ទិដ្ឋភាពទូទៅ

ជំងឺរលាកកូនកណ្តុរក្នុងពោះ (Mesenteric lymphadenitis ឬហៅម្យ៉ាងទៀតថា Mesenteric adenitis) គឺជាបញ្ហាមួយដែលបណ្តាលឱ្យមានការរលាកដល់កូនកណ្តុរនៅក្នុងពោះ។ ពាក្យថា “Mesenteric” សំដៅលើការរលាកដែលវិវត្តឡើងនៅក្នុងស្រទាប់ពោះវៀន (Mesentery) ដែលជាផ្នត់ភ្នាសតភ្ជាប់ពោះវៀនទៅនឹងជញ្ជាំងពោះ។

កូនកណ្តុរ គឺជាសរីរាង្គមួយស្ថិតក្នុងចំណោមសរីរាង្គដទៃទៀតនៃប្រព័ន្ធស៊ាំរបស់រាងកាយ។ ដើម្បីការពារការឆ្លងរាលដាល កូនកណ្តុរធ្វើតួនាទីចម្រោះសារធាតុដែលមានគ្រោះថ្នាក់ ដូចជាវីរុស និងបាក់តេរី មិនឱ្យទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយ។ ទំហំរបស់កូនកណ្តុរ គឺអាចប្រហាក់ប្រហែលនឹងគ្រាប់សណ្តែក ប៉ុន្តែនៅពេលដែលវាមានការរលាក វានឹងហើមរីកធំ និងងាយឈឺចាប់នៅពេលប៉ះពាល់។

ជំងឺរលាកកូនកណ្តុរក្នុងពោះ ជាទូទៅកើតឡើងដោយសារការឆ្លងមេរោគវីរុសនៅក្នុងពោះវៀន។ ស្ថានភាពនេះភាគច្រើនកើតមានលើកុមារ និងក្មេងជំទង់។ ចំពោះមនុស្សពេញវ័យ និងមនុស្សដែលមានអាយុលើសពី ២០ ឆ្នាំ គឺមិនសូវជួបប្រទះនឹងជំងឺនេះទេ។

ជំងឺរលាកកូនកណ្តុរក្នុងពោះ អាចមានរោគសញ្ញាស្រដៀងគ្នានឹងជំងឺរលាកខ្នែងពោះវៀន (Appendicitis) ឬជំងឺពោះវៀនលូនចូលគ្នា (Intussusception – ស្ថានភាពដែលផ្នែកមួយនៃពោះវៀនលូនចូលទៅក្នុងផ្នែកមួយទៀត)។ ទោះជាយ៉ាងណាក៏ដោយ មិនដូចស្ថានភាពជំងឺទាំងនេះទេ ជំងឺរលាកកូនកណ្តុរក្នុងពោះ គឺជាជំងឺកម្រនិងធ្ងន់ធ្ងរ ដែលជាទូទៅអាចជាសះស្បើយទៅវិញដោយខ្លួនឯង ដោយមិនបាច់មានការអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រឡើយ។

រោគសញ្ញា

រោគសញ្ញានៃជំងឺរលាកកូនកណ្តុរក្នុងពោះ អាចមានចាប់ពីកម្រិតស្រាលទៅកម្រិតធ្ងន់ធ្ងរ ហើយអាចមានសភាពស្រដៀងគ្នានឹងជំងឺរលាកខ្នែងពោះវៀនដែរ។ សញ្ញា និងរោគសញ្ញាទូទៅអាចរួមមាន៖

  • ឈឺពោះផ្នែកខាងក្រោមខាងស្តាំ ប៉ុន្តែវាអាចរាលដាលទៅតំបន់ផ្សេងទៀតបាន
  • មានការឈឺចាប់ខ្លាំងនៅពេលសង្កត់ពោះ
  • គ្រុនក្តៅ
  • ចង្អោរ និងក្អួត
  • រាគរូស
  • មានការរីកធំនៃកូនកណ្តុរនៅក្នុងស្រទាប់ស្របពោះវៀន

ការកំណត់ដឹងថាតើការឈឺពោះចំពោះកុមារ និងក្មេងជំទង់ត្រូវការការយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្ត្រដែរឬទេ អាចជារឿងដ៏ពិបាកមួយ។អ្នកគួរតែស្វែងរកការពិនិត្យព្យាបាលពីគ្រូពេទ្យ ប្រសិនបើកុមារមានការឈឺពោះខ្លាំងភ្លាមៗ ឈឺពោះអមដោយការគ្រុនក្តៅ ឬឈឺពោះរួមជាមួយការរាគរូស ឬក្អួត។ វាក៏ជាការណែនាំផងដែរក្នុងការស្វែងរកការថែទាំវេជ្ជសាស្ត្រ ប្រសិនបើរោគសញ្ញានមិនមានភាពធូរស្រាល មានការប្រែប្រួលក្នុងការបន្ទោបង់ បាត់បង់ការឃ្លានអាហារ ឬមានការពិបាកក្នុងការគេងដោយសារតែការឈឺពោះ។

​​ មូលហេតុ

ជំងឺរលាកកូនកណ្តុរក្នុងពោះ បង្កឡើងដោយសារតែកូនកណ្តុរនៅក្នុងពោះមានការរលាកនិងហើម។ កូនកណ្តុរអាចរីកធំដោយសារតែការឆ្លងមេរោគ ឬជាសញ្ញានៃបញ្ហាសុខភាពណាមួយដែលបង្កើតឱ្យមានការរលាក។ កត្តាទាំងឡាយដែលបណ្តាលឱ្យកើតជំងឺនេះរួមមាន៖

  • ការឆ្លងមេរោគវីរុស ឬបាក់តេរី៖ ការឆ្លងមេរោគទូទៅរួមមាន ជំងឺរលាកក្រពះពោះវៀន បាក់តេរីមកពីអាហារដែលមិនបានចំអិនឆ្អិនល្អ ជំងឺរបេង ឬការឆ្លងមេរោគដែលទាក់ទងនឹងមេរោគអេដស៍។ កូនកណ្តុរដែលតភ្ជាប់ពោះវៀនទៅនឹងផ្នែកខាងក្រោយនៃជញ្ជាំងពោះ នឹងរងការរលាកដោយសារតែការឆ្លងមេរោគទាំងនេះ។
  • ស្ថានភាពរលាកផ្សេងៗ៖ កូនកណ្តុរនៅក្នុងពោះរបស់កុមារអាចមានការរលាក ដោយសារតែជំងឺមួយផ្សេងទៀតដែលបណ្តាលឱ្យផ្នែកណាមួយនៃរាងកាយមានការហើម ដូចជា ជំងឺរលាកខ្នែងពោះវៀន ជំងឺមហារីក (មហារីកក្រពះពោះវៀន ឬមហារីកកូនកណ្តុរ) ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ជំងឺរលាកលំពែង ឬជំងឺរលាកថង់ពោះវៀនតូចៗ។

ការធ្វើរោគវិនិច្ឆ័យ

ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺរលាកកូនកណ្តុរក្នុងពោះឱ្យបានត្រឹមត្រូវ គ្រូពេទ្យនឹងអនុវត្តនូវវិធីសាស្ត្រដូចខាងក្រោម៖

  • ការពិនិត្យរាងកាយ៖ ក្នុងអំឡុងពេលវាយតម្លៃផ្នែកវេជ្ជសាស្ត្រ គ្រូពេទ្យនឹងធ្វើការពិនិត្យរាងកាយ និងកត់ត្រាប្រវត្តិវេជ្ជសាស្ត្រលម្អិតរបស់អ្នកជំងឺ។ ពួកគាត់ក៏នឹងសាកសួរអំពីកំណត់សម្គាល់នៃរោគសញ្ញាផ្សេងៗ រួមទាំងរយៈពេលនៃការឈឺចាប់ និងសួរថាតើអ្នកជំងឺទើបតែមានធ្លាក់ខ្លួនឈឺនាពេលថ្មីៗនេះដែរឬទេ។
  • ការធ្វើតេស្តឈាម៖ ប្រសិនបើកុមារមានអាការៈឈឺស្ទើរ ការធ្វើតេស្តឈាមនឹងត្រូវបានណែនាំ ដើម្បីជួយគ្រូពេទ្យក្នុងការកំណត់អត្តសញ្ញាណថា តើអ្នកជំងឺមានការឆ្លងមេរោគប្រភេទណាមួយ។
  • ការសិក្សារូបភាពវេជ្ជសាស្ត្រ៖ ជំងឺរលាកកូនកណ្តុរក្នុងពោះ ជារឿយៗត្រូវបានធ្វើរោគវិនិច្ឆ័យឃើញតាមរយៈការអេកូពោះ។ ក្រៅពីនេះ គេក៏អាចនឹងធ្វើការថតស៊ីធីស្កេននៅត្រង់ពោះរបស់កុមារផងដែរ។ វិធីសាស្ត្រនេះក៏នឹងជួយទាត់ចោលនូវលទ្ធភាពនៃជំងឺរលាកខ្នែងពោះវៀនទៀតផង។

ការព្យាបាល

ជំងឺរលាកកូនកណ្តុរក្នុងពោះចំពោះកុមារ ជាទូទៅមានសភាពធូរស្រាលទៅវិញដោយខ្លួនឯងក្នុងរយៈពេលពី ១ ទៅ ៤ សប្តាហ៍ ដោយមិនបាច់មានការព្យាបាលណាមួយឡើយ។ ជំងឺនេះមិនបន្សល់ទុកនូវផលវិបាករយៈពេលវែងនោះទេ។

ទោះបីជាជំងឺរលាកកូនកណ្តុរក្នុងពោះអាចជាសះស្បើយទៅវិញដោយខ្លួនឯងក៏ដោយ ក៏គ្រូពេទ្យអាចនឹងណែនាំឱសថមួយចំនួនដើម្បីព្យាបាលរោគសញ្ញាផ្សេងៗ។ ពួកគាត់នឹងណែនាំឱ្យប្រើប្រាស់ថ្នាំផ្សះ ប្រសិនបើការធ្វើរោគវិនិច្ឆ័យលើកុមារបង្ហាញថាបង្កឡើងដោយសារការឆ្លងមេរោគបាក់តេរី។ គួរពិចារណាផ្តល់ឱសថដែលអាចទិញបានដោយគ្មានវេជ្ជបញ្ជាដល់កុមារ ដូចជា Acetaminophen ដូចជាថ្នាំ Tylenol ឬថ្នាំដទៃទៀត ឬ Ibuprofen សម្រាប់ព្យាបាលការគ្រុនក្តៅ ឬការឈឺចាប់របស់កុមារ។ ថ្នាំផ្សះនឹងត្រូវបានចេញវេជ្ជបញ្ជាឱ្យប្រើប្រាស់ ប្រសិនបើការឆ្លងមេរោគបាក់តេរីនោះបានឈានចូលដល់កម្រិតមធ្យមទៅធ្ងន់ធ្ងរ។

វាមានសារៈសំខាន់ណាស់ក្នុងការប្រុងប្រយ័ត្នខ្ពស់នៅពេលផ្តល់ថ្នាំអាស្ពីរីនដល់កុមារ ឬក្មេងជំទង់។ ទោះបីជាវាត្រូវបានចាត់ទុកថាមានសុវត្ថិភាពសម្រាប់កុមារដែលមានអាយុលើសពី ៣ ឆ្នាំក៏ដោយ ក៏ថ្នាំអាស្ពីរីនមិនគួរត្រូវបានផ្តល់ឱ្យកុមារ ឬយុវវ័យដែលកំពុងតែសម្រាកព្យាបាល ឬងើបពីជំងឺគ្រុនផ្តាសាយ ឬជំងឺអុតស្វាយឡើយ។ នេះគឺដោយសារតែឱសថអាស្ពីរីនមានការផ្សារភ្ជាប់ទៅនឹងរោគសញ្ញា រ៉េយ៍នៅក្នុងករណីបែបនោះ ដែលវាជាស្ថានភាពកម្រមួយ ប៉ុន្តែអាចគំរាមកំហែងដល់ជីវិត។

Doctors who treat this condition