ការឈឺក្បាលក្រោយពេលហាត់ប្រាណ
ទិដ្ឋភាពទូទៅ
ការឈឺក្បាលក្រោយពេលហាត់ប្រាណ អាចកើតឡើងក្នុងអំឡុងពេល ឬភ្លាមៗបន្ទាប់ពីការហាត់ប្រាណខ្លាំងពេក និងប្រើកម្លាំងច្រើន។ កីឡាមួយចំនួនដែលអាចបង្កឱ្យឈឺក្បាល រួមមាន ការរត់ ការអុំទូក ការលេងតិន្នីស ការហែលទឹក និងការលើកទម្ងន់ជាដើម។
អ្នកជំនាញផ្នែកវេជ្ជសាស្ត្របានបែងចែកការឈឺក្បាលពាក់ព័ន្ធនឹងការហាត់ប្រាណជាពីរក្រុមគឺ ការឈឺក្បាលក្រោយពេលហាត់ប្រាណកម្រិតបឋម (Primary exercise headaches) ជាទូទៅ វាមិនបង្កគ្រោះថ្នាក់ មិនពាក់ព័ន្ធនឹងបញ្ហាសុខភាពលាក់កំបាំងណាមួយឡើយ និងអាចព្យាបាលបានដោយប្រើថ្នាំ
ការឈឺក្បាលក្រោយពេលហាត់ប្រាណកម្រិតបន្ទាប់បន្សំ (Secondary exercise headaches) បង្កឡើងដោយបញ្ហាសុខភាពលាក់កំបាំង និងធ្ងន់ធ្ងរនៅក្នុងខួរក្បាល ដូចជាការដាច់សរសៃឈាមខួរក្បាល ឬដុំសាច់មហារីក ឬបញ្ហាខាងក្រៅដូចជាជំងឺសរសៃឈាមបេះដូង។ ការឈឺក្បាលប្រភេទនេះ ទាមទារការសង្គ្រោះបន្ទាន់ភ្លាមៗ
រោគសញ្ញា
ការឈឺក្បាលក្រោយពេលហាត់ប្រាណកម្រិតបឋម
ការឈឺក្បាលប្រភេទនេះ៖
- មានអារម្មណ៍ឈឺខ្ទប់ៗ (Throbbing)
- កើតឡើងក្នុងអំឡុងពេល ឬបន្ទាប់ពីសកម្មភាពរាងកាយខ្លាំងពេក
- ក្នុងករណីភាគច្រើន វាប៉ះពាល់ដល់ក្បាលទាំងសងខាង
ការឈឺក្បាលក្រោយពេលហាត់ប្រាណកម្រិតបន្ទាប់បន្សំ
ការឈឺក្បាលប្រភេទនេះបង្ហាញឱ្យឃើញ៖
- មានរោគសញ្ញាដូចទៅនឹងការឈឺក្បាលកម្រិតបឋមដែរ
- សន្លប់
- ក្អួតចង្អោរ
- មើលឃើញរូបភាពបែកជាពីរ (Double vision)
- រឹងក
ការឈឺក្បាលកម្រិតបឋមអាចមានរយៈពេលពី ៥ នាទី ទៅ ៤៨ ម៉ោង ខណៈការឈឺក្បាលកម្រិតបន្ទាប់បន្សំជាទូទៅមានរយៈពេលយ៉ាងតិចមួយថ្ងៃ ឬយូរជាងនេះ
សូមពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើអ្នកឈឺក្បាលក្នុងពេល ឬក្រោយពេលហាត់ប្រាណ។ ប្រសិនបើការឈឺក្បាលកើតឡើងភ្លាមៗ ឬជាលើកដំបូងដែលអ្នកជួបប្រទះការឈឺចាប់បែបនេះ សូមប្រញាប់ទាក់ទងទៅកាន់គ្រូពេទ្យជំនាញជាបន្ទាន់
មូលហេតុ
ការឈឺក្បាលក្រោយពេលហាត់ប្រាណកម្រិតបឋម
មូលហេតុពិតប្រាកដនៅមិនទាន់ច្បាស់លាស់នៅឡើយទេ។ ទ្រឹស្តីមួយបានលើកឡើងថា សកម្មភាពរាងកាយខ្លាំងក្លា បណ្តាលឱ្យមានការរីកសរសៃឈាមនៅក្នុងលលាដ៍ក្បាល
ការឈឺក្បាលក្រោយពេលហាត់ប្រាណកម្រិតបន្ទាប់បន្សំ
បង្កឡើងដោយបញ្ហាលាក់កំបាំងដូចជា៖
- ការហូរឈាមក្រោមស្រោមខួរ (Subarachnoid hemorrhage): ការហូរឈាមនៅចន្លោះខួរក្បាល និងស្រោមខួរ
- ភាពមិនធម្មតានៃសរសៃឈាមនៅក្នុង ឬឆ្ពោះទៅកាន់ខួរក្បាល
- ដុំសាច់ក្នុងខួរក្បាល
- ការរាំងស្ទះដល់លំហូរនៃទឹកឆ្អឹងខ្នង
- ការឆ្លងមេរោគក្នុងប្រហោងឆ្អឹង Sinus
- ភាពមិនធម្មតានៃរចនាសម្ព័ន្ធ ក្បាល ក ឬឆ្អឹងខ្នង
កត្តាហានិភ័យ
ការឈឺក្បាលក្រោយពេលហាត់ប្រាណអាចមានឱកាសកើតឡើងខ្ពស់ ប្រសិនបើអ្នកហាត់ប្រាណនៅទីតាំងដែលខ្ពស់ខ្លាំង ហាត់ក្នុងអាកាសធាតុក្តៅខ្លាំង ឬប្រសិនបើអ្នកមានប្រវត្តិគ្រួសារ ឬប្រវត្តិផ្ទាល់ខ្លួនធ្លាប់កើតជំងឺប្រកាំង
ការធ្វើរោគវិនិច្ឆ័យ
គ្រូពេទ្យអាចនឹងណែនាំឱ្យអ្នកធ្វើតេស្តតាមរយៈរូបភាព ជាពិសេសប្រសិនបើ៖
- អ្នកមានអាយុលើសពី ៤០ ឆ្នាំ
- អាការៈឈឺក្បាលរបស់អ្នកមានរយៈពេលច្រើនម៉ោង ឬយូរជាងនេះ
- អ្នកមានរោគសញ្ញាបន្ថែមផ្សេងទៀត ដូចជា ចង្អោរ ក្អួត ឬមានបញ្ហាភ្នែក
- ការឈឺក្បាលកើតឡើងខ្លាំង និងលឿនបំផុត (ដូចជាការផ្ទុះរន្ទះ)
ក្នុងកាលៈទេសៈទាំងនេះ ការសិក្សាតាមរយៈរូបភាពផ្សេងៗអាចជួយគ្រូពេទ្យក្នុងការបញ្ជាក់ថា តើការឈឺក្បាលរបស់អ្នកគឺជាប្រភេទកម្រិតបឋមដែលមិនបង្កគ្រោះថ្នាក់ ឬជាប្រភេទដែលបង្កឡើងដោយភាពមិនធម្មតានៃរចនាសម្ព័ន្ធខួរក្បាល ឬសរសៃឈាម
- ការថត MRI: ការពិនិត្យនេះប្រើប្រាស់មេដែក និងរលកវិទ្យុ ដើម្បីបង្កើតជារូបភាពកាត់ទទឹងនៃរចនាសម្ព័ន្ធក្នុងខួរក្បាល
- ការថត MRA និង CT angiography: ការពិនិត្យទាំងនេះផ្តល់ជារូបភាពច្បាស់ៗនៃសរសៃឈាមដែលរត់ទៅកាន់ និងស្ថិតនៅក្នុងខួរក្បាល
- ការថតស៊ីធីស្កេន: ជាការប្រើប្រាស់កាំរស្មីអ៊ិចដើម្បីបង្កើតរូបភាពកាត់ទទឹងនៃខួរក្បាល។ ប្រសិនបើការឈឺក្បាលរបស់អ្នកចាប់ផ្តើមមិនទាន់ដល់ ៤៨ ម៉ោងផងនោះ ការតេស្តនេះអាចបង្ហាញឱ្យឃើញពីការហូរឈាមថ្មីៗនៅក្នុង ឬជុំវិញខួរក្បាល
ជួនកាល ការបូមទឹកឆ្អឹងខ្នង (Spinal tap/Lumbar puncture) ក៏ត្រូវបានតម្រូវឱ្យធ្វើផងដែរ ជាពិសេសប្រសិនបើការឈឺក្បាលកើតឡើងភ្លាមៗ ហើយលទ្ធផលនៃការថតរូបភាពខួរក្បាលមិនបង្ហាញពីភាពមិនធម្មតាណាមួយ
ការព្យាបាល
ប្រសិនបើមិនមានបញ្ហារចនាសម្ព័ន្ធ ឬសរសៃឈាមលាក់កំបាំងដែលបង្កឱ្យមានការឈឺក្បាលក្រោយពេលហាត់ប្រាណទេនោះ គ្រូពេទ្យអាចនឹងណែនាំឱ្យប្រើប្រាស់ថ្នាំមួយចំនួនជាប្រចាំ ដើម្បីជួយការពារការឈឺក្បាល៖
- Indomethacin: ជាថ្នាំសម្រាប់ព្យាបាលការរលាក
- Propranolol: ជាថ្នាំសម្រាប់គ្រប់គ្រងសម្ពាធឈាម
ក៏មានរបាយការណ៍អំពីការព្យាបាលផ្សេងទៀត ដែលទទួលបានជោគជ័យលើអ្នកជំងឺមួយចំនួនផងដែរ ដូចជាការប្រើប្រាស់ថ្នាំ Naproxen, Phenelzine និង Dihydroergotamine mesylate
ប្រសិនបើអាការៈឈឺក្បាលក្រោយពេលហាត់ប្រាណរបស់អ្នកអាចដឹងមុន (Predictable) អ្នកអាចប្រើប្រាស់ថ្នាំនៅរយៈពេល ១ ឬ ២ ម៉ោងមុនពេលចាប់ផ្តើមសកម្មភាព (ដូចជាមុនពេលលេងតិន្នីស ឬដើរកម្សាន្តនៅតំបន់ខ្ពស់)។ ប៉ុន្តែ ប្រសិនបើការឈឺក្បាលកើតឡើងញឹកញាប់ ឬមិនអាចស្មានដឹងមុនបានទេនោះ អ្នកអាចនឹងត្រូវប្រើប្រាស់ថ្នាំបង្ការទាំងនេះជារៀងរាល់ថ្ងៃ
