ទិដ្ឋភាពទូទៅ

កត្តា​ទូទៅ​បំផុត​ដែល​រារាំង​មនុស្ស​មិន​ឱ្យ​ធ្វើការ និង​ប្រើ​ជីវិតបានតាម​ធម្មតា​គឺ​ការឈឺ​ខ្នង។ ការឈឺខ្នងអាចបណ្ដាលមកពីមូលហេតុផ្សេងៗគ្នា ដូច្នេះគួរតែពិគ្រោះជាមួយអ្នកឯកទេសថែទាំសុខភាពជាជាងការព្យាយាមធ្វើរោគវិនិច្ឆ័យដោយខ្លួនឯង អ្នកជំងឺ​អាច​នឹង​មាន​ជំងឺ​សាមញ្ញ​ដូច​ជា រហែក​សាច់ដុំ ឬ​អាច​មាន​បញ្ហា​មូលដ្ឋាន​ដូច​ជា ជាលិកាលូតលាសខុសកន្លែង ឬ​គ្រួស​ក្នុង​តម្រងនោម​

អ្នកឯកទេសថែទាំសុខភាពនិងធ្វើការបែងចែកប្រភេទនៃការឈឺខ្នង ដោយជាទូទៅការបែងចែកផ្អែកលើទីតាំងនៃការឈឺចាប់ ថាតើវាស្ថិតនៅផ្នែកខាងលើ កណ្តាល ឬផ្នែកខាងក្រោម ហើយប្រសិនបើវាស្ថិតនៅផ្នែកខាងឆ្វេង កណ្តាល ឬខាងស្តាំ។ លើសពីនេះ អ្នកឯកទេសថែទាំសុខភាពអាចពណ៌នាអំពីការឈឺចាប់ថាជាកម្រិតស្រាល មធ្យម ឬធ្ងន់ធ្ងរ ដោយប្រភេទនៃការឈឺចាប់អាចជាការឈឺចាប់ទំហំធំតុបៗ ឬទំហំតូចឈឺចាប់ខ្លាំងជាង

រយៈពេលនៃការឈឺខ្នងក៏ត្រូវបានគេប្រើដើម្បីបែងចែកប្រភេទផងដែរ។ ការឈឺខ្នងដែរកើតឡើងក្នុងរយៈពេលខ្លីៗ ឆាប់រហ័ស ជាញឹកញាប់តែងមកពីការរងរបួស ត្រូវបានគេហៅថាជាការឈឺឆ្អឹងខ្នងស្រួចស្រាវ។ ម្យ៉ាងវិញទៀត ការឈឺខ្នងដែលមានរយៈពេលលើសពី 3 ទៅ 6 ខែ ត្រូវបានគេចាត់ទុកថាការឈឺចាប់រ៉ាំរ៉ៃ ឬឈឺជាប់រហូត។ ប្រសិនបើអ្នកជួបប្រទះនឹងទម្រង់នៃការឈឺខ្នងណាមួយ រឿងសំខាន់នោះអ្នកត្រូវស្វែងរកការនែនាំពីអ្នកឯកទេសថែទាំសុខភាពដើម្បីកំណត់ពីមូលហេតុ និងការព្យាបាលសមស្រប

ករណីភាគច្រើននៃការឈឺខ្នង ជាពិសេសចំពោះបុគ្គលដែលមានអាយុក្រោម 60 ឆ្នាំ អាចបង្ការឬកាត់បន្ថយជាមួយនឹងវិធានការដែលសមស្រប។ ក្នុងករណីដែលការបង្ការមិនបានជោគជ័យ បច្ចេកទេសថែទាំខ្លួនឯងជាមូលដ្ឋាន និងការរៀបចំឥរិយាបថឪ្យត្រឹមត្រូវអាចនាំឱ្យមានការជាសះស្បើយទាំងស្រុងក្នុងរយៈពេលពីរបីសប្តាហ៍។ ការព្យាបាលការឈឺខ្នងជាមួយនឹងការវះកាត់អាចនិងមែនជាការចាំបាច់

រោគសញ្ញា

ការឈឺខ្នងអាចមានអារម្មណ៍ថាដូចជា ការឈឺចាប់ ក្រហាយ ឬការឈឺចុកចាប់នៅក្នុងសាច់ដុំ។ លើសពីនេះ ការឈឺចាប់​អាច​នឹងរាលដាលចុះទៅជើង ហើយកាន់តែយ៉ាប់យ៉ឺននៅពេល ឪន ពត់ខ្លួន លើករបស់ធ្ងន់ ឈរ ឬដើរ

ការឈឺខ្នងភាគច្រើនមានភាពប្រសើរឡើងជាលំដាប់ជាមួយនឹងការថែទាំខ្លួនឯង និងការព្យាបាលនៅផ្ទះ។ ប្រសិនបើការឈឺខ្នងមានរយៈពេលយូរជាងពីរបីសប្តាហ៍ ធ្ងន់ធ្ងរ ហើយមិនធូរស្បើយជាមួយនឹងការសម្រាក ការឈឺខ្នងធ្លាក់ទៅជើងម្ខាង ឬទាំងពីរខាង ជាពិសេសធ្លាក់ទៅក្រោមជង្គង់ ឬមានការទន់ខ្សោយ ស្ពឹក ស្រៀវ នៅក្នុងជើងម្ខាង ឬទាំងពីរខាង អ្នកគួរតែពិគ្រោះជាមួយអ្នក​ឯកទេសថែទាំសុខភាព

ប្រសិនបើអ្នកជួបប្រទះការឈឺខ្នងរួមជាមួយចំណុចណាមួយខាងក្រោមនេះ វាអាចបង្ហាញពីបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយត្រូវការការព្យាបាលជាបន្ទាន់៖

  • បញ្ហាពោះវៀនឬប្លោកនោម
  • គ្រុនក្ដៅ
  • បន្ទាប់ពីការដួល ប៉ះទង្កិចខ្នង ឬរបួសផ្សេងទៀត

មូលហេតុ

ការឈឺខ្នងជារឿយៗតែងពាក់ព័ន្ធជាមួយនឹងកត្តាមូលដ្ឋានជាច្រើន រួមទាំងលក្ខខណ្ឌវេជ្ជសាស្ត្រ និងការរងរបួស។ លើសពីនេះថែមទាំងអាចកើតឡើងដោយគ្មានមូលហេតុច្បាស់លាស់ ឬភាពមិនប្រក្រតីដែលអាចកំណត់អត្តសញ្ញាណបានតាមរយៈការធ្វើតេស្តរោគវិនិច្ឆ័យ ឬការពិនិត្យដោយរូបភាព។ លក្ខខណ្ឌមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងការឈឺខ្នងរួមមាន៖

  • សាច់ដុំ ឬសរសៃចងតឹង៖ សាច់ដុំខ្នង និងសរសៃចងឆ្អឹងខ្នងអាចមានការតឹងពីការលើករបស់ធ្ងន់ញឹកញាប់ ឬចលនាមិនស្រួលភ្លាមៗ។ ភាពតានតឹងនៃឆ្អឹងខ្នងជាបន្ដបន្ទាប់អាចបណ្តាលឱ្យមានការកន្ត្រាក់នៃសាច់ដុំធ្ងន់ធ្ងរចំពោះអ្នកដែលមិនមានរូបរាងកាយល្អ
  • ទ្រនាប់ឆ្អឹងខ្នង​បែក ឬ​លាន៖ ទ្រនាប់ឆ្អឹង​នៅ​ចន្លោះ​ឆ្អឹង​ខ្នង​មានតួរនាទីទ្រទ្រង់សម្ពាធ ជាលិកាទន់ខាងក្នុងឌីសឆ្អឹងអាចហើម ឬបែកចេញ ទៅសង្កត់សរសៃប្រសាទក្នុងដំណើរការ។ ការឈឺខ្នងប្រហែលជាមិនមែនតែងតែបណ្តាលមកពីឌីសដែលខូច ឬលាននោះទេ បើទោះបីជាការស្កេន MRI, CT scans និងកាំរស្មីអ៊ិចនៃឆ្អឹងខ្នង ភាគច្រើនធ្វើឡើងដោយមូលហេតុផ្សេងទៀត ហើយបង្ហាញថាជាជំងឺទ្រនាប់ឆ្អឹងខ្នងក៏ដោយ
  • ជំងឺរលាកសន្លាក់៖ ឆ្អឹងខ្នងផ្នែកខាងក្រោមអាចរងផលប៉ះពាល់ដោយជំងឺរលាកសន្លាក់។ ជំងឺក្រិនឆ្អឹងខ្នង ដែលជាបញ្ហានៃចន្លោះជុំវិញខួរឆ្អឹងខ្នងរួមតូច ជួនកាលអាចបណ្តាលមកពីជំងឺរលាកសន្លាក់នៅក្នុងឆ្អឹងខ្នងផងដែរ
  • ជំងឺពុកឆ្អឹង៖ ប្រសិនបើឆ្អឹងពុក និងស្តើង ឆ្អឹងកងខ្នងអាចនិងបាក់បែកនិងឈឺចាប់
  • Ankylosing spondylitis: ឆ្អឹងខ្នងមួយចំនួនអាចរួមគ្នាជាឆ្អឹងមួយដែលបង្កពីការរលាក នាំឪ្យការបត់បែនរបស់ឆ្អឹងខ្នងត្រូវបានធ្លាក់ចុះ

កត្តាហានិភ័យ

សូម្បីតែកុមារ និងវ័យជំទង់ក៏អាចកើតការឈឺខ្នងបានដែរ។ កត្តាទាំងនេះអាចបង្កើនហានិភ័យនៃការវិវត្តទៅជាឈឺខ្នងបាន៖

  • អាយុ៖ ចាប់ផ្តើមពី ៣០ ឬ ៤០ ឆ្នាំ ការឈឺខ្នងកាន់តែញឹកញាប់
  • កង្វះសកម្មភាព៖ កង្វះលំហាត់ប្រាណអាចបណ្តាលឱ្យឈឺខ្នង សាច់ដុំខ្នង និងពោះខ្សោយ
  • ទម្ងន់រាងកាយ៖ ខ្នងនិងទ្រទម្ងន់ច្រើនជាមុននៅពេលដែលរាងកាយលើសទម្ងន់
  • ប្រើប្រាស់រាងកាយមិនត្រឹមត្រូវ៖ ការឈឺខ្នងអាចបណ្តាលមកពីការប្រើខ្នងជំនួសជើងនៅពេលលើកវត្ថុ
  • លក្ខខណ្ឌផ្នែកចិត្តសាស្រ្ដ៖ ការឈឺខ្នងហាក់ដូចជា កើតមានច្រើនក្នុងចំណោមអ្នកដែលមានជំងឺធ្លាក់ទឹកចិត្ត និងថប់បារម្ភ។ ការឈឺខ្នងអាចកាន់តែធ្ងន់ធ្ងរដោយភាពតានតឹងនៃសាច់ដុំដែលកើតពីភាពតានតឹង
  • ការជក់បារី៖ ការឈឺខ្នងក្នុងចំណោមអ្នកជក់បារីគឺជារឿងធម្មតា។ ការជក់បារីអាចជាមូលហេតុនៃការឈឺខ្នងបាន ដោយសារការក្អកអាចបណ្តាលឱ្យមានបញ្ហាលានឌីសបាន ការជក់បារីក៏បង្កើនហានិភ័យនៃជំងឺពុកឆ្អឹង និងកាត់បន្ថយលំហូរឈាមទៅកាន់ឆ្អឹងខ្នង
  • ជំងឺផ្សេងទៀត៖ ការឈឺខ្នងអាចកាន់តែអាក្រក់ទៅៗដោយជំងឺមហារីក និងជំងឺរលាកសន្លាក់មួយចំនួន

រោគវិនិច្ឆ័យ

នីតិវិធីខាងក្រោមនឹងជួយឱ្យអ្នកឯកទេសថែទាំសុខភាពអាចកំណត់ អំពីមូលហេតុ និងធ្វើរោគវិនិច្ឆ័យការឈឺខ្នងបានយ៉ាងត្រឹមត្រូវ

  • ការពិនិត្យរាងកាយ៖ អ្នកឯកទេសថែទាំសុខភាពនឹងវាយតម្លៃការខ្នងរបស់អ្នកជំងឺ និងវាយតម្លៃសមត្ថភាពនៃការអង្គុយ ឈរ ដើរ និងលើកជើង លើសពីនេះអ្នកជំងឺនឹងត្រូវស្នើសុំឱ្យវាយតម្លៃការឈឺចាប់ដែលកំពុងជួបប្រទះដោយពន្ទុពី 0 ដល់ 10 ហើយសួរអំពីផលប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃរបស់អ្នកជំងឺ
    ការវាយតម្លៃនឹងជួយកំណត់ពីមូលហេតុនៃការឈឺចាប់ បរិមាណនៃចលនាដែលអ្នកជំងឺអាចធ្វើបានមុនពេលឈប់ដោយសារតែការឈឺចាប់ និងការកន្ត្រាក់សាច់ដុំ។ ក្រៅពីនេះអាចជួយកាត់មូលហេតុធ្ងន់ធ្ងរជាងការឈឺខ្នងផងដែរ
  • ការធ្វើតេស្តរូបភាព៖
    • កាំរស្មីអ៊ិច៖ អាចមើលឃើញរូបភាពនៃជំងឺរលាកសន្លាក់ ឬឆ្អឹងបាក់នៅក្នុងលទ្ធផលកាំរស្មីអ៊ិចបាន។ ទោះជាយ៉ាងណាក៏ដោយ នៅលើការធ្វើតេស្តទាំងនេះមិនអាចមើលឃើញ ខួរឆ្អឹងខ្នង សាច់ដុំ សរសៃប្រសាទ ឬបញ្ហាទ្រនាប់ឆ្អឹងខ្នង (ឌីស) បានទេ
    • ការស្កែនរូបភាពដោយអនុភាពម៉ាញេទិក (MRI) ឬការស្គេនកាំរស្មីអ៊ិចដោយកុំព្យូទ័រ (CT scans)៖ រូបភាពដែលទទួលបានពីការស្កែនទាំងនេះ អាចបង្ហាញឪ្យនូវឌីសឆ្អឹងខ្នងដែលរង្កិលគាបសរសៃប្រសាទ ឬបញ្ហាដែលពាក់ព័ន្ធជាមួយសរសៃឈាម ឆ្អឹង សាច់ដុំ ជាលិកា សរសៃពួរ សរសៃប្រសាទ និងសរសៃចង
  • ការធ្វើតេស្តឈាម៖ ការពិនិត្យទាំងនេះអាចជួយវិនិច្ឆ័យថាតើការឈឺចាប់អាចបណ្តាលមកពីការឆ្លងមេរោគ ឬជំងឺផ្សេងទៀត
  • Electromyography (EMG)៖ ការធ្វើតេស្តនេះប្រើសម្រាប់ការបញ្ជូនចលនាអគ្គិសនីរបស់សរសៃប្រសាទ មានឥទ្ធិពលដល់ការឆ្លើយតបរបស់សាច់ដុំ។ ការ​ពិនិត្យ​នេះ​អាច​បញ្ជាក់​ពី​សម្ពាធ​លើ​សរសៃ​ប្រសាទ​ដែលបង្ក​ដោយទ្រនាប់ឆ្អឹង (ឌីស) គាបសរសៃប្រសាទ ឬ​ការក្រិននៃចន្លោះខួរ​ឆ្អឹងខ្នង

ការព្យាបាល

អ្នកឈឺឆ្អឹងខ្នងភាគច្រើន ជាពិសេសអ្នកដែលមានអាយុក្រោម 60 ឆ្នាំឃើញនិងមានការធូរស្បើយក្នុងរយៈពេលមួយខែបន្ទាប់ពីការទទួលការព្យាបាលនៅផ្ទះ ប៉ុន្តែសម្រាប់អ្នកជំងឺជាច្រើនទៀត ការឈឺខ្នងអាចមានរយៈពេលជាច្រើនខែ

មូលហេតុនៃការឈឺខ្នងនឹងនឹងជាកត្តាកំណត់ថា វានឹងមានរយៈពេលយូរប៉ុណ្ណា ក្នុងករណីដែលការឈឺចាប់ដែលបង្កដោយការឆ្លងមេរោគ ការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិចគ្រប់តាមកំណត់អាចជួយឪ្យធូរស្បើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមូលហេតុនៃការឈឺចាប់បណ្ដាលមកពីការទ្រុឌទ្រោមនៃឆ្អឹងខ្នង ការព្យាបាលអាចនិងបន្តពេញមួយជីវិត

អ្នកដែលមានការឈឺឆ្អឹងខ្នងត្រូវបានណែនាំឱ្យបន្តធ្វើសកម្មភាពប្រចាំថ្ងៃឱ្យបានច្រើនតាមដែលអាចធ្វើបាន រួមទាំងការធ្វើលំហាត់ប្រាណស្រាលៗដូចជាការដើរជាដើម។ ពួកគេគួរតែជៀសវាងសកម្មភាពដែលធ្វើឱ្យការឈឺចាប់កាន់តែខ្លាំង ប៉ុន្តែរឈប់ធ្វើសកម្មភាពផ្សេងៗ ដោយសារភ័យខ្លាចអំពីការឈឺចាប់ឡើយ ប្រសិនបើវិធីព្យាបាលនៅផ្ទះមិនធ្វើឱ្យស្ថានភាពប្រសើរឡើងបន្ទាប់ពីពីរបីសប្តាហ៍ទេ អ្នកឯកទេសថែទាំសុខភាពអាចណែនាំឱ្យប្រើថ្នាំខ្លាំងជាងមុន ឬការព្យាបាលដោយវិធីផ្សេងទៀត

  • ថ្នាំ៖ ប្រភេទនៃការឈឺខ្នងនឹងកំណត់ថ្នាំដែលសមស្របសម្រាប់ការព្យាបាល ដោយអាចប្រកបដោយ៖
    • ថ្នាំលាបបំបាត់ការឈឺចាប់ (Topical pain relievers)៖ ជាថ្នាំបំបាត់ការឈឺចាប់លាបលើស្បែក ដូចជា ឡេ ថ្នាំលាប មួន និងកៅអៀក
    • ថ្នាំបំបាត់ការឈឺចាប់ (Pain reliever)៖ ថ្នាំប្រឆាំងការរលាក (NSAIDs) ដូចជា ibuprofen (Advil, Motrin IB និងផ្សេងទៀត) ឬ naproxen sodium (Aleve) អាចជាជួយបាន គ្រាន់តែប្រើថ្នាំទាំងនេះតាមវេជ្ជបញ្ជា ផលរំខានធ្ងន់ធ្ងរអាចបណ្តាលមកពីការប្រើប្រាស់ហួសកម្រិត។ អ្នកឯកទេសថែទាំសុខភាពអាចណែនាំថ្មាំ NSAIDs តាមវេជ្ជបញ្ជាបាន ប្រសិនបើថ្នាំបំបាត់ការឈឺចាប់ដែលទិញបានដោយខ្លួនឯងមិនមានប្រសិទ្ធភាព
    • ការរលារសាច់ដុំ៖ ការរលារសាច់ដុំអាចជួយបាន ប្រសិនបើការឈឺខ្នងពីកម្រិតស្រាលទៅមធ្យមមិនធូរស្បើយបន្ទាប់ពីប្រើថ្នាំបំបាត់ការឈឺចាប់។ ទោះយ៉ាងណា ថ្នាំរលារសាច់ដុំអាចបង្កឲ្យមានអារម្មណ៍វិលមុខ និងងងុយដេកបាន
    • Narcotics៖ អ្នកឯកទេសនឹងតាមដានអ្នកជំងឺយ៉ាងដិតដល់ ប្រសិនបើត្រូវចេញវេជ្ជបញ្ជាដោយថ្នាំដែលមានផ្ទុកសារធាតុ opioid-containing ដូចជាអុកស៊ីកូដូន (oxycodone) ឬអ៊ីដ្រូកូដូន (hydrocodone) ក្នុងរយៈពេលខ្លីៗ
    • ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត៖ ការឈឺខ្នងរ៉ាំរ៉ៃត្រូវបានបង្ហាញថាអាចកាត់បន្ថយបានដោយប្រភេទថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តជាពិសេស duloxetine (Cymbalta) និងថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត tricyclic ដូចជា amitriptyline
  • ការព្យាបាលដោយចលនា៖ អ្នកព្យាបាលរាងកាយអាចបង្រៀនលំហាត់ប្រាណដែលជួយឱ្យកែតម្រូវនូវឥរិយាបថ បង្កើនភាពរឹងម៉ាំនៃខ្នងនិងពោះ និងភាពបត់បែន។ ការហ្វឹកហាត់សាស្រ្តទាំងនេះជាប្រចាំ អាចជួយការពារមិនឪ្យមានការឈឺចាប់ឡើងវិញម្តងទៀត។ លើសពីនេះ អ្នកព្យាបាលរាងកាយនឹងណែនាំអ្នកជំងឺលើការកែប្រែការធ្វើចលនារបស់អ្នកអំឡុងពេលឈឺខ្នង ដើម្បីការពារការឈឺចាប់កុំឱ្យកាន់តែអាក្រក់អំឡុងពេលធ្វើការព្យាបាលដោយចលនា
  • នីតិវិធីវះកាត់៖ នីតិវិធីខាងក្រោមនឹងជួយព្យាបាលការឈឺខ្នង ដែលអាចរួមមាន៖
    • ការចាក់ថ្នាំ Cortisone៖ ការចាក់ថ្នាំ cortisone និងការចាក់ថ្នាំស្ពឹកចូលទៅក្នុងតំបន់ជុំវិញខួរឆ្អឹងខ្នង និងឫសសរសៃប្រសាទអាចមានប្រយោជន៍ ប្រសិនបើការព្យាបាលដោយវិធីផ្សេងៗមិនមានប្រសិទ្ធភាពក្នុងការបំបាត់ការឈឺចាប់។ ការចាក់ថ្នាំ cortisone ជួយក្នុងការកាត់បន្ថយការរលាកនៅបរិវេនឫសសរសៃប្រសាទ ប៉ុន្តែការបន្ថយការឈឺចាប់ជារឿយៗមានរយៈពេលត្រឹមតែមួយខែ ឬពីរខែប៉ុណ្ណោះ
    • ការព្យាបាលប្រេកង់វិទ្យុ៖ ម្ជុលតូចៗនឹងត្រូវបានបញ្ចូលតាមស្បែកនៅជិតកន្លែងដែលឈឺ រលកវិទ្យុត្រូវបានបញ្ជូនតាមម្ជុលដើម្បីធ្វើបំផ្លាញសរសៃប្រសាទដែលនៅក្បែរនោះ ការខូចខាតសរសៃប្រសាទនិងជួយរារាំងខួរក្បាលពីការទទួលសញ្ញាឈឺចាប់
    • ឧបករណ៍រំញោចសរសៃប្រសាទ៖ សរសៃប្រសាទមួយចំនួនអាចទទួលការជំរុញអគ្គិសនីពីឧបករណ៍ដែលដាក់នៅក្រោមស្បែកដែលរារាំងសញ្ញានៃការឈឺចាប់
    • ការវះកាត់៖ ការវះកាត់អាចជាជម្រើសមួយសម្រាប់អ្នកដែលមានបញ្ហាខ្សោយសាច់ដុំ ឬឈឺជើង ព្រោះវាអាចជួយបង្កើនទំហំនៅក្នុងឆ្អឹងខ្នងបាន។ ជំងឺលានឌីសគាបសរសៃប្រសាទ ឬជំងឺផ្សេងទៀតដែលធ្វើឪ្យចន្លោះឆ្អឹងខ្នងរួមតូចក៏អាចជាមូលហេតុនៃបញ្ហានេះបានដូចគ្នា

Doctors who treat this condition