ទិដ្ឋភាពទូទៅ

សួតត្រូវបានផលិតឡើងពីវត្ថុធាតុម្យ៉ាងប្រដូចទៅនឹងអេប៉ុង ហើយទទួលខុសត្រូវក្នុងការគ្រប់គ្រងការដកដង្ហើមរបស់រាងកាយ ដើម្បីបញ្ចេញអុកស៊ីសែន និងកាបូនឌីអុកស៊ីត។ ជំងឺមហារីកដែលមានប្រភពមកពីសួតត្រូវបានគេហៅថា ជំងឺមហារីកសួត ហើយវាគឺជាមូលហេតុទូទៅបំផុតរបស់ការស្លាប់ដោយសារជំងឺមហារីកនៅទូទាំងពិភពលោក។ លើសពីនេះ កត្តាហានិភ័យចម្បងរបស់ជំងឺមហារីកសួតគឺការជក់បារី

រោគសញ្ញា

ជំងឺមហារីកសួតជាធម្មតាវិវត្តន៍ក្នុងរយៈពេលជាច្រើនឆ្នាំ។ ដំណាក់កាលដំបូងនៃជំងឺមហារីកសួតជាធម្មតាមិនមានរោគសញ្ញារហូតដល់ជំងឺនេះវិវត្តន៍ដល់ដំណាក់កាលធ្ងន់ធ្ងរ ហើយវាអាចបង្ហាញសញ្ញា និងរោគសញ្ញាដូចខាងក្រោម៖

  • ក្អកជាប់រហូត
  • ក្អកមានឈាម
  • ដកដង្ហើមបានខ្លី
  • ស្អកក
  • ឈឺទ្រូង
  • ហឺត
  • ឆ្លងមេរោគផ្លូវដង្ហើមម្តងហើយម្តងទៀត
  • អស់កម្លាំង ឬខ្សោយល្ហិត​ល្ហៃ
  • ស្រកទម្ងន់ដោយគ្មានមូលហេតុ
  • ឈឺក្បាល
  • ឈឺឆ្អឹង

ប្រសិនបើរោគសញ្ញានៅតែបន្ត សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក។

ប្រសិនបើអ្នកមានការលំបាកក្នុងការឈប់ជក់បារី សូមសួរវេជ្ជបណ្ឌិតរបស់អ្នកអំពីរបៀបបន្តដោយទទួលការប្រឹក្សា ថ្នាំ និងផលិតផលដែលអាចជួយជំនួសសារជាតិនីកូទីន

មូលហេតុ

ការប៉ះពាល់នឹងសារធាតុបង្កមហារីកអាចបង្កឱ្យមានការផ្លាស់ប្តូរ DNA នៅក្នុងសួត ដែលបណ្តាលឱ្យមានការចម្លងដែលមិនអាចគ្រប់គ្រងបាន ដែលបណ្តាលឱ្យបង្កើតជាដុំសាច់មួយប្រភេទដែលគេស្គាល់ថាជាជំងឺមហារីកសួត

កត្តាហានិភ័យសំខាន់បំផុតនៃជំងឺមហារីកសួតគឺការជក់បារីសម្រាប់ទាំងអ្នកជក់បារី និងអ្នកជក់បារីដៃទីពីរ(ស្រូបផ្សែងបារីពីអ្នកដទៃ)។ ទោះជាយ៉ាងណាក៏ដោយ មូលហេតុនៃជំងឺមហារីកសួតចំពោះមនុស្សដែលមិនធ្លាប់ជក់បារីនៅមិនទាន់ដឹងនៅឡើយទេ

ផ្សែងបារីមានផ្ទុកសារធាតុគីមីជាច្រើនដែលត្រូវបានគេដឹងថាបង្កជំងឺមហារីក (carcinogens) ដែលបំផ្លាញស្រទាប់កោសិកាសួត។ ដំបូងឡើយរាងកាយអាចជួសជុលការខូចខាតសួតដោយខ្លួនឯង ប៉ុន្តែនៅពេលដែលសួតត្រូវបានប៉ះពាល់នឹងផ្សែងម្តងហើយម្តងទៀត វាបំផ្លាញកោសិកាធម្មតាដែលនាំឱ្យមានជំងឺមហារីក

កត្តាហានិភ័យផ្សេងទៀតគឺ ប្រវត្តិគ្រួសារនៃជំងឺមហារីកសួត នឹងការធ្វើការងារដែលមានការប៉ះពាល់នឹងការបំពុលខ្យល់

​

ប្រភេទនៃជំងឺមហារីកសួត

នៅពេលដែលកោសិកាមហារីកត្រូវបានពិនិត្យក្រោមមីក្រូទស្សន៍ មានជំងឺមហារីកសួតពីរប្រភេទសំខាន់ៗដោយផ្អែកលើរូបរាងរបស់វា

  • មហារីកសួតកោសិកាទំហំតូច៖ ភាគច្រើនត្រូវបានរកឃើញជាទូទៅចំពោះអ្នកជក់បារីច្រើន ប៉ុន្តែវាកម្រត្រូវបានរកឃើញបើប្រៀបធៀបទៅនឹងមហារីកសួតកោសិកាទូទៅ
  • មហារីកសួតកោសិកា​ទំហំ​ធំ៖ មហារីកសួតប្រភេទផ្សេងទៀតក្រៅពីមហារីកសួតកោសិកាទំហំតូច។ មហារីកសួតកោសិកា​ទំហំ​ធំមានប្រភេទរងជាច្រើន រួមទាំងមហារីកកោសិកាស្គាមុស មហារីកកោសិកាអាដេណូ និងមហារីកកោសិកាធំ

​

កត្តាហានិភ័យ

ទាំងនេះគឺជាកត្តាហានិភ័យដែលអាចនាំឱ្យមានជំងឺមហារីកសួត៖

  • ការជក់បារី ហានិភ័យនៃជំងឺមហារីកសួតកើនឡើងជាមួយនឹងចំនួនបារីដែលជក់ក្នុងមួយថ្ងៃ និងចំនួនឆ្នាំនៃការជក់បារី។ ការជក់បារីគឺជាមូលហេតុដែលអាចការពារជំងឺមហារីកបាន។ ការឈប់ជក់បារីមានប្រយោជន៍ចំពោះគ្រប់វ័យ
  • ការប៉ះពាល់នឹងផ្សែងបារី ស្រូបផ្សែងបារីពីអ្នកដទៃក៏មានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺមហារីកសួតផងដែរ ដោយផ្អែកលើកម្រិតនៃការប៉ះពាល់នឹងផ្សែងបារី
  • ប្រវត្តិនៃការព្យាបាលដោយវិទ្យុសកម្ម ការព្យាបាលដោយកាំរស្មីដែលផ្តោតលើទ្រូង និងប្រវត្តិធ្លាប់ទទូលការព្យាបាលជំងឺមហារីកពីមុន បង្កើនឱកាសការវិវត្តទៅជាជំងឺមហារីកសួត
  • ការប៉ះពាល់នឹងឧស្ម័នរ៉ាដុង រ៉ាដុងអាចត្រូវបានស្រូបចូលទៅក្នុងខ្យល់ ហើយវាជាលទ្ធផលនៃការបំបែកសារធាតុគីមីមួយហៅថា អ៊ុយរ៉ាញ៉ូម នៅក្នុងថ្ម ដី និងទឹក ដែលអាចត្រូវបានរកឃើញនៅក្នុងការងារសំណង់
  • ការប៉ះពាល់នឹងអាបស្តូស និងសារធាតុបង្កមហារីកផ្សេងទៀត សារធាតុអាបស្តូស និងសារធាតុបង្កមហារីកដទៃទៀត ដូចជាអាសេនិច នីកែល និងក្រូមីញ៉ូមអាចត្រូវបានប៉ះពាល់ពីកន្លែងធ្វើការ
  • ប្រវត្តិគ្រួសារនៃជំងឺមហារីកសួត ការមានសមាជិកគ្រួសារដូចជាឪពុកម្តាយ បងប្អូន ឬកូនៗរបស់អ្នកដែលមានផ្ទុកជំងឺមហារីកសួត

ការធ្វើរោគវិនិច្ឆ័យ

ការធ្វើតេស្តរកជំងឺមហារីកសួតដំណាក់កាលដំបូង

ការពិនិត្យរកជំងឺមហារីកសួតដោយប្រើម៉ាស៊ីនថតកាំរស្មីអ៊ិចកម្រិតទាប (LDCT) ត្រូវបានណែនាំចំពោះមនុស្សពេញវ័យដែលមានអាយុច្រើន អ្នកជក់បារី ឬបានឈប់ជក់បារីក្នុងរយៈពេល 15 ឆ្នាំកន្លងមក។ សូមពិគ្រោះជាមួយគ្រូវេជ្ជបណ្ឌិតរបស់អ្នកសម្រាប់ការណែនាំអំពីការធ្វើតេស្តពិនិត្យអោយបានត្រឹមត្រូវ

ការធ្វើតេស្តរកជំងឺមហារីកសួត

ការធ្វើតេស្តដូចខាងក្រោមអាចត្រូវបានធ្វើឡើងដើម្បីធ្វើរោគវិនិច្ឆ័យជំងឺមហារីកសួត៖

  • ការធ្វើតេស្តរូបភាព
    • ការថតកាំរស្មីអ៊ិចទ្រូង ជាទូទៅ ការថតកាំរស្មីអ៊ិចទ្រូងត្រូវបានចាត់ទុកថាជាការធ្វើតេស្តមូលដ្ឋានមួយដើម្បីរកមើលដុំសាច់សួតខុសប្រក្រតី។ ទោះជាយ៉ាងណាក៏ដោយ ជំងឺមហារីកសួតដំណាក់កាលដំបូងអាចនឹងមិនត្រូវបានរកឃើញនៅលើការថតកាំរស្មីអ៊ិចទ្រូងនោះទេ
    • ការស្កេន​ដោយប្រើ​កុំព្យូទ័រ (CT scan) គឺជានីតិវិធីវិនិច្ឆ័យរោគដែលប្រើការថតរូបភាពលម្អិត ដើម្បីបង្កើតរូបភាពលម្អិតនៃរចនាសម្ព័ន្ធខាងក្នុងនៃរាងកាយ។ ជាទូទៅ ការស្កេន CT មានភាពត្រឹមត្រូវជាងក្នុងការបង្ហាញដុំសាច់ខុសប្រក្រតីជាងកាំរស្មីអ៊ិច ព្រោះវាអាចបង្ហាញទំហំ រូបរាង និងទីតាំងរបស់វា
  • ការពិនិត្យកោសិកាកំហាក៖ ការក្អកដែលមានផលិតភាពអាចបង្កើតកំហាក ត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍សម្រាប់ធ្វើការពិនិត្យមីក្រូទស្សន៍ ដើម្បីរកឃើញកោសិកាខុសប្រក្រតី ឬកោសិកាមហារីក
  • ការធ្វើកោសល្យវិច័យ គំរូជាលិកាសួតខុសប្រក្រតីអាចត្រូវបានយកតាមរយៈនីតិវិធីផ្សេងៗដូចជា៖
    • ការឆ្លុះទងសួត គឺជាការពិនិត្យដែលប្រើបំពង់ស្តើងដែលអាចបត់បែនបាន ដែលភ្ជាប់ទៅនឹងកាមេរ៉ាតូចមួយ ដែលនឹងត្រូវបញ្ចូលតាមមាត់ ឬច្រមុះចូលទៅក្នុងសួត ដើម្បីវាយតម្លៃសួតសម្រាប់សញ្ញាណាមួយនៃជំងឺមហារីក។ ប្រសិនបើរកឃើញសញ្ញាខុសប្រក្រតីណាមួយ គំរូជាលិកានឹងត្រូវយកទៅពិនិត្យក្រោមមីក្រូទស្សន៍ ដើម្បីពិនិត្យមើលកោសិកាមហារីក
    • ការឆ្លុះមើលសួតដោយប្រើឧបករណ៍ឆ្លុះ (Mediastinum) គឺជានីតិវិធីមួយដែលបញ្ចូលបំពង់ចូលទៅក្នុងទ្រូង ដើម្បីពិនិត្យចន្លោះរវាងសួត (mediastinum) ហើយយកកូនកណ្តុរចេញ ដើម្បីពិនិត្យក្រោមមីក្រូទស្សន៍ ដើម្បីពិនិត្យរកជំងឺមហារីក
    • ការធ្វើកោសល្យវិច័យដោយប្រើម្ជុល វេជ្ជបណ្ឌិតនឹងធ្វើការធ្វើកោសល្យវិច័យ ដោយមានការណែនាំពីការថតកាំរស្មីអ៊ិច ឬ CT scan។ ជាលិកាដែលប្រមូលបាន នឹងត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ ហើយត្រូវបានពិនិត្យក្រោមមីក្រូទស្សន៍ ដើម្បីពិនិត្យរកកោសិកាមហារីក

ការធ្វើតេស្តដែលធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍នឹងកំណត់លក្ខណៈកោសិកាមួយចំនួន ក៏ដូចជាការព្យាករណ៍ជំងឺ និងជម្រើសនៃការព្យាបាល

ការធ្វើតេស្តកំណត់ដំណាក់កាលនៃជំងឺមហារីកសួត

បន្ទាប់ពីជំងឺមហារីកសួតត្រូវបានធ្វើរោគវិនិច្ឆ័យរួច ការធ្វើតេស្តបន្ថែមទៀតត្រូវបានណែនាំដើម្បីកំណត់ដំណាក់កាលនៃជំងឺ។ ជម្រើសនៃការព្យាបាលអាស្រ័យលើដំណាក់កាលនៃជំងឺមហារីក ដូច្នេះការធ្វើតេស្តកំណត់ដំណាក់កាលគឺមានសារៈសំខាន់ណាស់ដើម្បីកំណត់ការព្យាបាលត្រឹមត្រូវបំផុតសម្រាប់អ្នកជំងឺ

ការស្កេនថូម៉ូក្រាហ្វី (CT Scan) ការថតរូបភាពអនុភាពម៉ាញេទិក (MRI) ការថតថូម៉ូក្រាហ្វីបញ្ចេញប៉ូស៊ីត្រុង (PET) និងការស្កេនឆ្អឹងអាចត្រូវបានណែនាំដោយវេជ្ជបណ្ឌិត ដើម្បីកំណត់ថាតើជំងឺមហារីកបានរីករាលដាលឬអត់

ជំងឺមហារីកសួតត្រូវបានចាត់លំដាប់ថ្នាក់ដោយប្រើលេខរ៉ូម៉ាំងចាប់ពី ០ ដល់ ៤។ ដំណាក់កាលទាបបំផុតមានន័យថា ជំងឺមហារីកស្ថិតនៅក្នុងសួត ខណៈដែលដំណាក់កាលទី ៤ មានន័យថា ជំងឺមហារីកបានរីករាលដាលដល់ផ្នែកផ្សេងទៀតនៃរាងកាយ

ការព្យាបាល

ជម្រើសនៃការព្យាបាលអាស្រ័យលើប្រភេទកោសិកាមហារីក ដំណាក់កាល និងសុខភាពទូទៅរបស់អ្នកជំងឺ

ការវះកាត់

វេជ្ជបណ្ឌិតវះកាត់នឹងវះយកផ្នែកនៃសួតដែលមានជំងឺមហារីកចេញ រួមទាំងជាលិកាដែលមានសុខភាពល្អមួយចំនួននៅជុំវិញវា។ បច្ចេកទេសវះកាត់រួមមាន៖

  • Wedge resection ការវះកាត់យកដុំសាច់មហារីក និងជាលិកាដែលមានសុខភាពល្អមួយចំនួននៅជុំវិញវាចេញ។
  • Segmental resection ការវះកាត់យកផ្នែកខ្លះនៃសួតចេញ។
  • Lobectomy ការវះកាត់ដើម្បីយកស្រទាប់សួតទាំងមូលចេញមួយ។
  • Pneumonectomy ការវះកាត់យកដុំសាច់សួតទាំងមូលចេញ។

អំឡុងពេលវះកាត់កូនកណ្តុរក៏អាចត្រូវបានវះយកចេញដើម្បីពិនិត្យមើលសញ្ញានៃជំងឺមហារីក និងជួយកំណត់ដំណាក់កាលជំងឺមហារីកសួត

ប្រសិនបើជំងឺមហារីកសួតស្ថិតនៅក្នុងសួត ការវះកាត់គឺជាជម្រើសមួយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើជំងឺមហារីកសួតមានទំហំធំ ការព្យាបាលដោយប្រើគីមី ឬការព្យាបាលដោយកាំរស្មីអាចត្រូវបានណែនាំមុនពេលវះកាត់ដើម្បីបង្រួមដុំសាច់ដែលត្រូវយកចេញ ឬបន្ទាប់ពីការវះកាត់ ដើម្បីបំផ្លាញកោសិកាមហារីកដែលនៅសេសសល់

ការព្យាបាលដោយវិទ្យុសកម្ម

ប្រើប្រាស់​វិទ្យុសកម្មដ៏មានអានុភាពតាមរយៈកាំរស្មីអ៊ិច ឬប្រូតុង ដើម្បីសម្លាប់កោសិកាមហារីក។ អ្នកជំងឺត្រូវបានគេដាក់ឱ្យដេកលើគ្រែ ហើយម៉ាស៊ីន​បញ្ចេញ​វិទ្យុសកម្ម​ធ្វើ​ចលនា​ជុំវិញ​រាងកាយ ហើយបាញ់​ផ្តោត​វិទ្យុសកម្ម​ទៅលើ​តំបន់​ជាក់លាក់ណា​មួយ។ ប្រសិនបើជំងឺមហារីកសួតបានឈានដល់ដំណាក់កាលធ្ងន់ធ្ងរ វិទ្យុសកម្មអាចត្រូវបានប្រើដើម្បីបំបាត់រោគសញ្ញា

ការព្យាបាលដោយគីមី

ថ្នាំគីមីត្រូវបានប្រើដើម្បីសម្លាប់កោសិកាមហារីក។ ថ្នាំទាំងនេះជាធម្មតាត្រូវបានផ្តល់ដោយការលេបតាមមាត់ ឬចាក់តាមសរសៃឈាម។ ការព្យាបាលដោយគីមីត្រូវបានគេប្រើជាញឹកញាប់បន្ទាប់ពីការវះកាត់ ប៉ុន្តែក៏អាចផ្តល់ឱ្យមុនពេលវះកាត់ដើម្បីធ្វើឱ្យដុំសាច់រួមតូច និងអនុញ្ញាតឱ្យវះកាត់មហារីកយកចេញបានដែរ

ការព្យាបាលដោយវិទ្យុសកម្ម Stereotactic body (ការវះកាត់ដោយប្រើវិទ្យុសកម្ម)

ការព្យាបាលនេះប្រើប្រាស់វិទ្យុសកម្មដែលមានថាមពលខ្ពស់ពីមុំច្រើន ដែលតម្រង់ទៅកន្លែងមហារីកដោយផ្ទាល់។ វាអាចត្រូវបានផ្តល់ជាការព្យាបាលតែមួយ ឬច្រើនវគ្គ។ វាក៏អាចត្រូវបានប្រើផងដែរ ប្រសិនបើការវះកាត់មិនអាចធ្វើទៅរួច ខណៈពេលដែលមហារីកសួតនៅតូច ឬប្រសិនបើមហារីកបានរីករាលដាលដល់ផ្នែកផ្សេងទៀតនៃរាងកាយ (រួមទាំងខួរក្បាល)

ការព្យាបាលដោយថ្នាំគោលដៅ

វាព្យាបាលកោសិកាមហារីកមួយចំនួនដោយផ្ទាល់ ហើយទុកឱ្យពួកវាស្លាប់។ មានថ្នាំព្យាបាលដោយគោលដៅមួយចំនួនដែលប្រើសម្រាប់ការព្យាបាលជំងឺមហារីកសួត ប៉ុន្តែភាគច្រើនវាត្រូវបានអនុវត្តប្រសិនបើជំងឺមហារីកស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ ឬបានកើតឡើងវិញ

ការព្យាបាលដោយប្រព័ន្ធភាពស៊ាំ

ប្រព័ន្ធភាពស៊ាំរបស់រាងកាយត្រូវបានប្រើដើម្បីសម្លាប់កោសិកាមហារីក។ កោសិកាមហារីកបង្កើតប្រូតេអ៊ីនក្លែងបន្លំដើម្បីការពារពួកវាពីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរបស់រាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ ការព្យាបាលដោយប្រព័ន្ធភាពស៊ាំជួយទប់ទល់នឹងដំណើរការនេះ

Doctors who treat this condition