ទិដ្ឋភាពទូទៅ

អាការជំងឺទារកក្រឡក (Shaken baby syndrome) ឬត្រូវបានគេស្គាល់ថាជា ការប៉ះទង្គិចក្បាលដោយសារអំពើហិង្សា (Abusive head trauma), អាការប៉ះទង្គិចដោយការអង្រួន (Shaken impact syndrome), ការរបួសក្បាលដោយអំពើហិង្សា (Inflicted head injury) ឬ អាការជំងឺទារកក្រឡកយ៉ាងធ្ងន់ធ្ងរ (Whiplash shaken infant syndrome) គឺជាការរបួសខួរក្បាលធ្ងន់ធ្ងរដែលកើតឡើងនៅពេលដែលទារក ឬកុមារតូចត្រូវបានគេអង្រួនយ៉ាងខ្លាំង។ ស្ថានភាពនេះអាចនាំឱ្យមានការហើម របួសជាំ និងឈាមហូរជុំវិញខួរក្បាល ហើយក៏អាចប៉ះពាល់ដល់ភ្នែក ក និងឆ្អឹងខ្នងរបស់កុមារផងដែរ។

ដោយសារតែក្បាលរបស់ទារកមានទំហំធំ និងធ្ងន់មិនសមមាត្រនឹងរាងកាយ ទើបពួកគេងាយរងគ្រោះជាពិសេស។ នៅពេលត្រូវបានគេអង្រួន ខួរក្បាលរបស់ពួកគេនឹងផ្លាស់ទីទៅមុខទៅក្រោយនៅក្នុងលលាដ៍ក្បាល ដែលអាចបណ្តាលឱ្យមានការហូរឈាមក្នុងខួរក្បាល ឬនៅខាងក្រោយភ្នែក។

ស្ថានភាពនេះគឺជាអ្វីដែល អាចការពារបានទាំងស្រុង ហើយជាញឹកញាប់កើតចេញពីកំហឹង ឬការខឹងសម្បាររបស់អ្នកថែទាំទៅលើការយំរបស់កុមារ។ ការអប់រំអំពីគ្រោះថ្នាក់នៃការអង្រួនទារក និងការផ្តល់ជំនួយដល់ឪពុកម្តាយដែលប្រឈមនឹងហានិភ័យ អាចជួយការពារហេតុការណ៍សោកសៅទាំងនេះបាន ដែលការអង្រួនត្រឹមតែ ៥ វិនាទី ប៉ុណ្ណោះ អាចបណ្តាលឱ្យខូចខួរក្បាល ពិការភាពជារៀងរហូត ឬរហូតដល់បាត់បង់ជីវិត។

រោគសញ្ញា

អាការជំងឺទារកក្រឡក អាចស្តែងចេញនូវសញ្ញា និងរោគសញ្ញាភ្លាមៗបន្ទាប់ពីកុមារត្រូវបានគេក្រឡុក ដោយជាទូទៅវានឹងឡើងដល់កម្រិតធ្ងន់ធ្ងរបំផុតក្នុងរយៈពេលពី ៤ ទៅ ៦ ម៉ោង។ រោគសញ្ញារួមមាន៖

  • ពិបាកដកដង្ហើម
  • មានស្នាមជាំនៅលើដៃ ឬទ្រូង
  • មានការប៉ោងទន់នៅលើបង្អើយក្បាល
  • សន្លប់
  • មួម៉ៅ ឬរករឿងខ្លាំង
  • ល្វើយ ល្ហិតល្ហៃ ឬមិនអាចភ្ញាក់បាន
  • ស្បែកឡើងស្លេក ឬស្វាយ
  • ពិការ (ស្លាប់មួយចំហៀងខ្លួន ឬពិការដៃជើង)
  • ពិបាកបំបៅ ឬមិនសូវឃ្លានអាហារ
  • ប្រស្រីភ្នែករីកធំ
  • ប្រកាច់
  • ក្អួត

ជួនកាល ស្នាមជាំលើផ្ទៃមុខអាចមើលឃើញច្បាស់ ប៉ុន្តែការរបួសខាងក្នុងធ្ងន់ធ្ងរជាងនេះ ដូចជាការហូរឈាមក្នុងខួរក្បាល ការខូចខាតឆ្អឹងខ្នង និងការបាក់ឆ្អឹងជំនីរ លលាដ៍ក្បាល ជើង និងឆ្អឹងផ្សេងៗទៀត អាចនឹងមិនលេចឡើងឱ្យឃើញភ្លាមៗនោះទេ។ សញ្ញានៃការប្រើអំពើហិង្សាពីមុនៗជាញឹកញាប់តែងតែមានវត្តមាន។ ក្នុងករណីមិនសូវធ្ងន់ធ្ងរ កុមារអាចមើលទៅដូចជាមិនអីទេនៅពេលដំបូង ប៉ុន្តែក្រោយមកទើបលេចចេញបញ្ហាប្រកបដោយការប្រែប្រួលកាយវិការ ឬបញ្ហារាងកាយ។

ប្រសិនបើអ្នកសង្ស័យថាកូនរបស់អ្នកត្រូវបានគេអង្រួនយ៉ាងធ្ងន់ធ្ងរ វាជារឿងសំខាន់ណាស់ក្នុងការស្វែងរកជំនួយវេជ្ជសាស្ត្រភ្លាមៗ ឬប្រញាប់ទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ដែលជិតបំផុត។ ការព្យាបាលភ្លាមៗអាចជួយសង្គ្រោះជីវិត និងការពារផលវិបាកធ្ងន់ធ្ងរបាន។ គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលត្រូវបានតម្រូវតាមផ្លូវច្បាប់ឱ្យរាយការណ៍អំពីករណីសង្ស័យនៃការធ្វើអំពើហិង្សាលើកុមារ។

​​ មូលហេតុ

អាការជំងឺទារកក្រឡក ជាទូទៅកើតឡើងនៅពេលដែលឪពុកម្តាយ ឬអ្នកថែទាំ អង្រួនទារក ឬកុមារតូចយ៉ាងខ្លាំងដោយសារតប់ប្រមល់ ឬខឹងសម្បារ ដែលជាញឹកញាប់បណ្តាលមកពីការយំមិនឈប់ឈររបស់កុមារ។ ទារកមានសាច់ដុំកដែលមិនទាន់លូតលាស់ពេញលេញ និងមិនអាចទ្រទម្ងន់ក្បាលរបស់ពួកគេបានឡើយ ដែលធ្វើឱ្យខួរក្បាលដ៏ស្តើងរបស់ពួកគេផ្លាស់ទីទៅមុខទៅក្រោយនៅក្នុងលលាដ៍ក្បាល រហូតបណ្តាលឱ្យមានការរលាកជាំ ហើម និងហូរឈាម។ ស្ថានភាពនេះ ជាទូទៅមិនមែនបណ្តាលមកពីសកម្មភាពស្រាលៗ ដូចជាការបំពេរលើជង្គង់ ឬការដួលតិចតួចនោះទេ។

កត្តាហានិភ័យ

កត្តាខាងក្រោមនេះ អាចធ្វើឱ្យឪពុកម្តាយ ឬអ្នកថែទាំផ្សេងទៀត ងាយនឹងអង្រួនទារកទើបនឹងកើតយ៉ាងហិង្សា ដែលអាចបណ្តាលឱ្យកើតមានអាការជំងឺទារកក្រឡកនេះ៖

  • ការរំពឹងទុកលើទារកដែលមិនសមប្រកបតាមការពិត
  • ការធ្វើជាឪពុកម្តាយតែម្នាក់ឯង (ឪពុក ឬម្តាយទោល) ឬនៅក្មេងពេក
  • ការស្រ្តេស ឬការបាក់ទឹកចិត្ត
  • អំពើហិង្សាក្នុងគ្រួសារ ឬប្រវត្តិធ្លាប់រងការធ្វើបាបកាលពីកុមារភាព
  • ការប្រើប្រាស់គ្រឿងស្រវឹង ឬសារធាតុញៀន
  • ស្ថានភាពគ្រួសារគ្មានសុភមង្គល

អាការជំងឺទារកក្រឡកនេះ ក៏ត្រូវបានគេរកឃើញថាកើតឡើងលើបុរស ច្រើនជាងស្ត្រីផងដែរ។

ការធ្វើរោគវិនិច្ឆ័យ

ទារកដែលត្រូវបានគេអង្រួនយ៉ាងហិង្សា នឹងតម្រូវឱ្យមានការពិនិត្យដោយគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលជាច្រើនរូប បន្ថែមពីលើអ្នកជំនាញផ្នែកអំពើហិង្សាលើកុមារ។

នីតិវិធីខាងក្រោមនេះ នឹងជួយសម្រួលដល់គ្រូពេទ្យក្នុងការធ្វើរោគវិនិច្ឆ័យ អាការជំងឺទារកក្រឡក៖

  • ការពិនិត្យរាងកាយ៖ បន្ថែមពីលើការពិនិត្យរាងកាយ គ្រូពេទ្យនឹងសួរដេញដោលអំពីប្រវត្តិវេជ្ជសាស្ត្រពីមុនរបស់កុមារ។ វាអាចតម្រូវឱ្យមានការធ្វើតេស្តជាច្រើន ដើម្បីស្វែងរកការរបួស។ ដោយសារតែគ្រូពេទ្យមិនតែងតែមានព័ត៌មានលម្អិតទាំងអស់ អំពីថាតើការអង្រួនបានរួមចំណែកដល់ការរបួសរបស់ទារកឬយ៉ាងណានោះ ការធ្វើរោគវិនិច្ឆ័យអាការជំងឺទារកក្រឡក អាចជារឿងប្រឈម និងលំបាកខ្លាំង។
  • ការពិនិត្យភ្នែក៖ ការរបួសភ្នែក និងការហូរឈាមនៅខាងក្នុង ឬខាងក្រោមបាតភ្នែកអាចត្រូវ បានរកឃើញក្នុងអំឡុងពេលនៃការពិនិត្យភ្នែក។
  • ការធ្វើតេស្តឈាម៖ រោគសញ្ញានៃអាការជំងឺទារកក្រឡក ក៏អាចបណ្តាលមកពីបញ្ហាហូរឈាម និងកកឈាម ជំងឺមេតាបូលីស និងហ្សែន រួមទាំងស្ថានភាពជំងឺផ្សេងៗទៀតផងដែរ។ ការធ្វើតេស្តឈាមមួយចំនួន អាចជួយលុបបំបាត់ការសង្ស័យលើស្ថានភាពជំងឺទាំងនោះបាន។
  • ការធ្វើតេស្តរូបភាពវេជ្ជសាស្ត្រ៖ ដើម្បីដឹងថាការបាក់ឆ្អឹងកើតឡើងដោយអចេតនា ឬដោយចេតនា ការថតកាំរស្មីអ៊ិចលើឆ្អឹងជាច្រើន អាចនឹងត្រូវធ្វើឡើង ដូចជាឆ្អឹងដៃ ប្រអប់ដៃ ជើង ប្រអប់ជើង ឆ្អឹងខ្នង ឆ្អឹងជំនីរ និងក្បាល។ ការធ្វើតេស្តទាំងនេះ ក៏អាចប្រើដើម្បីស្វែងរកស្នាមបាក់ឆ្អឹងចាស់ៗពីមុនផងដែរ។
  • ការថត MRI៖ ខួរក្បាល និងឆ្អឹងខ្នងរបស់កុមារ អាចមើលឃើញយ៉ាងលម្អិតតាមរយៈការថត MRI ដោយប្រើរលកវិទ្យុ និងដែនម៉ាញេទិចខ្លាំង។ វាអាចបង្ហាញពីសញ្ញានៃកម្រិតអុកស៊ីសែនទាប ការហូរឈាម និងស្នាមជាំនៅលើខួរក្បាល។ ជាទូទៅ ការថត MRI ត្រូវ បានធ្វើឡើងពី ២ ទៅ ៣ ថ្ងៃ បន្ទាប់ពីការរបួស ដោយសារតែវាមានភាពលំបាកក្នុងការថតលើកុមារដែលមានស្ថានភាពមិនស្ថិតស្ថេរ)។
  • ការថតស៊ីធីស្កែន-CT scan៖ ការថត CT scan ផ្តល់នូវទិដ្ឋភាពមុខកាត់នៃរាងកាយ ដោយប្រើរូបភាពកាំរស្មីអ៊ិច។ ការថត CT scan ខួរក្បាល អាចប្រើដើម្បីកំណត់អត្តសញ្ញាណការរបួសដែលតម្រូវឱ្យមានការព្យាបាលវេជ្ជសាស្ត្របន្ទាន់។ ប្រសិនបើមានការរបួសបន្ថែមទៀត ការថត CT scan ត្រង់ពោះ ក៏អាចនឹងត្រូវធ្វើឡើងផងដែរ។

ផ្អែកលើកម្រិតធ្ងន់ធ្ងរនៃការរបួស ទារកអាចតម្រូវឱ្យមានការតាមដានយ៉ាងយកចិត្តទុកដាក់ នៅក្នុងផ្នែកសង្គ្រោះបន្ទាន់កុមារ-PICU។

ការព្យាបាល

ប្រសិនបើកូនរបស់លោកអ្នក បង្ហាញសញ្ញាណាមួយនៃអាការជំងឺទារកក្រឡក វាជារឿងសំខាន់បំផុតក្នុងការស្វែងរកការព្យាបាលវេជ្ជសាស្ត្រភ្លាមៗ។ ក្នុងករណីមិនសូវធ្ងន់ធ្ងរ កូនរបស់លោកអ្នកអាចត្រូវ ការការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងប្រើប្រាស់ថ្នាំសម្រាប់តាមដាន និងព្យាបាល។

ក្នុងស្ថានភាពបន្ទាន់ដែលកុមារត្រូវ បានគេអង្រួន ការអន្តរាគមន៍វេជ្ជសាស្ត្រ អាចរាប់បញ្ចូលទាំងការវះកាត់ដើម្បីទប់ស្កាត់ការហូរឈាមក្នុងខួរក្បាល និងការដាក់បំពង់ជំនួយដកដង្ហើម។ បន្ថែមពីនេះ ការប្រើប្រាស់ថ្នាំសង្កូវផ្សេងៗ អាចនឹងត្រូវ ការចាំបាច់ដើម្បីគ្រប់គ្រងការប្រកាច់ និងកាត់បន្ថយការហើមខួរក្បាល។

Doctors who treat this condition