ការលៀនប្លោកនោមចូលក្នុងរន្ធយោនី (ក្លនលូននៃមុត្តាស័យ)
ទិដ្ឋភាពទូទៅ
ក្លនលូននៃមុត្តាស័យ កើតឡើងនៅពេលដែលប្លោកនោមធ្លាក់ចុះពីទីតាំងធម្មតារបស់វាទៅក្នុងស្បូន និងសង្កត់ទៅលើជញ្ជាំងទ្វារមាស។ គេច្រើនហៅស្ថានភាពនេះថាជាការលៀនប្លោកនោមចូលក្នុងរន្ធយោនី ក្លនលូន ឬការលៀនផ្នែកខាងមុខនៃទ្វារមាស
ជាធម្មតា សាច់ដុំ និងជាលិកាតភ្ជាប់នៃបាតស្បូន ដើរតួជាអ្នកទប់សរីរាង្គក្នុងស្បូន រួមមានប្លោកនោម ស្បូន និងពោះវៀន។ ការសម្រាលកូនតាមទ្វារមាស ការទល់លាមករ៉ាំរ៉ៃ ការក្អករ៉ាំរ៉ៃ ឬការលើករបស់ធ្ងន់ៗ អាចបង្កើនហានិភ័យនៃជំងឺនេះ ដោយវាធ្វើឱ្យបាតស្បូនចុះខ្សោយ ឬយារសន្ធឹង ដែលនាំឱ្យមានការលៀនប្លោកនោម
មានការព្យាបាលជាច្រើនសម្រាប់ស្ថានភាពនេះ។ ការព្យាបាលដោយមិនវះកាត់ច្រើនតែទទួលបានជោគជ័យសម្រាប់ករណីស្រាល ឬមធ្យម។ ចំពោះករណីធ្ងន់ធ្ងរ ការវះកាត់អាចនឹងត្រូវការចាំបាច់ដើម្បីរក្សាទ្វារមាស និងសរីរាង្គក្នុងស្បូនដទៃទៀតឱ្យនៅតាមទីតាំងធម្មតាវិញ
គ្រូពេទ្យជាទូទៅបែងចែកកម្រិតធ្ងន់ធ្ងរជា ៣ ដំណាក់កាល៖
- កម្រិតទី ១: ប្លោកនោមចូលមកក្នុងទ្វារមាសត្រឹមមួយផ្នែកប៉ុណ្ណោះ (ករណីស្រាល)
- កម្រិតទី ២: ប្លោកនោមធ្លាក់ចុះមកជិតដល់មាត់ទ្វារមាស (ករណីមធ្យម)
- កម្រិតទី ៣: ប្លោកនោមធ្លាក់មកដល់មាត់ទ្វារមាស និងបង្កឱ្យមានការលៀនចេញមកក្រៅ (ករណីធ្ងន់ធ្ងរ)
រោគសញ្ញា
អ្នកជំងឺខ្លះប្រហែលជាមិនមានរោគសញ្ញា ឬមិនមានអារម្មណ៍ថាមានការប្រែប្រួលអ្វីឡើយ។ ប៉ុន្តែនៅពេលវាលេចឡើង រោគសញ្ញាអាចមានដូចជា៖
- មានអារម្មណ៍ណែន ឬមានសម្ពាធនៅក្នុងស្បូន និងទ្វារមាស
- មានអារម្មណ៍ថាមានដុំលៀននៅក្នុងទ្វារមាស
- មានសម្ពាធខ្លាំងនៅស្បូនពេលប្រឹង ក្អក ឬលើករបស់ធ្ងន់
- បញ្ហាលេចនោម (Urinary incontinence)
- មានអារម្មណ៍ចង់នោមជាប់ជានិច្ច
- ការឆ្លងមេរោគក្នុងផ្លូវទឹកនោមញឹកញាប់
រោគសញ្ញាទាំងនេះអាចនឹងកាន់តែអាក្រក់នៅពេលអ្នកជំងឺឈរយូរ លើករបស់ធ្ងន់ ឬក្អក ហើយនឹងធូរស្រាលវិញនៅពេលគេងសណ្តូកខ្លួន។ ប្រសិនបើទុកចោលមិនព្យាបាល វាអាចបណ្តាលឱ្យមានការឆ្លងមេរោគប្លោកនោម។ ប្រសិនបើអ្នកជួបប្រទះរោគសញ្ញាដែលរំខានដល់ជីវភាពប្រចាំថ្ងៃ អ្នកគួរតែទៅជួបគ្រូពេទ្យជំនាញ
មូលហេតុ
សាច់ដុំ សរសៃចំណង និងជាលិកាតភ្ជាប់ដែលទ្រទ្រង់ប្លោកនោម និងសរីរាង្គដទៃទៀត អាចនឹងយារធ្លាក់តាមពេលវេលា ដោយសារការសម្រាលកូន ឬសម្ពាធរ៉ាំរ៉ៃ។ នៅពេលនោះ ប្លោកនោមនឹងធ្លាក់ចុះទាបជាងធម្មតា និងលៀនចូលទៅក្នុងទ្វារមាស
កត្តាដែលធ្វើឱ្យបាតអាងត្រគាកចុះខ្សោយរួមមាន៖
- ការមានផ្ទៃពោះ និងការសម្រាលកូនតាមទ្វារមាស
- ប្រវត្តិធ្លាប់វះកាត់នៅតំបន់អាងត្រគាក (ឧទាហរណ៍៖ ការវះកាត់យកស្បូនចេញ)
- ភាពធាត់ ឬលើសទម្ងន់
- ការលើករបស់ធ្ងន់ៗញឹកញាប់
- ការប្រឹងខ្លាំងពេលបន្ទោបង់
- ការក្អករ៉ាំរ៉ៃ ឬរលាកទងសួត
កត្តាហានិភ័យ
កត្តាទាំងនេះបង្កើនហានិភ័យនៃការកើតក្លនលូន៖
- ការមានផ្ទៃពោះ និងសម្រាលកូន: ស្ត្រីដែលសម្រាលកូនតាមទ្វារមាស សម្រាលកូនដោយប្រើឧបករណ៍ជំនួយ ឬសម្រាលកូនដែលមានទម្ងន់ធំៗ ប្រឈមខ្ពស់
- វ័យជរា: នៅពេលអាយុច្រើន រាងកាយផលិតអរម៉ូនអ៊ឹស្ត្រូសែនតិចតួច ជាពិសេសក្រោយអស់រដូវ ដែលធ្វើឱ្យបាតអាងត្រគាកចុះខ្សោយ
- ការវះកាត់ស្បូន: ក្នុងករណីខ្លះ ការវះកាត់យកស្បូនចេញអាចធ្វើឱ្យបាតស្បូនចុះខ្សោយ
- សេនេទិច: ស្ត្រីខ្លះមានជាលិកាតភ្ជាប់ខ្សោយតាំងពីកំណើត
- ភាពធាត់: ស្ត្រីលើសទម្ងន់មានហានិភ័យខ្ពស់ជាងស្ត្រីដែលមានទម្ងន់ធម្មតា
ការធ្វើរោគវិនិច្ឆ័យ
គ្រូពេទ្យនឹងធ្វើការវាយតម្លៃរាងកាយ ពិនិត្យស្បូន និងធ្វើការស៊ើបអង្កេតបន្ថែមដើម្បីធ្វើរោគវិនិច្ឆ័យ៖
- ការពិនិត្យស្បូន៖ វត្តមាននៃការលៀនចេញនៃជាលិកាចូលទៅក្នុងទ្វារមាសអំឡុងពេលពិនិត្យ គឺជាសញ្ញានៃការលៀនសរីរាង្គក្នុងស្បូន។ ដើម្បីវាយតម្លៃឱ្យបានច្បាស់លាស់ គ្រូពេទ្យនឹងសុំឱ្យអ្នកជំងឺសាកល្បង “ប្រឹង” (ដូចពេលបន្ទោបង់) និងធ្វើចលនា “ខ្ជឹប” សាច់ដុំស្បូន (ដូចពេលទប់នោម) ដើម្បីវាស់ស្ទង់កម្លាំងនៃសាច់ដុំទាំងនោះ
- ការធ្វើតេស្តប្លោកនោម និងទឹកនោម៖ តេស្តនេះនឹងកំណត់ថា តើប្លោកនោមបញ្ចេញទឹកនោមបានអស់ និងមានប្រសិទ្ធភាពកម្រិតណា។ វាបង្ហាញឱ្យឃើញថាតើមានទឹកនោមដែលនៅសល់ក្នុងប្លោកនោមច្រើនជាងធម្មតាដែរឬទេ បន្ទាប់ពីនោមរួច។ គ្រូពេទ្យក៏អាចយកសំណាកទឹកនោមទៅពិនិត្យ ដើម្បីរកមើលសញ្ញានៃការឆ្លងមេរោគប្លោកនោមផងដែរ
- ការថត Cystourethrogram ជាការថតកាំរស្មីអ៊ិចលើប្លោកនោម ខណៈពេលដែលអ្នកជំងឺកំពុងនោម ដោយមានការចាក់ពណ៌ចូលទៅក្នុងប្លោកនោម និងបង្ហួរនោម។ វាបង្ហាញពីទម្រង់នៃប្លោកនោម និងរាល់ការស្ទះផ្សេងៗ
ការព្យាបាល
ប្រសិនបើការលៀនប្លោកនោមគ្មានរោគសញ្ញា ឬមិនប៉ះពាល់ដល់គុណភាពជីវិតទេនោះ ការព្យាបាលគឺមិនចាំបាច់ឡើយ។ គ្រូពេទ្យអាចគ្រាន់តែតម្រូវឱ្យអ្នកមកតាមដានសុខភាពនៅគ្លីនិកពីរបីដង ដើម្បីពិនិត្យមើលថាតើស្ថានភាពនេះមានការវិវត្តទៅមុខដែរឬទេ។
ក្នុងករណីដែលមានរោគសញ្ញា ការព្យាបាលនឹងអាស្រ័យទៅលើកម្រិតធ្ងន់ធ្ងរ និងបញ្ហាពាក់ព័ន្ធផ្សេងទៀត ដូចជាការលេចនោម ឬការលៀនសរីរាង្គស្បូនច្រើនប្រភេទបញ្ចូលគ្នា
ការព្យាបាលដោយមិនវះកាត់
- លំហាត់ប្រាណ Kegel: ហៅម្យ៉ាងទៀតថា ការហាត់ពង្រឹងសាច់ដុំបាតស្បូន ដែលជាការហាត់តាមលំដាប់លំដោយដើម្បីជួយឱ្យសាច់ដុំបាតអាងត្រគាករឹងមាំឡើងវិញ។ វាជួយឱ្យសាច់ដុំអាចទប់ប្លោកនោម និងសរីរាង្គដទៃទៀតឱ្យនៅនឹងកន្លែងបានកាន់តែប្រសើរ។ ការហាត់ Kegel ទាមទារការណែនាំពីគ្រូពេទ្យ ឬអ្នកជំនាញការព្យាបាលដោយចលនា ដើម្បីធានាថាអ្នកហាត់បានត្រឹមត្រូវ
- ការប្រើប្រាស់ឧបករណ៍តាមដាន (Biofeedback) ជួយធានាថាអ្នកបានខ្ជឹបសាច់ដុំចំគោលដៅ ក្នុងរយៈពេល និងកម្រិតដែលត្រឹមត្រូវ។ លំហាត់ប្រាណនេះនឹងជួយឱ្យរោគសញ្ញាប្រសើរឡើង ប៉ុន្តែវាមិនធ្វើឱ្យទំហំនៃការលៀនថយចុះនោះទេ
- ការដាក់ឧបករណ៍ក្នុងទ្វារមាស៖ វាគឺជាកងដែលជាទូទៅធ្វើពីផ្លាស្ទិក ឬកៅស៊ូ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងទ្វារមាសដើម្បីទប់ប្លោកនោមឱ្យនៅនឹងកន្លែង។ ទោះបីជាឧបករណ៍នេះមិនអាចព្យាបាលការលៀនឱ្យបាត់ទាំងស្រុងក៏ដោយ ប៉ុន្តែការជួយទ្រទ្រង់បន្ថែមរបស់វាអាចកាត់បន្ថយរោគសញ្ញាបាន។ អ្នកជំងឺនឹងទទួលការណែនាំអំពីរបៀបសម្អាត និងរបៀបដាក់បញ្ចូលវាដោយខ្លួនឯង។ ឧបករណ៍នេះច្រើនតែប្រើជំនួសឱ្យការវះកាត់ ចំពោះស្ត្រីដែលមានហានិភ័យខ្ពស់ក្នុងការទទួលការវះកាត់
ការព្យាបាលដោយវះកាត់
ប្រសិនបើការព្យាបាលដោយមិនវះកាត់មិនអាចដោះស្រាយរោគសញ្ញាបាន គ្រូពេទ្យអាចនឹងណែនាំឱ្យធ្វើការវះកាត់៖
- ការវះកាត់ជួសជុលជញ្ជាំងទ្វារមាសផ្នែកខាងមុខ៖ រួមមានការទាញប្លោកនោមដែលលៀននោះឱ្យទៅកន្លែងដើមវិញ ដោយការដេរភ្ជាប់ និងកាត់ជាលិកាទ្វារមាសដែលលើសចេញ។ ប្រសិនបើជាលិកាទ្វារមាសស្ដើងខ្លាំង គ្រូពេទ្យអាចនឹងប្រើការផ្សាំជាលិកាម្បីជួយពង្រឹង និងទ្រទ្រង់បន្ថែម
- ការវះកាត់យកស្បូនចេញ៖ ត្រូវបានណែនាំប្រសិនបើការលៀនប្លោកនោមបណ្តាលមកពីការធ្លាក់ស្បូន។ ការវះកាត់នេះនឹងធ្វើឡើងទន្ទឹមនឹងការជួសជុលសាច់ដុំបាតស្បូន សរសៃចំណង និងជាលិកាផ្សេងៗដែលរងរបួស
- ការវះកាត់ទ្រទ្រង់បង្ហួរនោម៖ គ្រូពេទ្យអាចណែនាំវិធីសាស្ត្រមួយចំនួនដើម្បីទ្រទ្រង់បង្ហួរនោម និងកាត់បន្ថយបញ្ហាលេចនោម។ វិធីនេះប្រើចំពោះករណីលៀនប្លោកនោមដែលមានអមដោយបញ្ហាលេចនោមនៅពេលធ្វើសកម្មភាពខ្លាំង ឬពេលប្រឹង
- ការវះកាត់បិទភ្ជិតទ្វារមាស៖ ជាការព្យាបាលដោយការធ្វើឱ្យតូច ឬបិទជិតផ្នែកខ្លះ ឬទាំងស្រុងនៃទ្វារមាស ដើម្បីផ្ដល់ការទ្រទ្រង់បន្ថែមដល់ប្លោកនោម។ បន្ទាប់ពីនីតិវិធីនេះ ស្ត្រីនឹងមិនអាចរួមភេទតាមទ្វារមាសបានទៀតទេ
ប្រសិនបើអ្នកមានគម្រោងចង់យកកូន អ្នកគួរតែពន្យារពេលការវះកាត់រហូតដល់សម្រាលកូនរួចរាល់។ ការប្រើឧបករណ៍ Pessary ឬលំហាត់ប្រាណ Kegel អាចជួយសម្រាលរោគសញ្ញាជាបណ្ដោះអាសន្នបាន។ ទោះបីជាលទ្ធផលនៃការវះកាត់អាចជាប់បានច្រើនឆ្នាំ ប៉ុន្តែក៏នៅតែមានឱកាសដែលការលៀននេះកើតឡើងវិញ ដែលទាមទារឱ្យមានការវះកាត់ម្ដងទៀត

