីកដែលកើតលាប់ឡើងវិញបន្ទាប់ពីការព្យាបាលហើយ
ការព្យាបាលដោយប្រព័ន្ធភាពស៊ាំ
ការព្យាបាលដោយប្រព័ន្ធភាពស៊ាំ គឺជាប្រភេទការព្យាបាលជំងឺមហារីកដែលពឹងផ្អែកលើមុខងារប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ។ ជាធម្មតា ប្រព័ន្ធភាពស៊ាំមានតួរនាទីរក្សាការត្រួតពិនិត្យ និងបំផ្លាញសារធាតុចម្លែកទាំងអស់ ដូចជាមេរោគ ឬកោសិកាមហារីក។ ទោះយ៉ាងណាក៏ដោយ ជួនកាលវាមិនអាចរកឃើញកោសិកាមហារីកបានទេ។ ការព្យាបាលដោយប្រព័ន្ធភាពស៊ាំនិងជួយបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធភាពស៊ាំក្នុងការស្វែងរកនិងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ ការព្យាបាលដោយប្រព័ន្ធភាពស៊ាំអាចប្រើនៅពេលដែលមហារីកក្រពះរីករាលដាលដល់ដំណាក់កាលចុងក្រោយ
