វិមាត្រថ្មីក្នុងការវះកាត់ប្តូរឬជួសជុលសន្ទះបេះដូង៖ របួសតូចៗ គ្មានការកាត់ឆ្អឹង ជាសះស្បើយក្នុងរយៈពេលខ្លី និងការត្រឡប់ទៅសកម្មភាពវិញលឿនជាងមុន

អត្ថបទសុខភាព

ជំងឺ​សន្ទះ​បេះដូង​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ប្រភេទ​គឺ​ ជំងឺ​ស្ទះសន្ទះ​បេះដូងនិង​ជំងឺ​ធ្លាយសន្ទះ​បេះដូង។ ដោយជំងឺ​ស្ទះ​សន្ទះ​បេះដូង​គឺ​បណ្តាល​មក​ពី​ការ​ឡើង​ក្រាស់​នៃ​សន្ទះបេះដូង ឬមានកំណកកំបោររុំរហូតធ្វើអោយឈាមហូរទៅកាន់បេះដូងតិច ចំណែកជំងឺធ្លាយសន្ទះបេះដូងភាគច្រើនគឺបណ្តាលមកពីការទ្រុឌទ្រោមឬការរហែក រហូតដល់លំហូរឈាមមិនអាចរារាំងបាន។ ​​ជំងឺ​សន្ទះ​បេះដូង​ទាំង​ពីរ​ប្រភេទនេះ​ធ្វើ​ឱ្យ​លំហូរ​ឈាម​មិន​ប្រក្រតី ដោយសារ​សន្ទះ​បេះដូងមានតួនាទី​រារាំង និងគ្រប់គ្រង​ឈាមឪ្យ​ហូរ​ក្នុង​ទិស​ដៅ​តែមួយ​ ប្រសិនបើ​មាន​ការ​ក្រិន ឬ​ធ្លាយ​ វា​នឹង​ធ្វើ​ឱ្យ​បេះដូង​ធ្វើការ​កាន់តែ​ខ្លាំង 

រោគសញ្ញានៃជំងឺ​ស្ទះសន្ទះ​បេះដូង ឬ​ជំងឺ​ធ្លាយសន្ទះ​បេះដូងត្រូវបានបែងចែកជាប្រភេទស្រួចស្រាវនិងរ៉ាំរ៉ៃ។ អ្នកជំងឺដែលមានរោគសញ្ញាស្រួចស្រាវច្រើនតែមានសភាពធ្ងន់ធ្ងរ ហើយត្រូវប្រញាប់បញ្ជូនទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាលជាបន្ទាន់ រោគសញ្ញាទូទៅរួមមាន អស់កម្លាំង ញ័រទ្រូង ហើមជើង មិនអាចគេងរាបបាន ឬធ្ងន់ធ្ងររហូតដល់គាំងបេះដូង

សម្រាប់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​នៃ​ជំងឺ​ស្ទះសន្ទះ​បេះដូង និង​ជំងឺ​ធ្លាយសន្ទះ​បេះដូង វេជ្ជបណ្ឌិតនឹងចាប់ផ្តើមដោយការសាកសួរប្រវត្តិវេជ្ជសាស្ត្រ ពិនិត្យរាងកាយ ថតកាំរស្មីអ៊ិចទ្រូង និងពិនិត្យបេះដូងដោយប្រើអ៊ុលត្រាសោន (Echocardiogram, Echocardiography) ឬអេកូ (Echo) ដើម្បីវាយតម្លៃភាពធ្ងន់ធ្ងរនៃជំងឺ ដែលចែកចេញជា 3កម្រិត៖​ ការស្ទះសន្ទះ​បេះដូងកម្រិតស្រាល មធ្យម និងធ្ងន់ធ្ងរ ប្រសិនបើមានការក្រិនឬលេចធ្លាយនៃសន្ទះបេះដូងកម្រិតស្រាល គ្រូពេទ្យនឹងព្យាបាលដោយប្រើថ្នាំ និងណែនាំការផ្លាស់ប្តូរឥរិយាបថសុខភាពដូចជា ការកំណត់បរិមាណការពិសារទឹក និងកាត់បន្ថយអាហារប្រៃ នេះនឹងជួយសម្រួលដល់រោគសញ្ញា ព្រោះជំងឺសន្ទះបេះដូងនឹងមិនអាចព្យាបាលបានទេ ប៉ុន្តែនឹងកាន់តែយ៉ាប់យ៉ឺនបន្តិចម្តងៗទៅតាមអាយុ អ្នកជំងឺមួយចំនួនអាចទ្រុឌទ្រោមបន្តិចម្តងៗ អាស្រ័យលើថាតើពួកគេថែទាំខ្លួនឯងបានល្អប៉ុណ្ណា។ ចំពោះអ្នកជំងឺដែលមានការក្រិនឬការលេចធ្លាយនៃសន្ទះបេះដូងកម្រិតមធ្យម ឬធ្ងន់ធ្ងរ វេជ្ជបណ្ឌិតអាចពិចារណាជួសជុលសន្ទះបេះដូង ឬផ្លាស់ប្ដូរសន្ទះបេះដូងសិប្បនិម្មិត ដែលត្រូវបានបែងចែកជា 3 ប្រតិបត្តិការដូចខាងក្រោម:

  1. ការផ្លាស់ប្ដូរសន្ទះបេះដូងសិប្បនិម្មិតតាមរយៈបំពង់សុង ឬ TAVI (Trans Catheter Aortic Valve Implantation) គឺជាការវះបើកមុខរបួសតូចមួយតាមរយៈសរសៃឈាមនៅបរិវេនក្រលៀន។ បន្ទាប់មកប្រើលួសប្រភេទពិសេសមួយបញ្ជូនសន្ទះបេះដូងសិប្បនិម្មិតចូលទៅផ្លាស់ប្ដូរសន្ទះបេះដូង aortic ដើម ដោយប្រើប្រព័ន្ធបញ្ជូន (delivery system) វិធីនេះសាកសមសម្រាប់អ្នកជំងឺវ័យចំណាស់ មានជំងឺរួមគ្នាជាច្រើន មានហានិភ័យខ្ពស់នៃផលវិបាក ឬមានចំនុចហាមឃាត់ក្នុងការវះកាត់ ហើយមានតែសន្ទះ aortic ប៉ុណ្ណោះដែលអាចជំនួសបាន
  2. ការវះកាត់បែបបុរាណ គឺជាការបើកមុខរបួសនៅចំកណ្តាលទ្រូងប្រហែល 10 សង់ទីម៉ែត្រ ដើម្បីផ្លាស់ប្ដូរឬជួសជុលសន្ទះបេះដូង ហើយថែមទាំងអាច​ប្រើរួម​ជាមួយ​នឹង​នីតិវិធី​ដែល​ទាក់ទង​នឹង​បេះដូង​ផ្សេងទៀត​ដូចជា​ប្រសិនបើ​អ្នកជំងឺ​មាន​ជំងឺ​សរសៃឈាម​បេះដូង​ ក៏អាចធ្វើ ការវះកាត់ Bypass ដើម្បីការតសរសៃឈាមបេះដូងរួមជាមួយនឹងការជួសជុលសន្ទះបេះដូងបានផង។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងការព្យាបាលបែបបុរាណ អ្នកជំងឺត្រូវសម្រាកព្យាបាលប្រហែល 3 ខែ ដើម្បីរង់ចាំឱ្យឆ្អឹងទ្រូងខាងមុខតជាប់គ្នាបានទាំងស្រុង ដោយសារតែគ្រូពេទ្យ​វះកាត់ធ្វើការវះ​បើក​ចំកណ្តាល​ឆ្អឹង​ទ្រូង
  3. ការវះកាត់បែបមុខរបួសតូចដោយប្រើកាមេរ៉ា គ្រូពេទ្យ​នឹង​ធ្វើ​ការ​វះ​កាត់​ប្រហែល 4-5សង់ទីម៉ែត្រនៅបរិវេនក្រោម​សុដន់​ខាង​ស្តាំ នឹងមានស្នាម​របួស​ប្រហែល​ 0.5​សង់ទីម៉ែត្រ ​​នៅ​ផ្នែក​ម្ខាង​នៃ​ទ្រូង 2​កន្លែង ព្រោះ​វិធី​នេះ​មិន​កាត់​ឆ្អឹងកណ្ដាលទ្រូងទេ ប៉ុន្តែធ្វើការវះកាត់តាមរយៈឆ្អឹងជំនីចូលទៅជួសជុល ឬផ្លាស់ប្ដូរសន្ទះបេះដូង។ នេះនឹងជួយអ្នកជំងឺបាត់បង់ឈាមតិច កាត់បន្ថយការរងរបួសលើជាលិកា ការស្នាក់នៅ ICU និងការស្នាក់នៅមន្ទីរពេទ្យមានរយៈពេលខ្លីជាងការវះកាត់បែបបុរាណ កាត់បន្ថយការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ក្រោយការវះកាត់ ជាសះស្បើយក្នុងរយៈពេល 4-6 សប្តាហ៍ព្រោះអ្នកមិនចាំបាច់រង់ចាំឱ្យឆ្អឹងផ្ជាប់គ្នាទេ ហើយ​អាច​ប្រើ​សម្រាប់​ព្យាបាល​បញ្ហា​សន្ទះ​បេះដូង​បាន ទាំង​បួនផ្នែក

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលបេះដូង, ជាន់ទី5, មន្ទីរពេទ្យវេជ្ជថានី
+66(0)89-2019000 (Cambodia Hotline)

Readers’ Rating

0.0 out of 5 stars (based on 0 reviews)