ទិដ្ឋភាពទូទៅ

ការឈឺក ដែលត្រូវបានគេស្គាល់ផងដែរថាជាជំងឺ Cervicalgia គឺជាការឈឺចាប់ ឬភាពមិនស្រួលដែលកើតឡើងនៅតំបន់ឆ្អឹងកងកដែលស្ថិតនៅផ្ទាល់ក្រោមផ្ទៃមុខរបស់អ្នក។ មូលហេតុទូទៅនៃការឈឺក រួមមានទម្រង់ខ្លួនមិនត្រឹមត្រូវដែលអាចបណ្តាលមកពីការឱនមើលកុំព្យូទ័រ ឬអង្គុយឱនលើតុធ្វើការយូរពេក ក៏ដូចជាជំងឺរលាកសន្លាក់ឆ្អឹង។

ការឈឺចាប់នេះអាចបែងចែកជាពីរប្រភេទគឺ ការឈឺកបែបអ័ក្សដែលស្ថិតនៅតែក្នុងតំបន់ក និងការឈឺកបែបចាក់ស្រែះដែលរាលដាលទៅផ្នែកដទៃទៀតនៃរាងកាយដូចជាស្មា ឬដៃ។ ការឈឺកអាចមានលក្ខណៈស្រួចស្រាវដែលមានរយៈពេលពីរបីថ្ងៃរហូតដល់ប្រាំមួយសប្តាហ៍ ឬមានលក្ខណៈរ៉ាំរ៉ៃដែលមានរយៈពេលលើសពីបីខែ។

ប្រសិនបើទុកការឈឺកមិនព្យាបាល វាអាចរំខានដល់ជីវិតប្រចាំថ្ងៃ និងប៉ះពាល់ដល់សុខុមាលភាពទូទៅ។ វាមានសារៈសំខាន់ណាស់ក្នុងការស្វែងរកការថែទាំវេជ្ជសាស្ត្រ ប្រសិនបើការឈឺកមានអមដោយអាការស្ពឹក ការចុះខ្សោយនៃដៃ ឬបាតដៃ ឬប្រសិនបើការឈឺចាប់រាលដាលទៅដល់ស្មា ឬចុះតាមដៃ។ ទោះបីជាស្ថានភាពឈឺកភាគច្រើនមិនធ្ងន់ធ្ងរ ហើយអាចប្រសើរឡើងវិញជាមួយនឹងការព្យាបាលដែលមិនចាំបាច់វះកាត់ដូចជា ការប្រើថ្នាំបំបាត់ការឈឺចាប់ ការហាត់ប្រាណ និងវិធីសាស្ត្រគ្រប់គ្រងភាពតានតឹងក៏ដោយ ក៏ការវាយតម្លៃ និងការព្យាបាលពីអ្នកជំនាញគឺជារឿងចាំបាច់ ដើម្បីការពារកុំឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ។

រោគសញ្ញា

រោគសញ្ញាដែលត្រូវប្រុងប្រយ័ត្នរួមមាន៖

  • ការឈឺចាប់នៅត្រង់ក ដែលអាចជាការឈឺបែបស្រទន់ជាប់រហូត ឬអាចជាការឈឺចាប់បែបចាក់ស្រែះ និងក្តៅក្រហាយ ដែលជួនកាលរាលដាលពីកចុះទៅស្មា ឬដៃ
  • ការលំបាកក្នុងការបង្វិលក ឬផ្អៀងក្បាល
  • ការថយចុះសមត្ថភាពក្នុងការកម្រើកក្បាល
  • ការឈឺក្បាល
  • ភាពរឹងក ស្មា និងខ្នងផ្នែកខាងលើ
  • ការមានអារម្មណ៍ស្ពឹក ឬស្រពន់ (ស្រដៀងនឹងការមានម្ជុលចាក់) នៅតាមស្មា ឬដៃ

ការថែទាំវេជ្ជសាស្ត្របន្ទាន់គឺចាំបាច់ ប្រសិនបើការឈឺកធ្ងន់ធ្ងរបណ្តាលមកពីគ្រោះថ្នាក់ ដូចជាការប៉ះទង្គិចដោយយានយន្ត ការមុជទឹក ឬការធ្លាក់។

សូមទំនាក់ទំនងអ្នកជំនាញថែទាំសុខភាព ប្រសិនបើការឈឺក៖

  • មានកម្រិតខ្លាំង
  • បន្តមានរយៈពេលជាច្រើនថ្ងៃដោយមិនមានការប្រសើរឡើង
  • រាលដាលចុះតាមដៃ ឬជើង
  • មានអមដោយការឈឺក្បាល ស្ពឹក ខ្សោយ ឬមានអារម្មណ៍ស្រពន់

​​ មូលហេតុ

ដោយសារតួនាទីរបស់កក្នុងការទ្រទម្ងន់នៃក្បាល កតំបន់នេះងាយនឹងទទួលរងរបួស និងស្ថានភាពផ្សេងៗដែលអាចនាំឱ្យមានការឈឺចាប់ និងការកំណត់នៃចលនា។ មូលហេតុនៃការឈឺកមានដូចជា៖

  • សន្លាក់ដែលសឹក៖ ដូចទៅនឹងសន្លាក់ដទៃទៀតក្នុងរាងកាយដែរ សន្លាក់កអាចសឹកតាមអាយុកាល ដែលនាំឱ្យមានការដុះឆ្អឹង។ ដុះឆ្អឹងទាំងនេះអាចប៉ះពាល់ដល់ចលនាសន្លាក់ និងបណ្តាលឱ្យមានការឈឺចាប់។
  • សាច់ដុំរងរបួស៖ ការប្រើប្រាស់លើសកម្រិត ដូចជាការចំណាយពេលយូរឱនលើកុំព្យូទ័រ ឬស្មាតហ្វូន អាចបង្កឱ្យមានការតឹងសាច់ដុំ។ សូម្បីតែសកម្មភាពដែលហាក់ដូចជាតូចតាចដូចជាការអានសៀវភៅនៅលើគ្រែ ក៏អាចធ្វើឱ្យសាច់ដុំកតឹងបានដែរ។
  • ការសង្កត់សរសៃប្រសាទ៖ ដាច់ទ្រនាប់ឆ្អឹងកង ឬការដុះឆ្អឹងនៅត្រង់ឆ្អឹងកងក អាចសង្កត់ទៅលើសរសៃប្រសាទដែលបែកចេញពីខួរឆ្អឹងខ្នង។
  • ជំងឺផ្សេងៗ៖ ស្ថានភាពមួយចំនួនដូចជា ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ជំងឺរលាកស្រោមខួរ ឬជំងឺមហារីក អាចរួមចំណែកដល់ការឈឺក។
  • ការរងរបួស៖ ការរងរបួសកដោយការកន្ត្រាក់ ច្រើនតែកើតឡើងនៅពេលគ្រោះថ្នាក់ចរាចរណ៍បុកពីក្រោយ ដែលបណ្តាលឱ្យក្បាលរវីរវើទៅក្រោយ និងមកមុខយ៉ាងលឿន ដែលធ្វើឱ្យសាច់ដុំទន់ៗនៃកទទួលរងការប៉ះទង្គិច។

កត្តាហានិភ័យ

ការឈឺកជារឿងធម្មតា ដែលប៉ះពាល់ដល់មនុស្សពេញវ័យពី ១០% ទៅ ២០%។ វាត្រូវបានគេសង្កេតឃើញកើតឡើងញឹកញាប់ជាងចំពោះស្ត្រី។ លទ្ធភាពនៃការកើតជំងឺឈឺកមានទំនោរកើនឡើងតាមអាយុ។

ការធ្វើរោគវិនិច្ឆ័យ

អ្នកជំនាញថែទាំសុខភាពរបស់អ្នកនឹងធ្វើការពិនិត្យប្រវត្តិវេជ្ជសាស្ត្រយ៉ាងលម្អិត និងធ្វើការពិនិត្យរាងកាយ។ ការពិនិត្យនេះរួមបញ្ចូលទាំងការពិនិត្យរកមើលចំណុចឈឺចាប់ អាការស្ពឹក និងភាពខ្សោយសាច់ដុំ ក៏ដូចជាការវាយតម្លៃលើកម្រិតចលនានៃក្បាលរបស់អ្នកក្នុងការចលនាទៅមុខ ទៅក្រោយ និងពីចំហៀងទៅចំហៀង។

ការធ្វើតេស្តរូបភាពវេជ្ជសាស្ត្រក៏មានតម្លៃណាស់ដែរក្នុងការកំណត់រកមូលហេតុនៃការឈឺក។ ឧទាហរណ៍នៃការធ្វើតេស្តទាំងនេះរួមមាន៖

  • ការថតកាំរស្មីអ៊ិច៖ អាចបង្ហាញពីតំបន់នៅក្នុងក ដែលសរសៃប្រសាទ ឬខួរឆ្អឹងខ្នងអាចត្រូវបានសង្កត់ ឬគាបដោយសារការដុះឆ្អឹង ឬការប្រែប្រួលទម្រង់ឆ្អឹងផ្សេងទៀត។
  • ការថតស្កេន CT៖ រួមបញ្ចូលគ្នានូវរូបភាពកាំរស្មីអ៊ិចដែលថតចេញពីជ្រុងខុសៗគ្នា ដើម្បីបង្កើតជារូបភាពកាត់ទទឹងយ៉ាងលម្អិតនៃទម្រង់ខាងក្នុងនៃក។
  • ការថតអឹមអរអាយ៖ ប្រើប្រាស់រលកវិទ្យុ និងដែនម៉ាញេទិកខ្លាំង ដើម្បីបង្កើតរូបភាពលម្អិតនៃទាំងឆ្អឹង និងជាលិកាទន់ រួមទាំងថាសឆ្អឹងកង ខួរឆ្អឹងខ្នង និងសរសៃប្រសាទដែលចេញពីខួរឆ្អឹងខ្នង។

ការថតកាំរស្មីអ៊ិច ឬ MRI អាចបង្ហាញពីបញ្ហាទម្រង់ឆ្អឹងនៅក្នុងក ទោះបីជាអ្នកមិនមានចេញរោគសញ្ញាអ្វីសោះក៏ដោយ។ ដូច្នេះ ការសិក្សារូបភាពវេជ្ជសាស្ត្រគួរតែត្រូវបានប្រើប្រាស់ទន្ទឹមគ្នាជាមួយនឹងការពិនិត្យប្រវត្តិជំងឺ និងការពិនិត្យរាងកាយយ៉ាងម៉ត់ចត់ ដើម្បីបញ្ជាក់ឱ្យចំពីមូលហេតុនៃការឈឺចាប់។

ការធ្វើតេស្តរោគវិនិច្ឆ័យផ្សេងទៀតរួមមាន៖

  • ការពិនិត្យចរន្តអគ្គិសនីសាច់ដុំ និងសរសៃប្រសាទ EMG៖ គឺជាការតេស្តដែលអាចជួយកំណត់ថាតើការឈឺកមានជាប់ពាក់ព័ន្ធនឹងការគាបសរសៃប្រសាទដែរឬទេ។ ដំណើរការនេះរួមមានការដោតម្ជុលតូចៗឆ្មារតាមស្បែកចូលទៅក្នុងសាច់ដុំ ដើម្បីវាស់ល្បឿនចរន្តសរសៃប្រសាទ និងវាយតម្លៃមុខងារសរសៃប្រសាទ។
  • ការពិនិត្យឈាម៖ ជួនកាលការពិនិត្យឈាមអាចរកឃើញសញ្ញានៃការរលាក ឬការបង្កគរោគ ដែលអាចជាមូលហេតុ ឬរួមចំណែកដល់ការឈឺក។

ការព្យាបាល

ជាទូទៅ ការឈឺកកម្រិតស្រាលទៅមធ្យម ដែលជាប្រភេទជួបប្រទះញឹកញាប់បំផុត តែងតែមានសភាពប្រសើរឡើងវិញតាមរយៈការថែទាំខ្លួនឯងក្នុងរយៈពេលពីរទៅបីសប្តាហ៍។ ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ និងការស្អំកម្តៅ អាចនឹងគ្រប់គ្រាន់ដើម្បីសម្រាលការឈឺចាប់បាន។

ការប្រើប្រាស់ថ្នាំសង្កូវ

ថ្នាំបំបាត់ការឈឺចាប់អាចរួមមានក្រុមថ្នាំប្រឆាំងការរលាកដែលគ្មានស្តេរ៉ូអ៊ីត (NSAIDs) ដូចជាថ្នាំ Ibuprofen ឬ Naproxen sodium ក៏ដូចជាថ្នាំ Acetaminophen (Paracetamol)។ វាជារឿងសំខាន់ណាស់ក្នុងការលេបថ្នាំទាំងនេះទៅតាមការណែនាំតែប៉ុណ្ណោះ ព្រោះការប្រើប្រាស់ហួសកម្រិតអាចនាំឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ។

ប្រសិនបើថ្នាំបំបាត់ការឈឺចាប់ដែលទិញដោយគ្មានវេជ្ជបញ្ជាមិនមានប្រសិទ្ធភាព គ្រូពេទ្យរបស់អ្នកអាចនឹងណែនាំឱ្យប្រើប្រាស់ថ្នាំប្រភេទ NSAIDs តាមវេជ្ជបញ្ជា ឬថ្នាំបន្ធូរសាច់ដុំជាជម្រើសជំនួស។

ការព្យាបាលដោយចលនា និងវិធីសាស្ត្រដទៃទៀត

  • ការព្យាបាលដោយចលនា៖ គ្រូពេទ្យជំនាញព្យាបាលដោយចលនាអាចណែនាំអំពីទម្រង់ខ្លួន សារពាង្គកាយ និងលំហាត់ប្រាណពង្រឹងសាច់ដុំកដែលត្រឹមត្រូវ។ ការព្យាបាលដោយចលនាក៏អាចរួមបញ្ចូលការប្រើប្រាស់កម្តៅ ការស្អំទឹកកក និងវិធានការផ្សេងៗទៀតដើម្បីសម្រាលការឈឺចាប់។
  • ការភ្ញោចសរសៃប្រសាទដោយចរន្តអគ្គិសនីឆ្លងកាត់ស្បែក TENS៖ បន្ទះអេឡិចត្រូតដែលគេបិទនៅលើស្បែកក្បែរតំបន់ឈឺចាប់ នឹងបញ្ជូនចរន្តអគ្គិសនីតូចៗដែលអាចជួយសម្រាលការឈឺចាប់។ ទោះជាយ៉ាងណាក៏ដោយ ភស្តុតាងដែលគាំទ្រពីប្រសិទ្ធភាពនៃវិធីសាស្ត្រ TENS សម្រាប់បញ្ហាឈឺកនៅមានកម្រិតនៅឡើយ។
  • ឧបករណ៍ទប់កប្រភេទរឹងល្មម៖ ការប្រើប្រាស់ឧបករណ៍ទប់កដែលជួយទ្រតំបន់ក អាចជួយសម្រាលការឈឺចាប់ដោយកាត់បន្ថយសម្ពាធនៅលើក។ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់យូរពេកលើសពី ៣ ម៉ោងក្នុងមួយដង ឬប្រើលើសពី ១ ទៅ ២ សប្តាហ៍ អាចនឹងផ្តល់ផលវិបាកវិញ ជាជាងផ្តល់ផលប្រយោជន៍។

ការវះកាត់ និងនីតិវិធីផ្សេងៗទៀត

  • ការចាក់ថ្នាំស្តេរ៉ូអ៊ីត៖ គ្រូពេទ្យអាចចាក់ថ្នាំប្រភេទស្តេរ៉ូអ៊ីតនៅជិតឫសសរសៃប្រសាទ ចូលទៅក្នុងសន្លាក់ឆ្អឹងខ្នង ឬចូលទៅក្នុងសាច់ដុំក។ ថ្នាំស្ពឹក ដូចជាថ្នាំ Lidocaine ក៏អាចត្រូវបានចាក់ដើម្បីសម្រាលការឈឺកផងដែរ។
  • ការវះកាត់៖ ទោះបីជាកម្រនឹងចាំបាច់សម្រាប់ករណីឈឺកក៏ដោយ ការវះកាត់អាចត្រូវបានពិចារណាជាជម្រើសមួយដើម្បីដោះស្រាយបញ្ហាគាបឫសសរសៃប្រសាទ ឬការសង្កត់ខួរឆ្អឹងខ្នង។

Doctors who treat this condition