ជំងឺមហារីកឈាមឡាំហ្វូស៊ីតស្រួចស្រាវ

Acute lymphocytic leukemia diagnosis procedure.

ទិដ្ឋភាពទូទៅ

ជំងឺមហារីកឈាមឡាំហ្វូស៊ីតស្រួចស្រាវ (Acute Lymphocytic Leukemia – ALL) ក៏ត្រូវបានគេហៅថា Acute Lymphoblastic Leukemia ផងដែរ។ វាគឺជាប្រភេទជំងឺមហារីកដែលត្រូវបានរកឃើញនៅក្នុងឈាម និងខួរឆ្អឹង។ នៅក្នុងជំងឺមហារីកប្រភេទនេះ វាកើតឡើងលើគ្រាប់ឈាមសដែលគេហៅថា លីមហ្វូស៊ីត (Lymphocytes)

វាវិវត្តទៅមុខយ៉ាងឆាប់រហ័ស និងបង្កើតឱ្យមានគ្រាប់ឈាមមិនទាន់ពេញវ័យ ដែលចូលលុកលុយ និងដណ្តើមទីកន្លែងគ្រាប់ឈាមល្អៗ។ ជំងឺមហារីកឈាមប្រភេទនេះ ច្រើនកើតមានបំផុតលើកុមារ ហើយមានអត្រានៃការព្យាបាលឱ្យជាសះស្បើយខ្ពស់ណាស់។ ទោះជាយ៉ាងណា វាក៏អាចកើតមានលើមនុស្សពេញវ័យផងដែរ

រោគសញ្ញានៃជំងឺមហារីកឈាមឡាំហ្វូស៊ីតស្រួចស្រាវ

សញ្ញា និងរោគសញ្ញាសំខាន់ៗរួមមាន៖

  • ការហូរឈាមខុសធម្មតា ដូចជាហូរឈាមច្រមុះ ឬអញ្ចាញធ្មេញញឹកញាប់
  • ឈឺក្នុងឆ្អឹង ឬសន្លាក់
  • គ្រុនក្តៅ
  • ឆ្លងមេរោគញឹកញាប់
  • ហើមកូនកណ្តុរនៅជុំវិញក ក្លៀក ពោះ ឬក្រលៀន
  • ស្បែកស្លេកស្លាំង
  • ដង្ហើមខ្លី
  • អស់កម្លាំង និងល្ហិតល្ហៃខ្លាំង

មូលហេតុ

ជំងឺមហារីកឈាមឡាំហ្វូស៊ីតស្រួចស្រាវ កើតឡើងនៅពេលមានការប្រែប្រួល DNA នៅក្នុងខួរឆ្អឹង។ ជាធម្មតា DNA បញ្ជាកោសិកាឱ្យលូតលាស់ និងស្លាប់ទៅវិញតាមវដ្តធម្មជាតិ ប៉ុន្តែការផ្លាស់ប្តូរហ្សែនបណ្តាលឱ្យខួរឆ្អឹងផលិតកោសិកាមិនឈប់ឈរ
នៅពេលដំណើរការផលិតគ្រាប់ឈាមមានបញ្ហា ខួរឆ្អឹងនឹងបញ្ចេញកោសិកាមិនទាន់ពេញវ័យដែលគេហៅថា ឡាំហ្វូផ្លាស (Lymphoblasts)។ កោសិកាមិនប្រក្រតីទាំងនេះមិនអាចបំពេញមុខងារការពាររាងកាយបានឡើយ ហើយថែមទាំងរារាំងការផលិតគ្រាប់ឈាមដែលមានសុខភាពល្អទៀតផង

កត្តាហានិភ័យ

មានកត្តាមួយចំនួនដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកឈាមឡាំហ្វូស៊ីទិកស្រួចស្រាវ ដែលរួមមាន៖

  • ការព្យាបាលពីមុនជាមួយនឹងប្រភេទជាក់លាក់នៃការព្យាបាលដោយគីមី
  • អ្នកដែលត្រូវបានប៉ះពាល់នឹងកម្រិតវិទ្យុសកម្មខ្ពស់ខ្លាំង
  • អ្នកជំងឺដែលមានជំងឺហ្សែន ជាពិសេសអ្នកដែលមានរោគសញ្ញា Down មានឱកាសខ្ពស់ក្នុងការកើតជំងឺមហារីកឈាម ALL

ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមហារីកឈាមឡាំហ្វូស៊ីតស្រួចស្រាវ

អ្នកជំងឺដែលមានរោគសញ្ញានៃ ជំងឺមហារីកឈាមឡាំហ្វូស៊ីតស្រួចស្រាវ នឹងត្រូវទទួលការពិនិត្យរាងកាយដើម្បីរកមើលការហើមកូនកណ្តុរ និងតម្រូវឱ្យយកសំណាកឈាមទៅពិនិត្យ។ ប្រសិនបើសំណាកឈាមបង្ហាញថាមានកម្រិតគ្រាប់ឈាមសខ្ពស់ខុសប្រក្រតី វាអាចជាសញ្ញានៃជំងឺមហារីកឈាមស្រួចស្រាវ ហើយអ្នកជំងឺនឹងត្រូវបញ្ជូនទៅជួបឯកទេសរោគឈាម (Hematologist)។ គ្រូពេទ្យឯកទេសនឹងបូមយកសំណាកខួរឆ្អឹងបន្តិចដើម្បីពិនិត្យតាមមីក្រូទស្សន៍ ដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់។
ដោយសារជំងឺមហារីកឈាមប្រភេទនេះជាជំងឺកាចសាហាវដែលអាចវិវត្តទៅមុខយ៉ាងលឿន ការព្យាបាលជាទូទៅត្រូវចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយការធ្វើរោគវិនិច្ឆ័យ ហើយជាធម្មតាត្រូវបានបែងចែកជា ៣ ដំណាក់កាល។
ដំណាក់កាលដំបូងការព្យាបាលដើម្បីឱ្យជំងឺស្រកចុះ គោលបំណងគឺដើម្បីសម្លាប់កោសិកាមហារីកនៅក្នុងខួរឆ្អឹង និងស្តារតុល្យភាពនៃគ្រាប់ឈាមក្រហម និងគ្រាប់ឈាមសឡើងវិញ។ ការព្យាបាលឱ្យបាត់រោគសញ្ញារបស់អ្នកជំងឺ ក៏ជាផ្នែកមួយនៃដំណាក់កាលទីមួយនេះដែរ។
ដំណាក់កាលទី២ ការព្យាបាលពង្រឹង ដំណាក់កាលនេះផ្តោតលើការសម្លាប់កោសិកាមហារីកដែលនៅសេសសល់ក្នុងរាងកាយ។ដំណាក់កាលបន្ទាប់គឺការព្យាបាលថែទាំ ដំណាក់កាលនេះរួមមានការផ្ដល់ការព្យាបាលដោយគីមីជាទៀងទាត់ ដើម្បីការពារកុំឱ្យជំងឺមហារីកឈាមនេះត្រឡប់មកវិញ។ ទោះបីជាការព្យាបាលដោយគីមីគឺជាវិធីសាស្ត្រចម្បងសម្រាប់ព្យាបាល ជំងឺមហារីកឈាមឡាំហ្វូស៊ីតស្រួចស្រាវក៏ដោយ ក៏អ្នកជំងឺអាចនឹងត្រូវការប្រើថ្នាំផ្សះ ការបញ្ចូលឈាម ឬការផ្លាស់ប្តូរកោសិកាដើម (Stem cell transplant) ដើម្បីទទួលបានលទ្ធផលនៃការជាសះស្បើយ។
ក្រុមគ្រូពេទ្យនៅមជ្ឈមណ្ឌលមហារីកនៃមន្ទីរពេទ្យវេជ្ជធានីនឹងឆ្លើយរាល់សំណួរដែលអ្នកមានអំពីជំងឺមហារីកឈាម ដើម្បីឱ្យអ្នកបានយល់ច្បាស់អំពីជម្រើសនៃការព្យាបាលរបស់អ្នក

ការធ្វើរោគវិនិច្ឆ័យ

មានវិធីសាស្ត្រជាច្រើនដូចខាងក្រោម ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺមហារីកឈាមឡាំហ្វូស៊ីតស្រួចស្រាវ៖

  • ការពិនិត្យឈាម៖ ការពិនិត្យឈាមត្រូវបានប្រើដើម្បីកំណត់ចំនួនគ្រាប់ឈាមស ដើម្បីមើលថាតើមានចំនួនច្រើនលើសលប់ ឬខ្វះខាត ក៏ដូចជាដើម្បីកំណត់ថាតើមានគ្រាប់ឈាមក្រហម និងប្លាកែតគ្រប់គ្រាន់ដែរឬទេ។ តាមរយៈការពិនិត្យឈាម យើងក៏អាចមើលឃើញវត្តមាននៃកោសិកាមិនទាន់ពេញវ័យដែលជាធម្មតាមានវត្តមានតែនៅក្នុងខួរឆ្អឹងប៉ុណ្ណោះ
  • ការពិនិត្យខួរឆ្អឹង៖ នៅក្នុងការធ្វើតេស្តនេះ សំណាកត្រូវបានយកតាមរយៈការបូម និងការច្រឹបយកជាលិកាខួរឆ្អឹងដោយប្រើម្ជុលដើម្បីយកសំណាកខួរឆ្អឹង ហើយសំណាកនេះនឹងត្រូវយកទៅពិនិត្យរកកោសិកាមហារីកឈាមបន្ថែមទៀត។ បន្ទាប់មក កោសិកាទាំងនេះនឹងត្រូវបែងចែកជាប្រភេទជាក់លាក់ ផ្អែកលើរូបរាង ទំហំ និងសមាសធាតុហ្សែន ក៏ដូចជាការប្រែប្រួលមួយចំនួននៅក្នុងកោសិកាមហារីក ដើម្បីកំណត់ថាតើកោសិកាមហារីកឈាមនោះ ចាប់ផ្តើមចេញពី B-lymphocytes ឬ T-lymphocytes
  • ការធ្វើតេស្តរូបភាពវេជ្ជសាស្ត្រ៖ ដើម្បីពិនិត្យមើលថាតើមហារីកបានរីករាលដាលដល់ខួរក្បាល និងខួរឆ្អឹងខ្នង ឬសរីរាង្គផ្សេងទៀតដែរឬទេ គ្រូពេទ្យនឹងប្រើប្រាស់ការថតកាំរស្មីអ៊ិច ការថត CT scan ឬការថតអេកូ
  • ការពិនិត្យទឹកឆ្អឹងខ្នង៖ ទឹកឆ្អឹងខ្នងដែលស្ថិតនៅជុំវិញខួរក្បាល និងខួរឆ្អឹងខ្នង អាចនឹងត្រូវយកមកធ្វើជាសំណាក ដើម្បីតាមដានមើលថាតើមានការរីករាលដាលនៃកោសិកាមហារីកទៅកាន់ទឹកឆ្អឹងខ្នងដែរឬទេ

ដើម្បីកំណត់ពីកម្រិតនៃស្ថានភាពជំងឺ កត្តាខាងក្រោមនេះនឹងត្រូវយកមកពិចារណា៖

  • ប្រភេទនៃឡាំហ្វូស៊ីត (Lymphocytes) ថាតើវាជាប្រភេទ B-cells ឬ T-cells
  • ការប្រែប្រួលហ្សែនដែលមាននៅក្នុងកោសិកាមហារីកឈាមរបស់អ្នក
  • អាយុរបស់អ្នក
  • លទ្ធផលពីការធ្វើតេស្តមន្ទីរពិសោធន៍

ការព្យាបាល

ការព្យាបាលជំងឺមហារីកឈាមឡាំហ្វូស៊ីតស្រួចស្រាវមានដំណាក់កាលផ្សេងៗគ្នា ដែលអាចប្រើរយៈពេលរហូតដល់ ២ ទៅ ៣ ឆ្នាំ៖

  • ការព្យាបាលដំណាក់កាល៖ គឺជាដំណាក់កាលដំបូងនៃការព្យាបាល ដែលប្រើដើម្បីកម្ចាត់កោសិកាមហារីកឈាមភាគច្រើននៅក្នុងឈាម និងខួរឆ្អឹង ហើយវានឹងជួយឱ្យការផលិតគ្រាប់ឈាមត្រឡប់មកធម្មតាវិញ
  • ការព្យាបាលពង្រឹង៖ នេះគឺជាការព្យាបាលបន្ទាប់ពីជំងឺបានស្រកចុះ ដែលដំណាក់កាលនេះផ្តោតសំខាន់លើការកម្ចាត់រាល់កោសិកាមហារីកឈាមដែលនៅសេសសល់ក្នុងរាងកាយ
  • ការព្យាបាលថែទាំ៖ នេះគឺជាដំណាក់កាលទី៣ ដែលប្រើដើម្បីការពារកោសិកាមហារីកកុំឱ្យលូតលាស់ឡើងវិញ។ ក្នុងដំណាក់កាលនេះ ថ្នាំត្រូវបានផ្តល់ឱ្យក្នុងកម្រិតទាប ដូច្នេះវាត្រូវប្រើរយៈពេលយូរ
  • ការព្យាបាលបង្ការនៅខួរឆ្អឹងខ្នង៖ អ្នកជំងឺអាចនឹងទទួលបានការព្យាបាលបន្ថែមដើម្បីសម្លាប់កោសិកាមហារីកឈាមដែលមាននៅក្នុងប្រព័ន្ធប្រសាទកណ្តាល អំឡុងពេលព្យាបាលនីមួយៗ។ ថ្នាំគីមីជារឿយៗត្រូវបានចាក់ដោយផ្ទាល់ទៅក្នុងទឹកដែលគ្របដណ្តប់ខួរឆ្អឹងខ្នង

វិធីសាស្ត្រនៃការព្យាបាលមានដូចខាងក្រោម៖

  • ការព្យាបាលដោយគីមី៖ វិធីនេះត្រូវបានប្រើជាការព្យាបាលដំណាក់កាលដំបូងសម្រាប់ទាំងកុមារ និងមនុស្សពេញវ័យ។ វាគឺជាការប្រើប្រាស់ថ្នាំដើម្បីសម្លាប់កោសិកាមហារីក ហើយក៏អាចប្រើក្នុងដំណាក់កាលពង្រឹង និងដំណាក់កាលថែទាំផងដែរ
  • ការព្យាបាលគោលដៅ៖ វិធីនេះប្រើប្រាស់ថ្នាំដែលផ្តោតទៅលើភាពមិនប្រក្រតីជាក់លាក់ដែលមាននៅក្នុងកោសិកាមហារីក។ ប្រសិនបើភាពមិនប្រក្រតីទាំងនេះត្រូវបានរារាំង វានឹងធ្វើឱ្យកោសិកាមហារីកស្លាប់។ ទោះជាយ៉ាងណាក៏ដោយ កោសិកាមហារីកត្រូវតែយកទៅធ្វើតេស្តជាមុនសិន ដើម្បីមើលថាតើការព្យាបាលចំគោលដៅនេះមានប្រសិទ្ធភាពដែរឬទេ។ វិធីនេះអាចប្រើតែឯង ឬប្រើរួមជាមួយវិធីព្យាបាលផ្សេងទៀត
  • ការព្យាបាលដោយវិទ្យុសកម្ម៖ ប្រើកាំរស្មីថាមពលខ្ពស់ដើម្បីសម្លាប់កោសិកាមហារីក។ វាក៏អាចត្រូវបានប្រើផងដែរ នៅពេលដែលមហារីកបានរីករាលដាលដល់ប្រព័ន្ធប្រសាទកណ្តាល
  • ការផ្លាស់ប្តូរខួរឆ្អឹង៖ ឬហៅថាការផ្លាស់ប្តូរកោសិកាដើម (Stem cell transplant) ត្រូវបានប្រើដើម្បីព្យាបាលក្នុងករណីជំងឺរើឡើងវិញ។ វាជួយបង្កើនខួរឆ្អឹងដែលមានសុខភាពល្អ ដោយជំនួសខួរឆ្អឹងដែលមានមហារីក ជាមួយនឹងខួរឆ្អឹងពីបុគ្គលដែលគ្មានជំងឺមហារីក។ មុនពេលផ្លាស់ប្តូរខួរឆ្អឹង អ្នកជំងឺត្រូវទទួលការព្យាបាលដោយគីមី ឬវិទ្យុសម្មក្នុងកម្រិតខ្ពស់ ដើម្បីកម្ចាត់ខួរឆ្អឹងដែលកំពុងផលិតកោសិកាមហារីកចេញជាមុនសិន
  • ការកែច្នៃកោសិកាភាពស៊ាំដើម្បីប្រឆាំងមហារីក៖ ការព្យាបាលនេះប្រើប្រាស់កោសិកា CAR-T ដែលជាកោសិកា T ប្រឆាំងមេរោគ និងត្រូវបានកែច្នៃឱ្យទៅប្រឆាំងនឹងកោសិកាមហារីក រួចបញ្ជូនពួកវាត្រឡប់ទៅក្នុងរាងកាយវិញ។ វិធីនេះអាចប្រើសម្រាប់ការព្យាបាលដំណាក់កាលពង្រឹង ឬករណីជំងឺរើឡើងវិញចំពោះកុមារ និងមនុស្សវ័យក្មេង

Doctors who treat this condition