ទិដ្ឋភាពទូទៅ

ជំងឺក្រពេញទីរ៉ូអ៊ីតដំណើរការខ្សោយ (Hypothyroidism) កើតឡើងនៅពេលដែលក្រពេញទីរ៉ូអ៊ីតមិនអាចផលិតអរម៉ូនទីរ៉ូអ៊ីតបានគ្រប់គ្រាន់ ដែលនាំឱ្យប្រព័ន្ធដុតរំលាយអាហារក្នុងរាងកាយដំណើរការយឺតជាងមុន។ ស្ថានភាពនេះអាចបង្កឱ្យមានរោគសញ្ញាផ្សេងៗ ដូចជាការឡើងទម្ងន់ អស់កម្លាំង និងការមិនសូវធន់នឹងអាកាសធាតុត្រជាក់ (ងាយរងា)។

ជាញឹកញាប់ ដំណាក់កាលដំបូងនៃជំងឺក្រពេញទីរ៉ូអ៊ីតដំណើរការខ្សោយ អាចនឹងមិនស្តែងចេញនូវរោគសញ្ញាណាមួយឡើយ។ ប្រសិនបើទុកចោលដោយមិនបានព្យាបាល ជំងឺនេះអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ រួមទាំងបញ្ហាបេះដូង និងកម្រិតកូឡេស្តេរ៉ុលខ្ពស់នៅក្នុងឈាម។

ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺនេះ គ្រូពេទ្យជាទូទៅនឹងណែនាំឱ្យធ្វើការពិនិត្យឈាម។ ជាទូទៅ ជំងឺនេះអាចគ្រប់គ្រងបានយ៉ាងល្អប្រសើរជាមួយនឹងការព្យាបាលត្រឹមត្រូវ។ គ្រូពេទ្យរបស់អ្នកនឹងចេញវេជ្ជបញ្ជាផ្តល់កម្រិតថ្នាំដែលសមស្រប ហើយការតាមដានសុខភាពជាប្រចាំគឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីគ្រប់គ្រងជំងឺនេះឱ្យមានប្រសិទ្ធភាព។

រោគសញ្ញា

ជំងឺក្រពេញទីរ៉ូអ៊ីតដំណើរការខ្សោយ គឺជាស្ថានភាពដែលវិវត្តន៍ទៅមុខបន្តិចម្តងៗ និងអាចចាប់ផ្តើមជាមួយនឹងរោគសញ្ញាតិចតួចដែលងាយនឹងមើលរំលង។ កាលពីដំបូង រោគសញ្ញាដូចជាការអស់កម្លាំង និងឡើងទម្ងន់ អាចត្រូវបានគេគិតច្រឡំថាបណ្តាលមកពីវ័យចំណាស់ ឬភាពតានតឹង (ស្ត្រេស)។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ រោគសញ្ញានឹងស្តែងចេញកាន់តែច្បាស់។

រោគសញ្ញាទូទៅនៃជំងឺក្រពេញទីរ៉ូអ៊ីតដំណើរការខ្សោយ៖

  • ការអស់កម្លាំង៖ មានអារម្មណ៍ល្វើយ ឬអស់កម្លាំងខុសធម្មតាដោយគ្មានមូលហេតុច្បាស់លាស់
  • ភាពងាយរងា៖ មានអារម្មណ៍រងាខ្លាំងជាងអ្នកដទៃ ទោះស្ថិតក្នុងមជ្ឈដ្ឋានដែលមានសីតុណ្ហភាពដូចគ្នាក៏ដោយ
  • ការឡើងទម្ងន់៖ ការឡើងទម្ងន់ដោយរកមូលហេតុមិនឃើញ
  • ស្បែក និងសក់ស្ងួត គ្រើម៖ មានការប្រែប្រួលគួរឱ្យកត់សម្គាល់លើទម្រង់ស្បែក និងសក់
  • ការហើមប៉ោង៖ មានការហើមនៅលើផ្ទៃមុខ
  • ការប្រែប្រួលសំឡេង៖ សំឡេងឡើងស្អក
  • បញ្ហាសាច់ដុំ៖ ខ្សោយសាច់ដុំ, ឈឺចុកចាប់, រឹងសាច់ដុំ និងឈឺនៅពេលប៉ះ ឬសង្កត់
  • រដូវមិនទៀងទាត់៖ ធ្លាក់ឈាមរដូវច្រើនៗ ឬមកមិនទៀងទាត់ចំពោះស្ត្រី
  • សុខភាពផ្លូវចិត្ត៖ ជួបប្រទះការបាក់ទឹកចិត្ត និងមានបញ្ហាខ្សោយការចងចាំ
  • សញ្ញាផ្សេងទៀត៖ គ្រុនទល់លាមក, ចង្វាក់បេះដូងដើរយឺត និងជ្រុះសក់

ជំងឺក្រពេញទីរ៉ូអ៊ីតដំណើរការខ្សោយចំពោះទារក

ទោះបីជាកម្រជួបប្រទះ ប៉ុន្តែទារកក៏អាចកើតមានជំងឺនេះផងដែរ ដែលជារឿយៗបណ្តាលមកពីការខ្វះក្រពេញទីរ៉ូអ៊ីតតាំងពីកំណើត ឬក្រពេញទីរ៉ូអ៊ីតដំណើរការខុសប្រក្រតី។ រោគសញ្ញាដំបូងអាចមានលក្ខណៈតិចតួច ប៉ុន្តែអាចរួមមាន៖

  • ពិបាកក្នុងការបៅ ឬញ៉ាំអាហារ
  • ការលូតលាស់យឺត និងមិនសូវឡើងទម្ងន់
  • ជំងឺលឿង៖ ស្បែក និងគ្រាប់ភ្នែកឡើងពណ៌លឿង។
  • ការទល់លាមក
  • សាច់ដុំទន់ខ្សោយ (ខ្វះកម្លាំងសាច់ដុំ)
  • ស្បែកស្ងួត
  • យំសំឡេងស្អក
  • ជំងឺក្លនលំពង់ផ្ចិត (Umbilical hernia)៖ មានការហើមប៉ោងនៅជិតផ្ចិត

ប្រសិនបើគ្មានការព្យាបាលទេ សូម្បីតែបញ្ហាក្រពេញទីរ៉ូអ៊ីតកម្រិតស្រាល ក៏អាចបណ្តាលឱ្យមានបញ្ហាធ្ងន់ធ្ងរដល់ការលូតលាស់ផ្នែកបញ្ញាស្មារតី និងរាងកាយរបស់ទារកផងដែរ។

ជំងឺក្រពេញទីរ៉ូអ៊ីតដំណើរការខ្សោយចំពោះកុមារ និងយុវវ័យ

កុមារ និងយុវវ័យអាចស្តែងចេញនូវរោគសញ្ញាស្រដៀងនឹងមនុស្សធំដែរ ប៉ុន្តែអាចមានបញ្ហាបន្ថែមពាក់ព័ន្ធនឹងការលូតលាស់ និងការអភិវឌ្ឍរាងកាយ៖

  • ការក្រិន៖ បណ្តាលឱ្យកម្ពស់ទាបជាងស្តង់ដារ
  • ការលូតលាស់ធ្មេញ៖ ធ្មេញស្រទាប់ពិតដុះចេញមកយឺតយ៉ាវ
  • ការពេញវ័យយឺតយ៉ាវ
  • បញ្ហាប្រាជ្ញាស្មារតី៖ ការអភិវឌ្ឍផ្លូវចិត្ត និងខួរក្បាលមានកម្រិតខ្សោយ

សូមពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើអ្នកជួបប្រទះការអស់កម្លាំងជាប់រហូត ឬរោគសញ្ញាផ្សេងទៀតនៃជំងឺនេះ។ ការតាមដានសុខភាពជាប្រចាំគឺពិតជាសំខាន់ណាស់ សម្រាប់អ្នកដែលកំពុងទទួលការព្យាបាលដោយអរម៉ូនទីរ៉ូអ៊ីត ដើម្បីធានាបាននូវកម្រិតថ្នាំត្រឹមត្រូវ និងដើម្បីតាមដានសុខភាពទូទៅ។

​​ មូលហេតុ

ការផលិតអរម៉ូនមិនបានគ្រប់គ្រាន់ដោយក្រពេញទីរ៉ូអ៊ីត នាំឱ្យកើតមានជំងឺក្រពេញទីរ៉ូអ៊ីតដំណើរការខ្សោយ។ ស្ថានភាពនេះអាចបណ្តាលមកពីលក្ខខណ្ឌ ឬបញ្ហាមួយចំនួនដូចខាងក្រោម៖

  • ការរលាកក្រពេញទីរ៉ូអ៊ីត៖ នៅពេលដែលក្រពេញទីរ៉ូអ៊ីតមានការរលាក វាបង្កជាជំងឺរលាកក្រពេញទីរ៉ូអ៊ីត។ វាអាចជាលទ្ធផលនៃការឆ្លងរោគ។ លើសពីនេះ វាក៏អាចបណ្តាលមកពីជំងឺអូតូអ៊ុយមីន ឬលក្ខខណ្ឌផ្សេងទៀតដែលពាក់ព័ន្ធនឹងទីរ៉ូអ៊ីត។ ការរលាកនេះអាចធ្វើឱ្យក្រពេញទីរ៉ូអ៊ីតបញ្ចេញអរម៉ូនទាំងអស់ដែលវាបានសន្សំទុកភ្លាមៗ ដែលដំបូងឡើយបង្កឱ្យមានស្ថានភាពក្រពេញទីរ៉ូអ៊ីតដំណើរការខ្លាំងជ្រុល រួចទើបប្រែជាខ្សោយទៅវិញនៅពេលក្រោយ
  • ឱសថ៖ ថ្នាំមួយចំនួនអាចបណ្តាលឱ្យមានជំងឺក្រពេញទីរ៉ូអ៊ីតដំណើរការខ្សោយ។ ថ្នាំ លីចូម (Lithium) គឺជាថ្នាំមួយក្នុងចំណោមនោះ ដែលត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលបញ្ហាផ្លូវចិត្តមួយចំនួន។ សូមពិគ្រោះជាមួយគ្រូពេទ្យអំពីថ្នាំណាមួយដែលអ្នកកំពុងប្រើប្រាស់ និងផលប៉ះពាល់របស់វាទៅលើក្រពេញទីរ៉ូអ៊ីត
  • ជំងឺអូតូអ៊ុយមីន៖ ជំងឺអូតូអ៊ុយមីនម្យ៉ាងដែលគេស្គាល់ថាជា ជំងឺហាស៊ីម៉ូតូ (Hashimoto’s disease) គឺជាមូលហេតុទូទៅបំផុតនៃជំងឺក្រពេញទីរ៉ូអ៊ីតដំណើរការខ្សោយ។ ជំងឺអូតូអ៊ុយមីនកើតឡើងដោយសារប្រព័ន្ធស៊ាំរបស់រាងកាយផលិតអង្គបដិប្រាណ ទៅបំផ្លាញសរីរាង្គដែលមានសុខភាពល្អ។ ការពាក់ព័ន្ធរបស់ក្រពេញទីរ៉ូអ៊ីតនៅក្នុងដំណើរការនោះ អាចជះឥទ្ធិពលដល់សមត្ថភាពផលិតអរម៉ូនរបស់ក្រពេញនេះ
  • ការវះកាត់ក្រពេញទីរ៉ូអ៊ីត៖ ការផលិតអរម៉ូនទីរ៉ូអ៊ីតអាចនឹងត្រូវកាត់បន្ថយ ឬបញ្ឈប់ទាំងស្រុង តាមរយៈការវះកាត់កាត់យកក្រពេញនេះចេញខ្លះ ឬទាំងអស់
  • ការព្យាបាលដោយកាំរស្មី៖ ការព្យាបាលដុំសាច់នៅត្រង់ក្បាល និងក ដោយប្រើប្រាស់វិទ្យុសកម្ម អាចធ្វើឱ្យខូចខាតដល់ក្រពេញទីរ៉ូអ៊ីត និងបណ្តាលឱ្យមានជំងឺក្រពេញទីរ៉ូអ៊ីតដំណើរការខ្សោយ

មូលហេតុដែលកម្រជួបប្រទះជាងនេះ រួមមាន៖

  • ពិការភាពតាំងពីកំណើត៖ ទារកទើបនឹងកើតមួយចំនួនអាចមានក្រពេញទីរ៉ូអ៊ីតដែលដំណើរការមិនប្រក្រតី ឬបុគ្គលខ្លះកើតមកដោយគ្មានក្រពេញទីរ៉ូអ៊ីតតែម្តង។ មូលហេតុនៃការលូតលាស់មិនត្រឹមត្រូវនៃក្រពេញទីរ៉ូអ៊ីតនេះ ជារឿយៗមិនត្រូវបានដឹងច្បាស់នោះទេ ទោះជាយ៉ាងណា កុមារខ្លះអាចរងផលប៉ះពាល់ពីជំងឺទីរ៉ូអ៊ីតតំណពូជ។ ទារកទើបនឹងកើតជាច្រើនដែលមានជំងឺនេះ មិនស្តែងចេញរោគសញ្ញាអ្វីឡើយនៅពេលដំបូង ដែលនេះជាមូលហេតុមួយតម្រូវឱ្យមានការពិនិត្យឈាមស្វែងរកជំងឺទីរ៉ូអ៊ីតលើទារកទើបនឹងកើត
  • បញ្ហាដុំសាច់ខួរក្បាលផ្នែកក្រោម៖ អសមត្ថភាពនៃក្រពេញពិទូអ៊ីតារី (Pituitary gland) ក្នុងការផលិតអរម៉ូនរំញោចទីរ៉ូអ៊ីត (TSH) ឱ្យបានគ្រប់គ្រាន់ គឺជាមូលហេតុដ៏កម្របំផុតមួយ។ នេះជារឿយៗបណ្តាលមកពីដុំសាច់ក្រពេញពិទូអ៊ីតារី (ប្រភេទដុំសាច់សស្លូត)
  • ការមានផ្ទៃពោះ៖ ជំងឺក្រពេញទីរ៉ូអ៊ីតដំណើរការខ្សោយអាចកើតឡើងចំពោះស្ត្រីមួយចំនួន ក្នុងអំឡុងពេល ឬក្រោយពេលមានផ្ទៃពោះ។ ជំងឺនេះប្រសិនបើមិនបានព្យាបាលក្នុងកំឡុងពេលមានផ្ទៃពោះ នឹងបង្កើនហានិភ័យនៃជំងឺលើសឈាម, ការសម្រាលកូនមិនគ្រប់ខែ និងការរលូតកូន។ សម្ពាធឈាមនឹងកើនឡើងខ្លាំងក្នុងរយៈពេល ៣ ខែចុងក្រោយនៃការមានផ្ទៃពោះដោយសារតែ បញ្ហាគ្រោះថ្នាក់ដោយសារការមានផ្ទៃពោះ។ លើសពីនេះ វាក៏អាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ទារកក្នុងផ្ទៃដែលកំពុងលូតលាស់ផងដែរ
  • កង្វះជាតិអ៊ីយ៉ូត៖ អ៊ីយ៉ូតគឺជាសារធាតុរ៉ែដែលក្រពេញទីរ៉ូអ៊ីតត្រូវការដើម្បីផលិតអរម៉ូនទីរ៉ូអ៊ីត។ អាហារសមុទ្រ, សារាយសមុទ្រ, រុក្ខជាតិដែលដាំដុះនៅលើដីសម្បូរជាតិអ៊ីយ៉ូត និងអំបិលអ៊ីយ៉ូត គឺជាប្រភពចម្បងនៃជាតិអ៊ីយ៉ូត។ ការខ្វះជាតិអ៊ីយ៉ូតអាចបណ្តាលឱ្យមានជំងឺក្រពេញទីរ៉ូអ៊ីតដំណើរការខ្សោយ។ ប៉ុន្តែសម្រាប់អ្នកដែលមានជំងឺនេះស្រាប់ ការទទួលបានជាតិអ៊ីយ៉ូតច្រើនពេក អាចធ្វើឱ្យស្ថានភាជំងឺកាន់តែអាក្រក់ទៅៗ។ នៅក្នុងតំបន់មួយចំនួននៃពិភពលោក ការមិនទទួលបានជាតិអ៊ីយ៉ូតគ្រប់គ្រាន់នៅក្នុងរបបអាហារ គឺជារឿងទូទៅមួយ

កត្តាហានិភ័យ

ទោះបីជាជំងឺក្រពេញទីរ៉ូអ៊ីតដំណើរការខ្សោយអាចកើតឡើងលើមនុស្សគ្រប់រូបក៏ដោយ ប៉ុន្តែកត្តាខាងក្រោមនេះធ្វើឱ្យអ្នកប្រឈមនឹងហានិភ័យកាន់តែខ្ពស់៖

  • ភេទទាក់ទង៖ ជំងឺនេះកើតមានញឹកញាប់ជាងចំពោះស្ត្រី
  • ប្រវត្តិគ្រួសារ៖ ការមានសមាជិកគ្រួសារដែលមានប្រវត្តិជំងឺទីរ៉ូអ៊ីត អាចបង្កើនលទ្ធភាពនៃការកើតជំងឺនេះ
  • ជំងឺអូតូអ៊ុយមីន៖ ការមានជំងឺអូតូអ៊ុយមីនស្រាប់ ដូចជាជំងឺទឹកនោមផ្អែមប្រភេទទី១ ឬជំងឺប្រតិកម្មនឹងជាតិគ្លុយតែន (Celiac disease) គឺជាកត្តាបង្កើនហានិភ័យ
  • ប្រវត្តិនៃការព្យាបាល៖ បុគ្គលដែលធ្លាប់បានទទួលការព្យាបាលជំងឺក្រពេញទីរ៉ូអ៊ីតដំណើរការខ្លាំងជ្រុល, ធ្លាប់ទទួលការបាញ់កាំរស្មី (វិទ្យុសកម្ម) នៅត្រង់ក ឬផ្នែកខាងលើនៃទ្រូង ឬធ្លាប់វះកាត់ក្រពេញទីរ៉ូអ៊ីត អាចប្រឈមនឹងហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺក្រពេញទីរ៉ូអ៊ីតដំណើរការខ្សោយនេះ

ការធ្វើរោគវិនិច្ឆ័យ

រោគសញ្ញានៃជំងឺក្រពេញទីរ៉ូអ៊ីតដំណើរការខ្សោយអាចមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងចំពោះបុគ្គលម្នាក់ៗ ហើយជារឿយៗវាស្រដៀងគ្នាទៅនឹងរោគសញ្ញានៃបញ្ហាសុខភាពដទៃទៀត ដែលធ្វើឱ្យមានការពិបាកក្នុងការធ្វើរោគវិនិច្ឆ័យដោយផ្អែកលើរោគសញ្ញាតែមួយមុខ។ ផ្ទុយទៅវិញ ការធ្វើរោគវិនិច្ឆ័យជាទូទៅត្រូវបានបញ្ជាក់ច្បាស់លាស់តាមរយៈការធ្វើតេស្តឈាមជាបន្តបន្ទាប់។

ការធ្វើតេស្តដំបូង៖

ការធ្វើតេស្តចម្បងសម្រាប់ធ្វើរោគវិនិច្ឆ័យជំងឺនេះ គឺការពិនិត្យកម្រិតអរម៉ូនរំញោចទីរ៉ូអ៊ីត (TSH – Thyroid-stimulating hormone)។ ការកើនឡើងកម្រិត TSH អាចជាសញ្ញានៃជំងឺក្រពេញទីរ៉ូអ៊ីតដំណើរការខ្សោយ ដែលទាមទារឱ្យមានការធ្វើតេស្តឡើងវិញ រួមជាមួយនឹងការវាស់វែងកម្រិតអរម៉ូនទីរ៉ូអ៊ីត T-4។

ជាទូទៅ ការធ្វើរោគវិនិច្ឆ័យជំងឺក្រពេញទីរ៉ូអ៊ីតដំណើរការខ្សោយត្រូវបានបញ្ជាក់ច្បាស់លាស់ ប្រសិនបើកម្រិត TSH ឡើងខ្ពស់ ហើយកម្រិត T-4 ធ្លាក់ចុះទាប។ ក្នុងករណីខ្លះ គ្រូពេទ្យក៏អាចវាស់វែងកម្រិតអរម៉ូនទីរ៉ូអ៊ីត T-3 ផងដែរ។

ជំងឺក្រពេញទីរ៉ូអ៊ីតដំណើរការខ្សោយកម្រិតស្រាល/មិនទាន់ស្តែងរោគសញ្ញា៖

ប្រសិនបើការធ្វើតេស្តលើកទីពីរបង្ហាញថា កម្រិត TSH ឡើងខ្ពស់ ប៉ុន្តែកម្រិត T-4 និង T-3 នៅធម្មតា ស្ថានភាពនោះទំនងជាជំងឺក្រពេញទីរ៉ូអ៊ីតដំណើរការខ្សោយកម្រិតស្រាល ដែលជាទូទៅមិនស្តែងចេញនូវរោគសញ្ញាគួរឱ្យកត់សម្គាល់នោះទេ។

ការគ្រប់គ្រងជំងឺជាបន្តបន្ទាប់៖

ការធ្វើតេស្ត TSH គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការគ្រប់គ្រងជំងឺនេះជាបន្តបន្ទាប់ ដើម្បីជួយឱ្យគ្រូពេទ្យអាចកែសម្រួលកម្រិតថ្នាំឱ្យសមស្រប ក្នុងការសម្រេចបាននូវមុខងារទីរ៉ូអ៊ីតដ៏ល្អប្រសើរ។

ផលរំខានដល់លទ្ធផលតេស្ត៖

ថ្នាំ និងអាហារបំប៉នមួយចំនួន ដូចជា បាយអូទីន (Biotin ដែលមាននៅក្នុងវីតាមីនចម្រុះ ឬជាអាហារបំប៉នទោល) អាចប៉ះពាល់ដល់ភាពត្រឹមត្រូវនៃការធ្វើតេស្តឈាមរកជំងឺទីរ៉ូអ៊ីត។ វាពិតជាសំខាន់ណាស់ក្នុងការជម្រាបជូនគ្រូពេទ្យរបស់អ្នកអំពីអាហារបំប៉ន ឬថ្នាំណាមួយដែលអ្នកកំពុងប្រើប្រាស់ មុនពេលធ្វើតេស្តឈាមទីរ៉ូអ៊ីត។

ការព្យាបាល

ការព្យាបាលជំងឺក្រពេញទីរ៉ូអ៊ីតដំណើរការខ្សោយ ជាទូទៅរួមបញ្ចូលនូវការលេបថ្នាំអរម៉ូនទីរ៉ូអ៊ីត ឡេវ៉ូទីរុកស៊ីន (Levothyroxine) ជាប្រចាំថ្ងៃ។ ឱសថនេះជួយធ្វើឱ្យកម្រិតអរម៉ូនត្រឡប់មកសភាពធម្មតាវិញ និងជួយសម្រាលរោគសញ្ញានៃជំងឺ។

ការចាប់ផ្តើមការព្យាបាល

  • ការឆ្លើយតបដំបូង៖ អ្នកអាចនឹងចាប់ផ្តើមមានអារម្មណ៍ធូរស្រាល និងប្រសើរឡើងក្នុងរយៈពេលពី ១ ទៅ ២ សប្តាហ៍ បន្ទាប់ពីចាប់ផ្តើមលេបថ្នាំ
  • ការគ្រប់គ្រងរយៈពេលវែង៖ ការព្យាបាលដោយប្រើថ្នាំ Levothyroxine ជាទូទៅគឺត្រូវប្រើប្រាស់អស់មួយជីវិត។ គ្រូពេទ្យរបស់អ្នកអាចនឹងកែសម្រួលកម្រិតថ្នាំរបស់អ្នកជាកាលកំណត់ ដោយផ្អែកលើការពិនិត្យកម្រិត TSH ប្រចាំឆ្នាំ

ការកែសម្រួលកម្រិតថ្នាំ

  • ការតាមដាន៖ កម្រិត TSH របស់អ្នកនឹងត្រូវពិនិត្យឡើងវិញក្នុងរយៈពេលពី ៦ ផ្លូវ ទៅ ៨ សប្តាហ៍បន្ទាប់ពីចាប់ផ្តើមលេបថ្នាំ ហើយអាចនឹងត្រូវពិនិត្យម្តងទៀតនៅ ៦ ខែក្រោយ ដើម្បីស្វែងរកកម្រិតថ្នាំត្រឹមត្រូវច្បាស់លាស់
  • ផលប៉ះពាល់៖ ការប្រើប្រាស់កម្រិតថ្នាំត្រឹមត្រូវគឺពិតជាសំខាន់ណាស់ ព្រោះការប្រើប្រាស់ថ្នាំ Levothyroxine ច្រើនជ្រុលអាចនាំឱ្យអស់កម្លាំង, ឃ្លានអាហារខ្លាំង, មានបញ្ហាក្នុងការគេង, ញ័រដៃជើង និងបេះដូងលោតខុសធម្មតា (ញ័រទ្រូង)

ការប្រុងប្រយ័ត្នពិសេស

  • ភាពស៊ីគ្នានៃម៉ាកថ្នាំ៖ ត្រូវប្រើប្រាស់ថ្នាំម៉ាកដដែលជានិច្ច លើកលែងតែមានការណែនាំផ្សេងពីគ្រូពេទ្យរបស់អ្នក ព្រោះប្រសិទ្ធភាព អាចមានភាពខុសគ្នាបន្តិចបន្តួចរវាងម៉ាកថ្នាំមួយទៅម៉ាកថ្នាំមួយទៀត
  • ស្ថានភាពជំងឺប្រចាំកាយ៖ អ្នកជំងឺដែលមានជំងឺសរសៃឈាមបេះដូង ឬអ្នកដែលមានជំងឺក្រពេញទីរ៉ូអ៊ីតដំណើរការខ្សោយកម្រិតធ្ងន់ធ្ងរ អាចនឹងត្រូវចាប់ផ្តើមជាមួយនឹងកម្រិតថ្នាំទាបសិន ដើម្បីឱ្យបេះដូងរបស់ពួកគេសម្របខ្លួនបន្តិចម្តងៗទៅនឹងការកើនឡើងនៃប្រព័ន្ធដុតរំលាយអាហារ

ការប្រើប្រាស់ថ្នាំ Levothyroxine ឱ្យបានត្រឹមត្រូវ

  • ពេលវេលា៖ ត្រូវលេបថ្នាំនៅពេល ពោះទទេ ដែលល្អបំផុតគឺនៅពេលព្រឹក ហើយត្រូវរង់ចាំពី ៣០ ទៅ ៦០ នាទី មុនពេលញ៉ាំអាហារ ឬលេបថ្នាំដទៃទៀត។ ប្រសិនបើលេបនៅពេលយប់មុនចូលគេង ត្រូវប្រាកដថាវាមានរយៈពេលយ៉ាងហោចណាស់ ៤ ម៉ោង បន្ទាប់ពីការញ៉ាំអាហារ ឬសម្រន់ចុងក្រោយ
  • ភាពទៀងទាត់៖ មិនត្រូវរំលងការលេបថ្នាំ ឬបញ្ឈប់ការប្រើប្រាស់ថ្នាំដោយគ្មានការណែនាំពីគ្រូពេទ្យឡើយ សូម្បីតែអ្នកមានអារម្មណ៍ធូរស្រាលក៏ដោយ ដើម្បីការពារកុំឱ្យរោគសញ្ញាត្រឡប់មកវិញ។ ប្រសិនបើភ្លេចលេបថ្នាំ មិនត្រូវបន្ថែមថ្នាំឡើងទ្វេដងនៅថ្ងៃបន្ទាប់នោះទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ

អន្តរកម្មជាមួយអាហារ និងថ្នាំដទៃ

  • របបអាហារ និងអាហារបំប៉ន៖ អាហារ, អាហារបំប៉ន និងថ្នាំមួយចំនួនអាចរំខានដល់ការស្រូបយកថ្នាំ Levothyroxine របស់រាងកាយ។ សូមពិភាក្សាជាមួយគ្រូពេទ្យ ប្រសិនបើអ្នកបរិភោគសណ្តែកសៀងក្នុងបរិមាណច្រើន, ញ៉ាំអាហារដែលមានជាតិសរសៃខ្ពស់ ឬប្រើប្រាស់អាហារបំប៉នដែលមានផ្ទុកជាតិដែក, អាលុយមីញ៉ូមអ៊ីដ្រុកស៊ីត ឬកាល់ស្យូម

ជំងឺក្រពេញទីរ៉ូអ៊ីតដំណើរការខ្សោយកម្រិតស្រាល

  • ការសម្រេចចិត្តលើការព្យាបាល៖ ប្រសិនបើត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានស្ថានភាពនេះ សូមពិភាក្សាអំពីអត្ថប្រយោជន៍នៃការព្យាបាលជាមួយគ្រូពេទ្យរបស់អ្នក។ ការព្យាបាលអាចនឹងមិនចាំបាច់នោះទេសម្រាប់ការកើនឡើងកម្រិត TSH បន្តិចបន្តួច ប៉ុន្តែសម្រាប់កម្រិតដែលខ្ពស់ជាងនេះ (ទោះស្ថិតក្នុងកម្រិតស្រាលក៏ដោយ) អាចនឹងទទួលបានផលប្រយោជន៍ពីការព្យាបាលដោយអរម៉ូនទីរ៉ូអ៊ីត ដើម្បីកែលម្អរោគសញ្ញាឱ្យប្រសើរឡើង

Doctors who treat this condition