ទិដ្ឋភាពទូទៅ
ដុំសាច់អូវែរ (Adnexal mass) គឺជាដុំសាច់ដែលលូតលាស់នៅក្បែរស្បូន ជាទូទៅកើតមាននៅអូវែ ដៃស្បូន ឬជាលិកាភ្ជាប់ដែលនៅជុំវិញនោះ។ ដុំសាច់ទាំងនេះអាចជាសាច់រឹង ឬជាថង់ទឹក។ វាអាចកើតឡើងចំពោះមនុស្សគ្រប់វ័យ ហើយភាគច្រើនអាចបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលពីរបីខែ។ ទោះបីជាដុំសាច់អូវែរភាគច្រើនមិនមែនជាមហារីកប៉ុន្តែក៏មានករណីខ្លះអាចជាមហារីកផងដែរ។
គេហៅវាថា ដុំសាច់អូវែរ (Adnexal tumors) ព្រោះវាដុះនៅក្នុងតំបន់នៃស្បូនដែលគេហៅថា Adnexa ដែលសំដៅលើ អូវែ ដៃស្បូន និងសរសៃចំណង (Ligaments) ដែលជួយទ្រទ្រង់សរីរាង្គបន្តពូជរបស់ស្ត្រី។
ការធ្វើរោគវិនិច្ឆ័យដុំសាច់អូវែរ រួមមានការពិនិត្យរាងកាយឱ្យបានហ្មត់ចត់ ការធ្វើតេស្តរូបភាពវេជ្ជសាស្ត្រ និងក្នុងករណីខ្លះត្រូវធ្វើការវះកាត់។ ការព្យាបាលដុំសាច់អូវែរមានភាពខុសគ្នា អាស្រ័យលើទីតាំងជាក់លាក់ និងប្រភេទកោសិកាដែលពាក់ព័ន្ធ។
រោគសញ្ញា
រោគសញ្ញាខាងក្រោមនេះ អាចមានទំនាក់ទំនងជាមួយនឹងដុំសាច់អូវែរ៖
- ឈឺចាប់ក្នុងស្បូន
- ឈឺនោមខ្លាំង នោមញឹក ឬនោមមិនដាច់
- ការហូរឈាមខុសធម្មតាតាមស្បូន
- ហើមពោះ ឬតឹងពោះ
- មករដូវមិនទៀងទាត់ (ជាពិសេសចំពោះអ្នកដែលមិនទាន់អស់រដូវ)
- ទល់លាមក
- បញ្ហាប្រព័ន្ធរំលាយអាហារ
- ឈឺចាប់នៅពេលរួមភេទ
អ្នកដែលមានដុំសាច់អូវែរ ជួនកាលអាចមិនបង្ហាញរោគសញ្ញាអ្វីទាល់តែសោះក្នុងរយៈពេលយូរ។
មូលហេតុ
ដុំសាច់អូវែរ អាចកើតឡើងដោយសារកត្តាផ្សេងៗ ទាំងពាក់ព័ន្ធនឹងប្រព័ន្ធបន្តពូជស្ត្រី ក៏ដូចជាប្រព័ន្ធដទៃទៀតដូចជា ប្រព័ន្ធទឹកនោម ឬប្រព័ន្ធរំលាយអាហារ។ ទោះបីជាដុំសាច់ភាគច្រើនមានប្រភពចេញពីប្រព័ន្ធបន្តពូជស្ត្រីក៏ដោយ វាក៏អាចមានប្រភពចេញពីប្រព័ន្ធទឹកនោម ឬប្រព័ន្ធរំលាយអាហារផងដែរ។
មូលហេតុទូទៅមួយចំនួននៃដុំសាច់អូវែរដែលពាក់ព័ន្ធនឹងប្រព័ន្ធបន្តពូជ រួមមាន៖
- មហារីកអូវែ៖ ដុំសាច់កាចនៅក្នុងអូវែ ដែលអាចលូតលាស់ និងរីករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ។ មហារីកអូវែ គឺជាប្រភេទមហារីកមួយក្នុងចំណោមមហារីកដែលកើតមានញឹកញាប់បំផុតលើស្ត្រី
- គីសអូវែ៖ ជាថង់ទឹកដែលដុះនៅលើអូវែ។ ក្នុងករណីភាគច្រើន វាមិនបង្កការឈឺចាប់ និងមិនមានរោគសញ្ញាអ្វីឡើយ។ គីសអូវែ គឺជាប្រភេទគីសដែលជួបប្រទះញឹកញាប់បំផុត។
- ដុំសាច់អូវែមិនមែនមហារីក៖ ការលូតលាស់កោសិកាខុសធម្មតាក្នុងអូវែ បង្កើតជាដុំសាច់រឹង ឬជួនកាលមានលាយថង់ទឹក។ ដុំសាច់ទាំងនេះជាប្រភេទសាច់ស្លូត ហើយមិនរីករាលដាលទៅជាលិកាក្បែរខាង ឬផ្នែកផ្សេងទៀតនៃរាងកាយឡើយ
- ការមានផ្ទៃពោះក្រៅស្បូន៖ នៅពេលដែលស៊ុតបង្កកំណើតទៅតោងនៅកន្លែងផ្សេងក្រៅពីស្បូន ដូចជានៅក្នុងដៃស្បូនជាដើម ការមានផ្ទៃពោះក្រៅស្បូនមិនអាចបន្តរហូតដល់សម្រាលបានទេ ហើយវាអាចបណ្តាលឱ្យហូរឈាមក្នុងពោះ និងឈឺចាប់ខ្លាំង បើមិនបានព្យាបាលភ្លាមៗ វាអាចគ្រោះថ្នាក់ដល់ជីវិត
- ដុំសាច់ស្លូតនៃសរសៃចំណងស្បូន៖ ជាដុំសាច់ស្លូតដែលស្ថិតនៅក្បែរអូវែនិងដៃស្បូនដែលជារឿយៗគេច្រឡំថាជាដុំសាច់អូវែរ
- ខ្ទុះនៅដៃស្បូន និងអូវែ៖ ការឆ្លងមេរោគដែលប៉ះពាល់ដល់ប្រព័ន្ធទ្វារមាស អាចបណ្តាលឱ្យរលាកអូវែ ដៃស្បូន និងក្នុងករណីកម្រ វាអាចប៉ះពាល់ដល់សរីរាង្គផ្សេងទៀត រួមទាំងពោះវៀន ឬប្លោកនោម
- ការដក់ទឹកក្នុងដៃស្បូន៖ គឺជាការដក់សារធាតុរាវនៅក្នុងដៃស្បូន។ វាអាចបណ្តាលឱ្យមិនស្រណុកក្នុងស្បូន ឬបង្កឱ្យមានភាពមិនអាចបង្កកំណើត (មិនអាចមានកូន) ទោះបីជាជារឿយៗវាមិនបង្ហាញរោគសញ្ញាក៏ដោយ
កត្តាហានិភ័យ
ដុំសាច់អូវែរ អាចប៉ះពាល់ដល់ស្ត្រីគ្រប់វ័យ ប៉ុន្តែវាត្រូវបានរកឃើញញឹកញាប់បំផុតនៅក្នុងវ័យដែលស្ត្រីអាចបង្កកំណើតបាន
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យដុំសាច់អូវែរ ជាទូទៅរួមមានការធ្វើតេស្តដូចខាងក្រោម៖
- ការពិនិត្យរាងកាយ៖ គ្រូពេទ្យអាចនឹងធ្វើការពិនិត្យស្បូនយ៉ាងហ្មត់ចត់ ដើម្បីវាយតម្លៃពីវត្តមាននៃដុំសាច់មិនធម្មតា ឬចំណុចដែលមានការឈឺចាប់នៅក្នុងស្បូន
- ការធ្វើតេស្តរូបភាពវេជ្ជសាស្ត្រ៖ បច្ចេកទេសថតរូបភាពផ្សេងៗអាចត្រូវបានប្រើប្រាស់ ដើម្បីមើលឱ្យឃើញច្បាស់ និងកំណត់លក្ខណៈនៃដុំសាច់អូវែរ។ តេស្តទាំងនោះរួមមាន៖
- អេកូសាស្ត្រ៖ ការធ្វើអេកូតាមទ្វារមាស ឬតាមពោះ អាចផ្តល់រូបភាពលម្អិតនៃតំបន់អូវែ និងដៃស្បូន ដែលជួយក្នុងការកំណត់ទំហំ ទីតាំង និងលក្ខណៈរបស់ដុំសាច់
- ការថតរូបភាពវេជ្ជសាស្ត្រដោយម៉ាញេទិក MRI៖ ការថត MRI ផ្តល់រូបភាពកាន់តែលម្អិត និងទូលំទូលាយនៃដុំសាច់អូវែរ ដែលជួយដល់ការកំណត់លក្ខណៈ និងការវាយតម្លៃឱ្យកាន់តែច្បាស់
- ការថតរូបភាពវេជ្ជសាស្ត្រដោយកុំព្យូទ័រ CT Scan៖ ការថត CT អាចត្រូវបានប្រើដើម្បីវាយតម្លៃបន្ថែមលើដុំសាច់ និងផលប៉ះពាល់របស់វាទៅលើសរីរាង្គក្បែរខាង
ការព្យាបាល
ការព្យាបាលដុំសាច់អូវែរ គឺអាស្រ័យទៅលើករណីជាក់ស្តែងនីមួយៗ៖
- ការតាមដាន៖ ប្រសិនបើដុំសាច់នោះជាប្រភេទសាច់ស្លូត ហើយមិនបង្កការឈឺចាប់អ្វីទេ គ្រូពេទ្យនឹងប្រើការធ្វើតេស្តរូបភាពវេជ្ជសាស្ត្រដើម្បីតាមដានវាជាទៀងទាត់។ ក្នុងករណីជាច្រើន ដុំសាច់អូវែរមិនបង្កគ្រោះថ្នាក់ទេ ហើយវានឹងបាត់ទៅវិញដោយខ្លួនឯង
- ការវះកាត់៖ ប្រសិនបើដុំសាច់លូតលាស់ធំជាងមុន បង្កការឈឺចាប់ខ្លាំង មានការហូរឈាមក្នុងពោះ ឬប្រសិនបើវាជាមហារីក គ្រូពេទ្យនឹងណែនាំឱ្យធ្វើការវះកាត់។ ប្រសិនបើវាបង្កភាពមិនស្រណុកក្នុងខ្លួន ឬមានរោគសញ្ញាធ្ងន់ធ្ងរ ការវះកាត់យកវាចេញគឺជាការចាំបាច់
