ទិដ្ឋភាពទូទៅ

សំឡេងស្អក ឬហៅតាមវេជ្ជសាស្ត្រថា ឌីសហ្វូនីយ៉ា (dysphonia) គឺជាស្ថានភាពមួយដែលសម្គាល់ដោយការប្រែប្រួលនៃសំឡេង ឬលក្ខណៈនៃសំឡេង ដែលបណ្តាលឱ្យសំឡេងប្រែជាខ្សោយ ស្អកស្បក ឬស្អកស្អិត។ ស្ថានភាពនេះអាចកើតចេញពីកត្តាផ្សេងៗ ដូចជាការប្រើប្រាស់សំឡេងខុសរបៀប ឬការប្រើប្រាស់សំឡេងខ្លាំងហួសប្រមាណ ការឆ្លងមេរោគវីរុស និងការដុះសាច់ផ្សេងៗដូចជា ដុំគីសទឹក ដុំសាច់ប៉ាពីឡូម៉ា ដុំសាច់ប៉ូលីប និងដុំពក នៅលើខ្សែសំឡេង។ លើសពីនេះ អាការៈសំឡេងស្អកក៏អាចបណ្តាលមកពីការច្រាលអាស៊ីតពីក្រពះផងដែរ។ ការព្យាបាលដ៏ត្រឹមត្រូវសម្រាប់អាការៈសំឡេងស្អក គឺអាស្រ័យទៅលើមូលហេតុបង្កដែលស្ថិតនៅពីក្រោយស្ថានភាពជំងឺនេះ។

រោគសញ្ញា

រោគសញ្ញានៃអាការៈសំឡេងស្អក៖

  • សំឡេងខ្សោយ ស្អក ឬស្អកស្បកខុសធម្មតា៖ សំឡេងរបស់អ្នកអាចស្តាប់ទៅខ្សោយ ឬគ្រើម
  • ការប្រែប្រួលកម្រិតសំឡេង៖ សំឡេងរបស់អ្នកអាចនឹងប្រែជាខ្ពស់ជាងមុន ឬទាបជាងមុន
  • ប្រឹងខ្លាំង ឬឆាប់ហត់នៅពេលនិយាយ៖ ការនិយាយស្តីអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាពិបាក និងធ្វើឱ្យអ្នកហត់នឿយយ៉ាងឆាប់រហ័ស
  • រោគសញ្ញាបន្ថែម៖ មូលហេតុនៃអាការៈសំឡេងស្អកអាចនាំមកនូវសញ្ញាដទៃទៀត។ ជាឧទាហរណ៍ ជំងឺបង្កដោយវីរុសអាចនាំឱ្យឈឺក ក្អក ឬកណ្តាស់។ ពេលខ្លះ អាការៈសំឡេងស្អកក៏អាចជះឥទ្ធិពលដល់ការលេបអាហារ ឬការដកដង្ហើមផងដែរ

​​ មូលហេតុ

អាការៈសំឡេងស្អកអាចមានមូលហេតុបង្កជាច្រើន ដែលភាគច្រើនមិនមានគ្រោះថ្នាក់ឡើយ។ មូលហេតុមួយចំនួនរួមមាន៖

  • ការប្រើប្រាស់សំឡេងហួសប្រមាណ៖ មនុស្សម្នាក់អាចនឹងសំឡេងស្អក ប្រសិនបើពួកគេនិយាយច្រើនពេក ស្រែកខ្លាំងៗពេក ច្រៀងច្រើនពេក ឬនិយាយក្នុងកម្រិតសំឡេងខ្ពស់ ឬទាបជាងធម្មតា
  • រលាកបំពង់សំឡេង (Laryngitis)៖ អាឡែហ្ស៊ី គ្រុនផ្តាសាយ ឬការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើ អាចបណ្តាលឱ្យខ្សែសំឡេងហើមមួយគ្រា ដែលស្ថានភាពនេះត្រូវបានគេស្គាល់ថាជា ជំងឺរលាកបំពង់សំឡេង
  • ការឆ្លងមេរោគ៖ ការឆ្លងមេរោគនៅស៊ីនុស (ដុះសាច់ច្រមុះ) ឬគ្រុនផ្តាសាយ។ ករណីនេះត្រូវបានរំពឹងថានឹងជាសះស្បើយទៅវិញដោយខ្លួនឯងក្នុងរយៈពេលពីរសប្តាហ៍
  • ការហូរឈាមនៅខ្សែសំឡេង៖ នៅពេលដែលសំឡេងរបស់មនុស្សម្នាក់ស្រាប់តែបាត់បង់ភ្លាមៗ ឬនៅពេលដែលពួកគេអាចនិយាយបានតែមិនអាចច្រៀងបាន ពួកគេអាចនឹងជួបប្រទះនូវការហូរឈាមនៅខ្សែសំឡេង។ ករណីនេះកើតឡើងនៅពេលដែលសរសៃឈាមនៅលើខ្សែសំឡេងបានបែក ដែលធ្វើឱ្យឈាមហូរចូលទៅក្នុងលិកាសាច់ដុំ
  • ជំងឺច្រាលអាស៊ីតក្រពះ (GERD)៖ ឬហៅម្យ៉ាងទៀតថាការក្រហាយទ្រូង គឺជាស្ថានភាពដែលអាស៊ីតក្រពះហូរច្រាលឡើងមកក្នុងបំពង់ក។ ស្ថានភាពនេះត្រូវបានហៅថា ការច្រាលអាស៊ីតមកបំពង់កនិងបំពង់សំឡេង (Laryngopharyngeal reflux – LPR) នៅពេលដែលអាស៊ីតអាចហូរច្រាលឡើងខ្ពស់រហូតដល់ខ្សែសំឡេង
  • ស្ថានភាពប្រព័ន្ធប្រសាទ៖ តំបន់នៃខួរក្បាលដែលគ្រប់គ្រងសាច់ដុំនៅក្នុងបំពង់សំឡេងរបស់ពួកគេ អាចនឹងរងផលប៉ះពាល់ដោយសារជំងឺផាកឃីនសិន (Parkinson’s disease) ឬជំងឺដាច់សរសៃឈាមខួរក្បាល ក្នុងចំណោមស្ថានភាពជំងឺដទៃទៀត
  • ការដុះដុំពក ដុំគីសទឹក ឬដុំសាច់ប៉ូលីប៖ នៅលើខ្សែសំឡេង អាចមានការវិវត្តជាដុំពក ដុំសាច់ប៉ូលីប និងដុំគីសទឹកដែលមិនមែនជាកោសិកាមហារីកឡើយ។ ពួកវាដុះឡើងដោយសារតែសម្ពាធខ្លាំង ឬការកកិតហួសប្រមាណ
  • ការខ្វិនខ្សែសំឡេង៖ ប្រសិនបើខ្សែសំឡេងមួយ ឬទាំងពីរត្រូវបានខ្វិន វាមានន័យថាពួកវាមិនដំណើរការត្រឹមត្រូវឡើយ។ វាអាចទៅរួចដែលថាពួកវាមិនបើក ហើយក៏មិនបិទ។ ភាគច្រើននៃករណីទាំងនេះ គឺមិនត្រូវបានដឹងពីមូលហេតុច្បាស់លាស់ឡើយ ទោះបីជាពេលខ្លះវាបណ្តាលមកពីរបួស មហារីកសួត ឬមហារីកទីរ៉ូអ៊ីត ការឆ្លងមេរោគ ជំងឺក្រិនច្រើនកន្លែង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺផាកឃីនសិន ឬដុំសាច់ក៏ដោយ
  • អាការៈសំឡេងស្អកដោយសារការតឹងសាច់ដុំ៖ អាការៈសំឡេងស្អកដែលបណ្តាលមកពីការតឹងសាច់ដុំខ្លាំងពេកនៅជុំវិញបំពង់សំឡេង ត្រូវបានគេស្គាល់ថាជា អាការៈសំឡេងស្អកដោយសារការតឹងសាច់ដុំ។ សម្ពាធតឹងណែននេះធ្វើឱ្យសំឡេងមិនអាចដំណើរការបានល្អឡើយ។ ទម្រង់នៃការប្រើប្រាស់សាច់ដុំបែបនេះ អាចលេចឡើងអំឡុងពេលកើតជំងឺរលាបំពង់សំឡេង ហើយបន្តកើតមានរយៈពេលយូរ ទោះបីជាការហើមខ្សែសំឡេងបានស្រកចុះអស់ហើយក៏ដោយ។ វាក៏អាចបណ្តាលមកពីស្រ្តេស និងកើតមានទន្ទឹមនឹងជំងឺដទៃទៀតផងដែរ
  • ជំងឺដុះសាច់ប៉ាពីឡូម៉ាផ្លូវដង្ហើមឡើងវិញ (RRP) ឬជំងឺដុះសាច់ប៉ាពីឡូម៉ានៅបំពង់សំឡេង៖ ផ្លូវដង្ហើមនៅក្នុងសួតមានការវិវត្តនូវដុំសាច់មិនមែនមហារីក ដោយសារតែស្ថានភាពជំងឺនេះ
  • មហារីកបំពង់សំឡេង៖ រោគសញ្ញានៃមហារីកបំពង់សំឡេងមួយដែលអូសបន្លាយពេលយូរជាងបីសប្តាហ៍ គឺអាការៈសំឡេងស្អក

កត្តាហានិភ័យ

អាការៈសំឡេងស្អកអាចប៉ះពាល់ដល់មនុស្សគ្រប់វ័យ។ អ្នកជក់បារី និងអ្នកដែលប្រើប្រាស់សំឡេងសម្រាប់អាជីពការងារប្រចាំថ្ងៃ ដូចជាគ្រូបង្រៀន អ្នកចម្រៀង បុគ្គលិកផ្នែកលក់ និងភ្នាក់ងារបម្រើសេវាកម្មអតិថិជនតាមទូរស័ព្ទ គឺមានឱកាសខ្ពស់ក្នុងការប្រឈមមុខនឹងរោគសញ្ញានេះ។

ការធ្វើរោគវិនិច្ឆ័យ

ក្នុងការវាយតម្លៃលើអាការៈសំឡេងស្អក គ្រូពេទ្យឯកទេសខាងជំងឺត្រចៀក ច្រមុះ និងបំពង់ក (ENT) នឹងអនុវត្តតាមជំហានជាប្រព័ន្ធដូចខាងក្រោម៖

  • ការសាកសួរប្រវត្តិជំងឺ៖ គ្រូពេទ្យឯកទេសនឹងចាប់ផ្តើមការវាយតម្លៃដោយប្រមូលព័ត៌មានដែលពាក់ព័ន្ធ រួមមាន រយៈពេលនៃការកើតអាការៈសំឡេងស្អក ការចាប់ផ្តើមឈឺ (លេចឡើងភ្លាមៗ ឬបន្តិចម្តងៗ) ប្រវត្តិនៃការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើនាពេលថ្មីៗនេះ វត្តមាននៃរោគសញ្ញារួមផ្សំផ្សេងទៀត ប្រវត្តិនៃការជក់បារី (រួមទាំងរយៈពេលជក់) និងការទទួលទានគ្រឿងស្រវឹង
  • ការពិនិត្យរាងកាយ៖ ការពិនិត្យយ៉ាងហ្មត់ចត់លើតំបន់ក្បាល និងកនឹងត្រូវធ្វើឡើង ដើម្បីស្វែងរកភាពមិនប្រក្រតី ឬដុំសាច់ដែលអាចស្ទាបដឹងបាន
  • ការវាយតម្លៃសំឡេង៖ គ្រូពេទ្យឯកទេសនឹងវាយតម្លៃលើគុណភាពសំឡេងរបស់អ្នក ដើម្បីរកមើលភាពមិនប្រក្រតី ឬភាពខុសធម្មតានានា
  • ការឆ្លុះពិនិត្យបំពង់សំឡេង៖ ដោយប្រើប្រាស់ឧបករណ៍ឆ្លុះបំពង់សំឡេង ដែលជាឧបករណ៍ជំនាញ គ្រូពេទ្យឯកទេសនឹងធ្វើការពិនិត្យផ្ទាល់ទៅលើខ្សែសំឡេង។ ឧបករណ៍នេះត្រូវបានបញ្ចូលតាមរន្ធច្រមុះ ដើម្បីផ្តល់នូវរូបភាពលម្អិតនៃបំពង់សំឡេង

ការធ្វើតេស្តរោគវិនិច្ឆ័យ

  • ការធ្វើកោសល្យវិច័យ៖ ក្នុងករណីមានការសង្ស័យខ្លាំង ការកាត់យកគំរូសាច់ទៅពិនិត្យអាចនឹងត្រូវណែនាំ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យដាច់ស្រឡះ
  • ការថតពិនិត្យតាមរូបភាពវេជ្ជសាស្ត្រ៖ ការថតស្កេនស៊ីធី ឬការថតស្កេនម៉ាញេទិក (MRI) អាចនឹងត្រូវបញ្ជាឱ្យធ្វើ ដើម្បីសិក្សាស្រាវជ្រាវបន្ថែមអំពីស្ថានភាពជំងឺ

ជំហានដ៏ទូលំទូលាយទាំងនេះ អនុញ្ញាតឱ្យគ្រូពេទ្យឯកទេសអាចកំណត់រោគវិនិច្ឆ័យបានយ៉ាងត្រឹមត្រូវ និងរៀបចំផែនការព្យាបាលដ៏សមស្របសម្រាប់អាការៈសំឡេងស្អករបស់អ្នកជំងឺ។

ការព្យាបាល

ការព្យាបាលអាការៈសំឡេងស្អក គឺអាស្រ័យទៅលើមូលហេតុបង្កដែលស្ថិតនៅពីក្រោយ៖

  • ការប្រើប្រាស់សំឡេងហួសប្រមាណ៖ ផ្អាកការប្រើប្រាស់សំឡេង (សម្រាកក) និងពិសារទឹកឱ្យបានច្រើន
  • គ្រុនផ្តាសាយ ឬការឆ្លងមេរោគនៅស៊ីនុស៖ បណ្តោយឱ្យជំងឺផ្តាសាយជាសះស្បើយទៅវិញតាមដំណាក់កាលធម្មជាតិ ឬប្រើប្រាស់ថ្នាំផ្តាសាយដែលអាចទិញបានដោយគ្មានវេជ្ជបញ្ជា
  • រលាកបំពង់សំឡេង៖ ពិគ្រោះយោបល់ជាមួយគ្រូពេទ្យរបស់អ្នក អ្នកអាចនឹងត្រូវការថ្នាំផ្សះ (ថ្នាំអង់ទីប៊ីយោទិច) ឬថ្នាំកូទីកូស្តេរ៉ូអ៊ីត (corticosteroids)
  • ការច្រាលអាស៊ីតក្រពះ (GERD)៖ ព្យាបាលដោយប្រើថ្នាំបន្សាបអាស៊ីត ឬថ្នាំទប់បូមប្រូតុង
  • ការហូរឈាមនៅខ្សែសំឡេង៖ ផ្អាកការប្រើប្រាស់សំឡេង និងសម្រាកបំពង់ក
  • ជំងឺ/បញ្ហាប្រព័ន្ធប្រសាទ៖ ការព្យាបាលតម្រូវទៅតាមស្ថានភាពជាក់លាក់នៃជំងឺនីមួយៗ
  • ដុំពក ដុំគីសទឹក ឬដុំសាច់ប៉ូលីបនៅខ្សែសំឡេង៖ ការកែប្រែរបបអាហារ និងការធ្វើព្យាបាលសំឡេង។ ការវះកាត់អាចនឹងត្រូវយកមកពិចារណា
  • ការខ្វិនខ្សែសំឡេង៖ អនុវត្តនីតិវិធីវេជ្ជសាស្ត្រ ឬការវះកាត់បំពង់កទៅតាមការចាំបាច់
  • មហារីកបំពង់សំឡេង៖ ជម្រើសរួមមាន ការបាញ់កាំរស្មី ការចាក់គីមី ការព្យាបាលតាមបែបភាពស៊ាំ និងការវះកាត់
  • ជំងឺដុះសាច់ប៉ាពីឡូម៉ាផ្លូវដង្ហើមឡើងវិញ៖ វះកាត់យកដុំសាច់ដែលដុះចេញ ដើម្បីបើកផ្លូវដង្ហើមឱ្យស្រឡះ
  • អាការៈសំឡេងស្អកដោយសារការតឹងសាច់ដុំ៖ ការតាមដានសង្កេត ឬការធ្វើព្យាបាលសំឡេងជាមួយគ្រូពេទ្យឯកទេសខាងកែសម្រួលដោះស្រាយបញ្ហានិយាយ និងភាសា

ប្រសិនបើអាការៈសំឡេងស្អក គឺជាបញ្ហាកើតឡើងដដែលៗដោយសារការប្រើប្រាស់សំឡេងខ្លាំងហួសប្រមាណ សូមពិចារណាធ្វើការព្យាបាលសំឡេងជាមួយគ្រូពេទ្យឯកទេសខាងកែសម្រួលដោះស្រាយបញ្ហានិយាយ និងភាសា ដើម្បីរៀនពីបច្ចេកទេស និងលំហាត់ប្រាណជួយថែរក្សាសំឡេង។

Doctors who treat this condition