ទិដ្ឋភាពទូទៅ
គ្រួសក្នុងថង់ប្រមាត់ គឺជាកករនៃទឹកពោះវៀនដែលបានកកស្ងួត និងកកើតឡើងនៅក្នុងថង់ប្រមាត់។ ថង់ប្រមាត់ គឺជាសរីរាង្គតូចមួយដែលមានរាងដូចផ្លែសារី ស្ថិតនៅខាងក្រោមថ្លើមរបស់អ្នក នៅផ្នែកខាងស្តាំនៃពោះ។ ទឹកប្រមាត់ដែលជាសារធាតុរាវសម្រាប់រំលាយអាហារ ត្រូវបានរក្សាទុកក្នុងថង់ប្រមាត់ ហើយត្រូវបានបញ្ចេញទៅក្នុងពោះវៀនតូចរបស់អ្នក
គ្រួសក្នុងថង់ប្រមាត់អាចមានទំហំធំប៉ុនគ្រាប់កូនហ្គោល ឬតូចដូចគ្រាប់ខ្សាច់។ មនុស្សមួយចំនួនអាចមានគ្រួសក្នុងប្រមាត់តែមួយគ្រាប់ ប៉ុន្តែអ្នកខ្លះទៀតអាចមានគ្រួសច្រើនក្នុងពេលតែមួយ
គ្រួសក្នុងថង់ប្រមាត់មានការរីករាលដាលខ្លាំងនៅក្នុងប្រទេសអភិវឌ្ឍន៍ ដោយប៉ះពាល់ដល់ ២០% នៃមនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំ និង ១០% នៃមនុស្សពេញវ័យ។ មានតែ ២០% ប៉ុណ្ណោះនៃអ្នកដែលមានគ្រួសក្នុងថង់ប្រមាត់ដែលត្រូវការការព្យាបាល
ការវះកាត់យកថង់ប្រមាត់ចេញ ជាទូទៅគឺចាំបាច់សម្រាប់អ្នកដែលមានបញ្ហាបង្កឡើងដោយគ្រួសក្នុងថង់ប្រមាត់។ ជាធម្មតា គ្រួសក្នុងថង់ប្រមាត់មិនចាំបាច់ព្យាបាលនោះទេ ប្រសិនបើវាមិនបង្កជារោគសញ្ញា ឬសញ្ញាណាមួយឡើយ
រោគសញ្ញា
គ្រួសក្នុងថង់ប្រមាត់អាចនឹងមិនបង្ហាញរោគសញ្ញាអ្វីទាំងអស់ ឬអាចមានរោគសញ្ញាដូចខាងក្រោម ប្រសិនបើគ្រួសនោះទៅស្ទះបំពង់ទឹកប្រមាត់៖
- ឈឺចាប់នៅតំបន់ពោះផ្នែកខាងលើខាងស្តាំ ដែលកើតឡើងភ្លាមៗ និងស្រួចស្រាវ
- ឈឺចាប់ខ្លាំង និងកើនឡើងយ៉ាងឆាប់រហ័សនៅចំកណ្តាលពោះ ត្រង់ចំណុចខាងក្រោមឆ្អឹងទ្រូង
- ឈឺខ្នងនៅចន្លោះស្មាទាំងពីរ
- ឈឺស្មាខាងស្តាំ
- ចង្អោរ ឬក្អួត
ការឈឺចាប់ពីគ្រួសក្នុងថង់ប្រមាត់អាចអូសបន្លាយពីពីរបីនាទី រហូតដល់រាប់ម៉ោង
ប្រសិនបើអ្នកជួបប្រទះសញ្ញា ឬរោគសញ្ញាណាមួយ សូមទៅជួបគ្រូពេទ្យ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានរោគសញ្ញានៃផលវិបាកធ្ងន់ធ្ងរ សូមស្វែងរកជំនួយវេជ្ជសាស្ត្រជាបន្ទាន់៖
- គ្រុនក្តៅខ្លាំង និងគ្រុនញាក់
- ឈឺពោះខ្លាំងរហូតដល់អ្នកមិនអាចអង្គុយស្ងៀម ឬរកកាយវិការដែលស្រួលបាន
- ភ្នែក និងស្បែកឡើងពណ៌លឿង (ជម្ងឺខាន់លឿង)
មូលហេតុ
មូលហេតុពិតប្រាកដដែលនាំឱ្យកើតគ្រួសក្នុងថង់ប្រមាត់ គឺមិនទាន់ដឹងច្បាស់នៅឡើយទេ។ យោងតាមគ្រូពេទ្យ គ្រួសក្នុងថង់ប្រមាត់អាចកកើតឡើងនៅពេល៖
- មានកូឡេស្តេរ៉ុល (Cholesterol) ច្រើនពេកនៅក្នុងទឹកប្រមាត់៖ ជាធម្មតា ទឹកប្រមាត់មានសារធាតុគ្រប់គ្រាន់ដើម្បីរំលាយកូឡេស្តេរ៉ុលដែលថ្លើមបញ្ចេញមក។ ប៉ុន្តែប្រសិនបើថ្លើមបញ្ចេញកូឡេស្តេរ៉ុលច្រើនពេកលើសពីទឹកប្រមាត់អាចរំលាយបាន កូឡេស្តេរ៉ុលដែលលើសនោះអាចនឹងក្លាយជាក្រាម ហើយចុងក្រោយក្លាយជាគ្រួស
- មានប៊ីលីរុយប៊ីន (Bilirubin) ច្រើនពេកនៅក្នុងទឹកប្រមាត់៖ ប៊ីលីរុយប៊ីន គឺជាសារធាតុគីមីដែលបង្កើតឡើងនៅពេលរាងកាយកម្ទេចគ្រាប់ឈាមក្រហម។ ថ្លើមរបស់អ្នកផលិតប៊ីលីរុយប៊ីនច្រើនពេកក្នុងស្ថានភាពមួយចំនួន ដូចជាជំងឺក្រិនថ្លើម ការឆ្លងមេរោគក្នុងផ្លូវទឹកប្រមាត់ និងជំងឺឈាមមួយចំនួន
- ថង់ប្រមាត់បញ្ចេញទឹកប្រមាត់មិនអស់៖ ប្រសិនបើថង់ប្រមាត់របស់អ្នកមិនបញ្ចេញទឹកប្រមាត់ឱ្យអស់ ឬមិនញឹកញាប់ ទឹកប្រមាត់អាចប្រមូលផ្តុំខ្លាំង ដែលនាំឱ្យកើតជាគ្រួស
ប្រភេទនៃគ្រួសក្នុងប្រមាត់
ប្រភេទគ្រួសខាងក្រោមនេះអាចកើតមានក្នុងថង់ប្រមាត់៖
- គ្រួសពណ៌ (Pigment gallstones): កើតឡើងនៅពេលទឹកប្រមាត់មានសារធាតុប៊ីលីរុយប៊ីនច្រើនពេក។ គ្រួសទាំងនេះមានពណ៌ត្នោតចាស់ ឬខ្មៅ
- គ្រួសកូឡេស្តេរ៉ុល (Cholesterol gallstones): ជាប្រភេទដែលជួបញឹកញាប់បំផុត ជាទូទៅមានពណ៌លឿង។ គ្រួសទាំងនេះភាគច្រើនបង្កើតឡើងដោយកូឡេស្តេរ៉ុលដែលមិនរលាយ
កត្តាហានិភ័យ
កត្តាដូចខាងក្រោមនេះអាចបង្កើនហានិភ័យនៃគ្រួសក្នុងថង់ប្រមាត់៖
- ភេទ៖ ស្ត្រី
- អាយុ៖ ៤០ ឆ្នាំឡើងទៅ
- ជនជាតិ៖ ជនជាតិដើមអាមេរិក ឬហ៊ីស្ប៉ានិកដែលមានដើមកំណើតម៉ិកស៊ិក
- ភាពធាត់ ឬលើសទម្ងន់
- ជំងឺទឹកនោមផ្អែម
- របៀបរស់នៅដែលមិនសូវបញ្ចេញកម្លាំង (អង្គុយច្រើន)
- របបអាហារដែលមានជាតិខ្លាញ់ខ្ពស់ កូឡេស្តេរ៉ុលខ្ពស់ ឬជាតិសរសៃ (fiber) ទាប
- ប្រវត្តិគ្រួសារមានអ្នកកើតគ្រួសក្នុងថង់ប្រមាត់
- ជំងឺថ្លើម
- មានផ្ទៃពោះ
- ជំងឺឈាម ដូចជាជំងឺស្លេកស្លាំង ឬជំងឺមហារីកឈាម
- ការស្រកទម្ងន់លឿនពេក
- ការប្រើប្រាស់ថ្នាំដែលមានជាតិអេស្ត្រូសែន (Estrogen) ដូចជាថ្នាំពន្យារកំណើត ឬថ្នាំព្យាបាលដោយអ័រម៉ូន
ការធ្វើរោគវិនិច្ឆ័យ
តេស្ត និងបច្ចេកទេសខាងក្រោមនេះត្រូវបានប្រើដើម្បីកំណត់រកគ្រួសក្នុងថង់ប្រមាត់ និងផលវិបាកនានា៖
- ការថតអេកូពោះ (Abdominal ultrasound): គឺជាវិធីសាស្ត្រដែលគេប្រើញឹកញាប់បំផុត ដើម្បីស្វែងរកគ្រួសក្នុងថង់ប្រមាត់។ គ្រូពេទ្យនឹងប្រើឧបករណ៍បញ្ជូនសញ្ញា (Transducer) រំកិលចុះឡើងលើតំបន់ពោះរបស់អ្នក ដើម្បីបញ្ជូនរូបភាពសរីរាង្គក្នុងពោះទៅកាន់អេក្រង់កុំព្យូទ័រ
- ការថតអេកូដោយប្រើបំពង់ឆ្លុះ (Endoscopic ultrasound – EUS): វិធីនេះអាចស្វែងរកគ្រួសតូចៗដែលការថតអេកូធម្មតាអាចនឹងមើលមិនឃើញ។ គ្រូពេទ្យនឹងបញ្ចូលបំពង់តូចទន់ (Endoscope) តាមមាត់កាត់តាមផ្លូវរំលាយអាហារ ដែលមានឧបករណ៍បញ្ជូនសញ្ញាអេកូនៅខាងចុងបំពង់ ដើម្បីថតយករូបភាពជាលិកានៅក្បែរនោះយ៉ាងច្បាស់លាស់
- ការធ្វើតេស្តរូបភាពផ្សេងទៀត: រួមមានការថតឆ្លុះថង់ប្រមាត់ដោយប្រើថ្នាំលេប (Oral cholecystography), ការស្កេន HIDA, ការស្កេនដោយម៉ាស៊ីន CT, ការថត MRCP ឬ ERCP ។ ក្នុងករណីខ្លះ ប្រសិនបើគេរកឃើញគ្រួសតាមរយៈការធ្វើ ERCP គេក៏អាចយកគ្រួសនោះចេញបានភ្លាមៗផងដែរ
- ការពិនិត្យឈាម: ការធ្វើតេស្តឈាមអាចជួយរកមើលការឆ្លងមេរោគ ជំងឺខាន់លឿង រលាកលំពែង ឬបញ្ហាផ្សេងៗដែលបង្កឡើងដោយគ្រួសក្នុងថង់ប្រមាត់
ការព្យាបាល
មនុស្សភាគច្រើនដែលមានគ្រួសក្នុងថង់ប្រមាត់តែមិនមានរោគសញ្ញា គឺមិនត្រូវការការព្យាបាលនោះទេ។ គ្រូពេទ្យនឹងសម្រេចចិត្តថាត្រូវព្យាបាលឬអត់ ផ្អែកលើរោគសញ្ញា និងលទ្ធផលនៃការធ្វើតេស្ត។ គ្រូពេទ្យអាចនឹងណែនាំឱ្យអ្នកតាមដានសញ្ញាគ្រោះថ្នាក់ ដូចជាការឈឺពោះផ្នែកខាងលើខាងស្តាំកាន់តែខ្លាំង
វិធីសាស្ត្រក្នុងការព្យាបាលរួមមាន៖
- ការវះកាត់យកថង់ប្រមាត់ចេញ (Cholecystectomy): ដោយសារគ្រួសក្នុងថង់ប្រមាត់ច្រើនតែត្រឡប់មកវិញ គ្រូពេទ្យអាចណែនាំឱ្យវះកាត់យកថង់ប្រមាត់ចេញតែម្តង។ បន្ទាប់ពីវះកាត់ ទឹកប្រមាត់នឹងលែងមានកន្លែងផ្ទុក ហើយវានឹងហូរដោយផ្ទាល់ពីថ្លើមទៅកាន់ពោះវៀនតូច។ ការវះថង់ប្រមាត់ចេញ មិនប៉ះពាល់ដល់សមត្ថភាពរំលាយអាហារ ឬការរស់នៅរបស់អ្នកឡើយ ប៉ុន្តែវាអាចបណ្តាលឱ្យរាកក្នុងរយៈពេលខ្លី
- ការប្រើប្រាស់ថ្នាំដើម្បីរំលាយគ្រួស: ថ្នាំលេបមួយចំនួនអាចជួយរំលាយគ្រួសក្នុងប្រមាត់បាន។ ទោះជាយ៉ាងណា វាអាចចំណាយពេលរាប់ខែ ឬរាប់ឆ្នាំ ហើយប្រសិនបើអ្នកឈប់ប្រើថ្នាំ គ្រួសថ្មីអាចនឹងកើតឡើងវិញ។ ជាទូទៅ វិធីនេះមិនសូវត្រូវបានប្រើប្រាស់ទេ លើកលែងតែអ្នកជំងឺមិនអាចទទួលការវះកាត់បាន
