ជំងឺ Esthesioneuroblastoma
ទិដ្ឋភាពទូទៅ
ជំងឺមហារីកច្រមុះម្យ៉ាងដែលហៅថា Esthesioneuroblastoma ឬ Olfactory neuroblastoma គឺជាដុំសាច់កាចដែលកកើតឡើងនៅផ្នែកខាងលើនៃប្រហោងច្រមុះ។ ជាទូទៅ វាមានប្រភពចេញពីក្នុងប្រហោងច្រមុះ ហើយអាចរីករាលដាលទៅដល់ប្រហោងឆ្អឹង Sinuses ភ្នែក និងខួរក្បាល។ Esthesioneuroblastoma គឺជាទម្រង់ដ៏កម្រមួយនៃជំងឺមហារីក ដែលវាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណហិតក្លិន និងការដកដង្ហើម
ជំងឺនេះចាប់ផ្តើមនៅក្នុងតំបន់ក្បែរឆ្អឹងដែលខណ្ឌចែករវាងប្រហោងច្រមុះ និងខួរក្បាល។ ឆ្អឹងនោះមានរន្ធតូចៗបំផុត ដែលជាផ្លូវសម្រាប់សរសៃប្រសាទវិញ្ញាណហិតក្លិនឆ្លងកាត់។ ជំងឺ Esthesioneuroblastoma អាចរីករាលដាលទៅដល់កូនកណ្តុរនៅក និងក្រពេញទឹកមាត់ (Parotid glands)។ ក្នុងករណីធ្ងន់ធ្ងរ វាក៏អាចរីករាលដាលទៅកាន់តំបន់ផ្សេងទៀតនៃខួរក្បាល និងរាងកាយ រួមមានសួត ថ្លើម និងឆ្អឹងផងដែរ
អ្នកដែលមានជំងឺនេះអាចបាត់បង់វិញ្ញាណហិតក្លិន ហូរឈាមច្រមុះញឹកញាប់ និងមានបញ្ហាក្នុងការដកដង្ហើមតាមច្រមុះ។ វិធីសាស្ត្រព្យាបាលទូទៅសម្រាប់ស្ថានភាពនេះ រួមមានការវះកាត់ ការព្យាបាលដោយកាំរស្មីវិទ្យុសកម្ម និងការព្យាបាលដោយគីមី
រោគសញ្ញា
រោគសញ្ញានៃជំងឺ Esthesioneuroblastoma អាចប្រែប្រួលទៅតាមការវិវត្តនៃជំងឺ។ រោគសញ្ញាទូទៅរួមមាន៖
- ចុះខ្សោយ ឬបាត់បង់វិញ្ញាណហិតក្លិន
- ហូរឈាមច្រមុះញឹកញាប់
- ពិបាកដកដង្ហើមតាមច្រមុះ
- ឈឺចាប់នៅតំបន់ជុំវិញភ្នែក
- បាត់បង់ ឬប្រែប្រួលចក្ខុវិញ្ញាណ (ការមើលឃើញ)
- ឈឺចាប់ ឬមានសម្ពាធនៅក្នុងត្រចៀក
- ឈឺក្បាលញឹកញាប់
- មានការស្ទះក្នុងច្រមុះ
- តឹងច្រមុះដែលកាន់តែធ្ងន់ធ្ងរទៅៗ ឬមិនព្រមធូរស្រាល
- មានខ្ទុះក្នុងច្រមុះ
- ហើមកូនកណ្តុរនៅក
- ពិបាកក្នុងការហាមាត់
ប្រសិនបើសញ្ញា និងរោគសញ្ញាណាមួយកើតឡើងរ៉ាំរ៉ៃ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឱ្យបានត្រឹមត្រូវ។
មូលហេតុ
មូលហេតុពិតប្រាកដនៃជំងឺ Esthesioneuroblastoma បច្ចុប្បន្ននៅមិនទាន់ដឹងនៅឡើយទេ។ ជាទូទៅ ជំងឺមហារីកចាប់ផ្តើមឡើងដោយសារការផ្លាស់ប្តូរទម្រង់ហ្សែន (Genetic mutation) ដែលធ្វើឱ្យកោសិកាធម្មតា និងមានសុខភាពល្អ បន្តលូតលាស់ដោយគ្មានការគ្រប់គ្រង ទោះបីជាមានសញ្ញាឱ្យបញ្ឈប់ក៏ដោយ។ កោសិកាមហារីកទាំងនោះកើនឡើង និងបន្តពូជយ៉ាងលឿនខុសធម្មតា រួចប្រមូលផ្តុំគ្នាបង្កើតបានជាដុំសាច់
កត្តាហានិភ័យ
ការស្រាវជ្រាវបានបង្ហាញថា បុគ្គលដែលប៉ះពាល់ជាមួយសារធាតុគីមី និងភាគល្អិតគ្រោះថ្នាក់ តាមរយៈមុខរបរ ឬមធ្យោបាយផ្សេងៗ អាចមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាមហារីកច្រមុះ។ សារធាតុទាំងនោះរួមមាន ធូលីឈើ, ស្រូវសាលី, ធូលីនីកែល (Nickel) និងកាត់ម្យូម (Cadmium), កាវ, សារធាតុហ្វ័រម៉ាល់ដេអ៊ីត (Formaldehyde) និងសារធាតុរំលាយផ្សេងៗ។ ទោះបីជាតួនាទីនៃផ្សែងបារីក្នុងការបង្កឱ្យមានជំងឺមហារីកប្រភេទនេះនៅមិនទាន់ច្បាស់លាស់ក៏ដោយ ប៉ុន្តែវាអាចជាកត្តារួមចំណែកមួយផងដែរ
ការធ្វើរោគវិនិច្ឆ័យ
ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺ Esthesioneuroblastoma ជាដំបូងគ្រូពេទ្យជាទូទៅនឹងពិភាក្សាអំពីមោគសញ្ញារបស់អ្នកជំងឺ ពិនិត្យមើលប្រវត្តិវេជ្ជសាស្ត្រគ្រួសារ និងធ្វើការពិនិត្យរាងកាយ។ គ្រូពេទ្យនឹងពិនិត្យភ្នែក ច្រមុះ ក្បាល និងក ដើម្បីវាយតម្លៃទំហំដុំសាច់ និងការរីករាលដាលរបស់វា
តេស្តខាងក្រោមនេះអាចនឹងត្រូវបានតម្រូវឱ្យធ្វើ ដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យ៖
- ការឆ្លុះអង់ដូស្កុបច្រមុះ៖ វិធីសាស្ត្រនេះអនុញ្ញាតឱ្យគ្រូពេទ្យពិនិត្យមើលទំហំដុំសាច់នៅក្នុងច្រមុះ ផ្នែកខាងក្រោយច្រមុះ (Nasopharynx) និងតំបន់ឆ្អឹង Sinus។ គេប្រើប្រាស់ឧបករណ៍ឆ្លុះអង់ដូស្កុប ដែលជាបំពង់តូច ទន់ មានភ្ជាប់កាមេរ៉ា ដើម្បីមើលទៅខាងក្នុងច្រមុះ
- ការធ្វើតេស្តរូបភាពវិនិច្ឆ័យ៖ ការធ្វើតេស្តរូបភាពជួយវាយតម្លៃទីតាំង និងទំហំនៃដុំសាច់ ព្រមទាំងពិនិត្យថាតើវាបានរីករាលដាលដែរឬទេ។ គេអាចប្រើបច្ចេកទេសផ្សេងៗដូចជា កាំរស្មីអ៊ិច CT scan, MRI និង PET scan
- ការធ្វើកោសល្យវិច័យ៖ ជំងឺនេះពិបាកក្នុងការធ្វើរោគវិនិច្ឆ័យណាស់ ព្រមទាំងអាចមានលក្ខណៈស្រដៀងទៅនឹងដុំសាច់សាហាវផ្សេងទៀតនៅតំបន់ក្បាល ក ឬច្រមុះ។ ការច្រឹបសាច់គឺជាបច្ចេកទេសវះកាត់ដកយកសំណាកជាលិកាដុំសាច់ ទៅវិភាគផ្នែករោគវិទ្យា ដើម្បីបញ្ជាក់ឱ្យច្បាស់ពីប្រភេទដុំសាច់ និងកម្រិតនៃភាពកាចសាហាវរបស់វា
ការព្យាបាល
ការព្យាបាលជំងឺ Esthesioneuroblastoma ជាចម្បងរួមមានការវះកាត់យកដុំសាច់កាចចេញ។ បន្ទាប់ពីការវះកាត់ ការប្រើប្រាស់ការព្យាបាលដោយវិទ្យុសកម្ម និងគីមីព្យាបាលរួមគ្នា អាចផ្តល់ឱកាសរស់រានមានជីវិតខ្ពស់បំផុត។ អ្នកជំនាញមកពីផ្នែកផ្សេងៗដូចជា គ្រូពេទ្យវះកាត់សរសៃប្រសាទ, គ្រូពេទ្យវះកាត់ក្បាល និងក, គ្រូពេទ្យផ្នែកមហារីកដោយកាំរស្មី និងគ្រូពេទ្យផ្នែកមហារីកទូទៅ តែងតែចូលរួមក្នុងការព្យាបាលនេះ
- ការវះកាត់៖ អាស្រ័យលើទីតាំងនៃដុំសាច់ វិធីសាស្ត្រវះកាត់រួមមាន៖
- ការវះកាត់តាមរយៈការឆ្លុះ (Endoscopic surgery)៖ ឧបករណ៍វះកាត់ពិសេសត្រូវបានបញ្ចូលតាមបំពង់ឆ្លុះ ដើម្បីជួយយកដុំសាច់កាច និងជាលិកាជុំវិញចេញតាមច្រមុះ
- ការវះកាត់បើកលលាដ៍ក្បាល (Craniotomy)៖ ជាការវះកាត់នៅផ្នែកមូលដ្ឋាននៃលលាដ៍ក្បាល ដើម្បីយកដុំសាច់ចេញពីខួរក្បាល។ ផ្នែកតូចមួយនៃឆ្អឹងលលាដ៍ក្បាលត្រូវបានលើកឡើងជាបណ្តោះអាសន្ន ដើម្បីចូលទៅដល់ដុំសាច់
- ការព្យាបាលដោយវិទ្យុសកម្ម៖ គេនិយមប្រើវាបន្ទាប់ពីការវះកាត់ ដើម្បីកាត់បន្ថយលទ្ធភាពនៃការត្រឡប់មកវិញនៃជំងឺមហារីក ឬជាការព្យាបាលចម្បងសម្រាប់អ្នកដែលមិនអាចធ្វើការវះកាត់បាន។ កាំរស្មីថាមពលខ្ពស់ (ដូចជា កាំរស្មីអ៊ិច ឬប្រូតុង) ត្រូវបានប្រើដើម្បីសម្លាប់កោសិកាមហារីក
- ការព្យាបាលដោយគីមី៖ គេប្រើប្រាស់ថ្នាំខ្លាំងៗដើម្បីសម្លាប់កោសិកាមហារីក។ ជាទូទៅ វាត្រូវបានប្រើរួមគ្នាជាមួយការព្យាបាលដោយវិទ្យុសកម្មក្រោយការវះកាត់ ដើម្បីកម្ចាត់កោសិកាមហារីកដែលនៅសេសសល់ ជាពិសេសចំពោះដុំសាច់ដែលកាច ឬរីករាលដាលខ្លាំង
