ទិដ្ឋភាពទូទៅ

ជំងឺរលាកថ្លើមអូតូអ៊ុយមីន គឺជា​ថ្លើម​ដែល​មាន​លក្ខណៈ​រលាក​ហើយវាបង្កឡើងពី​ប្រព័ន្ធភាពស៊ាំ (ប្រឆាំងជំងឺ) របស់ខ្លួនឯងវាយប្រហារទៅលើកោសិកាថ្លើមផ្ទាល់។ បើសិនជាមិនទទួលការព្យាបាលទេ វាអាចនាំឱ្យថ្លើមបាត់បង់មុខងារមិនអាច​ធ្វើការបាន រហូតដល់មានស្លាកស្នាមនៅលើថ្លើមដែលគេហៅថា ជំងឺក្រិនថ្លើម។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើរោគវិនិច្ឆ័យដំណាក់កាលដំបូងសម្រាប់ព្យាបាលជំងឺនេះ អាចធ្វើការព្យាបាលដោយការប្រើថ្នាំបន្ថយកម្រិតប្រឆាំងខ្លួនឯង ដើម្បីគ្រប់គ្រងប្រព័ន្ធភាពស៊ាំឡើងវិញ ក្នុងករណីដែលការព្យាបាលដោយការលេបថ្នាំមិនមានប្រសិទ្ធភាព ឬជំងឺបានឈានដល់ដំណាក់កាលធ្ងន់ធ្ងរហើយនោះ ការវះកាត់ប្តូរថ្លើមអាចជាជម្រើសដែលសក្ដិសម

ជំងឺថ្លើមរ៉ាំរ៉ៃប្រភេទនេះកើតឡើងដោយសារកំហុសនៃមុខងាររបស់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់អ្នកជំងឺ។ ផ្ទុយពីការវាយប្រហារទៅលើមេរោគនៅក្នុងជាលិកាថ្លើម ប្រព័ន្ធភាពស៊ាំបែរជាធ្វើការវាយប្រហារលើកោសិកាថ្លើមដែលមានសុខភាពល្អទៅវិញ វាបង្កអោយមានការរលាក ដែលត្រូវបានគេហៅថាជាជំងឺរលាកថ្លើម។ ការរលាករាលដាលជាបន្តបន្ទាប់ដែលបណ្តាលមកពីជំងឺរលាកថ្លើមប្រភេទអូតូអ៊ុយមីននេះអាចបង្កឱ្យថ្លើមខូចខាតយ៉ាងធ្ងន់ធ្ងរ។ ស្រដៀងគ្នាទៅនឹងទម្រង់ផ្សេងទៀតនៃជំងឺរលាកថ្លើមរ៉ាំរ៉ៃផ្សេងៗដែរ ជំងឺនេះអាចនាំឱ្យមានការវិវត្តទៅជាជំងឺក្រិនថ្លើមបាន។ ការព្យាបាលផ្នែកវេជ្ជសាស្រ្តអាចជួយគ្រប់គ្រងការរលាក និងអាចការពារការកើតឡើងនៃផលវិបាក បញ្ហា ហានិភ័យ ផ្សេងៗបាន។ ទោះជាយ៉ាងណាក៏ដោយនៅដំណាក់កាលដំបូងអ្នកជំងឺម្នាក់ៗប្រហែលជាមិនមានរោគសញ្ញាគួរឱ្យកត់សម្គាល់នោះទេ ឬមានដែរតែតិចតួចបំផុត

ជំងឺរលាកថ្លើមអូតូអ៊ុយមីនមានពីរប្រភេទសំខាន់ៗគឺ ៖

  • ជំងឺរលាកថ្លើមអូតូអ៊ុយមីនប្រភេទទី ១ ៖ គឺជាជំងឺដែលកើតបានយ៉ាងទូទៅបំផុត ហើយអាចកើតមាននៅលើមនុស្សគ្រប់វ័យ។ ប្រហែលពាក់កណ្តាលនៃអ្នកជំងឺដែលមានជំងឺរលាកថ្លើមប្រភេទ ១ ក៏មានជំងឺអូតូអ៊ុយមីនប្រភេទផ្សេងទៀរួមជាមួយដែរដូចជា ជំងឺស៊ីឡាក (celiac), ជំងឺរូម៉ាទុយអាត្រីត (rheumatoid arthritis), ឬជំងឺលូសែរទីវកូឡាយធីស (ulcerative colitis)
  • ជំងឺរលាកថ្លើមអូតូអ៊ុយមីនប្រភេទទី ២៖ ទន្ទឹមនឹងការកើតលើមនុស្សពេញវ័យ ជំងឺនេះក៏កើតមានលើកុមារ និងយុវវ័យ ក្មេងជំទង់ដូចគ្នា។ ប្រភេទនៃជំងឺរលាកថ្លើមអូតូអ៊ុយមីនប្រភេទទី ២ នេះអាចត្រូវបានកើតអមជាមួយជំងឺអូតូអ៊ុយមីនដទៃទៀត

រោគសញ្ញា

រោគសញ្ញារបស់ជំងឺរលាកថ្លើមអូតូអ៊ុយមីនអាចកើតឡើងយ៉ាងឆាប់រហ័ស និងខុសៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ នៅដំណាក់កាលដំបូងមនុស្សមួយចំនួនអាចមិនមានរោគសញ្ញាឡើយ ខណៈដែលមនុស្សមួយចំនួនទៀតអាចមានរោគសញ្ញាដូចជា៖

  • ឈឺពោះ ឬមិនស្រួលពោះ
  • ហត់ ឬអស់កម្លាំង
  • ស្បែកនិងភ្នែកលឿង (ជំងឺខាន់លឿង)
  • ថ្លើមរីកធំ និងហើមពោះ
  • មានសសៃឈាមខុសប្រក្រតីនៅលើស្បែក (spider angiomas)
  • កន្ទួល ឬរមាស់លើស្បែក
  • ឈឺសន្លាក់
  • បាត់រដូវ
  • ទឹកនោមពណ៌ក្រមៅ ឬលាមកពណ៌ស្លេក
  • បាត់បង់ចំណង់អាហារ ឬក្អួតចង្អោរ
  • រវង្វេងស្មារតី ងងុយដេកខុសប្រក្រតី

ប្រសិនបើនរណាម្នាក់មានរោគសញ្ញាណាមួយនៃជំងឺរលាកថ្លើមអូតូអ៊ុយមីន ត្រូវបានណែនាំឱ្យស្វែងរកវេជ្ជបណ្ឌិតឯកទេសដើម្បីធ្វើរោគវិនិច្ឆ័យបន្ថែម

មូលហេតុ

ជំងឺរលាកថ្លើមអូតូអ៊ុយមីនជាជំងឺដែលប្រព័ន្ធភាពស៊ាំការពាររាងកាយ ដែលជាធម្មតាមានមុខងារទទួលខុសត្រូវចំពោះការកំណត់គោលដៅរបស់មេរោគ និងបាក់តេរី ប៉ុន្តែបែរជាវាយប្រហារទៅលើថ្លើមទៅវិញ។ ការវាយប្រហារនៃប្រព័ន្ធភាពស៊ាំបង្កអោយមានការរលាកជាបន្តបន្ទាប់រហូតដល់កោសិកាថ្លើមមានការខូចខាតយ៉ាងធ្ងន់។ មូលហេតុពិតប្រាកដនៃការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ នេះមិនទាន់អាចដឹងច្បាស់នៅឡើយទេ ប៉ុន្តែតាមការស្រាវជ្រាវបានសន្និដ្ឋានថា កត្តាហ្សែនដែលគ្រប់គ្រងមុខងារប្រព័ន្ធភាពស៊ាំ និងការប៉ះពាល់នឹងមេរោគ ឬថ្នាំមួយចំនួនអាចមានចំណែករួមនៃបញ្ហានេះ។ នៅក្នុងជំងឺអូតូអ៊ុយមីនវាយប្រហារខ្លួនឯង រួមទាំងជំងឺរលាកថ្លើមអូតូអ៊ុយមីន ប្រព័ន្ធភាពស៊ាំបានកំណត់អត្តសញ្ញាណកោសិការបស់រាងកាយដោយខុសឆ្គងថាជាការគំរាមកំហែង ហើយបន្តវាយប្រហារខ្លួនឯងដែលនាំឱ្យមានការរលាករ៉ាំរ៉ៃនៅក្នុងតំបន់ជាក់លាក់ណាមួយនៃរាងកាយ។ ចំណែកក្នុងករណីជំងឺរលាកថ្លើមអូតូអ៊ុយមីនវិញ ប្រព័ន្ធភាពស៊ាំផលិតអង់ទីគ័រពិសេសដែលកំណត់គោលដៅទៅលើប្រភេទជាក់លាក់ណាមួយរបស់កោសិកាថ្លើម

កត្តាហានិភ័យ

កត្តាខាងក្រោមអាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺរលាកថ្លើមអូតូអ៊ុយមីន៖

  • ភេទ៖ អាចកើតមានទាំងបុរសនិងស្ត្រី ប៉ុន្តែស្ត្រីមានហានិភ័យខ្ពស់ជាង
  • តំណពូជ៖ មានភ័ស្តុតាងដែលបង្ហាញថា ឪកាសនៃការកើតជំងឺរលាកថ្លើមប្រភេទអូតូអ៊ុយមីនអាចកើតមានក្នុងគ្រួសារបាន
  • ប្រវត្តិការឆ្លងមេរោគ៖ ជំងឺរើម Herpes simplex, មេរោគ Epstein-Barr virus និង កញ្ជ្រឹល អាចជាកត្តាជម្រុញដែលបណ្តាលឱ្យមានបញ្ហារលាកថ្លើមអូតូអ៊ុយមីន។ ចំណែកការឆ្លងជំងឺរលាកថ្លើមប្រភេទ A, B, ឬ C ក៏ជាកត្តាមួយដែលបណ្តាលឱ្យមានបញ្ហារលាកថ្លើមអូតូអ៊ុយមីនបានដូចគ្នា
  • ការប្រើប្រាស់ថ្នាំ៖ ថ្នាំសម្រាប់ការឆ្លងមេរោគប្រព័ន្ធបង្ហួរនោម (Nitrofurantoin) ថ្នាំសម្រាប់ព្យាបាលមុន (Minocycline), ថ្នាំជាតិខ្លាញ់ (Atorvastatin), និង ថ្នាំប្រឆាំងបាក់តេរី (Isoniazid) ទាំងអស់នេះសុទ្ធតែផ្សារភ្ជាប់ទៅនឹងជំងឺរលាកថ្លើមអូតូអ៊ុយមីនដែលបង្កឡើងដោយសារថ្នាំ
  • ជំងឺអូតូអ៊ុយមីនផ្សេងទៀត៖ អ្នកដែលមានជំងឺ​ប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯងផ្សេងទៀតដូចជា ជំងឺស៊ីឡាក (celiac), ជំងឺរូម៉ាទុយអាត្រីត (rheumatoid arthritis), ឬជំងឺក្រពេញទីរ៉ូអ៊ីតុហាស៊ីម៉ូតូ (Graves/Hashimoto) មានហានិភ័យខ្ពស់ក្នុងការកើតជំងឺរលាកថ្លើមអូតូអ៊ុយមីនដូចគ្នា

ការធ្វើរោគវិនិច្ឆ័យ

អ្នកជម្ងឺអាចមាន ឬមិនមានរោគសញ្ញា ឬសញ្ញាបង្ហាញពីជម្ងឺ ជំងឺរលាកថ្លើមអូតូអ៊ុយមីន (AIH) ការត្រួតពិនិត្យរាងកាយ និងការធ្វើតេស្តមូលដ្ឋានខ្លះៗ ដូចជា ការស្កេនរាងកាយ និងធ្វើតេស្តឈាម គឺជាដំណាក់កាលដំបូងដែលគ្រូពេទ្យនឹងផ្ដល់ការណែនាំ

  • តេស្តឈាម៖ ការធ្វើតេស្តឈាមបែបមេតាបូលីកលម្អិតនឹងបង្ហាញពីរោគសញ្ញារបស់ជំងឺថ្លើម។ ការធ្វើតេស្តអង់ទីគ័រ (antibody) លើសំណាកឈាមអាចបែងចែករវាងមេរោគ និងជំងឺផ្សេងទៀតដែលមានរោគសញ្ញាស្រដៀងគ្នានឹងជំងឺរលាកថ្លើមអូតូអ៊ុយមីន។ ដោយមានជំនួយពីការធ្វើតេស្តអង់ទីគ័រ (antibody) វាអាចកំណត់ប្រភេទជាក់លាក់របស់ជំងឺរលាកថ្លើមអូតូអ៊ុយមីនដែលអ្នកកំពុងជំងឺកើតបាន
  • ការច្រឹបសាច់ថ្លើម (Liver Biopsy)៖ វេជ្ជបណ្ឌិតនឹងធ្វើការច្រឹបយកសាច់ថ្លើម ដើម្បីធ្វើរោគវិនិច្ឆ័យបញ្ជាក់ និងកំណត់កម្រិតការខូចខាតរបស់ថ្លើម។ វាត្រូវបានប្រតិបត្តិការឡើងដោយវេជ្ជបណ្ឌិតបានដាក់បញ្ចូលម្ជុលវិទ្យាសាស្ត្រមួយប្រភេទចូលទៅក្នុងថ្លើមតាមរយៈការចោះរន្ធតូចមួយកំឡុងពេលវះកាត់ដើម្បីច្រឹបយកជាលិកាថ្លើមមួយចំនួនតូចចេញមក រួចបញ្ជូនទៅមន្ទីរពិសោធន៍បន្តដើម្បីធ្វើការវិនិច្ឆ័យ

ការព្យាបាល

គោលដៅរបស់ការព្យាបាលគឺដើម្បីកាត់បន្ថយ ឬបញ្ឈប់ការវាយប្រហាររបស់ប្រព័ន្ធភាពស៊ាំទៅលើថ្លើម ដោយមិនគិតពីប្រភេទរបស់ជំងឺរលាកថ្លើមអូតូអ៊ុយមីននោះទេ។ វាអាចជួយពន្យារការវិវត្តរបស់ជំងឺនេះបាន។ ដើម្បីសម្រេចបាននូវគោលដៅនេះ វេជ្ជបណ្ឌិតនឹងផ្ដល់ថ្នាំប្រឆាំងប្រព័ន្ធភាពស៊ាំ (Immunosuppressive drugs) ដូចជា Prednisone គឺជាវគ្គដំបូងនៃការព្យាបាល។ ថ្នាំ Prednisone អាចត្រូវបានណែនាំ ហើយប្រើរួមជាមួយ Azathioprine (Azasan, Imuran) ដែលជាថ្នាំមួយផ្សេងទៀត
ថ្នាំ Prednisone ​អាច​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​មួយ​ចំនួន ប្រសិន​បើ​ត្រូវបាន​ប្រើ​ក្នុង​រយៈ​ពេល​យូរ រួមមាន ជំងឺទឹកនោមផ្អែម ជំងឺពុកឆ្អឹង ជំងឺលើសឈាម ជំងឺភ្នែកឡើងបាយ ជំងឺទឹកដក់ក្នុងភ្នែក និងឡើងទម្ងន់

សម្រាប់ការព្យាបាលក្នុងខែដំបូង អ្នកឯកទេសថែទាំសុខភាពតែងតែចេញវេជ្ជបញ្ជាថ្នាំ Prednisone ក្នុងកម្រិតខ្ពស់។ នៅពេលដែលឈានដល់ការផ្តល់ថ្នាំដែលមានកម្រិតទាបបំផុតហើយអាចគ្រប់គ្រងជំងឺនេះបាន ពួកគេនឹងកាត់បន្ថយកម្រិតថ្នាំជាបន្តបន្ទាប់ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់អ្នកជំងឺ។ Azithromycin គឺជាអាហារបំប៉នដែលអាចកាត់បន្ថយផលប៉ះពាល់របស់ថ្នាំ Prednisone

ទោះបីជាអ្នកជំងឺអាចជាសះស្បើយពីជំងឺនេះក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយពីការព្យាបាលក៏ដោយ ជំងឺនេះតែងតែកើតឡើងវិញម្ដងទៀត ប្រសិនបើអ្នកជំងឺបញ្ឈប់ការប្រើថ្នាំ។ អ្នកអាចនៅតែត្រូវបន្តការថែទាំ អាស្រ័យទៅលើកាលៈទេសៈ និងស្ថានភាពជាក់ស្ដែង

ការវះកាត់ប្តូរថ្លើម

នៅពេលដែលថ្នាំមិនអាចបញ្ឈប់ការវិវត្តរបស់ជំងឺ ឬនៅពេលដែលមានស្លាកស្នាមដែលមិនអាចស្ដារឡើងវិញបាន (ជម្ងឺក្រិនថ្លើម) ឬជំងឺខ្សោយថ្លើមបានកើតឡើង ជម្រើសចុងក្រោយគឺការវះកាត់ប្តូរថ្លើម

ការប្តូរថ្លើមគឺជាការវះកាត់យកថ្លើមដែលមានជំងឺចេញ រួចជំនួសដោយថ្លើមដែលមានសុខភាពល្អពីអ្នកបរិច្ចាគ។ អ្នក​បរិច្ចាគ​សរីរាង្គ​ដែល​បានបាត់បង់ជីវិតហើយ ​គឺជា​ប្រភព​ថ្លើម​ដែលទូទៅ​បំផុតសម្រាប់​ការវះកាត់​ផ្លាស់ប្តូរ​សរីរាង្គ។ ទោះយ៉ាងណាក៏ដោយនៅក្នុងកាលៈទេសៈខ្លះ ការប្តូរថ្លើមដែលទទួលបានពីអ្នកបរិច្ចាគ​សរីរាង្គដែលនៅមានជីវិតក៏អាចជាជម្រើសមួយទៀតផងដែរ។ នៅពីក្រោយការប្តូរថ្លើមដែលទទួលបានពីអ្នកបរិច្ចាគ​សរីរាង្គដែលនៅមានជីវិតនោះ អ្នកជំងឺនឹងទទួលបានចំណែកថ្លើមដែលមាន
សុខភាពល្អពីអ្នកបរិច្ចាគដែលនៅមានជីវិត ទាំងថ្លើមដែលបានបរិច្ចាគ និងផ្នែកដែលនៅសល់នៃថ្លើមរបស់អ្នកជំងឺអាចចាប់ផ្តើមផ្សាំគ្នាហើយបង្កើតកោសិកាថ្មីឡើងវិញស្ទើរតែភ្លាមៗ

Doctors who treat this condition