ទិដ្ឋភាពទូទៅ
ការសង្កៀតធ្មេញ (Bruxism) គឺជាស្ថានភាពមួយដែលត្រូវបានសម្គាល់ដោយការកិន កកិត ឬការខាំបង្អាប់ធ្មេញចូលគ្នា។ វាអាចកើតឡើងនៅពេលភ្ញាក់ ឬនៅពេលកំពុងគេង។ ខណៈពេលដែលការសង្កៀតធ្មេញម្តងម្កាលជាទូទៅមិនបង្កគ្រោះថ្នាក់ ប៉ុន្តែការសង្កៀតធ្មេញរ៉ាំរ៉ៃអាចនាំឱ្យមានផលវិបាកផ្សេងៗ។ ជាពិសេស ការសង្កៀតធ្មេញពេលគេង ត្រូវបានចាត់ទុកថាជាជំងឺនៃចលនាពាក់ព័ន្ធនឹងការគេង ហើយជារឿយៗវាមានទំនាក់ទំនងជាមួយបញ្ហាដំណេកផ្សេងទៀត ដូចជាការស្រមុក និងការឈប់ដកដង្ហើមពេលគេងជាដើម។
ក្នុងករណីស្រាល ការសង្កៀតធ្មេញប្រហែលជាមិនចាំបាច់ត្រូវការការព្យាបាលភ្លាមៗនោះទេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់បុគ្គលដែលជួបប្រទះការសង្កៀតធ្មេញខ្លាំង និងញឹកញាប់ វាអាចនាំឱ្យមានបញ្ហាសន្លាក់ថ្គាម ឈឺក្បាល និងខូចខាតធ្មេញ ព្រមទាំងបញ្ហាផ្សេងៗទៀត។ វាជារឿងសំខាន់ដែលត្រូវដឹងពីសញ្ញា និងរោគសញ្ញានៃការសង្កៀតធ្មេញ និងស្វែងរកការថែទាំធ្មេញឱ្យបានទៀងទាត់ ដើម្បីដោះស្រាយផលវិបាកដែលអាចកើតមាន។
ដោយសារតែការសង្កៀតធ្មេញអាចកើតឡើងនៅពេលគេង មនុស្សជាច្រើនអាចនឹងមិនដឹងខ្លួនថាខ្លួនមានស្ថានភាពនេះឡើយ។ វាមានសារៈសំខាន់ណាស់ក្នុងការយកចិត្តទុកដាក់លើសញ្ញាទូទៅ ដូចជាការឈឺថ្គាម ធ្មេញសឹក និងការឈឺក្បាល ព្រោះសញ្ញាទាំងនេះអាចបញ្ជាក់ពីការសង្កៀតធ្មេញ។ តាមរយៈការដោះស្រាយបញ្ហានេះតាំងពីដំណាក់កាលដំបូង ពេទ្យធ្មេញអាចផ្តល់នូវយុទ្ធសាស្ត្រគ្រប់គ្រងសមស្រប ដើម្បីសម្រាលរោគសញ្ញា ការពារធ្មេញ និងបង្ការផលវិបាកបន្ថែមទៀត។
រោគសញ្ញា
ការសង្កៀតធ្មេញ អាចស្តែងចេញនូវសញ្ញា និងរោគសញ្ញាដូចខាងក្រោម៖
- ឮសូរការសង្កៀតធ្មេញ ឬការខាំបង្អាប់ធ្មេញខ្លាំងៗ ដែលអាចរំខានដល់អ្នកគេងក្បែរ
- ធ្មេញរាបស្មើ បែក ឆែប ឬរង្គើ
- សឹកស្រទាប់អីណាម៉ែល (Enamel) ដែលធ្វើឱ្យលេចចេញនូវស្រទាប់ខាងក្នុងនៃធ្មេញ
- បង្កើនការឈឺធ្មេញ ឬស្រៀវធ្មេញខ្លាំង
- សាច់ដុំថ្គាមហត់នឿយ ឬតឹង ឬពិបាកក្នុងការបើក និងបិទមាត់ឱ្យអស់
- ឈឺថ្គាម ឈឺក ឬឈឺមុខ
- ឈឺត្រចៀក ប៉ុន្តែមិនមែនបណ្តាលមកពីបញ្ហាត្រចៀកពិតប្រាកដនោះទេ
- ឈឺក្បាលងំៗ ដែលចាប់ផ្តើមចេញពីតំបន់សៀតផ្កា
- មានដំបៅ ឬការខូចខាត ដោយសារការខាំថ្ពាល់ខាងក្នុង
- រំខានដល់ដំណេក
ប្រសិនបើអ្នក ឬកូនរបស់អ្នកជួបប្រទះរោគសញ្ញាណាមួយដូចដែលបានរៀបរាប់ខាងលើ ឬមានការព្រួយបារម្ភអំពីធ្មេញ ឬថ្គាម វាជារឿងសំខាន់ដែលត្រូវពិគ្រោះជាមួយគ្រូពេទ្យធ្មេញ ឬគ្រូពេទ្យជំនាញ។ បន្ថែមពីនេះ ប្រសិនបើអ្នកកត់សម្គាល់ឃើញកូនរបស់អ្នកសង្កៀតធ្មេញ សូមប្រាប់គ្រូពេទ្យធ្មេញរបស់ពួកគេនៅពេលទៅពិនិត្យសុខភាពមាត់ធ្មេញលើកក្រោយ។
មូលហេតុ
គ្រូពេទ្យមិនទាន់យល់ច្បាស់ទាំងស្រុងអំពីមូលហេតុនៃការសង្កៀតធ្មេញនៅឡើយទេ ប៉ុន្តែគេជឿថាវាមានប្រភពមកពីការរួមបញ្ចូលគ្នានៃកត្តារាងកាយ ផ្លូវចិត្ត និងហ្សែន។
- ការសង្កៀតធ្មេញពេលភ្ញាក់៖ ជារឿយៗកើតចេញពីស្ថានភាពអារម្មណ៍ ដូចជាការថប់បារម្ភ ភាពតានតឹង ការខឹងសម្បារ ការមិនសប្បាយចិត្ត ឬភាពតឹងតែង។ វាក៏អាចស្តែងចេញជាយន្តការទប់ទល់នឹងបញ្ហា ឬជាទម្លាប់ក្នុងអំឡុងពេលដែលមានការផ្តោតអារម្មណ៍ខ្លាំង
- ការសង្កៀតធ្មេញពេលគេង៖ គឺជាសកម្មភាពទំពារដែលកើតឡើងក្នុងអំឡុងពេលគេង ហើយវាមានទំនាក់ទំនងនឹងការភ្ញាក់ដឹងខ្លួនតិចតួចពីដំណេក
កត្តាហានិភ័យ
ការសង្កៀតធ្មេញប៉ះពាល់ដល់បុរស និងស្ត្រីក្នុងកម្រិតប្រហាក់ប្រហែលគ្នា។ ទោះជាយ៉ាងណាក៏ដោយ កត្តាមួយចំនួនត្រូវបានគេដឹងថាបានរួមចំណែកដល់ហានិភ័យខ្ពស់នៃការសង្កៀតធ្មេញ រួមមាន៖
- អាយុ៖ ខណៈពេលដែលការសង្កៀតធ្មេញកើតមានច្រើនចំពោះកុមារតូចៗ ជាទូទៅវាបាត់ទៅវិញនៅពេលពួកគេឈានចូលវ័យពេញវ័យ។ ទោះជាយ៉ាងណាក៏ដោយ មានករណីខ្លះដែលកុមារមួយចំនួនបន្តសង្កៀតធ្មេញរហូតដល់វ័យជំទង់
- ភាពតានតឹង៖ ការសង្កៀតធ្មេញអាចបណ្តាលមកពីការកើនឡើងនូវការព្រួយបារម្ភ ការខឹងសម្បារ ការមិនសប្បាយចិត្ត ឬស្ត្រេស
- ប្រភេទបុគ្គលិកលក្ខណៈ៖ អ្នកដែលមានការជម្រុញចិត្តខ្ពស់ មានចរិតឆេវឆាវ ចូលចិត្តការប្រកួតប្រជែង ឬមានសកម្មភាពជ្រុលអាចនឹងងាយប្រឈមនឹងការសង្កៀតធ្មេញ
- ថ្នាំពេទ្យ និងសារធាតុផ្សេងៗ៖ ការមានទម្លាប់រស់នៅមួយចំនួន ដូចជាការទទួលទានគ្រឿងស្រវឹង ការប្រើប្រាស់ថ្នាំជក់ ថ្នាំញៀន និងការទទួលទានជាតិកាហ្វេអ៊ីនច្រើនជ្រុល អាចរួមចំណែកដល់ការកើតមានការសង្កៀតធ្មេញ។ បុគ្គលដែលពិសារគ្រឿងស្រវឹង និងជក់បារី មានលទ្ធភាពសង្កៀតធ្មេញខ្ពស់ជាងអ្នកដែលមិនប្រើប្រាស់ដល់ទៅ ២ ដង។ ការសង្កៀតធ្មេញក៏ជាផលប៉ះពាល់ដ៏កម្រនៃថ្នាំផ្លូវចិត្តមួយចំនួនផងដែរ ដូចជាថ្នាំក្នុងក្រុម SSRIs (ថ្នាំប្រឆាំងការថប់បារម្ភ)
- ប្រវត្តិគ្រួសារ៖ បុគ្គលម្នាក់អាចមានហានិភ័យខ្ពស់នៃការសង្កៀតធ្មេញ ប្រសិនបើសមាជិកគ្រួសារមាន ឬធ្លាប់មានបញ្ហានេះ។ ការសង្កៀតធ្មេញពេលគេងគឺកើតមានច្រើនក្នុងគ្រួសារ (តំណពូជ)
- បញ្ហាសុខភាពផ្សេងៗ៖ ជំងឺ Parkinson, ជំងឺវង្វេង, ជំងឺច្រាលអាស៊ីតក្រពះ, ជំងឺឆ្កួតជ្រូក, ការភ័យខ្លាចពេលយប់, បញ្ហាពាក់ព័ន្ធនឹងដំណេកដូចជាការឈប់ដកដង្ហើមពេលគេង និងជំងឺកុមារមិនស្ងៀម (ADHD) គឺជាបណ្តាស្ថានភាពសុខភាពផ្លូវចិត្ត និងវេជ្ជសាស្ត្រដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការសង្កៀតធ្មេញ
ការធ្វើរោគវិនិច្ឆ័យ
ក្នុងអំឡុងពេលពិនិត្យសុខភាពមាត់ធ្មេញជាទៀងទាត់ គ្រូពេទ្យធ្មេញរបស់អ្នកនឹងស្វែងរកសញ្ញានៃការសង្កៀតធ្មេញ ដែលជាស្ថានភាពនៃការកិន ឬខាំបង្អាប់ធ្មេញចូលគ្នា។ គ្រូពេទ្យនឹងវាយតម្លៃធ្មេញ និងមាត់របស់អ្នកតាមរយៈការណាត់ជួបច្រើនដង ដើម្បីមើលថាតើស្ថានភាពនេះកាន់តែអាក្រក់ទៅៗដែរឬទេ និងដើម្បីសម្រេចថាតើការព្យាបាលពិតជាចាំបាច់ដែរឬអត់។
ដើម្បីស្វែងរកមូលហេតុនៃការសង្កៀតធ្មេញ គ្រូពេទ្យធ្មេញនឹងសួរអ្នកអំពីសុខភាពមាត់ធ្មេញទូទៅ ថ្នាំដែលអ្នកកំពុងប្រើប្រាស់ ទម្លាប់រស់នៅប្រចាំថ្ងៃ និងទម្លាប់នៃការគេងរបស់អ្នក។
ដើម្បីវាយតម្លៃកម្រិតនៃការសង្កៀតធ្មេញ គ្រូពេទ្យធ្មេញរបស់អ្នកអាចនឹងពិនិត្យរកមើល៖
- អាការៈឈឺ ឬតឹងសាច់ដុំថ្គាម
- បញ្ហាធ្មេញដែលមើលឃើញច្បាស់ ដូចជាធ្មេញបែក ឬបាត់បង់ធ្មេញ
- ការខូចខាតដល់ធ្មេញ ឆ្អឹងខាងក្រោម និងផ្នែកខាងក្នុងនៃថ្ពាល់របស់អ្នក ដែលករណីខ្លះអាចតម្រូវឱ្យមានការថតកាំរស្មីអ៊ិច ដើម្បីមើលឱ្យកាន់តែច្បាស់
ក្នុងអំឡុងពេលពិនិត្យមាត់ធ្មេញ គ្រូពេទ្យក៏អាចរកឃើញបញ្ហាផ្សេងទៀតដែលអាចបង្កឱ្យមានការឈឺថ្គាម ឬឈឺត្រចៀកស្រដៀងគ្នាផងដែរ ដូចជា វិបត្តិសន្លាក់ថ្គាម (TMJ disorders) បញ្ហាធ្មេញផ្សេងទៀត ឬស្ថានភាពសុខភាពទូទៅ។
ប្រសិនបើការសង្កៀតធ្មេញរបស់អ្នកហាក់ដូចជាមានជាប់ពាក់ព័ន្ធនឹងបញ្ហាដំណេក គ្រូពេទ្យធ្មេញអាចនឹងបញ្ជូនអ្នកទៅជួបជាមួយអ្នកឯកទេសខាងវេជ្ជសាស្ត្រដំណេក។ អ្នកឯកទេសអាចធ្វើតេស្តបន្ថែម ដូចជាការសិក្សាអំពីដំណេក ដើម្បីវាយតម្លៃពីសកម្មភាពសង្កៀតធ្មេញ និងពិនិត្យរកមើលការផ្អាកដង្ហើមពេលគេង ឬបញ្ហាដំណេកផ្សេងទៀត។ ប្រសិនបើការថប់បារម្ភ ឬបញ្ហាផ្លូវចិត្តហាក់ដូចជាមានទំនាក់ទំនងនឹងការសង្កៀតធ្មេញរបស់អ្នក អ្នកអាចនឹងត្រូវបានបញ្ជូនទៅជួបជាមួយអ្នកព្យាបាលរោគ ឬអ្នកប្រឹក្សាយោបល់ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ។
ការព្យាបាល
បច្ចុប្បន្ននេះ មិនទាន់មានថ្នាំជាក់លាក់ណាមួយដែលអាចបញ្ឈប់ការសង្កៀតធ្មេញដោយផ្ទាល់នោះទេ ហើយក្នុងករណីជាច្រើន ការព្យាបាលក៏ប្រហែលជាមិនចាំបាច់ដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីសង្កៀតធ្មេញធ្ងន់ធ្ងរ ការរួមបញ្ចូលគ្នានៃបច្ចេកទេសទន្តសាស្ត្រ ការព្យាបាលដោយចលនា និងការប្រើប្រាស់ថ្នាំ អាចត្រូវបានអនុវត្តដើម្បីការពារកុំឱ្យខូចធ្មេញបន្ថែម និងកាត់បន្ថយការឈឺចាប់ ឬភាពមិនស្រួលក្នុងថ្គាម។
ជម្រើសនៃការព្យាបាលទាំងនេះមានគោលបំណងដោះស្រាយមូលហេតុឫសគល់នៃការសង្កៀតធ្មេញ ដែលអាចរួមមានយុទ្ធសាស្ត្រដូចជា ការប្រើប្រាស់ប្រដាប់ការពារធ្មេញ បច្ចេកទេសកែប្រែឥរិយាបថ ការគ្រប់គ្រងស្ត្រេស ការព្យាបាលដោយចលនា និងថ្នាំបន្ធូរសាច់ដុំ។ វិធីសាស្ត្រព្យាបាលដែលសមស្របនឹងត្រូវកំណត់ដោយផ្អែកលើស្ថានភាពជាក់ស្តែងរបស់បុគ្គលម្នាក់ៗ និងកម្រិតធ្ងន់ធ្ងរនៃជំងឺ។
ជម្រើសគ្រប់គ្រងផ្សេងៗដែលអាចត្រូវបានណែនាំរួមមាន៖
- វិធីសាស្ត្រទន្តសាស្ត្រ៖ នីតិវិធីទាំងនេះអាចជួយការពារ ឬដោះស្រាយបញ្ហាសឹកធ្មេញ ប៉ុន្តែវាមិនអាចបញ្ឈប់ការសង្កៀតធ្មេញបានឡើយ។ វាត្រូវបានណែនាំដើម្បីរក្សា និងកែលម្អសុខភាពធ្មេញ៖
- ប្រដាប់ការពារធ្មេញ៖ គឺជាឧបករណ៍ការពារដែលរៀបចំឡើងយ៉ាងពិសេសសម្រាប់ដាក់ក្នុងមាត់មុនពេលចូលគេង។ វាអាចធ្វើពីអាគ្រីលីករឹង (hard acrylic) ឬវត្ថុធាតុទន់ ហើយអាចពាក់នៅធ្មេញជួរលើ ឬជួរក្រោម។ វាជួយការពារធ្មេញ សាច់ដុំ និងសន្លាក់ថ្គាម (TMJ) ពីកម្លាំងដែលកើតចេញពីការសង្កៀត។ គោលបំណងគឺដើម្បីរក្សាធ្មេញឱ្យនៅដាច់ពីគ្នា ដើម្បីបង្ការការខូចខាតពីការខាំបង្អាប់ និងការកិនធ្មេញ
- ការកែតម្រូវធ្មេញ៖ ក្នុងករណីធ្ងន់ធ្ងរដែលការសឹកធ្មេញនាំឱ្យមានការស្រៀវខ្លាំង ឬពិបាកទំពារអាហារ គ្រូពេទ្យអាចនឹងត្រូវចាត់វិធានការដូចជា ការកែទម្រង់ផ្ទៃទំពារនៃធ្មេញ ឬការប្រើស្រោមធ្មេញ ដើម្បីជួសជុល និងស្តារការខូចខាតឱ្យមានប្រសិទ្ធភាពឡើងវិញ
- វិធីសាស្ត្រផ្សេងទៀត៖ វិធីសាស្ត្រទាំងនេះអាចជួយគ្រប់គ្រងការសង្កៀតធ្មេញបាន៖
- ការគ្រប់គ្រងស្ត្រេស ឬការថប់បារម្ភ៖ ប្រសិនបើការសង្កៀតធ្មេញបណ្តាលមកពីការថប់បារម្ភ ការស្វែងរកជំនួយពីអ្នកព្យាបាលរោគ ឬអ្នកប្រឹក្សាយោបល់ដែលមានជំនាញអាចផ្តល់អត្ថប្រយោជន៍ច្រើន។ ប្រសិនបើវាបណ្តាលមកពីស្ត្រេស ការព្យាបាលដោយការយល់ដឹង និងឥរិយាបថ (CBT) លំហាត់ប្រាណ និងការធ្វើសមាធិ គឺជាបច្ចេកទេសបន្ធូរអារម្មណ៍មួយចំនួនដែលអាចប្រើប្រាស់បាន
- ការផ្លាស់ប្តូរឥរិយាបថ៖ គ្រូពេទ្យអាចបង្ហាញពីទីតាំងមាត់ និងថ្គាមដែលត្រឹមត្រូវបំផុត។ ការដឹងខ្លួន និងការអនុវត្តទីតាំងឱ្យបានត្រឹមត្រូវ អាចជួយកែសម្រួលឥរិយាបថដែលទាក់ទងនឹងការសង្កៀតធ្មេញ
- បច្ចេកទេស Biofeedback៖ វិធីសាស្ត្រនេះប្រើប្រាស់ដំណើរការតាមដាន និងឧបករណ៍ដើម្បីជួយបុគ្គលម្នាក់ឱ្យចេះគ្រប់គ្រងសកម្មភាពសាច់ដុំក្នុងថ្គាម។ វាត្រូវបានណែនាំសម្រាប់អ្នកដែលមានបញ្ហាក្នុងការផ្លាស់ប្តូរឥរិយាបថទំពារ
- ការប្រើប្រាស់ថ្នាំ៖ ការស្រាវជ្រាវបន្ថែមគឺចាំបាច់ដើម្បីបញ្ជាក់ពីប្រសិទ្ធភាពនៃថ្នាំមួយចំនួនក្នុងការព្យាបាលការសង្កៀតធ្មេញ ដូចជា៖
- ថ្នាំបន្ធូរសាច់ដុំ៖ ការប្រើថ្នាំបន្ធូរសាច់ដុំមុនពេលចូលគេងក្នុងរយៈពេលខ្លី អាចជួយគ្រប់គ្រងស្ថានភាពជំងឺក្នុងករណីខ្លះ
- ការចាក់ប៊ូថុក៖ ការចាក់សារធាតុ botulinum toxin កំពុងត្រូវបានធ្វើតេស្តដើម្បីជួយអ្នកជំងឺដែលមានការសង្កៀតធ្មេញធ្ងន់ធ្ងរ ដែលមិនមានប្រសិទ្ធភាពជាមួយការព្យាបាលផ្សេងៗកន្លងមក
- ថ្នាំសម្រាប់ព្យាបាលការថប់បារម្ភ ឬស្ត្រេស៖ ការសង្កៀតធ្មេញដែលបង្កឡើងដោយស្ត្រេស ឬបញ្ហាអារម្មណ៍ផ្សេងៗ អាចត្រូវបានគ្រប់គ្រងដោយប្រើថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត ឬថ្នាំប្រឆាំងនឹងការថប់បារម្ភក្នុងរយៈពេលកំណត់ណាមួយ
- ការព្យាបាលជំងឺដែលពាក់ព័ន្ធ៖ ការសង្កៀតធ្មេញដែលបង្កឡើងដោយស្ថានភាពផ្សេងទៀត អាចត្រូវបានព្យាបាលដោយ៖
- ការកែតម្រូវថ្នាំ៖ ប្រសិនបើការសង្កៀតធ្មេញកើតឡើងដោយសារផលប៉ះពាល់នៃថ្នាំដែលកំពុងប្រើ ការកែសម្រួលកម្រិតថ្នាំ ឬការប្តូរទៅប្រើថ្នាំផ្សេងជំនួសវិញ អាចជាដំណោះស្រាយចាំបាច់
- បញ្ហាដំណេក៖ ការសង្កៀតធ្មេញពេលគេង អាចត្រូវបានគ្រប់គ្រងតាមរយៈការព្យាបាលបញ្ហាដំណេក ដូចជាការផ្អាកដង្ហើមពេលគេងជាដើម
- ស្ថានភាពវេជ្ជសាស្ត្រដទៃទៀត៖ ការព្យាបាលប្រភពនៃជំងឺ ដូចជាជំងឺច្រាលអាស៊ីតក្រពះ ក៏អាចផ្តល់អត្ថប្រយោជន៍ដល់ការកាត់បន្ថយការសង្កៀតធ្មេញផងដែរ
ការសង្កៀតធ្មេញពេលគេង ដែលជារឿយៗមិនត្រូវបានកត់សម្គាល់ដោយបុគ្គលម្នាក់ៗ អាចបង្កឱ្យមានផលវិបាកផ្សេងៗ។ ប្រសិនបើគ្មានការព្យាបាលត្រឹមត្រូវទេនោះ ការសង្កៀតធ្មេញអាចនាំឱ្យមានបញ្ហាប៉ះពាល់ដល់ធ្មេញ សាច់ដុំថ្គាម និងសន្លាក់ថ្គាម។ ប្រសិនបើបុគ្គលម្នាក់ៗជួបប្រទះការឈឺក្បាល ឬឈឺថ្គាមនៅពេលភ្ញាក់ពីគេង វាត្រូវបានផ្តល់អនុសាសន៍ឱ្យពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាពដើម្បីធ្វើការវាយតម្លៃ។ ពួកគេអាចវាយតម្លៃស្ថានភាព និងណែនាំការព្យាបាលសមស្រប ដែលអាចរួមមានការប្រើប្រាស់ឧបករណ៍ការពារធ្មេញ (night guard) ឬប្រដាប់ការពារធ្មេញ (dental splint) ក្នុងអំឡុងពេលគេង។ លើសពីនេះ ការអនុវត្តបច្ចេកទេសគ្រប់គ្រងស្ត្រេស ក៏អាចផ្តល់អត្ថប្រយោជន៍ក្នុងការកាត់បន្ថយសកម្មភាពសង្កៀតធ្មេញផងដែរ។ ការចាត់វិធានការសកម្មក្នុងការគ្រប់គ្រងការសង្កៀតធ្មេញ អាចជួយសម្រាលរោគសញ្ញា និងការពារផលវិបាកបន្ថែមទៀតនាពេលអនាគត។
