ជំងឺបាក់តេរីលូតលាស់ហួសប្រមាណនៅក្នុងពោះវៀនតូច
ទិដ្ឋភាពទូទៅ
ជំងឺបាក់តេរីលូតលាស់ហួសប្រមាណនៅក្នុងពោះវៀនតូច (SIBO) គឺជាវិបត្តិមួយដែលមានការលូតលាស់នៃបាក់តេរីច្រើនហួសប្រមាណនៅក្នុងពោះវៀនតូច ជាពិសេសប្រភេទបាក់តេរីដែលជាធម្មតាមិនត្រូវមាននៅក្នុងប្រព័ន្ធរំលាយអាហារមួយនេះឡើយ។ អតុល្យភាពនេះអាចបង្កឡើងដោយកត្តានានាដូចជា ការវះកាត់ ឬជំងឺផ្សេងៗដែលធ្វើឱ្យការផ្លាស់ទីអាហារ និងកាកសំណល់មានភាពយឺតយ៉ាវ ដែលបង្កើតជាបរិស្ថានដ៏ល្អសម្រាប់ការកើនឡើងនៃបាក់តេរី។ ជាទូទៅ ស្ថានភាពនេះនាំឱ្យមានរោគសញ្ញាដូចជា រាគ ហើយក្នុងករណីធ្ងន់ធ្ងរ អាចបង្កឱ្យស្រកទម្ងន់ និងកង្វះអាហារូបត្ថម្ភ។
ជំងឺ SIBO ជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងផលវិបាកដែលកើតចេញពីការវះកាត់ពោះ ប៉ុន្តែក៏អាចកើតឡើងដោយសារតែបញ្ហារចនាសម្ព័ន្ធនៅក្នុងប្រព័ន្ធរំលាយអាហារ ឬជំងឺមួយចំនួនផងដែរ។ វត្តមាននៃបាក់តេរីច្រើនពេករំខានដល់តុល្យភាពពោះវៀន ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការរំលាយអាហារ។ ការលូតលាស់បាក់តេរីហួសប្រមាណអាចយកឈ្នះលើបាក់តេរីដែលមានប្រយោជន៍ ដែលនាំឱ្យមានបញ្ហារំលាយអាហារបន្ថែមទៀត។
ការព្យាបាលជំងឺ SIBO ជាញឹកញាប់រួមបញ្ចូលទាំងការប្រើប្រាស់ថ្នាំផ្សះដើម្បីកាត់បន្ថយបាក់តេរីដែលច្រើនហួសប្រមាណនេះ។ ក្នុងករណីខ្លះ ការវះកាត់អាចជារឿងចាំបាច់ដើម្បីដោះស្រាយបញ្ហារចនាសម្ព័ន្ធដែលជាដើមហេតុនៃជំងឺនេះ។ ការគ្រប់គ្រងជំងឺ SIBO ឱ្យមានប្រសិទ្ធភាព ទាមទារឱ្យមានការស្តារឡើងវិញនូវតុល្យភាពបាក់តេរីក្នុងពោះវៀន និងការធានានូវមុខងាររំលាយអាហារឱ្យបានត្រឹមត្រូវ។
រោគសញ្ញា
រោគសញ្ញានៃជំងឺ SIBO អាចមានលក្ខណៈស្រដៀងទៅនឹងវិបត្តិក្រពះពោះវៀនផ្សេងទៀតជាច្រើន ហើយជាញឹកញាប់ អាចកាន់តែធ្ងន់ធ្ងរដោយសារជំងឺផ្សេង។ រោគសញ្ញាទូទៅរួមមាន៖
- មានអារម្មណ៍ថាឆ្អល់ពោះ ឬមិនស្រួលក្នុងពោះបន្ទាប់ពីញ៉ាំអាហាររួច
- បាត់បង់ចំណង់អាហារ (មិនឃ្លានបាយ)
- ហើមពោះ
- ទល់លាមក
- រាគរូស
- អស់កម្លាំង ល្វើយ
- មានខ្យល់ច្រើនក្នុងពោះ
- រំលាយអាហារមិនបានល្អ
- កង្វះអាហារូបត្ថម្ភ
- ចង់ក្អួត
- ឈឺពោះ
- ស្រកទម្ងន់ដោយមិនដឹងមូលហេតុ
ប្រសិនបើសញ្ញា និងរោគសញ្ញាទាំងនេះនៅតែបន្តកើតមាន សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានការវិនិច្ឆ័យ និងព្យាបាលឱ្យបានត្រឹមត្រូវ។ ក្នុងករណីមានការឈឺពោះធ្ងន់ធ្ងរ ការព្យាបាលបន្ទាន់ជាកាតព្វកិច្ចដែលត្រូវធ្វើភ្លាមៗ។
លើសពីនេះ គេក៏ណែនាំឱ្យប្រុងប្រយ័ត្នផងដែរចំពោះការរាគរូសជាប់រហូត ការស្រកទម្ងន់លឿនដោយមិនបានតាំងចិត្ត ឬការឈឺពោះដែលមានរយៈពេលលើសពីពីរបីថ្ងៃ ព្រោះសញ្ញាទាំងនេះអាចជាសញ្ញាព្រមាននៃបញ្ហាមូលដ្ឋានផ្សេងទៀត។
មូលហេតុ
ពោះវៀនតូច ដែលមានប្រវែងប្រហែល ២០ ហ្វ៊ីត (ប្រហែល ៦ ម៉ែត្រ) ដើរតួយ៉ាងសំខាន់ក្នុងការស្រូបយកសារធាតុចិញ្ចឹម។ នៅទីនេះ អាហារលាយឡំជាមួយនឹងទឹករំលាយផ្សេងៗ ដែលជួយជំរុញការស្រូបយកសារធាតុចិញ្ចឹមចូលទៅក្នុងសរសៃឈាម។ ដំណើរការនេះត្រូវបានសម្របសម្រួលដោយការធ្វើអន្តរកម្មដ៏ស្មុគស្មាញនៃដំណើរការគីមី និងមេកានិច ដែលជួយរក្សាតុល្យភាពបាក់តេរីក្នុងពោះវៀន។
ដើម្បីឱ្យជំងឺបាក់តេរីលូតលាស់ហួសប្រមាណនៅក្នុងពោះវៀនតូច (SIBO) កើតឡើងបាន វាទាមទារឱ្យមានការរំខានដល់ដំណើរការទាំងនេះ។ កត្តាដែលជួយតម្រូវនិងគ្រប់គ្រងបាក់តេរីក្នុងពោះវៀនតូចរួមមាន អាស៊ីតក្រពះ ទឹកប្រមាត់ អង់ស៊ីម និងអ៊ីមម៉ូណូក្លូប៊ូលីន។ ខុសពីពោះវៀនធំ ដែលជាទូទៅមានបាក់តេរីតិចជាង ដោយសារការផ្លាស់ទីលឿនរបស់អាហារ និងការមានវត្តមានទឹកប្រមាត់ ពោះវៀនតូចអាចក្លាយជាកន្លែងបង្កាត់ពូជបាក់តេរី ប្រសិនបើអាហារមានការកកស្ទះ ឬឈរជើងនៅមួយកន្លែង។
ជំងឺ SIBO អាចបណ្តាលមកពីលក្ខខណ្ឌផ្សេងៗដែលប៉ះពាល់ដល់ពោះវៀនតូច រួមមាន៖
- បញ្ហារចនាសម្ព័ន្ធ៖ បញ្ហាដូចជា ដុះថង់តូចៗនៅពោះវៀន ការស្ទះពោះវៀន និងការស្អិតពោះវៀន ជាញឹកញាប់កើតចេញពីជំងឺរំលាយអាហារ ឬផលវិបាកនៃការវះកាត់។ បញ្ហារចនាសម្ព័ន្ធទាំងនេះអាចរារាំងដល់ចលនា និងការបោសសំអាតបាក់តេរីតាមធម្មតា ដោយផ្តល់កន្លែងកាន់តែច្រើនសម្រាប់បាក់តេរីកកកុញ។
- កង្វះអាស៊ីតក្រពះ៖ ការថយចុះកម្រិតអាស៊ីតក្រពះអាចបណ្តាលមកពីការឆ្លងមេរោគ H. pylori ការប្រើប្រាស់ថ្នាំសម្រួលអាស៊ីត និងថ្នាំទប់ស្កាត់អាស៊ីតរយៈពេលយូរ ឬការវះកាត់តពោះវៀន។
- ស្ថានភាពជំងឺផ្សេងៗ៖ ជំងឺដែលធ្វើឱ្យចលនាអាហារ និងកាកសំណល់ឆ្លងកាត់ពោះវៀនតូចមានភាពយឺតយ៉ាវ ដូចជា ជំងឺ Crohn ការរលាកពោះវៀនដោយសារកាំរស្មី ជំងឺស្បែក scleroderma ជំងឺ Celiac និងជំងឺទឹកនោមផ្អែម សុទ្ធតែអាចរួមចំណែកឱ្យកើត SIBO។
- ការប្រើប្រាស់ថ្នាំមួយចំនួនហួសប្រមាណ: ថ្នាំផ្សះ ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំទប់ស្កាត់អាស៊ីតក្រពះ អាចរំខានដល់តុល្យភាពបាក់តេរីពោះវៀន ដែលអាចនាំឱ្យកើតជំងឺ SIBO។
កត្តាហានិភ័យ
កត្តាជាច្រើនអាចរួមចំណែកបង្កើនហានិភ័យនៃការកើតជំងឺ SIBO ដូចជា៖
- វ័យចាស់ មនុស្សចាស់
- ការប្រើប្រាស់ថ្នាំច្រើនប្រភេទ
- ជំងឺដុះថង់តូចៗនៅពោះវៀនតូច
- ធ្លាប់ឆ្លងកាត់ការពិនិត្យ ឬការព្យាបាលតាមបែបវេជ្ជសាស្ត្រ ដូចជាការវះកាត់ក្រពះ និងការវះកាត់ពោះ
- ការខូចខាតដល់ពោះវៀនតូច
- ភាពមិនប្រក្រតីបន្តិចបន្តួចនៃរចនាសម្ព័ន្ធពោះវៀន
- ការបែកផ្លូវតភ្ជាប់រវាងផ្នែកទាំងពីរនៃពោះវៀន
- ជំងឺក្រពះពោះវៀនផ្សេងៗ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺលុយពុស ជំងឺ Celiac ជំងឺរលាកពោះវៀន រោគសញ្ញារលាកពោះវៀនធំ ជំងឺរលាកលំពែង និងមហារីកពោះវៀនធំ
- ការប៉ះពាល់នឹងកាំរស្មី
- ជំងឺដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ដូចជា ជំងឺ Crohn ជំងឺ scleroderma ដែលប៉ះពាល់ដល់ពោះវៀនតូច ឬមហារីកកូនកណ្តុរក្នុងពោះវៀន
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យជំងឺបាក់តេរីលូតលាស់ហួសប្រមាណនៅក្នុងពោះវៀនតូច (SIBO) អាចប្រឈមមុខនឹងភាពស្មុគស្មាញ និងពិបាក បកស្រាយ ដោយសារតែរោគសញ្ញារបស់វាមានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹងជំងឺប្រព័ន្ធរំលាយអាហារផ្សេងទៀត។ នៅពេលដែលរោគសញ្ញា និងប្រវត្តិវេជ្ជសាស្ត្របង្ហាញពីសញ្ញានៃជំងឺ SIBO ការពិនិត្យ និងធ្វើតេស្តច្រើនយ៉ាងអាចជាកាតព្វកិច្ចចាំបាច់ ដើម្បីវាយតម្លៃលើការលូតលាស់ហួសប្រមាណនៃបាក់តេរី បញ្ហាការស្រូបយកជាតិខ្លាញ់ ឬមូលហេតុឫសគល់ផ្សេងទៀតដែលអាចកើតមាន។
តេស្តដែលត្រូវបានណែនាំជាទូទៅរួមមាន៖
- ការធ្វើតេស្តឈាម និងលាមក៖ ដើម្បីស្រាវជ្រាវស្វែងរកមូលហេតុ និងផលវិបាកដែលអាចកើតមានជំងឺ SIBO ការពិនិត្យឈាមអាចត្រួតពិនិត្យមើលការខ្វះខាតវីតាមីន និងប្រូតេអ៊ីន ហើយការពិនិត្យលាមកអាចជួយស្វែងរកជាតិខ្លាញ់ ឬអាស៊ីតប្រមាត់ដែលមិនបានរំលាយ។
- ការពិនិត្យរូបភាពវេជ្ជសាស្ត្រ៖ ការពិនិត្យដូចជា ការថតកាំរស្មីអ៊ិច ការស្កែន CT ឬ MRI អាចត្រូវបានប្រើប្រាស់ដើម្បីស្វែងរកភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធពោះវៀន។
- ការធ្វើតេស្តខ្យល់ដង្ហើម៖ នៅក្នុងការធ្វើតេស្តនេះ អ្នកជំងឺត្រូវបរិភោគសមាសធាតុចម្រុះរវាងគ្លុយកូស និងទឹក។ អ្នកជំងឺនឹងត្រូវផ្លុំខ្យល់ដង្ហើមចូលទៅក្នុងឧបករណ៍ពិសេសមួយ ដើម្បីវាស់កម្រិតអ៊ីដ្រូសែន ឬ មេតាន នៅក្នុងខ្យល់ដង្ហើម ដែលបង្ហាញពីវត្តមានរបស់បាក់តេរីផលិតឧស្ម័ននៅក្នុងពោះវៀន។ កម្រិតដែលកើនឡើងខ្ពស់ បង្ហាញពីការលូតលាស់បាក់តេរីហួសប្រមាណ។
- ការបូមយកសារធាតុរាវក្នុងពោះវៀនតូចមកបណ្តុះមេរោគ៖ ក្នុងអំឡុងពេលធ្វើតេស្តនេះ អង់ដូស្កុបនឹងត្រូវបញ្ជូលតាមមាត់ចុះទៅកាន់ពោះវៀនតូច ដើម្បីប្រមូលយកសារធាតុរាវមកវិភាគមើលការលូតលាស់នៃបាក់តេរី។ ការធ្វើតេស្តនេះគឺជាវិធីសាស្ត្រដែលគួរឱ្យទុកចិត្តបំផុតក្នុងការធ្វើរោគវិនិច្ឆ័យជំងឺបាក់តេរីលូតលាស់ហួសប្រមាណ។
ការព្យាបាល
ជំងឺ SIBO ជាញឹកញាប់កើតឡើងជាផលវិបាកនៃស្ថានភាពសុខភាពមួយផ្សេងទៀត ហើយវាអាចបង្កើតជាផលវិបាកបន្តបន្ទាប់ផ្ទាល់ខ្លួនរបស់វាបន្ថែមទៀត។ ការព្យាបាលជំងឺ SIBO តម្រូវឱ្យគ្រូពេទ្យផ្តោតលើការកាត់បន្ថយការលូតលាស់ហួសប្រមាណនៃបាក់តេរី ការគ្រប់គ្រងផលវិបាកពាក់ព័ន្ធ និងការដោះស្រាយមូលហេតុដើម។ ក្នុងករណីដែលរកឃើញថាមានបញ្ហារចនាសម្ព័ន្ធពោះវៀន ការវះកាត់អាចនឹងត្រូវបានណែនាំដើម្បីកែតម្រូវ។
ថ្នាំផ្សះត្រូវបានប្រើប្រាស់ជាទូទៅដើម្បីទប់ទល់នឹងការលូតលាស់ហួសប្រមាណនៃបាក់តេរី បន្ទាប់មកគឺការគ្រប់គ្រងផលវិបាកស្រួចស្រាវ ដែលអាចរួមបញ្ចូលទាំងការទ្រទ្រង់អាហារូបត្ថម្ភ និងការផ្លាស់ប្តូររបបអាហារដើម្បីសម្រាលរោគសញ្ញា។
- ការព្យាបាលដោយថ្នាំផ្សះ៖ ថ្នាំផ្សះអាចកាត់បន្ថយបាក់តេរីមិនប្រក្រតីបានយ៉ាងច្រើន ប៉ុន្តែពួកវាអាចត្រឡប់មកវិញបន្ទាប់ពីបញ្ឈប់ការព្យាបាល ដែលតម្រូវឱ្យមានការព្យាបាលរយៈពេលវែង។ ពេលខ្លះ ថ្នាំផ្សះត្រូវផ្លាស់ប្តូរផ្លាស់ប្តូរមុខប្រើប្រាស់ជាជុំៗ ដើម្បីការពារកុំឱ្យបាក់តេរីស៊ាំនឹងថ្នាំ ប៉ុន្តែវាក៏អាចបង្កឱ្យមានបញ្ហាដូចជារាគរូសផងដែរ ដោយសារតែវាសម្លាប់ទាំងបាក់តេរីល្អធម្មតា និងបាក់តេរីមិនល្អ។ ដោយផ្អែកលើរោគសញ្ញា និងប្រវត្តិវេជ្ជសាស្ត្រ ទោះបីជាមិនទាន់មានលទ្ធផលតេស្តច្បាស់លាស់ក៏ដោយ ថ្នាំផ្សះជាទូទៅ គឺជាការព្យាបាលចម្បងសម្រាប់ការលូតលាស់បាក់តេរីហួសប្រមាណ។ ការធ្វើតេស្តបន្ថែមជាញឹកញាប់ត្រូវបានទាមទារ ប្រសិនបើថ្នាំផ្សះមិនអាចដោះស្រាយបញ្ហាបាន។
- ការទ្រទ្រង់អាហារូបត្ថម្ភ៖ ការព្យាបាលអាចរួមបញ្ចូលការទ្រទ្រង់អាហារូបត្ថម្ភ និងថ្នាំបំប៉ន ដើម្បីដោះស្រាយការខ្វះខាតវីតាមីន និងរ៉ែ។ របបអាហារតឹងរ៉ឹងរយៈពេលខ្លីអាចត្រូវបានអនុវត្តដើម្បីគ្រប់គ្រងរោគសញ្ញា បន្ទាប់មកទើបអនុវត្តផែនការរបបអាហាររយៈពេលវែងដែលបានកែសម្រួល ដើម្បីស្តារអាហារូបត្ថម្ភឡើងវិញ និងតម្រូវការលូតលាស់នៃបាក់តេរី។ ការកែតម្រូវការខ្វះខាតអាហារូបត្ថម្ភ គឺជារឿងសំខាន់បំផុតក្នុងការព្យាបាលជំងឺ SIBO ជាពិសេសចំពោះបុគ្គលដែលជួបប្រទះការស្រកទម្ងន់ធ្ងន់ធ្ងរ ព្រោះការខូចខាតដែលបង្កឡើងដោយកង្វះអាហារូបត្ថម្ភមិនមែនសុទ្ធតែអាចស្តារឱ្យជាសះស្បើយដូចដើមវិញបានជានិច្ចនោះទេ។
- ថ្នាំបំប៉នអាហារូបត្ថម្ភ៖ ការចាក់វីតាមីន B-12 តាមសាច់ដុំ រួមជាមួយកាតលេបថ្នាំគ្រាប់វីតាមីន កាល់ស្យូម និងថ្នាំបំប៉នដែក អាចនឹងត្រូវបានណែនាំឱ្យប្រើប្រាស់។
- របបអាហារគ្មានធាតុឡាក់តូស៖ ការចៀសវាងផលិតផលភាគច្រើនដែលមានសារធាតុឡាក់តូស ឬការប្រើប្រាស់ថ្នាំបំប៉នអង់ស៊ីមឡាក់តាសអាចនឹងត្រូវបានណែនាំ។ មនុស្សមួយចំនួនអាចហូបយ៉ាអ៊ួរបាន ដោយសារបាក់តេរីបានបំបែកធាតុឡាក់តូសក្នុងអំឡុងពេលធ្វើការត្រាំ។ ការអនុវត្តរបបអាហារគ្មានធាតុឡាក់តូសត្រូវបានណែនាំដើម្បីគ្រប់គ្រងការរំខានដល់ប្រព័ន្ធរំលាយអាហារដែលបណ្តាលមកពីការខូចខាតពោះវៀនតូច ព្រោះការមិនស៊ាំនឹងធាតុឡាក់តូសអាចនឹងកើតមានឡើង។
