ទិដ្ឋភាពទូទៅ

ជំងឺមហារីកស្រទាប់នៃមាត់គឺជាមហារីកដែលចាប់ផ្តើមកើតឡើងនៅក្នុងស្រទាប់ជាលិកានៅតំបន់ខាងក្រោមមាត់ដែលត្រូវបានបង្កើតឡើងដោយកោសិកា squamous (កោសិកាស្តើង និងសំប៉ែត)។ មហារីក​នេះ​ចាប់​ផ្តើម​ដោយដំបៅ​ដែល​មិន​ជា​សះស្បើយ ឬ​ដុំ​ពក។ ការព្យាបាលទូទៅបំផុតសម្រាប់ជំងឺមហារីកប្រភេទនេះគឺការវះកាត់ ការព្យាបាលដោយវិទ្យុសកម្ម និងការព្យាបាលដោយប្រើគីមី

រោគសញ្ញា

ជំងឺមហារីកស្រទាប់នៃមាត់មានសញ្ញា និងរោគសញ្ញាដូចខាងក្រោមៈ

  • មានដំបៅ​ក្នុងមាត់មិនជាសះស្បើយ
  • មានជ្រាំងពណ៌សនៅក្នុងមាត់
  • ហូរឈាមក្នុងមាត់ដោយគ្មានមូលហេតុ
  • ពិបាកទំពារ លេប ឬនិយា
  • ពិបាក​ធ្វើចលនា​អណ្តាត ឬ​ថ្គាម
  • មានបញ្ហាខ្យល់ដង្ហើម
  • រង្កើរធ្មេញ
  • ឈឺត្រចៀក
  • ឈឺកនិងហើម
  • ស្រកទម្ងន់ដោយគ្មានមូលហេតុ

ប្រសិនបើរោគសញ្ញាទាំងនេះនៅតែបន្តកើតមាន ហើយវាធ្វើឱ្យអ្នកព្រួយបារម្ភ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក

មូលហេតុ

ជំងឺមហារីកស្រទាប់នៃមាត់ចាប់ផ្តើមនៅពេលដែលកោសិកាដែលមានសុខភាពល្អឆ្លងកាត់ការផ្លាស់ប្តូរហ្សែន។ ការផ្លាស់ប្តូរនេះធ្វើកោសិកាឱ្យលូតលាស់ និងបំបែកខ្លួនយ៉ាងឆាប់រហ័ស និងមិនអាចគ្រប់គ្រងបាន។ យូរៗទៅកោសិកាមហារីកអាចរាលដាលទៅជាលិកាក្បែរៗនោះនិងផ្នែកផ្សេងទៀតនៃរាងកាយ (metastasize)

កត្តាហានិភ័យ

ខាង​ក្រោម​នេះ​ជា​កត្តា​ហានិភ័យ​ដែល​អាច​កើតជំងឺមហារីកស្រទាប់នៃមាត់៖

  • ជក់បារី (មានហានិភ័យខ្ពស់)
  • ការប្រើប្រាស់គ្រឿងស្រវឹង (មានហានិភ័យខ្ពស់)
  • ការឆ្លងមេរោគ Human Papillomavirus (HPV)
  • លេបថ្នាំទប់ស្កាត់ប្រព័ន្ធភាពស៊ាំ
  • ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យនៅបបូរមាត់ដោយមិនលាបឡេការពារកម្តៅថ្ងៃ
  • ប្រវត្តិគ្រួសារមានជំងឺមហារីកមាត់

ការធ្វើរោគវិនិច្ឆ័យ

ជំងឺមហារីកស្រទាប់នៃមាត់អាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការធ្វើតេស្តដូចខាងក្រោមៈ

  • ការពិនិត្យរាងកាយ៖ វេជ្ជបណ្ឌិតរបស់អ្នកនឹងធ្វើការវាយតម្លៃរាងកាយ និងសាកសួរអ្នកអំពីរោគសញ្ញា និងប្រវត្តិវេជ្ជសាស្ត្ររបស់អ្នក
  • ការធ្វើកោសល្យវិច័យជាលិកា៖ វេជ្ជបណ្ឌិតរបស់អ្នកនឹងយកគំរូជាលិកាដែលសង្ស័យថាជាមហារីកចេញពីមាត់របស់អ្នក ហើយបញ្ជូនវាទៅមន្ទីរពិសោធន៍ដើម្បីធ្វើតេស្តដើម្បីកំណត់អត្តសញ្ញាណកោសិកាមហារីក
  • ការធ្វើតេស្តរូបភាព៖ វេជ្ជបណ្ឌិតរបស់អ្នកអាចណែនាំការស្កែន tomography (CT) ការថតរូបភាពអនុភាពម៉ាញេទិក (MRI) ឬការស្កេន positron emission tomography (PET) ដើម្បីវាយតម្លៃពីទំហំមហារីក និងការរីករាលដាលរបស់វា
  • ការវាយតម្លៃរបស់អ្នកឯកទេស៖ អ្នកជំងឺគួរតែពិគ្រោះជាមួយអ្នកជំនាញអាហារូបត្ថម្ភ អ្នក​ជំនាញ​ផ្នែក​ភាសា​និយាយ ឬអ្នក​ជំនាញផ្នែកលេប ដើម្បីវាយតម្លៃជំងឺនេះ

ការព្យាបាល

ខាងក្រោមនេះជាវិធីព្យាបាលជំងឺមហារីកស្រទាប់នៃមាត់៖

  • ការវះកាត់៖ ការវះកាត់អាចត្រូវបានធ្វើឡើងដើម្បីយកសាច់មហារីកចេញ។ វិសាលភាពរបស់ការវះកាត់គឺអាស្រ័យលើទំហំ ប្រភេទ ទីតាំង និងចម្ងាយដែលដុំសាច់បានរីករាលដាល។ លើសពីនេះទៅទៀត ប្រសិនបើមានជាប់​ពាក់ព័ន្ធនៅ​កូនកណ្តុរ​ មហារីក​អាច​ត្រូវ​​វះកាត់​យកចេញ និង​យកដុំសាច់ទៅវាយតម្លៃ​នៅមន្ទីរពិសោធន៍​ដើម្បី​កំណត់​ថាតើ​មហារីក​បាន​រាលដាលបន្ថែម​ដែរឬ​ទេ​
  • ការព្យាបាលដោយវិទ្យុសកម្មបំបាត់៖ ការព្យាបាលដោយវិទ្យុសកម្មប្រើកាំរស្មីអ៊ិចឬប្រូតុងដែលមានថាមពលខ្ពស់ដើម្បីបំផ្លាញកោសិកាមហារីក។ ប្រសិនបើជំងឺមហារីកស្រទាប់នៃមាត់មានទំហំតូច ការព្យាបាលដោយកាំរស្មីអាចជាជម្រើសមួយដែលត្រូវជ្រើសរើស។ ការព្យាបាលដោយកាំរស្មីក៏អាចត្រូវបានប្រើបន្ទាប់ពីការវះកាត់ដើម្បីបំផ្លាញកោសិកាមហារីកដែលនៅសល់ផងដែរ
  • ការព្យាបាលដោយគីមីបំបាត់៖ ការព្យាបាលដោយប្រើគីមីប្រើប្រាស់ថ្នាំដើម្បីសម្លាប់កោសិកាមហារីក ដែលជារឿយៗត្រូវបានប្រើប្រាស់បន្ទាប់ពីការវះកាត់ដើម្បីព្យាបាលជំងឺមហារីកស្រទាប់នៃមាត់។ ការព្យាបាលដោយប្រើគីមីក៏អាចត្រូវបានផ្តល់ឱ្យរួមជាមួយនឹងការព្យាបាលដោយវិទ្យុសកម្មផងដែរ
  • ការព្យាបាលដោយ Photodynamic៖ ថ្នាំត្រូវបានប្រើដើម្បីធ្វើឱ្យកោសិកាមហារីកចុះខ្សោយ ដូច្នេះពួកវាអាចបំផ្លាញដោយឡាស៊ែ(ថាមពលពន្លឺអាំងតង់ស៊ីតេខ្ពស់)
  • ការវះកាត់សាងឡើងវិញ៖ ក្នុងករណីខ្លះនៃជំងឺមហារីកស្រទាប់នៃមាត់ ការវះកាត់អាចត្រូវបានទាមទារដើម្បីស្តារមុខងារមាត់ អាស្រ័យលើទំហំ ទីតាំង និងការរីករាលដាលនៃជំងឺមហារីក
  • ការស្តារនីតិសម្បទា៖ ការស្តារនីតិសម្បទាអាចត្រូវការជាចាំបាច់បន្ទាប់ពីការវះកាត់ ឬការព្យាបាលដោយកាំរស្មី ដើម្បីស្តារមុខងាររាងកាយ និងតម្រូវការជាមូលដ្ឋានតាមរយៈការព្យាបាលការនិយាយ ការព្យាបាលដោយលេប របបអាហារ ការព្យាបាលដោយចលនា និងការព្យាបាលដោយការងារ

Doctors who treat this condition