ទិដ្ឋភាពទូទៅ

ជំងឺទឹកដក់ក្នុងភ្នែក (Glaucoma) សំដៅលើក្រុមនៃជំងឺភ្នែកដែលបង្កការខូចខាតដល់សរសៃប្រសាទភ្នែក (Optic nerve)។ សរសៃប្រសាទនេះមានតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជូនព័ត៌មានរូបភាពពីភ្នែកទៅកាន់ខួរក្បាល។ ការខូចខាតសរសៃប្រសាទភ្នែក ជារឿយៗមានទំនាក់ទំនងទៅនឹងការកើនឡើងសម្ពាធក្នុងភ្នែក (Intraocular pressure – IOP)។ ទោះជាយ៉ាងណាក៏ដោយ ជំងឺទឹកដក់ក្នុងភ្នែកក៏អាចកើតមានឡើងចំពោះអ្នកដែលមានសម្ពាធភ្នែកធម្មតាផងដែរ។ ជំងឺទឹកដក់ក្នុងភ្នែក គឺជាមូលហេតុចម្បងដែលបណ្តាលឱ្យខូចសរសៃប្រសាទភ្នែក និងនាំឱ្យបាត់បង់ការមើលឃើញ។ ទូទៅកើតមានលើមនុស្សចាស់ ប៉ុន្តែវាក៏អាចកើតឡើងចំពោះមនុស្សគ្រប់វ័យផងដែរ។ សម្រាប់មនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំ ជំងឺនេះគឺជាមូលហេតុចម្បងមួយដែលបណ្តាលឱ្យងងឹតភ្នែក

ក្នុងករណីភាគច្រើន សារធាតុរាវកកកុញនៅផ្នែកខាងមុខនៃភ្នែក ដែលធ្វើឱ្យសម្ពាធភ្នែកកើនឡើង និងបង្កការខូចខាតជាលំដាប់ដល់សរសៃប្រសាទភ្នែក។ ជំងឺទឹកដក់ក្នុងភ្នែកដែលមិនបានព្យាបាល ឬគ្រប់គ្រងមិនបានល្អ អាចបណ្តាលឱ្យបាត់បង់ការមើលឃើញជាអចិន្ត្រៃយ៍ និងមិនអាចស្តារឡើងវិញបាន រួមទាំងការងងឹតភ្នែកផងដែរ។ ជំងឺទឹកដក់ក្នុងភ្នែកជាទូទៅប៉ះពាល់ដល់ភ្នែកទាំងសងខាង ប៉ុន្តែនៅដំណាក់កាលដំបូង វាអាចនឹងធ្ងន់ធ្ងរខ្លាំងលើភ្នែកម្ខាង។ ជំងឺទឹកដក់ក្នុងភ្នែកប្រភេទមុំបើក (Open-angle glaucoma) អាចបង្កការខូចខាតកម្រិតមធ្យម ឬធ្ងន់ធ្ងរលើភ្នែកម្ខាង ខណៈពេលដែលប៉ះពាល់តិចតួចលើភ្នែកម្ខាងទៀត។ ចំពោះអ្នកដែលមានជំងឺទឹកដក់ក្នុងភ្នែកប្រភេទមុំបិទ (Closed-angle glaucoma) លើភ្នែកម្ខាង មានប្រូបាប៊ីលីតេពី ៤០% ទៅ ៨០% ក្នុងការវិវឌ្ឍទៅជាស្ថានភាពដូចគ្នានេះលើភ្នែកម្ខាងទៀតក្នុងរយៈពេលពី ៥ ទៅ ១០ ឆ្នាំ

រោគសញ្ញា

រោគសញ្ញានៃជំងឺទឹកដក់ក្នុងភ្នែកអាចខុសគ្នា អាស្រ័យលើប្រភេទ និងដំណាក់កាលនៃជំងឺ៖

  • ជំងឺទឹកដក់ក្នុងភ្នែកប្រភេទមុំបើក (Open-angle glaucoma)៖ នៅដំណាក់កាលដំបូង រោគសញ្ញាអាចនឹងមិនស្តែងចេញឱ្យឃើញច្បាស់នោះទេ។ នៅពេលដែលជំងឺវិវឌ្ឍទៅមុខ អ្នកជំងឺអាចនឹងចាប់ផ្តើមបាត់បង់ការមើលឃើញបន្តិចម្តងៗនៅផ្នែកចំហៀង (មើលឃើញស្រអាប់ជាកន្លែងៗនៅជុំវិញជំរុំណែន)។ នៅដំណាក់កាលកាន់តែធ្ងន់ធ្ងរ ភាពពិបាកក្នុងការមើលឃើញវត្ថុចំកណ្តាល នឹងចាប់ផ្តើមលេចឡើងច្បាស់
  • ជំងឺទឹកដក់ក្នុងភ្នែកប្រភេទមុំបិទស្រួចស្រាវ (Acute angle-closure glaucoma)៖ ប្រភេទនេះស្តែងឡើងតាមរយៈរោគសញ្ញាធ្ងន់ធ្ងរ រួមមាន ឈឺក្បាលខ្លាំង ឈឺភ្នែក ចង្អោរ ឬក្អួត ស្រវាំងភ្នែក មើលឃើញរង្វង់ពន្លឺ ឬខ្សែកោងពណ៌ជុំវិញភ្លើង និងភ្នែកឡើងក្រហម។ រោគសញ្ញារួមផ្សំទាំងនេះបង្ហាញពីស្ថានភាពអាសន្ន ដែលទាមទារការព្យាបាលផ្នែកវេជ្ជសាស្ត្រជាបន្ទាន់ ដើម្បីការពារផលវិបាកធ្ងន់ធ្ងរផ្សេងៗ
  • ជំងឺទឹកដក់ក្នុងភ្នែកដែលមានសម្ពាធធម្មតា (Normal-tension glaucoma)៖ នៅដំណាក់កាលដំបូង អ្នកជំងឺអាចនឹងមិនមានរោគសញ្ញាគួរឱ្យកត់សម្គាល់ណាមួយឡើយ។ នៅពេលដែលជំងឺវិវឌ្ឍទៅមុខ ទើបចាប់ផ្តើមមានអាការៈស្រវាំងភ្នែកបន្តិចម្តងៗ។ នៅដំណាក់កាលកាន់តែធ្ងន់ធ្ងរ វាមានសក្តានុពលខ្ពស់ក្នុងការបាត់បង់ការមើលឃើញផ្នែកចំហៀង ដែលនេះកាន់តែបញ្ជាក់ពីសារៈសំខាន់នៃការពិនិត្យភ្នែកឱ្យបានទៀងទាត់ ដើម្បីស្វែងរក និងព្យាបាលទាន់ពេលវេលា
  • ជំងឺទឹកដក់ក្នុងភ្នែកលើកុមារ (Glaucoma in children)៖ អាចស្តែងចេញជាសញ្ញាផ្សេងៗ រួមមាន ភ្នែកទារកមើលទៅស្រអាប់ ឬល្អក់ ភ្នែកព្រិចៗញឹកញាប់ ហូរទឹកភ្នែកដោយគ្មានការយំ ស្រវាំងភ្នែក ស្ថានភាពម៉្ញូប (មើលជិត) កាន់តែធ្ងន់ធ្ងរ និងឈឺក្បាល។ ការសម្គាល់ឃើញរោគសញ្ញាទាំងនេះទាន់ពេលវេលា គឺជារឿងសំខាន់បំផុត ដើម្បីធានាបាននូវការថែទាំភ្នែកកុមារត្រឹមត្រូវ និងដោះស្រាយបញ្ហាគំហើញដែលអាចកើតមាន។ ការពិនិត្យភ្នែកជាប្រចាំត្រូវបានណែនាំ ដើម្បីតាមដាន និងដោះស្រាយរាល់បញ្ហាសុខភាពគំហើញរបស់កុមារ
  • ជំងឺទឹកដក់ក្នុងភ្នែកដោយសារជាតិពណ៌ (Pigmentary glaucoma)៖ ត្រូវបានសម្គាល់ដោយរោគសញ្ញាច្បាស់លាស់ ដូចជាការមើលឃើញរង្វង់ពន្លឺជុំវិញភ្លើង ស្រវាំងភ្នែកជាពិសេសអំឡុងពេលធ្វើលំហាត់ប្រាណ និងការថយចុះគំហើញផ្នែកចំហៀងបន្តិចម្តងៗតាមពេលវេលា។ សញ្ញាទាំងនេះបង្ហាញពីសារៈសំខាន់នៃការតាមដាន និងការព្យាបាលទាន់ពេលវេលា ដើម្បីគ្រប់គ្រងការវិវឌ្ឍនៃជំងឺ និងរក្សាសុខភាពគំហើញ។ ការពិនិត្យភ្នែកឱ្យបានទៀងទាត់ត្រូវបានណែនាំ ដើម្បីរកឃើញ និងដោះស្រាយរោគសញ្ញាទាំងនេះភ្លាមៗ

ប្រសិនបើមានរោគសញ្ញានៃជំងឺទឹកដក់ក្នុងភ្នែកប្រភេទមុំបិទស្រួចស្រាវ ដូចជាឈឺក្បាលខ្លាំង និងឈឺភ្នែកភ្លាមៗ ការស្វែងរកការព្យាបាលជាបន្ទាន់គឺជារឿងចាំបាច់បំផុត។ ការព្យាបាលភ្លាមៗត្រូវតែធ្វើឡើង ដោយអ្នកជំងឺត្រូវទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ឬទាក់ទងទៅគ្លីនិកឯកទេសភ្នែកជាប្រញាប់ដោយមិនបង្អង់យូរ។

​​ មូលហេតុ

ជំងឺទឹកដក់ក្នុងភ្នែកកើតឡើងនៅពេលដែលមានការខូចខាតដល់សរសៃប្រសាទភ្នែក ដែលបណ្តាលឱ្យលេចចេញនូវចំណុចងងឹត (Blind spots) នៅក្នុងគំហើញរបស់អ្នក។ មូលហេតុនៃការខូចខាតសរសៃប្រសាទនេះ ជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងសម្ពាធនៅក្នុងភ្នែក ទោះបីជាមូលហេតុច្បាស់លាស់ពិតប្រាកដនៅមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់ដោយអ្នកជំនាញវេជ្ជសាស្ត្រក៏ដោយ។

ការកើនឡើងសម្ពាធភ្នែក គឺជាផលវិបាកនៃការកកកុញនៃសារធាតុរាវម្យ៉ាងហៅថា ទឹកដមភ្នែក (Aqueous humor) ដែលរត់ឆ្លងកាត់នៅក្នុងភ្នែក។ ជាធម្មតា សារធាតុរាវនេះត្រូវហូរចេញតាមរយៈបណ្តាញជាលិកាចម្រោះ (Trabecular meshwork) ដែលជាជាលិកាស្ថិតនៅត្រង់មុំដែលប្រស្រីភ្នែក (Iris) និងកែវភ្នែកផ្នែកខាងមុខ (Cornea – បាតភ្នែក) ជួបគ្នា។ កែវភ្នែកផ្នែកខាងមុខមានសារៈសំខាន់ណាស់សម្រាប់គំហើញ ដោយវាអនុញ្ញាតឱ្យពន្លឺចូលទៅក្នុងភ្នែក។ នៅពេលដែលមានការផលិតសារធាតុរាវនេះច្រើនជ្រុល ឬមានដំណើរការខុសប្រក្រតីនៅក្នុងប្រព័ន្ធបង្ហូរ សម្ពាធភ្នែកអាចនឹងកើនឡើង។

ជំងឺទឹកដក់ក្នុងភ្នែកមានច្រើនប្រភេទ៖

  • ជំងឺទឹកដក់ក្នុងភ្នែកប្រភេទមុំបើក៖ ជាប្រភេទជួបប្រទះញឹកញាប់ ដោយមុំបង្ហូរទឹកបើកធម្មតា ប៉ុន្តែប្រព័ន្ធចម្រោះមានការស្ទះ ដែលបណ្តាលឱ្យសម្ពាធភ្នែកកើនឡើងបន្តិចម្តងៗ
  • ជំងឺទឹកដក់ក្នុងភ្នែកប្រភេទមុំបិទ៖ កើតឡើងដោយសារប្រស្រីភ្នែកលៀនទៅមុខខុសធម្មតា ហើយទៅបិទបាំងផ្លូវបង្ហូរទឹក ដែលនាំឱ្យសម្ពាធភ្នែកកើនឡើងភ្លាមៗ ឬបន្តិចម្តងៗ
  • ជំងឺទឹកដក់ក្នុងភ្នែកដែលមានសម្ពាធធម្មតា៖ មានការខូចខាតសរសៃប្រសាទភ្នែក ទោះបីជាសម្ពាធភ្នែកស្ថិតក្នុងកម្រិតធម្មតាក៏ដោយ។ មូលហេតុអាចបណ្តាលមកពីភាពងាយរងគ្រោះនៃសរសៃប្រសាទភ្នែក ឬការថយចុះនៃលំហូរឈាម (ជំងឺដាច់សរសៃឈាម ឬក្រិនសរសៃឈាម)
  • ជំងឺទឹកដក់ក្នុងភ្នែកលើកុមារ៖ វត្តមានជំងឺតាំងពីកំណើត ឬកើតឡើងក្នុងវ័យដំបូង ដោយសារការស្ទះផ្លូវបង្ហូរទឹក ការរងរបួស ឬស្ថានភាពជំងឺបង្កប់ផ្សេងៗ
  • ជំងឺទឹកដក់ក្នុងភ្នែកដោយសារជាតិពណ៌៖ គ្រាប់ជាតិពណ៌ពីប្រស្រីភ្នែកបានរបូតទៅស្ទះផ្លូវបង្ហូរទឹក បណ្តាលឱ្យសម្ពាធភ្នែកកើនឡើង ដែលជារឿយៗត្រូវបានរំញោចដោយសកម្មភាពរាងកាយ ដូចជាការរត់ត្រឹកៗជាដើម

កត្តាហានិភ័យ

ជំងឺទឹកដក់ក្នុងភ្នែកអាចប៉ះពាល់ដល់មនុស្សគ្រប់រូប ហើយវាអាចវិវឌ្ឍទៅមុខដោយគ្មានរោគសញ្ញាព្រមានជាមុនឡើយ។ ទោះជាយ៉ាងណាក៏ដោយ កត្តាមួយចំនួនអាចបង្កើនហានិភ័យនៃការកើតជំងឺទឹកដក់ក្នុងភ្នែក រួមមាន៖

  • មានអាយុលើសពី ៥៥ ឆ្នាំ
  • មានខ្សែស្រឡាយជនជាតិស្បែកខ្មៅ អាស៊ី ឬឡាទីន
  • មានប្រវត្តិគ្រួសារធ្លាប់មានជំងឺទឹកដក់ក្នុងភ្នែក
  • មានសម្ពាធក្នុងភ្នែកខ្ពស់
  • ការប្រើប្រាស់ឱសថប្រភេទ Corticosteroids រយៈពេលវែង
  • មានជំងឺប្រចាំកាយ រួមមាន លើសឈាម ទឹកនោមផ្អែម ឈឺក្បាលប្រកាំង និងជំងឺស្លេកស្លាំង
  • មានភ្នែកម៉្ញូបមើលជិតមិនច្បាស់ ឬភ្នែកឡើងបាយ/ហាយពែររ៉ូពី (Hyperopia – សម្រាប់ប្រភេទមុំបិទ)
  • មានភ្នែកម៉្ញូបមើលឆ្ងាយមិនច្បាស់ (Myopia – សម្រាប់ប្រភេទមុំបើក)
  • ធ្លាប់ធ្វើការវះកាត់ភ្នែក ឬមានរបួសភ្នែកពីមុន
  • មានកែវភ្នែកផ្នែកខាងមុខ (Cornea) ស្តើងនៅចំកណ្តាល
  • មានមុំបង្ហូរទឹកភ្នែកតូចចង្អៀត (សម្រាប់ប្រភេទមុំបិទ)

ការធ្វើរោគវិនិច្ឆ័យ

ការពិនិត្យភ្នែកឱ្យបានទៀងទាត់ គឺជារឿងសំខាន់បំផុតក្នុងការស្វែងរក និងរកឃើញស្ថានភាពជំងឺនានាដូចជា ជំងឺទឹកដក់ក្នុងភ្នែក ដែលអាចវិវឌ្ឍទៅមុខដោយគ្មានរោគសញ្ញាគួរឱ្យកត់សម្គាល់។ ការពិនិត្យទាំងនេះអនុញ្ញាតឱ្យមានការវាយតម្លៃលើសុខភាពសរសៃប្រសាទភ្នែក និងកំណត់រកមើលការបាត់បង់គំហើញដែលអាចកើតមាន។ ដើម្បីពិនិត្យរកជំងឺទឹកដក់ក្នុងភ្នែក គ្រូពេទ្យឯកទេសភ្នែកអាចនឹងធ្វើការតេស្តផ្សេងៗដែលមិនបង្កការឈឺចាប់ រួមមាន៖

  • ការពិនិត្យបាតភ្នែកដោយពង្រីកប្រស្រីភ្នែក (Dilated eye exam)៖ ដំណើរការនេះរួមមានការបន្តក់ថ្នាំពង្រីកប្រស្រីភ្នែក ដើម្បីពិនិត្យមើលសរសៃប្រសាទភ្នែកនៅផ្នែកខាងក្រោយនៃភ្នែក
  • ការវាស់លំហគំហើញ (Visual field test ឬ Perimetry)៖ ការតេស្តនេះដើម្បីពិនិត្យរកមើលការប្រែប្រួលនៃការមើលឃើញផ្នែកចំហៀង (គំហើញជុំវិញ) ដោយវាយតម្លៃលើសមត្ថភាពក្នុងការមើលឃើញវត្ថុដែលស្ថិតនៅសងខាង
  • ការវាស់សម្ពាធក្នុងភ្នែក (Ocular pressure test ឬ Tonometry)៖ ការវាស់វែងដើម្បីដឹងពីកម្រិតសម្ពាធដែលមាននៅក្នុងភ្នែក
  • ការពិនិត្យដោយប្រើម៉ាស៊ីនឆ្លុះកម្រិតពង្រីកខ្ពស់ (Slit-lamp exam)៖ គ្រូពេទ្យប្រើប្រាស់ឧបករណ៍ Slit lamp ដើម្បីពិនិត្យមើលរចនាសម្ព័ន្ធផ្ទៃក្នុងនៃភ្នែក
  • ការវាស់មុំបង្ហូរទឹកភ្នែក (Gonioscopy)៖ ការតេស្តនេះដើម្បីពិនិត្យមើលមុំដែលប្រស្រីភ្នែក និងកែវភ្នែកផ្នែកខាងមុខ (Cornea) ជួបគ្នា
  • ការថតឆ្លុះស្រទាប់ភ្នែកដោយពន្លឺឡាស៊ែរ (Optical coherence tomography – OCT)៖ ការវាយតម្លៃលើការប្រែប្រួលនៃសរសៃប្រសាទភ្នែក ដែលអាចជាសញ្ញាបង្ហាញពីជំងឺទឹកដក់ក្នុងភ្នែក
  • ការវាស់កម្រាស់កែវភ្នែកផ្នែកខាងមុខ (Pachymetry)៖ ការវាស់វែងកម្រាស់នៃកែវភ្នែកផ្នែកខាងមុខ (Cornea)
  • ការតេស្តកម្រិតភាពច្បាស់នៃគំហើញ (Visual acuity test)៖ ការប្រើប្រាស់ផ្ទាំងតារាងអក្សរ/លេខ ដើម្បីវាយតម្លៃពីការបាត់បង់គំហើញដែលអាចកើតមាន

ការព្យាបាល

ការខូចខាតដែលបណ្តាលមកពីជំងឺទឹកដក់ក្នុងភ្នែក គឺមិនអាចស្តារឱ្យមកវិញបានឡើយ ប៉ុន្តែល្បឿននៃការបាត់បង់ការមើលឃើញអាចពន្យារ ឬការពារបាន តាមរយៈការព្យាបាល និងការមកពិនិត្យសុខភាពភ្នែកឱ្យបានទៀងទាត់ ជាពិសេសនៅពេលដែលជំងឺនេះត្រូវបានរកឃើញតាំងពីដំណាក់កាលដំបូង។ វិធីសាស្ត្រចម្បងក្នុងការជួយព្យាបាលជំងឺទឹកដក់ក្នុងភ្នែក គឺការកាត់បន្ថយសម្ពាធក្នុងភ្នែក ដោយជម្រើសរួមមាន ការប្រើប្រាស់ថ្នាំបន្តក់ភ្នែកតាមវេជ្ជបញ្ជា ថ្នាំលេប ការព្យាបាលដោយកាំរស្មីឡាស៊ែរ ការវះកាត់ ឬការរួមបញ្ចូលគ្នានៃវិធីសាស្ត្រទាំងនេះ។ ការតាមដានជាប្រចាំ និងការព្យាបាលទាន់ពេលវេលា គឺជារឿងសំខាន់បំផុតក្នុងការគ្រប់គ្រងជំងឺនេះឱ្យមានប្រសិទ្ធភាព។

ការព្យាបាលទាំងនេះមានគោលបំណងកាត់បន្ថយសម្ពាធក្នុងភ្នែក៖

ថ្នាំបន្តក់ភ្នែក៖ ការព្យាបាលជំងឺទឹកដក់ក្នុងភ្នែកជារឿយៗចាប់ផ្តើមដោយការប្រើប្រាស់ថ្នាំបន្តក់ភ្នែកតាមវេជ្ជបញ្ជា ដែលមានគោលដៅកាត់បន្ថយសម្ពាធភ្នែក។ ថ្នាំបន្តក់ទាំងនេះត្រូវបានបែងចែកជាច្រើនប្រភេទ៖

  • ក្រុមប្រូស្តាក្លង់ឌីន (Prostaglandins)៖ ជួយបង្កើនលំហូរហូរចេញនៃសារធាតុរាវ ដើម្បីកាត់បន្ថយសម្ពាធភ្នែក។ ឧទាហរណ៍រួមមាន៖ ឡាតាណូប្រូស (Latanoprost), ត្រាវ៉ូប្រូស (Travoprost), តាហ្វ្លូប្រូស (Tafluprost), ប៊ីម៉ាតូប្រូស (Bimatoprost), និង ឡាតាណូប្រូស្ទីន ប៊ូណូដ (Latanoprostene bunod)។ ផលរំខានអាចមានដូចជា ភ្នែកឡើងក្រហម រមាស់ផ្សា ពណ៌ប្រស្រីភ្នែកប្រែជាដិតជាងមុន រោមភ្នែក ឬស្បែកត្របកភ្នែកឡើងក្រម៉ៅ និងស្រវាំងភ្នែក។ ជាទូទៅ ប្រើប្រាស់មួយថ្ងៃម្តង
  • ក្រុមបេតា ប្លុកឃ័រ (Beta blockers)៖ កាត់បន្ថយការផលិតសារធាតុរាវ ដើម្បីបញ្ចុះសម្ពាធភ្នែក។ ឧទាហរណ៍រួមមាន៖ ទីម៉ូឡុល (Timolol) និង បេតាសូឡុល (Betaxolol)។ ផលរំខានអាចមានដូចជា ពិបាកដកដង្ហើម ចង្វាក់បេះដូងដើរយឺត សម្ពាធឈាមធ្លាក់ចុះ ទន់ខ្សោយផ្លូវភេទ និងអស់កម្លាំង។ ត្រូវបានចេញវេជ្ជបញ្ជាឱ្យប្រើប្រាស់មួយថ្ងៃ ១ ទៅ ២ ដង
  • ក្រុមអាល់ហ្វា-អាដ្រេណឺជិក អាហ្គោនីស (Alpha-adrenergic agonists)៖ កាត់បន្ថយការផលិតសារធាតុរាវ និងបង្កើនលំហូរហូរចេញ។ ឧទាហរណ៍រួមមាន៖ អាប្រាក្លូនីឌីន (Apraclonidine) និង ប្រ៊ីម៉ូនីឌីន (Brimonidine)។ ផលរំខានដែលអាចកើតមានគឺ ចង្វាក់បេះដូងដើរមិនទៀងទាត់ សម្ពាធឈាមឡើងខ្ពស់ អស់កម្លាំង ភ្នែកឡើងក្រហម ឬរមាស់ភ្នែក និងស្ងួតមាត់។ ជាទូទៅ ប្រើប្រាស់មួយថ្ងៃ ២ ដង
  • ក្រុមខាបូនិក អានហាយដ្រេស អ៊ីនហ៊ីប៊ីទ័រ (Carbonic anhydrase inhibitors)៖ កាត់បន្ថយការផលិតសារធាតុរាវ។ ឧទាហរណ៍រួមមាន៖ ដូហ្សូឡាមីត (Dorzolamide) និង ប្រ៊ីនហ្សូឡាមីត (Brinzolamide)។ ផលរំខានអាចមានដូចជា ដឹងរសជាតិលោហៈនៅក្នុងមាត់ នោមញឹកញាប់ និងមានអារម្មណ៍ឆៀបៗនៅចុងម្រាមដៃនិងម្រាមជើង។ ជាធម្មតា ត្រូវប្រើប្រាស់មួយថ្ងៃ ២ ដង
  • ក្រុមរ៉ូ គីណាស អ៊ីនហ៊ីប៊ីទ័រ (Rho kinase inhibitor)៖ បញ្ចុះសម្ពាធភ្នែកដោយការទប់ស្កាត់អង់ស៊ីមដែលទទួលខុសត្រូវលើការកើនឡើងនៃសារធាតុរាវ។ ថ្នាំដែលមានគឺ ណេតាស៊ូឌីល (Netarsudil – Rhopressa) ប្រើប្រាស់មួយថ្ងៃម្តង។ ផលរំខានដែលអាចកើតមានរួមមាន ភ្នែកឡើងក្រហម និងមិនស្រណុកក្នុងភ្នែក
  • ក្រុមមីយ៉ូទិក ឬខូលីណឺជិក (Miotic or cholinergic agents)៖ បង្កើនលំហូរហូរចេញនៃសារធាតុរាវ។ ឧទាហរណ៍រួមមាន៖ ពីឡូកាភីន (Pilocarpine)។ ផលរំខានអាចមានដូចជា ឈឺក្បាល ឈឺភ្នែក ប្រស្រីភ្នែករួមតូច ស្រវាំងភ្នែក ឬគំហើញចុះខ្សោយក្នុងទីងងឹត និងស្ថានភាពម៉្ញូប (មើលជិត)។ ជាទូទៅ ត្រូវប្រើប្រាស់រហូតដល់ ៤ ដងក្នុងមួយថ្ងៃ

បន្ទាប់ពីបន្តក់ថ្នាំរួច សូមបិទភ្នែករបស់អ្នករយៈពេលពី ១ ទៅ ២ នាទី រួចសង្កត់ស្រាលៗនៅត្រង់ជ្រុងភ្នែកក្បែររន្ធទឹកភ្នែក។ សូមរង់ចាំយ៉ាងហោចណាស់ ៥ នាទី មុននឹងបន្តក់ថ្នាំប្រភេទផ្សេងមួយទៀត។ ប្រសិនបើត្រូវប្រើប្រាស់ថ្នាំបន្តក់ភ្នែកច្រើនប្រភេទ ការប្រើប្រាស់ទឹកភ្នែកសិប្បនិម្មិត (Artificial tears) ក៏អាចជាជម្រើសចាំបាច់ផងដែរ

ថ្នាំលេប៖ ក្នុងករណីដែលការប្រើប្រាស់ថ្នាំបន្តក់ភ្នែកតែមួយមុខ មិនអាចជួយបញ្ចុះសម្ពាធឈាមក្នុងភ្នែកបានគ្រប់គ្រាន់ គ្រូពេទ្យឯកទេសភ្នែកអាចនឹងចេញវេជ្ជបញ្ជាឱ្យប្រើប្រាស់ថ្នាំលេបបន្ថែម ដែលជាទូទៅជាក្រុមថ្នាំខាបូនិក អានហាយដ្រេស អ៊ីនហ៊ីប៊ីទ័រ (Carbonic anhydrase inhibitor)។ ផលរំខានដែលអាចកើតមានរួមមាន នោមញឹកញាប់ មានអារម្មណ៍ឆៀបៗនៅចុងដៃចុងជើង ជំងឺបាក់ទឹកចិត្ត មិនស្រណុកក្នុងពោះ និងការកកើតគ្រួសក្នុងតម្រងនោម

ការវះកាត់ និងការព្យាបាលផ្សេងៗ៖ ជម្រើសព្យាបាលផ្សេងទៀតរួមមាន ការព្យាបាលដោយកាំរស្មីឡាស៊ែរ និងការវះកាត់ ដើម្បីគ្រប់គ្រងសម្ពាធក្នុងភ្នែក៖

  • ការព្យាបាលដោយកាំរស្មីឡាស៊ែរ៖ វិធីសាស្ត្រ Laser trabeculoplasty គឺជាជម្រើសមួយសម្រាប់អ្នកដែលមិនអាចទ្រាំទ្រនឹងផលរំខាននៃថ្នាំបន្តក់ភ្នែកបាន ឬនៅពេលដែលឱសថមិនអាចពន្យារល្បឿននៃការវិវឌ្ឍរបស់ជំងឺ។ ការព្យាបាលនេះអាចធ្វើឡើងនៅគ្លីនិកផ្ទាល់ ដោយគ្រូពេទ្យប្រើប្រាស់កាំរស្មីឡាស៊ែរតូចមួយ ដើម្បីជួយបង្កើនលំហូរបង្ហូរទឹកនៅត្រង់ចំណុចប្រសព្វរវាងប្រស្រីភ្នែក និងកែវភ្នែកផ្នែកខាងមុខ។ លទ្ធផលពេញលេញនៃការព្យាបាលនេះ អាចនឹងត្រូវចំណាយពេលពីរបីសប្តាហ៍
  • ការវះកាត់បង្កើតផ្លូវបង្ហូរទឹកភ្នែក (Filtering Surgery ឬ Trabeculectomy)៖ ជានីតិវិធីវះកាត់មួយដែលរួមមានការបង្កើតរន្ធបើកតូចមួយនៅលើផ្នែកពណ៌សនៃភ្នែក (Sclera) ដើម្បីបង្កើតផ្លូវថ្មីមួយសម្រាប់បង្ហូរវត្ថុរាវចេញ ដែលជួយបញ្ចុះសម្ពាធក្នុងភ្នែក
  • ការដាក់បំពង់បង្ហូរទឹកភ្នែក (Drainage Tubes)៖ គ្រូពេទ្យវះកាត់បញ្ចូលបំពង់ទុយោតូចមួយទៅក្នុងភ្នែក ដើម្បីជួយសម្រួលដល់ការបង្ហូរសារធាតុរាវដែលលើសលប់ ចេញមកក្រៅ ក្នុងគោលបំណងកាត់បន្ថយសម្ពាធក្នុងភ្នែក
  • ការវះកាត់ភ្នែកទឹកដក់ដោយប្រើឧបករណ៍រាតត្បាតអប្បបរមា (Minimally Invasive Glaucoma Surgery – MIGS)៖ នីតិវិធី MIGS ជារឿយៗត្រូវបានធ្វើឡើងរួមគ្នាជាមួយនឹងការវះកាត់បាយភ្នែក (Cataract surgery) ដោយមានគោលដៅបញ្ចុះសម្ពាធភ្នែក និងមានហានិភ័យទាបជាងការវះកាត់បែបប្រពៃណី។ គ្រូពេទ្យឯកទេសភ្នែកនឹងពិភាក្សាជាមួយអ្នកអំពីបច្ចេកទេស MIGS ណាមួយដែលសមស្រប

បន្ទាប់ពីទទួលបានការវះកាត់ ឬការព្យាបាលរួច ការមកពិនិត្យតាមដានឱ្យបានទៀងទាត់ជារឿងសំខាន់បំផុត ហើយការអន្តរាគមន៍បន្ថែមអាចនឹងត្រូវធ្វើឡើង ប្រសិនបើសម្ពាធក្នុងភ្នែកកើនឡើង ឬមានការប្រែប្រួលផ្សេងៗកើតឡើង

ការព្យាបាលជំងឺទឹកដក់ក្នុងភ្នែកប្រភេទមុំបិទស្រួចស្រាវ៖ ជំងឺទឹកដក់ក្នុងភ្នែកប្រភេទមុំបិទស្រួចស្រាវ គឺជាស្ថានភាពអាសន្នផ្នែកវេជ្ជសាស្ត្រ ដែលទាមទារការសង្គ្រោះ និងអន្តរាគមន៍ភ្លាមៗ។ ការព្យាបាលជារឿយៗរួមបញ្ចូលគ្នារវាងការប្រើប្រាស់ឱសថ និងការបាញ់ឡាស៊ែរ ឬការវះកាត់។ វិធីសាស្ត្រចោះរន្ធប្រស្រីភ្នែកផ្នែកចំហៀងដោយឡាស៊ែរ (Laser peripheral iridotomy) ដើម្បីបង្កើតរន្ធតូចមួយនៅលើប្រស្រីភ្នែក ជារឿយៗត្រូវបានធ្វើឡើងភ្លាមៗ។ វិធីនេះជួយសម្រួលដល់លំហូរនៃសារធាតុរាវ បើកមុំបង្ហូរទឹកភ្នែក និងជួយសម្រាល (បញ្ចុះ) សម្ពាធក្នុងភ្នែកបានយ៉ាងឆាប់រហ័ស

Doctors who treat this condition